​កាលបរិច្ឆេទ​ពិធី​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជាត្រូវ​បាន​ប្រកាស

នឹង​ក្លាយជា​ព្រះវិហារបរិសុទ្ធ​ដំបូងគេ​បង្អស់​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស​កម្ពុជា

គណៈប្រធានទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ប្រកាស​ថា​ពិធីបើក​សម្ពោធ​ការ​ដ្ឋាន​សាងសង់​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា​ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃសៅរ៍​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២១ ។

កាលបរិច្ឆេទពិធីបើកសម្ពោធការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជាត្រូវបានប្រកាស

ប្រធាន នាង​កូណូ វាសនា នៃបេសកកម្ម​ភ្នំពេញ​កម្ពុជា​នឹង​ធ្វើ​ជា​អធិបតី​នៅក្នុង​ព្រឹត្តិការណ៍​នេះ ។ មាន​តែ​ភ្ញៀវដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ប៉ុណ្ណោះ ទើបអាចចូលរួមនៅ​ឯ​ទីតាំងនោះបាន អនុលោម​ទៅតាម​សេចក្ដី​ណែនាំ​អំពីជំងឺ​កូវីត-១៩ ក្នុង​មូលដ្ឋាន​នា​ពេល​បច្ចុប្បន្ន។ ព្រះវិហារបរិសុទ្ធនេះ​នឹង​ជា​ព្រះវិហារបរិសុទ្ធ​ដំបូងគេបង្អស់​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស ។

ព្រះវិហារបរិសុទ្ធមានកម្ពស់មួយជាន់ ដែលមានក្រឡាផ្ទៃប្រហែលជា ១០០០០ ហ្វីតការ៉េ ( ៩២៩.០៣០៤ ម៉ែត្រការ៉េ ) នឹងសាងសង់នៅលើផ្ទៃដីចំនួន ៣.១៦ acre ( ១.២៧៨៨០៧ ហិចតា ) មានទីតាំងនៅលើផ្លូវសហព័ន្ធរុស្សី នៅចន្លោះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានភាសាបរទេស ដែលនៅជិតនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ទីតាំងព្រះវិហារបរិសុទ្ធនឹងមានអគារបន្ថែមមួយទៀតផងដែរ។

កាលបរិច្ឆេទពិធីបើកសម្ពោធការដ្ឋានសាងសង់ព្រះវិហារបរិសុទ្ធភ្នំពេញកម្ពុជាត្រូវបានប្រកាស

ព្រះវិហារបរិសុទ្ធ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន ប្រកាស​នៅ​ខែ​តុលា ឆ្នាំ ២០១៨ ដោយ​ប្រធាន​នៃ​សាសនាចក្រ គឺ ប្រធាន រ័សុល អិម ណិលសុន ។ អំឡុង​ពេល​នៃ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ នោះ​ប្រធាន រ័សុល អិម ណិលសុន​ បាន​បើក​បង្ហាញ​នូវ​រូបគំនូរ​របស់​វិចិត្រករ​ម្នាក់ ជា​រូបភាព​នៃ​ព្រះវិហារបរិសុទ្ធ​ភ្នំពេញ​កម្ពុជា ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​អំឡុង​ពេល​បើក​បង្ហាញ​រូបភាព​នៃ​ព្រះវិហារបរិសុទ្ធ​ថា តើ​នោះ​មិន​អស្ចារ្យ​ទេ​ឬអី ? ទស្សនិកជន​ទាំងអស់​បាន​ឆ្លើយ​តប​ដោយ​សំឡេង​ស្ងើច​អស្ចារ្យ ។ លោក​មានប្រសាសន៍​ថា « ការ​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារបរិសុទ្ធ​រួមមាន​ទាំង​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​បងប្អូន ។ ការ​រៀបចំ​ខ្លួន​របស់​បងប្អូន​ផ្ទាល់ នឹង​ប្រទានពរ​ដល់​សមាជិក​គ្រួសារ​របស់​បងប្អូន » ។ លោក​លើក​ទឹកចិត្ត​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ស្វែង​យល់​អំពី សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ហើយ​មាន​ភាព​ស័ក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។ ព្យាការី​មាន​ប្រសាសន៍ នៅ​ពេល​លោក​បញ្ចប់​សុន្ទរកថា​របស់​លោក​ថា « ខ្ញុំ​មាន​សុទិដ្ឋិនិយម​ណាស់​អំពី​អនាគត​នៃ​ប្រទេស​កម្ពុជា » ។

ប្រទេស​កម្ពុជា​ជា​ស្រុក​កំណើត​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ច្រើនជាង ១៥០០០ នាក់ ព្រមទាំង​មាន​ក្រុមជំនុំ​ប្រហែលជា ៣០ កន្លែង ។ ព័ត៌មាន Newsroom នឹង​ផ្សាយ​ដំណឹង​ពេញលេញ​ស្ដី​អំពី​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់ ។  

ព្រះវិហារបរិសុទ្ធ​នៃ​​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ខុស​ប្លែក​ពី​សាលាប្រជុំ ឬ​រោងជំនុំ ដែល​សមាជិក​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​ថ្វាយបង្គំ​នៅ​ថ្ងៃ​អាទិត្យ ។ ព្រះវិហារបរិសុទ្ធ​នីមួយៗ ត្រូវ​បាន​ចាត់ទុកថាជា « ដំណាក់​នៃ​ព្រះអម្ចាស់ » ជា​កន្លែង​ដែល​ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​បញ្ជាក់អះអាង​ជាថ្មី​តាមរយៈ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបរិសុទ្ធ​ដទៃទៀត ដែល​បង្រួបបង្រួម​ក្រុម​គ្រួសារ​សម្រាប់​ភាព​អស់​កល្បជានិច្ច ។ នៅក្នុង​ព្រះវិហារបរិសុទ្ធ សមាជិក​សាសនាចក្រ​នឹង​រៀនសូត្រ​បាន​កាន់តែ​ច្រើន​អំពី​គោលបំណង​នៃ​ជីវិត ហើយ​​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​បម្រើ​ដល់​បងប្អូន​របស់ពួកគេ ។