បទបង្ហាញខ្លីៗពីសន្និសីទទូទៅខែតុលា ឆ្នាំ ២០២០

2020 April General Conference Highlights

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បានប្រមូលផ្តុំ​គ្នា​តាមអ៊ីនធឺណិត​ទូទាំង​ពិភពលោក ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​ផ្សាយផ្ទាល់​ពី​សន្និសីទ​ទូទៅ​ជាប្រវត្តិសាស្រ្ត​ពាក់កណ្តាលឆ្នាំ​លើទី ១៩០ នៅថ្ងៃទី ៣-៤ ខែ តុលា ។ 

នៅអំឡុង​សន្និសីទ​នេះ សារលិខិត​ចំនួន ៣៤ ត្រូវបាន​ចែកចាយ​ជាមួយ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​អ្នកដទៃទៀត​នៅជុំវិញ​ពិភពលោក ។ គណៈប្រធានទីមួយ កូរ៉ុម​នៃ​ពួក​សាវកដប់ពីរនាក់ និង​ថ្នាក់ដឹកនាំ ដទៃទៀត​នៃសាសនាចក្រ​បានចែកចាយ​សារលិខិត​នៅអំឡុង​សម័យ​ប្រជុំ​ទាំង​ប្រាំ ។ ​សារលិខិតសំខាន់ៗ​របស់​ពួកលោក លើកទឹកចិត្ត​យើង​ឲ្យ​ផ្តោត​ជីវិត​របស់យើង​លើ​ព្រះអង្គ​សង្រ្គោះ​របស់​យើង គឺ​ព្រះយេស៊ូវ គ្រីស្ទ ដោយ​ទុកឲ្យ​ព្រះ​ឆន្ទៈ​របស់ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់យើង ដោយ​ផ្តោត​លើ​សេចក្តី​សន្យា​របស់​ព្រះគ្រីស្ទ ចំពោះ​ជនស្មោះត្រង់ ដោយការ​មាន « ភ្នែក​ដែល​មើលឃើញ » ព្រះហស្ត​របស់​ព្រះ​នៅក្នុង​ជីវិត​របស់យើង​ផ្ទាល់ ដើម្បី​ស្គាល់​អត្តសញ្ញាណ​ដ៏ទេវភាព​របស់យើង និង​ដើម្បីមើលឃើញ​សេចក្តីត្រូវការ​នៃ​កូនចៅ​របស់ព្រះ​នៅជុំវិញយើង​ដូចជា​ព្រះគ្រីស្ទ នឹងធ្វើ ដោយ​ការអភិវឌ្ឍន៍​បុគ្គលិកលក្ខណៈ​នៃ​និស្ស័យ​ដ៏ទេវភាព​របស់​ព្រះគ្រីស្ទ ដោយការ​ស្វែងរក​សេចក្តីអំណរ​នៅក្នុង​ការបម្រើ​របស់យើង​កាលដែល​យើង​ធ្វើជា​តំណាងឲ្យ​ព្រះអង្គសង្រ្គោះ​របស់​យើង​ខណៈ​កំពុង​ផ្តល់ការងារ​បម្រើ​ដល់​អ្នកដទៃ និង​រីករាយ​នៅក្នុង​វប្បធម៌​របស់​ព្រះគ្រីស្ទ ដែល​បានមកពី​ការមាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ និង​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។

សូម​មើល​សេចក្តីសង្ខេប​នៃ​សេចក្តីដកស្រង់​ដោយផ្ទាល់​ចេញពី​សុន្ទរកថា​ដែល​បានជ្រើសរើស​ដូចខាងក្រោម ។ ដើម្បី​មើល​សុន្ទរកថា​ជាច្រើនទៀត ឬ សុន្ទរកថា​ទាំងមូល សូមចូល​ទស្សនា​គេហទំព័រ churchofjesuschrist.org/general-conference ។ សូម​ចុចលើ​ចំណងជើង​ដើម្បីអាន ឬ ទាញយក​អត្ថបទ ឬ មើលវីដេអូ ។

ប្រធាន រ័សុល អិម ណិលសុន
១. ប្រធាន រ័សុល អិម ណិលសុន ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

