ការងារបម្រើ​ពីចម្ងាយ​នៅ​តំបន់​អាស៊ី​របស់​ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន

ទោះបី​ជា​ការរាតត្បាត​ជាសាកល​បាន​ធ្វើ​ឲ្យ​ការធ្វើ​ដំណើរ​ជា​អន្តរជាតិ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បាន​បញ្ឈប់សម្រាប់​ថ្នាក់​ដឹកនាំ​នៃសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពី​ការងារ​បម្រើ​ទៅ​ដល់​សមាជិក​ទាំងឡាយរបស់ពួកគាត់​នោះ​ដែរ ។ បចេ្ចកទេសសម័យ​ទំនើប​បាន​អនុញ្ញាត​ឲ្យ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធាន សមាគម​សង្គ្រោះ​ទូទៅ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន ប្រធាន អង្គការ​បឋម​សិក្សា​ទូទៅ ធ្វើទស្សនកិច្ច​នៅ តំបន់ ​អាស៊ី​ពី​ចម្ងាយ​នៅ​ថ្ងៃទី​៤-១២ ខែ កញ្ញា ។

ការងារបម្រើពីចម្ងាយនៅតំបន់អាស៊ីរបស់ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន

ពួក​គាត់​បានធ្វើ​ទស្សនកិច្ចជ​សរុប​ចំនួន ១១ ប្រទេស ដែល​រួមមាន​តំបន់មួយ​ចំនួន ក្នុងនោះមាន ហុងកុង ម៉ាកាវ តៃវ៉ាន់ ថៃ កម្ពុជា សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា និង ប៉ាគីស្ថាន ។ នេះ​គឺ​ជា​ដំណើរធ្វើ​ទស្សនកិច្ច​ពីចម្ងាយ​យ៉ាង​ធំ​បំផុត​មិនដែល​ធ្លាប់​មាន​នៅ​តំបន់​អាស៊ី​ដែល​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ពី​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ​នៅ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ គណៈ​ប្រធាន​តំបន់​អាស៊ី – អែលឌើរ ដេវីឌ ភី ហូមើរ, អែលឌើរ ភីធើ អេហ្វ មើស៍ និង អែលឌើរ បេនយ៉ាមីន តៃ – បាន​អម​ដំណើរ​ប្រធាន​ទាំង​ពីរ​ក្នុង​ដំណើរ​ធ្វើទស្សនកិច្ចនោះ ។ 

 

ស៊ីស្ទើរ ប៊ីងហាំ និងស៊ីស្ទើរ ​ចនសុន បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ស្ដាប់ទាំងឡាយ​របស់​ពួកគាត់​តាម​កញ្ចក់​ទូរទស្សន៍​ដែល​មាន​អ្នក​ចូល​រួម​យ៉ាងច្រើន​កុះករ​មក​ពី​តំបន់​អាស៊ី​ទាំង​មូល​ថា « ពួក​យើង​ស្រឡាញ់​បងប្អូន ។  ពួក​យើង​មើលឃើញ​បងប្អូន​នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន ហើយ​ពួក​យើង​ដឹង​ពី​អារម្មណ៍​របស់​បងប្អូន ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់​បងប្អូន ។ បងប្អូន​បង្ហាញដល់​ពួក​យើង​ថា បងប្អូន​មាន​ទីបន្ទាល់​នៃ​ដំណឹង​ល្អ ដែល​នោះ​ជា​មូលហេតុ​ដែល​បងប្អូន​នៅ​ទីនេះ​សម្រាប់​ថ្ងៃ​នេះ » ។

 

