ថ្នាក់​ដឹកនាំ​សាសនាចក្រ​ធ្វើ​ពិធី​បើក​សម្ពោធ​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​នៅ​ទីក្រុង​បាងកក

ទីក្រុង​បាងកក – សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ធ្វើ​ពិធី​បើក​សម្ពោធ​ការសាងសង់​សម្រាប់​ព្រះវិហារបរិសុទ្ធ​ដំបូង​បំផុត​នៅក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃសៅរ៍ ទី ២៦ ខែ​មករា ឆ្នាំ ២០១៩ ។ អែលឌើរ រ៉ូប៊ើត ស៊ី ហ្គេ ក្នុង គណៈ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ បាន​ធ្វើ​ជា​អធិបតី ព្រម​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ថ្នាក់​ដឹកនាំ​សហគមន៍​ក្នុង​មូលដ្ឋាន បាន​ចូលរួម​នៅក្នុង​ពិធីនេះ ហើយ​មាន​សមាជិកមកពី​សាសនាចក្រ​ចំនួន ៧០០ នាក់ ។ មាន​សមាជិក​ជាច្រើន​ដទៃទៀត​បាន​ចូលរួម​នៅ​តាម​ការ​ចាក់ផ្សាយ​នៅក្នុង​សាលា​ប្រជុំ​សាសនាចក្រ​នៅទូទាំង​ប្រទេស ។

ពិធីសម្ពោធ​បើក​ការសាងសង់​ធ្វើ​ឡើង​នៅ​ទីតាំង​ព្រះវិហារបរិសុទ្ធ អាសយដ្ឋាន 1645/6 ផ្លូវ នូវ ភេឆាបូរី, ម៉ាខាសាន នៅក្នុង​មណ្ឌល រ៉ាតឆាធីវី ដែល​ស្ថិត​នៅក្នុង​ចំកណ្ដាល​តំបន់​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន ។

អែលឌើរ ហ្គេ បានមានប្រសាសន៍​ថា « ដួងចិត្ត​របស់​ខ្ញុំ​មាន​ពេញ​ដោយអំណរ និងការ​ដឹងគុណ​ដើម្បី​នៅទីនេះ​ក្នុង​ថ្ងៃនេះ » ។ « ដោយសារ​តែ​សេចក្ដី​ស្មោះត្រង់​របស់​ពួក​បរិសុទ្ធ​នៅក្នុង​ប្រទេស​ថៃ ដំណាក់​នៃ​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅក្នុង​ប្រទេស​នេះ ហើយ​មនុស្ស​ជា​ច្រើន​នឹង​មាន​ឱកាស​ដើម្បី​ចូលរួម​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ ហើយ​ទទួល​ទាន​នូវ​ពរជ័យ​ដ៏អស់កល្បជានិច្ច​ដែល​នឹង​កើត​មាន​មក​ជាមួយ​នឹង​ព្រះវិហារបរិសុទ្ធ » ។

អែលឌើរ ដេវីឌ អេហ្វ អ៊ីវ៉ាន ជា​ប្រធាន​តំបន់ អាស៊ី ក៏​បាន​ចូលរួម​ជា​មួយ​នឹង​អែលឌើរ ហ្គេ ថ្លែង​សុន្ទរកថា និង​ធ្វើ​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​ផងដែរ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​រៀមច្បង​ដទៃទៀត​មាន​ជារួម​គឺ អែលឌើរ ភីទើរ អែហ្វ ម៉ើរស្ស និង​អែលឌើរ ដេវីឌ ភី ហូមមើរ ជា​សមាជិក​គណៈប្រធាន​តំបន់អាស៊ី ព្រមទាំង​អែលឌើរ វិសីត ខាណាក់ខាម ដែលជា​ពួកចិតសិបនាក់​ប្រចាំ​តំបន់​ផងដែរ ។