ទុកឲ្យព្រះឈ្នះ 

នៅពេលបងប្អូនជ្រើសរើសទុកឲ្យព្រះឈ្នះក្នុងជីវិតរបស់បងប្អូន នោះបងប្អូននឹងដកពិសោធន៍ដោយខ្លួនឯងថា ព្រះរបស់យើងគឺជា « ព្រះនៃអព្ភូតហេតុ » ។ … អត្ថន័យមួយជាភាសាហេព្រើរនៃពាក្យ អ៊ីស្រាអែល គឺ « ទុកឲ្យព្រះឈ្នះ » ។ ដូច្នេះ ឈ្មោះរបស់ អ៊ីស្រាអែល សំដៅទៅលើបុគ្គលដែល ស្ម័គ្រចិត្ត ឲ្យព្រះឈ្នះលើជីវិតរបស់គាត់ ។ ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលនឹងជ្រើសរើសទុកឲ្យព្រះជាអង្គដែលមានឥទ្ធិពលសំខាន់បំផុតនៅក្នងជីវិតរបស់ពួកគេ ។ ព្រះពុំបានសព្វព្រះទ័យពូជសាសន៍មួយ ជាងពូជសាសន៍មួយទៀតនោះទេ ។ គោលលទ្ធិរបស់ទ្រង់អំពីបញ្ហានេះគឺច្បាស់លាស់ណាស់ ។ ទ្រង់អញ្ជើញមនុស្ស ទាំងអស់ ឲ្យមករកទ្រង់ « ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី » ។ ការសព្វព្រះទ័យ ឬមិនសព្វព្រះទ័យជាមួយព្រះគឺអាស្រ័យទៅលើការលះបង់របស់បងប្អូនចំពោះព្រះ និងបទបញ្ញត្តិរបស់ទ្រង់ ហើយមិនមែនដោយពណ៌សម្បុររបស់បងប្អូននោះឡើយ ។  នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់សមាជិករបស់យើងនៅគ្រប់ទីកន្លែងឲ្យនាំមុខនៅក្នុងការបោះបង់ចោលនូវអាកប្បកិរិយា និងសកម្មភាពនៃការរើសអើងនេះ ។ ខ្ញុំសូមអង្វរបងប្អូនឲ្យលើកកម្ពស់ដល់ការគោរពបុត្រាបុត្រីរបស់ព្រះទាំងអស់ ។  សំណួរសម្រាប់យើងម្នាក់ៗគឺដូចគ្នា  តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ?  តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះមានឥទ្ធិពលដ៏ខ្លាំងបំផុតនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? នៅពេលបងប្អូនសិក្សាព្រះគម្ពីរនៅរយៈពេលប្រាំមួយខែទៀត ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យធ្វើបញ្ជីមួយពីអ្វីៗទាំងអស់ដែលព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងធ្វើសម្រាប់សេចក្តីសញ្ញាអ៊ីស្រាអែល ។ សូមពិចារណាអំពីសេចក្តីសន្យាទាំងនេះ ។ បន្ទាប់មក សូមរស់នៅតាម ហើយចាំមើលការបំពេញនៃសេចក្តីសន្យាទាំងនេះនៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ ។

 

ស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ
២. ស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ

ភ្នែកដើម្បីមើលឃើញ

« អេលីសេក៏អធិស្ឋានថា … ឱព្រះយេហូវ៉ា … អើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ។ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយវាក៏មើលទៅឃើញភ្នំមានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើងនៅព័ទ្ធជុំវិញអេលីសេ » ។ ពេលខ្លះបងប្អូនដូចអ្នកបម្រើនោះបងប្អូនមានការពិបាកក្នុងការមើលឃើញពីរបៀបដែលព្រះកំពុងធ្វើការនៅក្នុងជីវិតរបស់បងប្អូន—ពេលដែលបងប្អូនមានអារម្មណ៏ថាកំពុងត្រូវឡោមព័ទ្ធ—នៅពេលការសាកល្បងក្នុងជីវិតរមែងស្លាប់ធ្វើឱ្យបងប្អូនលុតជង្គង់ចុះ ។ រង់ចាំហើយទុកចិត្តទៅលើព្រះ និងពេលវេលារបស់ទ្រង់ ។ ប៉ុន្តែ វាមានមេរៀនទីពីរនៅ ទី នេះ ។  សូមអធិស្ឋានសូមព្រះអម្ចាស់ឲ្យបើកភ្នែកបងប្អូនមើលឃើញនូវការណ៍ទាំងឡាយដែលភ្នែកធម្មតាមិនអាចមើលឃើញបាន ។ សូមមើលឃើញយ៉ាងច្បាស់ថាតើព្រះជានរណាហើយតើយើងជានរណា—ជាបុត្រាបុត្រីនៃមាតាបិតាសួគ៏ដែលមាន« និស្ស័យនៃព្រះ និងគោលដៅដ៏អស់កល្បជានិច្ច » ។ សូមមើលឃើញមនុស្សដទៃដូចទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទទតមើលបុគ្គលម្នាក់ៗសេចក្តីត្រូវការរបស់ពួកគេនិងពីសក្តានុពលរបស់ពួកគេ ។ សូម្បីតែនៅក្នុងជីវិតដ៏មមាញឹករបស់យើងយើងក៏អាចធ្វើតាមគំរូរបស់ព្រះយេស៊ូវហើយមើលមនុស្សម្នាក់ៗ—ឃើញពីតម្រូវការសេចក្តីជំនឿការតស៊ូ និងសក្តានុពលរបស់ពួកគេ ។ បន្ទាប់មក ធ្វើសកម្មភាព ដោយក្តីសឡាញ់ការបម្រើ និងការបញ្ជាក់អំពីតម្លៃ និងសក្តានុពលដូចដែលបានបំផុសគំនិត ។ នៅពេលរឿងនេះក្លាយទៅជាគំរូនៃជីវិតរបស់យើងនោះយើងនឹងឃើញថាខ្លួនយើងក្លាយជា« អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទដ៏ពិត » ។