ដំណើរ​ទស្សនកិច្ច​របស់​ពួកគាត់​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​តាម​មូលដ្ឋាន សមាជិក និង​មិត្តភក្តិ​ក៏​ដូច​ជា​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះគ្រីស្ទ​ផង​ដែរ ។ ពួក​គាត់​បាន​ថ្លែង​ទៅ​កាន់​ថ្នាក់​ដឹកនាំ អង្គការ​បឋម​សិក្សា គណៈ​ប្រធាន សមាគម​សង្គ្រោះ និង​អែលឌើរ កូរ៉ុម និង​ថ្នាក់​ដឹកនាំ​បព្វជិតភាព រួមទាំង​ការផ្តល់​នូវ​ដំបូន្មាន​ជាក់ស្ដែង​ពី​របៀប​ដើម្បី​ពង្រីក​ការហៅ​បម្រើ​របស់​ពួក​គេ​ផង​ដែរ ។ ការប្រឹក្សា​ដ៏​ជាក់លាក់​របស់​ពួកគាត់​ចំពោះ​មាតាបិតា​សម្រាប់កុមារ និង​យុវវ័យ ព្រមទាំង​បងប្អូន​ស្រ្តី​សមាគម​សង្គ្រោះ បាន​ផ្តោត​លើ​ការនាំយក​ពរជ័យ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃរបស់ពួកគេ ។ 

 

​ការជួប​ជា​ក្រុមបន្ថែម​ ប្រធាន​ទាំង​ពីរ​ក៏​បាន​ជួប​ជាមួយ​សមាជិក​ក្នុង​ផ្ទះ​របស់​ពួកគាត់​ផង​ដែរ ។ ទោះ​បី​ជា​មាន​ចម្ងាយ​រាប់​ពាន់​គីឡូមែត្រ​ពី​គ្នា​ក្ដី ក៏​សមាជិក​សាសនាចក្រ​ទាំង​នេះ​បាន​ថ្លែង​ថា ពួកគេ​អាច​ដឹង​ពី​សេចក្តី​ស្រឡាញ់​ពិត​របស់​ពួក​គាត់​ដែរ ហើយ​បាន​ពិពណ៌នា​អំពី​ដំណើរ​ទស្សនកិច្ច​នោះ​ថា « ជា​ឱកាស​មួយ​ដែល​មិន​អាច​បំភ្លេច​បាន » ។

គ្រួសារ មើឌីយ៉ានតូ មក​ពី​ប្រទេស ឥណ្ឌូនេស៊ី បាន​និយាយ​ថា « ពួក​យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្លាំង​ណាស់​ក្នុង​ផ្ទះ​របស់​យើង [ អំឡុង​ការជួប​នោះ ] ។ « បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ចងចាំ​បំផុត​នោះ​គឺ​ពេល​ដែលពួក​យើងបានពិភាក្សា​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ និង​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ » ។

ការងារបម្រើពីចម្ងាយនៅតំបន់អាស៊ីរបស់ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន

ដំណើរ​ទស្សនកិច្ច​នោះ​ក៏​រួម​បញ្ចូល​ការផ្សាយ​កម្មវិធី មិត្ត​ទៅ​កាន់​មិត្ត ដែល​មាន​នូវ​សារលិខិត​ពិសេស​មួយ​មកពី ស៊ីស្ទើរ ចនសុន ទៅកាន់​កុមារ​នៅ​តំបន់​អាស៊ី​ទាំង​មូល​ផង​ដែរ ។  នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​កុមារ​បាន​ដឹកនាំ និង​អធិស្ឋាន​នៅ​ក្នុង​ការប្រជុំ​មួយ​ទូទាំង​តំបន់​ ។

 

កាល​កំពុង​មាន​ប្រសាសន៍​ទៅ​កាន់​ថ្នាក់ដឹកនាំ​អង្គការ​បឋម​សិក្សា ស៊ីស្ទើរ ចនសុន បាន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ការងារ​បម្រើ​ដល់​កុមារ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។ គាត់​បាន​សង្កត់​ធ្ងន់​ថា ការជួប​កុមារ​គួរ​តែ​ធ្វើ​ឲ្យ​បាន​ញឹកញាប់ ខ្លី ហើយ​សាមញ្ញ។ ការណ៍​នេះ​ត្រូវ​បាន​លើក​មក​បន្ថែម​ដោយ អែលឌើរ តៃ ដែល​បាន​ចែកចាយ​បទពិសោធន៍​ផ្ទាល់​របស់​លោក និង​បាន​មាន​ប្រសាសន៍​ថា​ការទាក់ទង​ដោយ​ផ្ទាល់​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ទាំង​ស្រុង​នៅ​ក្នុង​ជីវិត​របស់​កុមារ ។ 

