ការអញ្ជើញ​ដោយ​ផ្ទាល់​ឲ្យ​ចូល​រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន

President Nelson

ឱ មិត្ត​យុវវ័យ​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ព្រះអម្ចាស់​ពិតជា​ស្រឡាញ់​ក្មួយៗ​ខ្លាំង​ណាស់ ! ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​​ក្មួយៗ​ផងដែរ !

នេះ​គឺជា​ជំនាន់​ដ៏​រំភើប​ ។ ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅ​ចំពោះ​មុខ​របស់​យើង ។ វា​ជា​ក្តីរំភើប​ណាស់ ។ វា​ក៏​ប្រកប​ដោយ​ការលំបាក​ដែរ ។ មាន​កិច្ចការ​ច្រើន​ទៀត​ដែល​តម្រូវ​ឲ្យ​យើង​ម្នាក់ៗ​ត្រូវ​ធ្វើ—គឺច្រើន​ជាង​​ពីពេលមុនៗទៅ​ទៀត ។ ហើយ​មាន​កិច្ចការ​ជា​ច្រើន​ថែម​ទៀត​កំពុង​ប្រទាន​មក ។

ឱ មិត្ត​យុវវ័យ​​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​មាន​ចិត្ត​រំភើប​ពន់ពេក​ចំពោះ​របាយការណ៍​ស្តីពី​បទពិសោធន៍​ដែល​ក្មួយៗ​បាន​មាន ពេល​ក្មួយៗ​បាន​ធ្វើ​តាម​ការអញ្ជើញ​ទាំង​ប្រាំ​របស់​ខ្ញុំ​ ។ ប្រសិនបើ​ក្មួយ​ពុំ​បាន​ចូលរួម​ការប្រជុំ​ធម្មនិដ្ឋាន​នោះ ឬ​ពុំ​បាន​ទទួល​ការអញ្ជើញ​របស់​ខ្ញុំ​ទេ​នោះ ខ្ញុំ​សូម​ជំរុញ​ចិត្ត​ក្មួយៗ​ឲ្យ​ទស្សនា​ការចាក់ផ្សាយ​នោះ​ឡើង​វិញ ។ សូម​យកចិត្ត​ទុកដាក់ឲ្យ​បាន​គ្រប់គ្រាន់​​ចំពោះ​ជីវិត និង​អនាគត​របស់​ក្មួយៗ ដើម្បី​​បំពេញ​ការអញ្ជើញ​ទាំង​ប្រាំ​នោះ​ ក្នុងពេល​ឥឡូវ​នេះ ។

ហើយ​ចំពោះ​យុវមជ្ឈិមវ័យ​វិញ សមត្ថភាព​របស់​ក្មួយៗ​ដើម្បី​មាន​ភាព​កាន់តែវៃឆ្លាត និង​​កាន់តែ​មាន​ប្រាជ្ញា ព្រមទាំង​​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើង​ដល់​ពិភពលោក​ជាង​ជំនាន់​ពីមុនៗ​នោះ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​កម្រិត​នៃ​ភក្តី​ភាព​របស់​ក្មួយៗ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ ដរាបណា​ក្មួយៗ​ធ្វើ​តាម​ទ្រង់ ដរាប​នោះ​ក្មួយៗ​នឹង​មាន​ជោគជ័យ​កាន់តែ​ច្រើនឡើង ។

ថ្ងៃ​នេះ ខ្ញុំ​សូម​ផ្ញើ​សារលិខិត​របស់​ខ្ញុំ​​ដល់​ក្មួយៗ​ដែល​មាន​អាយុ​​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង​​ថ្នាក់​វិទ្យាស្ថាន ។ តាម​បទពិសោធន៍​ខ្ញុំ ខ្ញុំ​​ទទួល​ស្គាល់​ថា ខ្ញុំ​ចូលចិត្តគណនា​រូបមន្ត​ណាស់ ។ ខ្ញុំ​ចូលចិត្ត​គណនា​ពី​ធាតុ​ចាំបាច់​នៃ​ស្ថានភាព​មួយ និង​របៀប​ដាក់​វា​បញ្ចូល​គ្នា ដើម្បី​ធានា​ឲ្យ​​ទទួល​បាន​ជោគជ័យ ។ ឧទាហរណ៍ កាល​ខ្ញុំ​ជា​វេជ្ជបណ្ឌិត​វះកាត់​វ័យក្មេង ខ្ញុំ​បាន​រៀន​ថា បុគ្គល​ម្នាក់​អាច​បញ្ឈប់​ដំណើរការ​បេះដូង​មនុស្ស​ជា​បណ្តោះអាសន្ន​បាន ដោយ​ការប្តូរ​អាត្រា​ជាតិ​សូដ្យូម​នៅក្នុង​ឈាម​​ដែល​ចិញ្ចឹម​បីបាច់​បេះ​ដូង​​ទៅ​ជា​ជាតិ​ប៉ូតាស្យូម​វិញ ។ ហើយ​ដើម្បី​ឲ្យ​បេះដូង​​ដំណើរ​ការ​ឡើង​វិញ យើង​គ្រាន់តែ​ស្តារ​អាត្រា​សូដ្យូម/ប៉ូតាស្យូម​នោះ​ឲ្យ​មក​កម្រិត​ធម្មតា​វិញ ។ វា​​មាន​ប្រសិទ្ធភាពគ្រប់ពេល ។ វា​គឺជា​ច្បាប់​ដ៏ប្រពៃ​មួយ​នៃ​ច្បាប់​ជាច្រើន​ដែល​វេជ្ជបណ្ឌិត​រៀន​​គោរព​តាម ។