 

បងប្រុស ស្ទេវីន ជេ ឡាន់
៣. បងប្រុស ស្ទេវីន ជេ ឡាន់ ប្រធានយុវជនទូទៅ

ការរកឃើញសេចក្តីអំណរនៅក្នុងព្រះគ្រីស្ទ

កូនប្រុសពៅរបស់យើង ថេននើរ គ្រីស្ទាន ឡាន់ បានមានជំងឺមហារីក ។ មុនពេលគាត់ស្លាប់ ជំងឺរបស់គាត់បានវាយលុកឆ្អឹងគាត់ ហើយទោះជាមានថ្នាំបំបាត់ការឈឺចាប់ខ្លាំងៗក្ដី ក៏គាត់នៅតែឈឺចាប់ដដែល ។ គាត់សឹងតែមិនអាចក្រោកចេញពីគ្រែបានឡើយ ។ នៅព្រឹកថ្ងៃអាទិត្យមួយ ភរិយារបស់ខ្ញុំ ខាលីន  …ភ្ញាក់ផ្អើលពេលឃើញគាត់បានស្លៀកពាក់ជាស្រេច ហើយអង្គុយនៅគែមគ្រែ កំពុងព្យាយាមបិទឡេវអាវទាំងឈឺចាប់ ។ ខេលីន បានអង្គុយក្បែរគាត់ ។ នាងបាននិយាយថា « ថេននើរ តើកូនប្រាកដថា កូនមានកម្លាំងទៅព្រះវិហារមែនឬ ? គាត់សំឡឹងទៅឥដ្ឋ ។ គាត់គឺជាឌីកុនម្នាក់ ។ គាត់មានកូរ៉ុមមួយ ។  ហើយគាត់មានការចាត់តាំងមួយ ។  « ខ្ញុំត្រូវចែកសាក្រាម៉ង់ថ្ងៃនេះ » ។  « ម៉ាក់ដឹងថាមានអ្នកធ្វើជំនួសកូនបាន » ។   គាត់ បាននិយាយថា ៖ « បាទ ប៉ុន្ដែ … កូនមើលឃើញពីរបៀបដែលសមាជិកមើលមកកូន ពេលកូនចែកសាក្រាម៉ង់ ។  កូនគិតថា វាជួយពួកគេ ។ កាលឌីកុនបានឈានទៅតុសាក្រាម៉ង់ គាត់ផ្អែកខ្លួនថ្នមៗទៅឌីកុនម្នាក់ទៀត ពេលសង្ឃហុចថាសនំប៉័ងឲ្យពួកគេ ។  ថេននើរបានប្ដូរកន្លែងត្រូវចែករបស់គាត់ ហើយបានចាប់គែមកៅអីដើម្បីឈរខ្លួនឲ្យនឹង ពេលគាត់ចែកសាក្រាម៉ង់ ។ វាហាក់ថា គ្រប់ភ្នែកក្នុងសាលជំនុំមើលទៅគាត់ រំជួលចិត្តដោយការពុះពាររបស់គាត់ ពេលគាត់ធ្វើចំណែកដ៏សាមញ្ញរបស់គាត់ ។ ប៉ុន្ដែថេននើរបានប្រាប់ពីទេសនកថាដ៏ស្ងាត់ស្ងៀមមួយ កាលគាត់ដើរពីជួរមួយទៅជួរមួយដោយហ្មត់ចត់ និងរអាក់រអួល—ក្បាលឥតសក់របស់គាត់ជោគដោយញើស—ដែលតំណាងឲ្យព្រះអង្គសង្គ្រោះតាមរបៀបដែលឌីកុនធ្វើនោះ ។ រាងកាយឌីកុនដែលធ្លាប់តែរពិសបានរងរបួស ខូច និងបាក់ តែស្ម័គ្រចិត្តបម្រើពួកគេទាំងឈឺចាប់ ដោយការកាន់តំណាងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះទៅក្នុងជីវិតរបស់យើង ។  ការឃើញរបៀបដែលគាត់គិតអំពីការធ្វើជាឌីកុន ធ្វើឲ្យយើងគិតខុសពីមុនផងដែរ—អំពីសាក្រាម៉ង់ អំពីព្រះអង្គសង្គ្រោះ និងអំពីឌីកុន និងគ្រូ និងសង្ឃទាំងឡាយ ។  …ពេលដែលឌីកុនហុចនំប៉័ង និងទឹកដ៏ពិសិដ្ឋឲ្យយើង ឈរនៅកន្លែងដែលព្រះយេស៊ូវនឹងឈរ បើទ្រង់គង់នៅទីនោះ ហើយចង់សម្រាលបន្ទុក និងការឈឺចាប់យើង ។ របៀបដ៏ប្រាកដប្រជាបំផុតដើម្បីរកឃើញសេចក្ដីអំណរក្នុងលោក គឺត្រូវចូលរួមនឹងព្រះគ្រីស្ទជួយមនុស្សដទៃ ។  