ការងារបម្រើពីចម្ងាយនៅតំបន់អាស៊ីរបស់ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន

ស៊ីស្ទើរ ចនសុន ក៏​បាន​បង្រៀន​ថ្នាក់ដឹកនាំ​អង្គការ​បឋម​សិក្សា​ឲ្យ​បង្កើត​បរិយាកាស​មួយ​ដែល​មាន​ព្រះវិញ្ញាណ « ពេល​មាន​ព្រះវិញ្ញាណ​គង់​នៅ​ទីនោះ សូម​ឈប់​ហើយ​សួរ​កុមារ​ថា តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ប្រសិន​បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​រៀបចំ​ជំនាន់​មួយ​នៃ​មនុស្ស​វ័យ​ក្មេង​ដែល​ស្គាល់​ព្រះវិញ្ញាណ និង​ដឹង​ពី​របៀប​ដែល​ត្រូវ​បាន​ដឹកនាំ​ពី​ទ្រង់ » ។ 

 

គោលការណ៍​នេះ​ត្រូវ​បាន​បញ្ជាក់​ម្តង​ទៀត​កាល​គាត់​មាន​ប្រសាសន៍​ទៅ​កាន់​មាតាបិតា​របស់​កុមារ និង​យុវវ័យ​ជាមួយ​ស៊ីស្ទើរ ប៊ីង ហាំ អំពី « វិវរណៈ ចំណង​ទាក់ទង និង​សិទ្ធិជ្រើសរើស » ។ ពួក​គាត់​បាន​បង្រៀន​ថា វា​មិន​ត្រឹម​តែ​សំខាន់​សម្រាប់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​ត្រូវ​រៀន​ស្គាល់​ពី​របៀប​ដែល​ព្រះ​មាន​បន្ទូល​ទៅ​កាន់​ពួកគេ​នោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ស្ថាបនា​ទំនាក់ទំនង​ដែល​ផ្តោត​លើ​ព្រះគ្រីស្ទ និង​ដឹង​របៀប​ដាក់​គោលដៅ ហើយ​ដាក់​ផែនការ​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់​ផងដែរ ។ ពួក​គាត់​បាន​លើក​ទឹកចិត្ត​មាតាបិតា​ឲ្យ​បង្រៀន​ដំណឹង​ល្អ​នៅក្នុង​ផ្ទះ​ជា​អាទិភាព និង​សង្កត់​ធ្ងន់​ថា​កម្មវិធី​កុមារ និង​យុវវ័យ​គឺ​ជា​ប្រភព​ដ៏​សំខាន់​មួយ ។ 

ការងារបម្រើពីចម្ងាយនៅតំបន់អាស៊ីរបស់ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន

ស៊ីស្ទើរ​ទាំងពីរ​បាន​មាន​ប្រសាសន៍​ថា កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើងឡើង​អាច​ស្តាប់​ទៅ​ពិបាក​យល់​បន្តិច ជា​ពិសេស​សម្រាប់​កុមារ ។ ពួក​គាត់​បាន​ចែកចាយ​​បួនចំណុច ​ងាយៗ​ដែល​គូសបញ្ជាក់​ពី​របៀប​ដែល​ពួកបរិសុទ្ធ​បង្ហាញ​សេចក្តី​ជំនឿ​របស់​ពួកគេ ៖ 

  1. ការរស់នៅ តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ
  2. ការ​មើល​ថែ ដល់​អ្នក​ខ្វះខាត
  3. ការអញ្ជើញ មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួល​យក​ដំណឹងល្អ
  4. ការបង្រួបបង្រួម ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប 