ពុំ​មែន​គ្រប់​រូបមន្ត​ទាំងអស់​សំខាន់​ដូច​រូបមន្ត​មួយ​នោះទេ ។ ខ្ញុំ​នឹង​សារភាព​ម្ដង​ទៀត ។ ពេល​ខ្ញុំ​លេង​តម្រៀប​ពាក្យ​ជាមួយ​ភរិយា​ខ្ញុំ​លើ iPad យើង ខ្ញុំ​បាន​រកឃើញ​រូបមន្ត​មួយ​ដែល​នឹងធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ឈ្នះ​ជានិច្ច ។ សូម​ចំណាំ​ថា ខ្ញុំ​និយាយ​ពាក្យ « ស្ទើរតែ​ជានិច្ច » ។ គ្មាន​ការធានា​ជាមួយ​រូបមន្ត​នេះ​ទេ ។ ( ភាគច្រើន ភរិយា​ខ្ញុំ​គឺជា​អ្នក​ឈ្នះ ) ។

 

ប្រាកដ​ណាស់ នេះ​គឺជា​រូបមន្ត​មួយ​​សម្រាប់​ជីវិត​ក្មួយៗ ដែល​នឹង​​មាន​ប្រសិទ្ធភាព​គ្រប់​ពេល ។ នេះ​ជា​រូបមន្ត ៖ ដរាប​ណា​ក្មួយៗ​ខិតកាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការ​គោរព​បទបញ្ញត្តិ​របស់ពួកទ្រង់ ព្រមទាំង​គោរព​តាម​សេចក្តីសញ្ញា​ដែល​ក្មួយៗ​បាន​​ចុះ​ជាមួយ​ពួកទ្រង់ ដរាប​នោះ​ក្មួយៗ​នឹង​កាន់តែ​មាន​ភាព​រីករាយ ។ ពេល​ក្មួយៗ​រស់នៅ​តាម​បទដ្ឋាន​នានា​ដែល​បាន​បង្រៀន​នៅក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ( ដែល​ជា​​សេចក្តីណែនាំ​ដ៏​អស្ចារ្យ​សម្រាប់​យុវវ័យ និង​យុវមជ្ឈិមវ័យ ) នោះ​វា​នឹង​កាន់តែ​ងាយ​ស្រួល​​ដល់​ក្មួយៗ​ឲ្យ​ចៀសចេញ​ឆ្ងាយ​ពីភាព​ឆើតឆាយ​ហួសហេតុ ទស្សនៈ​ខុសឆ្គង និង​ការល្បួង​ឥត​ប្រណី​នៃ​លោកិយ​នេះ ។ ការធ្វើ​កិច្ចការ​ទាំង​នេះ​នឹង​ពង្រីក​សមត្ថភាព​របស់​ក្មួយៗ​ឲ្យ​ជះ​ឥទ្ធិពល​វិជ្ជមាន​ក្នុង​ចំណោម​មិត្តភក្តិ សមាជិក​គ្រួសារ និង​មនុស្ស​ដទៃ​ទៀត ។ រូប​មន្ត​នេះ​នឹង​មាន​ប្រសិទ្ធភាព​គ្រប់ពេល ។ និយាយ​ឲ្យ​សាមញ្ញ​គឺ​ថា ដរាប​ណា​ក្មួយៗ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដរាប​នោះ​ក្មួយៗ​នឹង​កាន់តែ​មាន​ជោគជ័យ ។

