នៅក្នុងវិចិត្រសាលសិល្បៈនៅជាន់ទី ៣៥ នៃសណ្ឋាគារ រ៉ូសវូឌ ភ្នំពេញ ដែលជាសណ្ឋាគារដ៏មានកិត្យានុភាព នោះស្នាដៃសិល្បៈរបស់វិចិត្រករដែលកំពុងតែរះ កញ្ញា ញ៉ែម សុភាព ត្រូវបានដាក់តាំងបង្ហាញចាប់ពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ ។ ផ្នែកមួយនៃការតាំងពិពណ៌ « ទស្សនវិស័យ » នេះ ដែលបង្ហាញពីទស្សនៈខ្មែរ គំនូររបស់ សុភាព ត្រូវបានលាបពណ៌ដោយបទពិសោធន៍ និងប្រវត្តិពិសេសរបស់នាងក្នុងនាមជាសមាជិក នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សុភាព ជាសិល្បករឯករាជ្យដែលទទួលបានពានរង្វាន់មួយរូប ដែលកើតនៅឆ្នាំ១៩៨៩ នៅភូមិតូចមួយក្បែរក្រុងតាខ្មៅ ខេត្តកណ្តាលប្រទេសកម្ពុជា ។ នាង និងបងប្អូនរបស់នាងបានរៀនពីតម្លៃនៃការងារតាំងពីតូចមកម្ល៉េះ ដោយជួយឪពុកម្ដាយធ្វើកិច្ចការផ្ទះការងារ ធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ។ សុភាព បានប្រាប់ពីការដើរទៅសាលារៀនរាល់ព្រឹក ដែលនាងចាប់អារម្មណ៍លើផ្នែកវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ ប៉ុន្តែមានការលំបាកក្នុងការៀនសូត្រ ដោយសារតែនាងពិបាកស្តាប់ និងនិយាយ ។
ដំបូងនាងបានទទួលការបំផុសគំនិតឲ្យចាប់ផ្តើមគូររូបអំពីឪពុករបស់នាង ដែលគាត់គឺជាគ្រូបង្រៀននៅសាលាបឋមសិក្សា ដែលជាញឹកញាប់គាត់គូរគំនូរដើម្បីជួយបង្រៀនដល់សិស្ស ។ បន្ទាប់ពីបានឃើញការគូរ និងការផាត់ពណ៌របស់ សុភាព នោះឪពុករបស់នាងបានចាប់ផ្ដើមសុំឲ្យនាងគូរគំនូរឲ្យសាលារៀន ។
សុភាពរៀបរាប់ថា កាលពីក្មេង នាងចាប់អារម្មណ៍ចំពោះធម្មជាតិដែលនៅជុំវិញផ្ទះរបស់នាងយ៉ាងខ្លាំង ។ នាងបាននិយាយថា « ខ្ញុំស្រឡាញ់ដើមផ្កា និងផ្កាយដ៏ស្រស់ស្អាតដែលខ្ញុំអាចមើលឃើញនៅពេលយប់ពីបង្អួចរបស់ខ្ញុំ » ។ នៅអាយុដប់ឆ្នាំ នាងបានចាប់ផ្តើមគូររូបដើមរុក្ខជាតិ និងដើមឈើនៅជុំវិញផ្ទះរបស់នាង ហើយក្រោយមកត្រូវបានជ្រើសរើសឲ្យធ្វើជាតំណាងសាលារបស់នាងនៅក្នុងការប្រកួតការគូរគំនូរជាមួយសាលារៀនផ្សេងទៀត -- នាងបានឈ្នះលើការប្រកួតនោះ ។
ទោះបីជា សុភាព បានទទួលជោគជ័យមួយចំនួនពីរូបគំនូរក៏ដោយ ប៉ុន្តែជីវិតរបស់ សុភាព និងគ្រួសារមិនងាយស្រួលនោះទេ ។ គ្រួសារនាងបានបាត់បង់ទ្រព្យសម្បត្តិ និងលុយកាក់ដោយសារការឆបោក ហើយក្រោយមកឪពុកម្តាយរបស់នាងក៏លែងលះគ្នា ។ រូបគំនូររបស់នាងបានផ្តល់ជម្រក និងជាប្រភពនៃការសប្បាយចិត្តសម្រាប់នាងក្នុងអំឡុងពេលមានការលំបាកទាំងឡាយ ។
