សូម​ក្រឡេក​មើល​របៀប​ដែលសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនឹង #​បំភ្លឺ​ពិភព​លោក នា​បុណ្យ​គ្រីស្ទម៉ាស់​នៅ​តំបន់​អាស៊ី

សូមក្រឡេកមើលរបៀបដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនឹង #បំភ្លឺពិភពលោក នាបុណ្យគ្រីស្ទម៉ាស់នៅតំបន់អាស៊ី

អំឡុង​ពេល​មាន​សេចក្តី​ត្រូវការ​ជា​សាកល​ខ្លាំង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នា​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ លើក​ទឹក​ចិត្ត​​មនុស្ស​នាំ​​ពន្លឺ​មក​កាន់​ពិភពលោក​តាម​រយៈ​ការបម្រើ​ដ៏​សាមញ្ញ​ និង​មាន​អត្ថន័យ ។

 

អែលឌើរ ម៉ាកឺស ប៊ី ណាស ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « អំឡុង​ពេល​ដ៏​ពិសេស ​និង​មាន​បញ្ហា​ទាំង​នេះ យើង​មាន​ឱកាស​​ធ្វើ​ឱ្យ​មាន​​ការផ្លាស់ប្តូរ​តាម​របៀប​តូចតាច ​និងសាមញ្ញ » ។ « យើង​អាច​ជា​ពន្លឺ​ដែល​អាច​បំភ្លឺ​ពិភព​លោក ។ យើង​សូម​អញ្ជើញ​អ្នក​ទាំង​អស់​គ្នា ឲ្យ​ចូល​រួម​ជាមួយ​យើង​ក្នុង​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ​បំភ្លឺ​ពិភព​លោក​ម្ដងមួយៗ ម្នាក់ម្តងៗ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដែរ ។ យើង​អាច​បញ្ចប់​ឆ្នាំ​២០២០ ដោយ​វិជ្ជមានទាំង​អស់​គ្នា ។

 

ព្រះយេស៊ូវគ្រីស្ទដែលគេ​ប្រារព្ធពិធី​ប្រសូត្រ​នៅ​រដូវកាល​ពិសេស​នេះ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ » ( កិច្ចការ ១០:៣៨ ) ។  ដោយ​ដើរ​តាម​គន្លង​របស់​ទ្រង់ នោះពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា ការណ៍​ល្អ​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោកនេះ​​អាច​ត្រូវ​បានធ្វើ​សម្រេច​តាម​រយៈ​ដួងចិត្ត និង​ដៃ​របស់​បុរស និង​ស្ត្រី​ល្អ​ៗ ។ 

 

ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូតទៅ សាសនា​ចក្រ​នៅ​តំបន់​អាស៊ី​នឹង​ផ្តល់​គំនិត​នៃ​ការបម្រើ #បំភ្លឺ​ពិភព​លោកនៅលើ​អ៊ិនធឺណិត ។ ការផ្តល់​យោបល់​ទាំង​នេះ​នឹង​រួម​បញ្ចូល ៖

  • ឱកាស​​ធ្វើ​ជា​អ្នកស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ប្រទេស​របស់​អ្នក
  • លទ្ធភាព​ដើម្បី​បរិច្ចាគ​ដោយផ្ទាល់​ទៅកាន់​អង្គការ​សប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឬ​អង្គការ​សប្បុរសធម៌​ក្នុង​មូលដ្ឋាន​តាម​ជម្រើស​របស់​បងប្អូន ។
  • ប្រតិទិន​ប្រចាំ​ថ្ងៃ​មាន​វិធី​ងាយៗចំនួន ២៥ របៀប​​ដើម្បី​បម្រើ​អ្នកដទៃ

នៅ​ក្នុង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​អំពី​ការផ្តល់​ការបម្រើ​បែប​នេះ សាសនាចក្រ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​សញ្ញា #​បំភ្លឺ​ពិភព​លោក ។

 

អែលឌើរ ណាស បាន​មាន​ប្រសាសន៍​ថា ៖ « គំនិត​ផ្តួច​ផ្តើម​ #​បំភ្លឺ​ពិភព​លោក... ផ្តល់​នូវ​ឱកាស​ជាច្រើន​ទៀត ដើម្បី​ផ្តល់ និង​ចែកចាយ​ក្តី​សង្ឃឹម​ដ៏​គ្មាន​ព្រំដែន ភាពសុខសាន្ត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទរបស់​យើង » ។ « យើង​លើក​ទឹក​ចិត្ត​ប្រជាជន​ឲ្យ​គិត​ឲ្យ​បាន​ហ្មត់ចត់​នៅ​ពេល​ពួកគេ​សម្រេច​ចិត្ត​ពី​វិធី​ល្អ​បំផុត ដើម្បី​ផ្តល់​ឲ្យ​នា​រដូវកាល​ឈប់​សម្រាក​នេះ » ។  

 

អស់​អ្នក​ដែល​បាន​ទទួល​ព្រះពរ​ពី​ព្រះ មាន​ឱកាស​ដើម្បី​ចែករំលែក​ការដឹង​គុណ​ចំពោះ​អំណោយ​ទាន​របស់​ព្រះ​ដោយ​ការជួយ​ដល់​អ្នក​ដែល​ខ្វះខាត ។

 

បុណ្យ​គ្រីស្ទម៉ាស់​នេះ ជា​បុគ្គល និង​ក្រុមគ្រួសារ អាច​រីករាយ​ម្តង​ទៀត​នឹង​ការនិទានរឿង​អំពី​ការប្រសូត​មក​របស់ព្រះយេស៊ូវ ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ​រយៈពេល ១៨​នាទី ដែល​មាន​ចំណង​ជើង​ថា « ព្រះទារកគ្រីស្ទ  » ។