នៅពេល​ធ្វើ​ការបំពាក់បំប៉ន​ដល់​គណៈប្រធាន​អែលឌើរ​កូរ៉ុម និង​សមាគម​សង្គ្រោះ ស៊ីស្ទើរ ប៊ីងហាំ បាន​មាន​ប្រសាសន៍​ថា « វា​សំខាន់​ណាស់​ដែល​ត្រូវ​យល់​ថា ទាំង​បុរស និង​ស្រ្តី​ធ្វើការ​នៅក្រោម​កូនសោ​បព្វជិតភាព » ។ 

ការងារបម្រើពីចម្ងាយនៅតំបន់អាស៊ីរបស់ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន

គាត់​បាន​លើក​ទឹកចិត្ត​ដល់ បព្វជិតភាព និង​បងប្អូនស្រី​ឲ្យ​ធ្វើការ​រួមគ្នា និង​ដើម្បី​បង្ហាញ​របៀប​ដែល​ការសម្ភាសន៍​ពី​ការងារ​បម្រើ​អាច​លើក​តម្កើង បំផុស​គំនិត និង​ជម្រុញ​ទឹកចិត្ត ។

 

អែលឌើរ មើស៍ បាន​បន្ថែម​លើ​ការបង្រៀន​របស់​ស៊ីស្ទើរ ប៊ីងហាំ ដោយ​ចែកចាយ​ពាក្យ​ដកស្រង់​មក​ពី​ព្យាការី យ៉ូសែប ស៊្មីធ ថា « ភាព​អាស្រ័យ​គ្នា​នៃ​បុរស និង​ស្ត្រី គឺ​ដើម្បីសម្រេច​នូវ​កិច្ចការ​របស់​ព្រះ​ឲ្យ​បាន​តាម​រយៈ​ព្រះចេស្តា​របស់​ទ្រង់​គឺ​ជា​ចំណុច​សំខាន់​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ 

ដំណើរ​ទស្សនកិច្ច​នេះ​បាន​បញ្ចប់​ជាមួយ​នឹង​ការប្រជុំ​ធម្មានិដ្ឋាន​របស់​សមាគមន៍​សង្គ្រោះ ដែល​ជា​ការប្រជុំ​ដ៏​ធំ​បំផុត​ដោយ​គ្រប​ដណ្តប់​លើ​ប្រទេស និង​តំបន់​ចំនួន​ប្រាំពីរ​ដែល​មាន​អ្នក​ចូល​រួម​ប្រហែល​ជា ២០០០ នាក់ ។ ពេល​មាន​ប្រសាសន៍​ទៅ​កាន់ ស្ត្រី​នៅ​ក្នុង​សាសនាចក្រ នៅ​ទូទាំង​តំបន់​អាស៊ី អែលឌើរ ហូមើ បាន​រំឭក​អ្នក​ចូល​រួម​ថា ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ធ្លាប់​បង្រៀន​ថា « ស្ត្រី​គឺ​ជា​ការបង្កបង្កើត​ដ៏​កំពូល​របស់​ព្រះ » ។

 

លោក​បាន​មាន​ប្រសាសន៍​ថា « ពេល​ខ្លះ​មនុស្ស ពេល​ខ្លះ​សង្គម ចាត់​ទុក​ស្ត្រី​ហាក់​ដូច​ជា​មិន​សូវ​សំខាន់​ដូច​បុរស​ទេ​នៅ​ក្នុង​ពិភព​លោក ។  ចំពោះ​ខ្ញុំ វា​ហាក់​ដូច​ជា​ខុស​គ្នា​ទាំង​ស្រុង​ទៅ​នឹង​គោលលទ្ធិ​របស់​សាសនាចក្រ » ។

 