 

អែលឌើរ វីល្លាម ខេ ចាកសុន
៤. អែលឌើរ វីល្លាម ខេ ចាកសុន ក្នុងពួកចិតសិបនាក់

វប្បធម៌របស់ព្រះគ្រីស្ទ

ឱ! ពិភពលោកដ៏អស្ចារ្យដែលយើងរស់នៅ និងចែករំលែក ជាទីដែលមានភាពចម្រុះដ៏អស្ចារ្យនៃប្រជាជន ភាសា ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ ។  ប៉ុន្តែទោះបីជាអាកប្បកិរិយាដែលបានរៀន—រឿងដែលយើងត្រូវបានលាតត្រដាងដោយវប្បធម៌ដែលយើងធំធាត់ឡើង—អាចដើរតួជាកម្លាំងដ៏អស្ចារ្យនៅក្នុងជីវិតរបស់យើង ប៉ុន្តែ នៅពេលខ្លះ វាក៏អាចជាឧបសគ្គដ៏ចម្បងផងដែរ ។ ការមានចំណាប់អារម្មណ៍ហួសហេតុលើអត្តសញ្ញាណវប្បធម៌មួយអាចនាំឲ្យមានការបដិសេធនូវតម្លៃ—សូម្បីតែការកោតខ្លាចដល់ព្រះ—គំនិត បុគ្គលិកលក្ខណៈ និងអាកប្បកិរិយា ។ បញ្ហាជាច្រើននៅលើពិភពលោករបស់យើងគឺជាលទ្ធផលជាក់ស្តែងនៃការប៉ះទង្គិចគ្នារវាងគំនិត និងទំនៀមទម្លាប់ខុសៗគ្នាដែលកើតឡើងពីវប្បធម៌របស់ពួកគេ ។  ប៉ុន្តែស្ទើរតែគ្រប់ ជម្លោះ និងភាពចលាចល ទាំងអស់ នឹងត្រូវសាបរលាបទៅភ្លាមៗ ប្រសិនបើពិភពលោកនឹងទទួលយកតែ… វប្បធម៌មួយដែលចាក់គ្រឹះនៅលើការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ វាពិសេសណាស់ ។ វាមានសាមគ្គីភាពជាជាងភាពបែកបាក់ ។ វាព្យាបាលជាជាងធ្វើឲ្យមានការឈឺចាប់ ។ យើងមានទំនួលខុសត្រូវ និងភាពម្ចាស់ការចំពោះខ្លួនយើង  ចំពោះគ្នាទៅវិញទៅមក ចំពោះសាសនាចក្រ និងចំពោះពិភពលោករបស់យើង ។ សេចក្ដីសប្បុរស ការយកចិត្តទុកដាក់ពិតដូចជាព្រះគ្រីស្ទ គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌នេះ ។ វាគឺជាវប្បធម៌នៃការរៀនសូត្រ និងសិក្សា សេចក្ដីជំនឿ និងការគោរពប្រតិបត្តិ ។ ទាំងនេះគឺជាបុព្វហេតុនៃភាពជាម្ចាស់លើខ្លួនឯង ។ វាគឺជាវប្បធម៌នៃការអធិស្ឋាន… នៃសេចក្តីសញ្ញា និងពិធីបរិសុទ្ធ បទដ្ឋានសីលធម៌ខ្ពស់ ការពលិកម្ម ការអភ័យទោស និងការប្រែចិត្ត និងការថែរក្សាចំពោះព្រះវិហារបរិសុទ្ធនៃរូបកាយយើង ។ វាគឺជាវប្បធម៌មួយដែលដឹកនាំដោយបព្វជិតភាព… វាកែលម្អ និងធ្វើឲ្យបុគ្គលម្នាក់ៗក្លាយជាមនុស្ស ជាអ្នកដឹកនាំ ជាម្តាយ ជាឪពុក និង ជាគូស្រករ កាន់តែមានលក្ខណៈប្រសើរឡើង—ហើយវាធ្វើឲ្យគេហដ្ឋានបានបរិសុទ្ធ ។  យើងពិតជាអាចស្រឡាញ់វប្បធម៌ដ៏ល្អនៅលើផែនដីរបស់យើង ហើយនៅតែចូលរួមពេញទំហឹងនៅក្នុងវប្បធម៌ដ៏ចំណាស់របស់ពួកគេទាំងអស់—វប្បធម៌ដើមខ្ពង់ខ្ពស់បំផុតដែលជាវប្បធម៌មកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ 

