ប្រធាន ជីន ប៊ី ប៊ីងហាំ និង​ប្រធាន បូនី អេច ខ័រឌុន ធ្វើ​ការងារ​បម្រើ​ដល់​ពួក​បរិសុទ្ធ​នៅ​ទ្វីប​អាស៊ី

ប្រធាន ជីន ប៊ី ប៊ីងហាំ និងប្រធាន បូនី អេច ខ័រឌុន ធ្វើការងារបម្រើដល់ពួកបរិសុទ្ធនៅទ្វីបអាស៊ី

ក្នុង​ទស្សនកិច្ច​​មក​កាន់​តំបន់​អាស៊ី​ថ្មីៗ​នេះ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ជា​ប្រធាន​សមាគម​សង្រ្គោះ​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ឡើយ » ដែល​បាន​អម​ដំណើរ​ជាមួយ​គាត់​ដោយ ​ស៊ីស្ទើរ ​បូនី អេច ខ័រឌុន​ ជាប្រធាន​យុវនារី​ទូទៅ ។ « វា [ គឺ​ជា ] ឯកសិទ្ធ​មួយ​ដើម្បី​មក​ជួប​ពួកបរិសុទ្ធ​ក្នុង​តំបន់​អាស៊ី ដើម្បី​រៀន​បន្ថែម​ទៀត​ពី ​វប្បធម៌ បរិយាកាស​ដែល​ពួក​គេ​រស់នៅ…ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ចំពោះ​សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​ភាពកក់ក្តៅ​ដែល​ពួកគេ​បាន​បង្ហាញ​មក​ដល់​ពួកយើង » ។

 

ប្រធាន ប៊ី ប៊ីងហាំ និង​ប្រធាន ខ័រឌុន បាន​មក​កាន់ប្រទេស កម្ពុជា សិង្ហបុរី និង ថៃ​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ១២ ថ្ងៃ​របស់​ពួកគាត់ ដែល​អម​ដំណើរ​ជាមួយស្វាមី​របស់​ពួកគាត់ និង អ៊ែលឌើរ ដេវីឌ ភី ហូមើរ ជា​ប្រធាន​ប្រចាំ​តំបន់​អាស៊ី និង​ភរិយា​របស់​លោក ណានស៊ី ។ អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​ដែល​ការធ្វើ​ទស្សនកិច្ច​ទាំងឡាយ​ត្រូវបាន​ធ្វើឡើង​ពី​ចម្ងាយ ។

 

ប្រធាន ខ័រឌុន ដែល​បានមកធ្វើ​ទស្សនកិច្ច​នៅ​ទ្វីបអាស៊ី​កាល​ពី​ឆ្នាំ​២០១៧ ហើយ​គាត់បានស្ងើច​សរសើរយ៉ាង​ខ្លាំង​ចំពោះ​កំណើននៃ​ភាពរឹងមាំ​របស់​សាសនាចក្រដែល​បាន​កើនឡើង​ចាប់​តាំង​ពី​ពេល​នោះមក « ខ្ញុំ​ពិត​ជា​ស្ញប់ស្ញែង​ជាមួយ​នឹង​ការផ្លាស់ប្តូរ​ដ៏​ច្រើន​ក្នុង​រយៈពេល​​ប្រាំ​ឆ្នាំនេះ… និង​បាន​ឃើញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​អាច​ធ្វើ​ក្នុង​ជីវិត​របស់​យើង » ។

ប្រធាន ជីន ប៊ី ប៊ីងហាំ និងប្រធាន បូនី អេច ខ័រឌុន ធ្វើការងារបម្រើដល់ពួកបរិសុទ្ធនៅទ្វីបអាស៊ី

ដំណើរ​ទស្សនកិច្ច​របស់​ពួកគាត់ ក៏​មាន​ទាំង​ការ​អញ្ជើញ​ទៅជួប ស៊ូណាន់ថា សុមប៊ុនថាំ ដែល​ជា​និយោជក​ជនជាតិ​ថៃ​ដ៏​ជោគជ័យ​ម្នាក់​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការងារ​មនុស្សធម៌​ដើម្បី​កែលម្អ​វិស័យ​វេជ្ជសាស្ត្រ បង្កើន​ឱកាស​អប់រំ និង​ការមាន​ភាពខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​ប្រទេស​ថៃ ។ គម្រោង​របស់​គាត់​មួយ​ចំនួន​បាន​សហការ​ជា​ដៃគូ​ជាមួយ​អង្គការ​សប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​យ៉ាង​មាន​ប្រសិទ្ធភាព ។ ប្រធាន ខ័រឌុន ក៏​បាន​ជួប​ជាមួយ​អតីត អភិបាល​ក្រុង បាងកក បណ្ឌិត ប៊ីឈីត រតនៈគុល ដែល​ជា​អតីត​និស្សិត​របស់​សាកលវិទ្យាល័យ ប៊ី.វាយ.យូ ផង​ដែរ ។ ដំណើរ​ទស្សនកិច្ច​ដោយ​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​ទាំង​នេះ​បាន​រំឭក​នូវ​ចំណង​មិត្តភាព​ឡើង​វិញ​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​មាន​គិត​ពី​សាធារណៈ​ដ៏​អស្ចារ្យ​ទាំង​នេះ ។