ស៊ីស្ទើរ ប៊ីងហាំ បាន​រំឭក​បងប្អូន​ស្រី​ទាំង​អស់​ថា ស្ត្រី​មាន​ឥទ្ធិពល​ដែល​មិន​អាច​កាត់​ថ្លៃបាន​លើ​ក្រុមគ្រួសារ និង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ 

ការងារបម្រើពីចម្ងាយនៅតំបន់អាស៊ីរបស់ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ និង ស៊ីស្ទើរ ខាមៀល អិន ចនសុន

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​មាន​ប្រសាសន៍​ថា ពេល​ខ្លះ​ស្ត្រី​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ ដែល​នាំ​ឲ្យ​ពួកគាត់​មិន​ពេញ​ចិត្ត​នឹង​ខ្លួនឯង ហើយ​ពុំ​មាន​ភាពសុខដុម ។ គាត់​បាន​ប្រឹក្សា​ដល់​បងប្អូនស្ត្រី​ឲ្យ​ជៀសវាង​ពី​ការរំខាន​នៃ​ពិភពលោក​បែប​នេះ ឲ្យបញ្ឈប់​ការគិត​ដែល​ថា​ពួកគេ​មិន​សូវ​សំខាន់ ហើយ​កម្ចាត់​ភាពទាស់ទែង​គ្នា​ចេញ​ពី​ជីវិត​របស់​ពួកគេ ។

 

ស៊ីស្ទើរ ប៊ីងហាំ បាន​មាន​ប្រសាសន៍​ថា « ការផ្តោត​គំនិត និង​សកម្មភាព​លើ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ជួយ​យើង​ស្វែងរក​មធ្យោបាយ​ដើម្បី​លើកស្ទួយ​អ្នកដទៃ​ក៏​ដូច​ជា​ខ្លួន​របស់​យើង​ផងដែរ ហើយ​ធ្វើ​សកម្មភាព​ក្នុង​របៀប​មួយ​ដែល​លើក​កម្ពស់ និង​កាន់តែ​បរិសុទ្ធ » ។ 

 

គាត់​បាន​បន្សល់​ទុក​សំណួរ​ពីរ​ដល់​អ្នក​ចូលរួមទាំងឡាយ​ដូច​ខាងក្រោម ៖ 

  • តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដែល​នឹង​ជួយ​បងប្អូន​ឲ្យចងចាំ​នូវ​ចំណុច​អាទិភាព​ដ៏​អស់កល្បជានិច្ច​ទាំង​ឡាយ ? 
  • តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កាត់​បន្ថយ​ភាពទាស់ទែង​គ្នា​ក្នុង​ចំណោម​អ្នក​​ដែល​រស់​នៅ និង​ធ្វើ​ការ​ជាមួយ​បងប្អូន ?

 

គាត់​បាន​បញ្ចប់​ដោយ​ធ្វើ​ការធានា​ដល់​បងប្អូន​ស្ត្រី​អំពី​តម្លៃ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ការរំឭក​ថា ពួកគេ​មាន​អំណោយទាន​ពិសេស​ដើម្បី​ប្រទាន​ពរ​ដល់​អ្នកដទៃ និង​ជួយ​ស្ថាបនា​នគរ​ព្រះ​លើ​ផែនដី ។ 

 

គាត់​បាន​មាន​ប្រសាសន៍​ថា « សក្តានុពល​របស់​បងប្អូន​គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ ។ សូម​ចងចាំ​ថា​បងប្អូន​គឺ​ជា​នរណា ហេតុ​អ្វី​បាន​ជា​បងប្អូន​នៅ​លើ​ផែនដី​នេះ និង​កន្លែង​ដែល​បងប្អូន​ចង់​ទៅ បងប្អូន​នឹង​អាច​សម្រេច​ការណ៍​នេះ​បាន​តាម​រយៈ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ នូវ​អស់​ទាំង​អ្វី​ដែល​បងប្អូន​បាន​ធ្វើ​សេចក្តី​សញ្ញា​ដើម្បី​ធ្វើ » ។