 

ប្រធាន ដាល្លិន អេក អូក
៥. ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ

ចូរស្រឡាញ់ពួកខ្មាំងសត្រូវរបស់អ្នក

នេះគឺជាការបង្រៀនមួយក្នុងចំណោមការបង្រៀនទាំងឡាយរបស់ព្រះអង្គសង្រ្គោះ ប្រហែលជាយើងបានដឹងហើយ ប៉ុន្តែកម្រអនុវត្តតាម ។ « អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា ចូរស្រឡាញ់ អ្នកជិតខាងឯងតែស្អប់ខ្មាំងសត្រូវឯងវិញ ។  ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរ ដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យ អ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ( ម៉ាថាយ ៥:៤៣–៤៤ ) ។ ឱ នោះជាការបង្រៀនដ៏ល្អសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន និងខាងនយោបាយ ! ប៉ុន្តែការណ៍នោះនៅតែជាអ្វីដែលព្រះអង្គសង្គ្រោះរបស់យើងបង្គាប់ ។ យើងអាននៅក្នុងព្រះគម្ពីរមរមនថា « ត្បិតប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមានវិញ្ញាណនៃការទាស់ទែងគ្នាគឺពុំមែនជារបស់ផងយើងទេ ប៉ុន្តែជារបស់ផងអារក្សវិញ ដែលជាបិតានៃការទាស់ទែងគ្នា ហើយវាចាក់រុកចិត្តមនុស្ស ឲ្យមានកំហឹងទាស់ទែងនឹងគ្នាទៅវិញទៅមក » ( នីហ្វៃទី ៣ ១១:២៩ ) ។ … ក្នុងនាមជាពួកអ្នកដើរតាមរបស់ព្រះគ្រីស្ទ យើងត្រូវតែចៀសវាងដល់ការខឹងសម្បារ និងការស្អប់ខ្ពើមដែលការជ្រើសរើសខាងនយោបាយត្រូវបានជជែក ឬបដិសេធនៅក្នុងស្ថានភាពជាច្រើន ។  វាក៏ជួយផងដែរ បើយើងនឹងយល់ព្រមស្វែងយល់ពីពួកគេ ។ … យើងគួរតែព្យាយាមស្គាល់ពួកគេ ។ នៅក្នុងស្ថានភាពរាប់មិនអស់ ការសង្ស័យរបស់ជនចម្លែកមុខ ឬសូម្បីតែកំហឹង ក៏អាចនាំឲ្យមានមិត្តភាព ឬក្ដីស្រឡាញ់ដែរ នៅពេលទំនាក់ទំនងដោយផ្ទាល់បង្កើតការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « មានពាក្យចាស់ដ៏គួរឲ្យគោរពមួយពោលថា សេចក្ដីឡាញ់ចាប់ផ្ដើមនូវសេចក្ដីស្រឡាញ់ ។ ចូរយើងបង្ហាញសេចក្ដីស្រឡាញ់—បង្ហាញសេចក្ដីសប្បុរសរបស់យើងដល់មនុស្សទាំងអស់ » ។ ហើយប្រធាន រ័សុល អិម ណិលសុន បានជំរុញយើងឲ្យ « ពង្រីករង្វង់នៃសេចក្ដីស្រឡាញ់របស់យើងដើម្បីឱបក្រសោបមនុស្សលោកទាំងមូល » ។