បន្ទាប់​មក តើ​មាន​អ្វី​ទៀត​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ ? ចម្លើយ​មួយ​នោះ​គឺ ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន—ពុំគ្រាន់​តែ​ចូលរៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ថ្នាក់ ហើយ​ធ្វើ​​កិច្ចការ​ដែល​បាន​​ផ្តល់​ឲ្យ​យ៉ាង​ស្មោះត្រង់ ។

កាល​ពីពីរបីសប្តាហ៍​មុន យុវជន​ម្នាក់ និង​យុវនារី​​ម្នាក់​បាន​ឡើង​និយាយ​នៅ​ម៉ោង​ប្រជុំ​សាក្រាម៉ង់​អំពីរបៀប​ដែល​ពួកគេ​ដឹង​ថា ឥឡូវ​នេះ​ពួកគេ​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការរៀនសូត្រ​ដំណឹងល្អ​ដោយ​ផ្ទាល់​ខ្លួន​ពួកគេ ។ សារ​លិខិត​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ទាំងអស់រញ្ជួល​​ដួងចិត្ត ចង់​​ព្យាយាម​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​សិក្សា​ដំណឹងល្អ បង្រៀន​ដំណឹងល្អ រៀនសូត្រ​ដំណឹងល្អ និង​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ផ្ទាល់​ខ្លួន​យើង ។

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​អាច​ជួយ​ក្មួយៗ​ជាមួយ​កិច្ចការ​ទាំង​នេះ ។ ជាមួយ​នឹង​កម្មវិធី​សិក្សា​ថ្មី​ក្នុង​ឆ្នាំ ២០១៩ ដែល​ផ្តោត​ទៅលើ​គេហដ្ឋាន និង​គាំទ្រ​ពី​សាសនាចក្រ នោះ​ក្មួយៗ​គ្រប់​គ្នា​មាន​ការទទួលខុសត្រូវ ដើម្បី​ជួយ​បង្រៀន​ដំណឹងល្អ​នៅ​​ផ្ទះ​របស់​ក្មួយៗ​ដល់​អ្នក​ដែល​រស់នៅ​ជាមួយ​ក្មួយៗ ។

ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ​កែប្រែ​ផ្ទះ​របស់​ក្មួយៗ​ឲ្យក្លាយ​ជា​ទីបរិសុទ្ធ​នៃ​សេចក្តីជំនឿ​​​—ជា​កន្លែង​មួយ​ដើម្បី​បង្រៀន រៀន រស់នៅ​តាម និង​ស្រឡាញ់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ទោះបី​ក្មួយៗ​រស់នៅទីណា​ក្តី ទីលំនៅ​នោះ​អាច​ក្លាយ​ជា​កន្លែង​មួយ​ដែល​ពួកសិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ​រស់នៅ ។ នៅ​ទីនោះ​ក្មួយៗ​អាច​ស្វែងរក​ទីជម្រក​ពី​ព្យុះ​នៃ​ជីវិត ហើយ​បង្កើន​សេចក្តីស្រឡាញ់​របស់​ក្មួយៗ​ចំពោះ​ព្រះអម្ចាស់ និង​ដល់​គ្នា​ទៅវិញទៅមក ។

ក្មួយៗ​​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ « ស្បៃ​គ្រប​ដណ្តប់​ផែនដី » ១ កំពុង​​រសាត់​ទៅ ហើយ​បំណង​ចិត្ត​ដ៏​ជ្រាលជ្រៅ​មួយ​របស់​ខ្ញុំ​​ចំពោះ​ក្មួយៗ​គឺ​​សូម​ឲ្យ​ក្មួយៗ​ទទួល​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​បើកសម្តែង​ដល់​ក្មួយៗ ។ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នឹង​ជួយ​ក្មួយៗ ។

ការបញ្ចប់​ការសិក្សា​ពី​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​នឹង​បង្កើន​សមត្ថភាព​របស់​ក្មួយៗ ឲ្យ​ពូកែ​នៅក្នុង​កិច្ចការ​ដ៏​សំខាន់​បំផុត​ដែល​ក្មួយៗ​នឹង​ធ្វើ​នៅក្នុង​ជីវិត ។ សូម​ឲ្យ​អំណរ​ពិតប្រាកដ​នឹង​ក្លាយ​ជា​របស់​ក្មួយៗ ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នេះ ព្រមទាំង​សម្តែង​នូវ​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ក្មួយៗ នៅក្នុង​ព្រះនាម​​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

១. សូមមើល « ព្រះវិញ្ញាណ​នៃ​ព្រះ » ទំនុក​តម្កើង លេខ ២ ។