អែលឌើរ អ៊ីវ៉ាន បាន​មានប្រសាសន៍​ថា « ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​សាសនាចក្រ​នៅ​ប្រទេស​ថៃ » ។ « ពួក​បរិសុទ្ធ​ស្មោះត្រង់​នៅ​ក្នុង​ប្រទេស​ថៃ​បាន​រងចាំ ហើយ​អធិស្ឋាន​សម្រាប់​ថ្ងៃនេះ អស់រយៈពេល​ច្រើនជាង ៥០ ឆ្នាំ​មកហើយ ។  សំណង់ និង​ការ​សាងសង់បញ្ចប់​នៃ​ព្រះវិហារបរិសុទ្ធ នឹង​ក្លាយជា​ពរជ័យ​មួយ​មិន​ត្រឹម​តែ​សមាជិក​នៃ​សាសនាចក្រ​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​មើល​ឃើញ​ភាព​ស្រស់ស្អាត​នៃ​ព្រះវិហារបរិសុទ្ធ​នេះ ហើយ​ពួកគេ​នឹង​ទទួល​អារម្មណ៍​សុខសាន្ដ​ដែល​មាន​នៅ​ទី​បរិវេណ​ដ៏​ពិសិដ្ឋ​នេះ ។

នៅក្នុង​ចំណោម​អ្នក​ចូលរួម នោះ​ក៏​មាន​អតីត​អគ្គរាជទូត​ថៃប្រចាំ​នៅ​សហរដ្ឋអាមេរិក​ ឯកឧត្តម សាកធីប ក្រៃរីសាន និង​ភរិយា​របស់​លោក M.R ផងដែរ ។ (លោកជំទាវ) បិនឆាប៉ា, និង​អតីតអភិបាល​ក្រុង បណ្ឌិត ប៊ីឆិត រ៉ាតាកុល និង​អ្នក​មាន​យសសក្ដិ​ខ្ពង់ខ្ពស់​ដទៃទៀត ។

សាសនាចក្រ​នឹង​សាងសង់​អគារ​ដ៏​វិចិត្រ​មាន​ទំហំ ៤១២៥.៣៥៧ ម៉ែត្រការ៉េ មាន​កម្ពស់​ប្រាំ​មួយ​ជាន់ ដែល​មាន​កំពូលជា​ច្រើន​ឆ្ពោះ​ទៅ​រក​ស្ថានសួគ៌ ។  ព្រះវិហារបរិសុទ្ធ​នឹង​ជា​ទី​ដ៏ស្រស់ស្អាត និង​សុខសាន្ដ​ដែល​មនុស្ស​គ្រប់រូប​អាច​មក ។ 

បន្ថែម​ពី​លើ​ព្រះវិហារបរិសុទ្ធ អគារ​ដែល​មាន​ទំហំ ៩១,៣៧០ ម៉ែត្រការ៉េ នឹង​មានជា​សាលាប្រជុំ​ខាង​សាសនា​ចំនួន​ពីរ អគារ​ថ្នាក់សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន, ការិយាល័យ​សាសនាចក្រ និង​ផ្ទះ​ស្នាក់នៅ​សម្រាប់​អ្នកមកព្រះវិហារបរិសុទ្ធ ។ ចំណត​រថយន្ដ​នៅ​ក្រោម​ដី​ត្រូវ​បាន​រៀបចំ​ដាក់​នៅ​ក្នុង​ទីតាំង​នោះ​ផងដែរ ។

ព្រះ​វិហារ​បរិសុទ្ធ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ផ្សេងគ្នា​​សាលាប្រជុំ ឬ​រោង​ថ្វាយ​បង្គំ​របស់​សាសនាចក្រ​ដែល​សមាជិក​ទាំង​ឡាយ​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ ។ ព្រះ​វិហារ​បរិសុទ្ធ​ចាត់​ទុក​ជា « ដំណាក់​នៃ​ព្រះ​អម្ចាស់ » ជា​ទី​ដែល​ការបង្រៀន​ទាំង​ឡាយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ​ត្រូវ​បាន​បញ្ជាក់អះអាង​ជា​ថ្មី តាមរយៈ​ពិធីបរិសុទ្ធ​នៃ​​អាពាហ៌​ពិពាហ៌ និង​ពិធីបរិសុទ្ធ​​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បាន​ជួបជុំគ្នា​រហូត​អស់កល្បជានិច្ច ។ នៅក្នុង​ព្រះវិហារបរិសុទ្ធ សមាជិក​សាសនាចក្រ​រៀន​បន្ថែម​អំពី​គោលបំណង​នៃ​ជីវិត ហើយ​ពង្រឹង​ដល់​ការតាំងចិត្ត​របស់​ពួកគេ​ដើម្បី​បម្រើ​ព្រះយេស៊ូវ​គ្រីស្ទ និង​អស់​អ្នក​ដែល​នៅ​ជុំវិញ​ពួកគេ ។