នៅឆ្នាំ ២០០៩ សុភាពបានស្គាល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទតាមរយៈអ្នកជិតខាងម្នាក់ដែលបានណែនាំឲ្យនាង និងម្តាយនាងស្គាល់ពួកអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រ ។ នៅមួយឆ្នាំក្រោយមក ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀន និងធ្វើបុណ្យជ្រមុជទឹកឲ្យបងប្អូនស្រីពីរនាក់របស់នាង ។ នាងបានចែកចាយថា « យើងមានពរជ័យជាច្រើនក្នុងជីវិតរបស់យើង ហើយយើងបានស្គាល់ពន្លឺនៃព្រះគ្រីស្ទ ។ ខ្ញុំមិនដែលគិតថានឹងមានការបង្រៀនដ៏អស្ចារ្យបែបនេះនៅក្នុងពិភពលោករបស់យើងឡើយ » ។
ទោះបីជា សុភាព និងគ្រួសាររបស់នាងបានស្គាល់ដំណឹងល្អក៏ដោយ ក៏នាងនៅតែបន្តមានបញ្ហាប្រឈមដែរ ។ នៅអាយុ ១៤ ឆ្នាំ សុភាព បានឈប់រៀន ដើម្បីជួយមើលថែម្តាយរបស់នាង ដែលកើតជំងឺថប់បារម្ភ ។ យ៉ាងណាក៏ដោយ នាងត្រូវបានលើកទឹកចិត្តឲ្យបន្តគូរគំនូរ និងផាត់ពណ៌ ។ « ម្តាយរបស់ខ្ញុំលក់គោ ដើម្បីឲ្យខ្ញុំអាចរៀនគូរគំនូរប្រេងសម្រាប់រយៈ ២ ខែ ហើយបន្ទាប់មកខ្ញុំក៏បន្តរៀនដោយខ្លួនឯង » ។ ពីរបីឆ្នាំក្រោយមក សុភាព បានត្រឡប់ទៅសាលារៀនវិញរហូតនាងបានបញ្ចប់ថ្នាក់វិទ្យាល័យ ។ នាងបាននិយាយថា « ខ្ញុំដឹងថា ព្រះចង់ឲ្យខ្ញុំអភិវឌ្ឍខ្លួនឯងតាមរយៈការអប់រំ » ។
សុភាពបានបន្តការគូរ និងគូរគំនូរពណ៌ប្រេងរបស់នាង នៅឆ្នាំ ២០១៣ បានចូលសាលាសិល្បៈ យ៉ាម៉ាដា ជាកន្លែងដែលនាងបានសិក្សាការគូររូបជាមូលដ្ឋាន ហើយបានចាប់ផ្តើមចូលប្រកួតផ្នែកសិល្បៈ និងការតាំងពិពណ៌មួយចំនួននៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត ។ នាងបានឈ្នះពានរង្វាន់ក្នុងកម្មវិធីការរចនាក្តីសុបិន្តក្មេងស្រី ( Dream Girl design ) ហើយទទួលបានជ័យលាភីលេខ ១ ផ្នែករចនាក្នុងកម្មវិធីប្រកួតផ្នែកវិចិត្រសិល្បៈកម្ពុជាលើកទី ២ ក្នុងឆ្នាំ ២០១៣ ។ នៅឆ្នាំ ២០១៦ សុភាព ក៏បានចូលរួមនៅក្នុងការប្រកួតសិល្បៈថ្នាក់អន្តរជាតិលើកទី ១០ ដែលប្រារព្ធឡើងដោយសាសនាចក្រ ដែលមានតាំងបង្ហាញពីពួកសិល្បកររបស់ថ្ងៃចុងក្រោយមកពីជាង ៤០ ប្រទេសនៅសារមន្ទីរប្រវត្តិសាស្ត្រសាសនាចក្រ ។ ស្នាដៃរបស់នាងត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជន និងបេក្ខនារីចំនួន ៩៤៤ នាក់ ។
ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ សុភាពបានផ្អាកពីអាជីពដ៏ជោគជ័យរបស់នាងចេញទៅបម្រើបេសកកម្មរយៈពេល ១៨ ខែ សម្រាប់សាសនាចក្រ ។ ពេលត្រឡប់មកផ្ទះវិញ នាងគិតថា នាងគ្រាន់តែបន្តពីចំណុចដែលនាងបានឈប់នោះ ហើយចាប់ផ្តើមម្តងទៀតក្នុងការផលិតស្នាដៃដ៏ស្រស់ស្អាតដែលនាងធ្លាប់បានបង្កើតមុនបេសកកម្មរបស់នាង ប៉ុន្តែវាមិនបែបនោះទេ ។ ក្រោយពីត្រឡប់មកផ្ទះវិញ សុភាព មានការថប់បារម្ភ ហើយមិនអាចបន្តការគូរគំនូរប្រេង និងគំនូរធម្មតារបស់នាងបានឡើយ ។
ក្នុងការពុះពារ និងការខិតខំរបស់នាងដើម្បីយកឈ្នះលើការថប់បារម្ភរបស់នាង សុភាព បានរំឭកថា « ខ្ញុំបានអធិស្ឋានជាច្រើនដើម្បីឲ្យមាននូវព្រះវិញ្ញាណនៃព្រះជួយឲ្យគូរគំនូរម្តងទៀត ។ ខ្ញុំបានអានពរជ័យរបស់លោកអយ្យកោរបស់ខ្ញុំ ដែលបានជួយខ្ញុំទទួលបានកម្លាំងដើម្បីចាប់ផ្តើមម្តងទៀត ។ ខ្ញុំមានអារម្មណ៍ថាមានការលើកទឹកចិត្តខ្លាំងនៅពេលខ្ញុំអានពរជ័យរបស់ខ្ញុំ ។ វាបាននិយាយជាច្រើនអំពីគំនូររបស់ខ្ញុំ និងពរជ័យដែលខ្ញុំនឹងទទួលបានពីគំនូររបស់ខ្ញុំ » ។
ដំណើរត្រឡប់ទៅការគូរគំនូររបស់សុភាពវិញក៏បានចាប់ផ្តើមនៅពេលដែលនាងបន្តអធិស្ឋាន និងពិនិត្យមើលគំនូររបស់នាងផ្ទាល់ និងអ្នកដទៃ មើលវីដេអូ ឬអានសៀវភៅប្រវត្តិសាស្រ្តសិល្បៈ ដូចជា ខ្លាតដ៏ ម៉ូណេ និង ចូអាឃ្វីន ស៉ូរ៉ូឡា ។ នាងបាននិយាយថា « គំនូររបស់ពួកគាត់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសេរីភាព ដោយសារតែពន្លឺ និងពណ៌ភ្លឺ ហើយខ្ញុំមិនសូវខ្វល់ខ្វាយពីសេចក្តីលម្អិតទេ ។ ខ្ញុំចូលចិត្តគំនូរបង្ហាញពីចំណាប់អារម្មណ៍ និងរចនាប័ទ្មរបស់ពួកគេ ។ ខ្ញុំក៏ចូលចិត្តមើលរូបគំនូររបស់ព្រះយេស៊ូវគ្រីស្ទ និងគំនូរខ្លះទៀតពីលីអាហូណាដែលពិតជាបានបំផុសគំនិតខ្ញុំ ។ ខ្ញុំចាំថា រូបគំនូរនៃព្រះភ័ក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ បានប៉ះពាល់ដល់ដួងចិត្តខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំមានអារម្មណ៍ថាទ្រង់កំពុងសម្លឹងមើលមកខ្ញុំ ហើយខ្ញុំបានទទួលនូវសេចក្តីសុខសាន្ត និងការលួងលោមជាខ្លាំង ដែលខ្ញុំបានឆ្លងកាត់ការផ្លាស់ប្តូរដែលខ្ញុំអាចគូរគំនូរប្រេងម្តងទៀត » ។
ក្នុងដំណើរយកឈ្នះលើឧបសគ្គក្នុងជីវិតរបស់នាង សុភាព បានបង្វែរការផ្តោតអារម្មណ៍របស់នាងទៅកាន់ព្រះ ហើយបានទទួលសេចក្តីសុខសាន្ត និងការលួងលោមដ៏ទេវភាព ។ ការធ្វើដូច្នេះបានជួយនាងឲ្យភ្ជាប់ទៅនឹងអំណោយទានដ៏អស្ចារ្យរបស់នាងឡើងវិញ និងបន្តចែកចាយវាជាមួយអ្នកដែលមានអភ័យឯកសិទ្ធិមើលការងារដ៏ស្រស់ស្អាតរបស់នាង ។