បងស្រី វិបផារ៉ាត អុនផុកឡាង ក៏​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការសាងសង់​នេះ​ផងដែរ ។  គាត់ និង​ស្វាមី​របស់​គាត់​បាន​រស់នៅ​យ៉ាង​ស្មោះត្រង់ នៅពេល​ពួកគាត់​ចិញ្ចឹមបីបាច់​កូនប្រុស​បីនាក់​នៅក្នុង​ដំណឹងល្អ ។  ពួកគាត់​ក៏​ទន្ទឹង​ចាំ​ដើម្បីទទួល​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ប្រទេស​កំណើត​របស់ពួកគាត់ ​ដូចជា​សមាជិក​ថៃ​ជាច្រើន​ដទៃទៀត​ក្នុង​សាសនាចក្រ​ផងដែរ ។

បងស្រី អុនផុកឡាង បាន​មានប្រសាសន៍​ថា « ពួក​យើង​បាន​អធិស្ឋាន​មក​ជា​យូរ​សូមឲ្យ​​ព្រះវិហារបរិសុទ្ធ​មាន​នៅ​ប្រទេសថៃ » ។ « ពួក​យើង​មាន​អំណរគុណ​ដែល​កូនម្នាក់ៗ​របស់​ពួក​យើង​នឹង​មាន​ពរជ័យ​នៃ​ការ​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់ពួកគេ ហើយ​ត្រូវ​បាន​ផ្សារភ្ជាប់​ នៅពេល​ពួកគេ​ទៅ​បេសកកម្ម និង​រៀបអាពាហ៍ពិពាហ៍ ។  ព្រះវិហារបរិសុទ្ធ​ផ្ដល់អំណរ និង​សង្ឃឹម​ដល់​យើង នៅពេល​យើង​ព្យាយាម​ដើម្បី​បង្រៀន​កូនៗ​របស់​យើង ហើយ​ជួយ​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ​មាន​ចំពោះ​ពួកគេ » ។ 

សព្វ​ថ្ងៃនេះ យើងមាន​ពួកបរិសុទ្ធ​ច្រើនជាង ២២,០០០ នាក់ នៅក្នុង​ប្រទេសថៃ បាន​សាលាប្រជុំ​ចំនួន ៤២ កន្លែង ។ ព្រះវិហារបរិសុទ្ធ​នេះ នឹង​បម្រើ​សមាជិក​សាសនាចក្រ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ជិត​ខាង​ដទៃទៀត ។

មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ២០១ កន្លែងនៅ​​ទូទាំង​ពិភពលោក​ រួម​ទាំង​កន្លែង​កំពុង​តែដំណើរការ កំពុង​តែ​សាងសង់ ឬ បាន​ប្រកាស​រួច ។

កាលបរិច្ឆេទ​ការ​សម្ពោធ​ព្រះវិហារបរិសុទ្ធ​នឹង​ប្រកាស​នៅពេល​ក្រោយ ហើយ​ការ​បើក​ឲ្យ​មក​ទស្សនា​ជា​សាធារណៈ​នឹង​ធ្វើ​ឡើង​បន្ទាប់ពី​សំណង់​ព្រះវិហារបរិសុទ្ធ​បាងកក​ប្រទេសថៃ​ត្រូវ​បានបញ្ចប់​សព្វគ្រប់ ។ កាលបរិច្ឆេទ​សម្រាប់​ការ​ឧទ្ទិសឆ្លង​ក៏​នឹង​ត្រូវ​ប្រកាស​នៅពេល​ក្រោយ​ផងដែរ ។