ប្រធាន ជីន ប៊ី ប៊ីងហាំ និងប្រធាន បូនី អេច ខ័រឌុន ធ្វើការងារបម្រើដល់ពួកបរិសុទ្ធនៅទ្វីបអាស៊ី

បន្ថែម​ពី​លើ​ជំនួប​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​មូលដ្ឋាន ដំណើរ​ទស្សន​កិច្ច​រយៈពេល​ជិត​ពីរ​សប្តាហ៍​នេះ​គឺ​ផ្តោត​លើ​ការផ្តល់​ការងារ​បម្រើ​ទៅ​ដល់​សមាជិក​សាសនាចក្រ ថ្នាក់ដឹកនាំ និង​ពួក​អ្នកផ្សាយ​សាសនា​តាម​រយៈ​ជំនួប​ដោយ​ផ្ទាល់ ធម្មនិដ្ឋាន និង​ប្រជុំ​ពិសេស​ផ្សេងៗ​ទៀត ។ នៅ​ប្រទេស​ថៃ ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​បានពិនិត្យមើល​និង​ចូល​រួម​ក្នុង​ការប្រជុំ​គណៈកម្មាធិការ​យុវមជ្ឈឹមវ័យ​នៅ​លីវ ( យ.ម.ល. ) និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។ ពួកគាត់​ក៏​បាន​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ឯ​សន្និសីទ យ.ម.ល. នៅ​ប្រទេស​កម្ពុជា និង​សឹង្ហបូរី ហើយ​បាន​ចូល​រួម​ពិសារ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ យ.ម.ល. មួយ​ក្រុម ។ ទំនាក់ទំនង​ដោយផ្ទាល់​ដ៏​កក់ក្តៅនេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​មនុស្ស​ទាំងអស់ ។

ប្រធាន ជីន ប៊ី ប៊ីងហាំ និងប្រធាន បូនី អេច ខ័រឌុន ធ្វើការងារបម្រើដល់ពួកបរិសុទ្ធនៅទ្វីបអាស៊ី

តាន់ រ៉េនើ នៅ​វួដ​យ.ម.ល. ប្រទេស​សិង្ហបុរី បាននិយាយ​ថា « ខ្ញុំ​ចូលចិត្ត​ពី​របៀប​ដែល​ពួកគាត់​បាន​ចែកចាយ​ពី​បទ​ពិសោធន៍​របស់​ពួកគាត់ និង​ការភ្ជាប់​បទពិសោធន៍​ទាំង​នោះ​នៅ​ពេល​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​ពួក​យើង » ។ « ខ្ញុំ​បាន​មាន​អារម្មណ៍​កក់ក្តៅ​ជាង​ការ​គ្រាន់​តែ​ផ្តល់​ចម្លើយ​តាម​សៀវភៅ » ។

 

លោក គ្រីស រ៉ូលីនស៍ ដែល​ជា​ប៊ីស្សព​នៃ​វួដ យ.ម.ល. សឹង្ហបុរី​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​សេចក្តី​រំភើប​ដែល​បាន​ឃើញ​ប្រធាន ប៊ីងហាំ ប្រធាន ខ័រឌុន និង​អ៊ែលឌើរ ហូមើរ ផ្តល់​ការងារបម្រើ ម្តងហើយ ម្តងទៀត និង​ទន់ភ្លន់ ម្តងម្នាក់ៗ​ដល់​អ្នក​ដែល​ត្រូវការ ការងារបម្រើ​នេះ​បំផុត » ។ « ការជួប​ដោយ​ផ្ទាល់​នេះ​គឺ​ជា​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​ខ្ញុំ​ថា​ព្រះអម្ចាស់​គឺ​កំពុង​តែ​ដឹកនាំ​កិច្ចការ​នេះ ។ ទ្រង់​បាន​ទត​ឃើញ សន្និសីទរបស់​យើង​នៅ​លើ​កោះ​ដ៏​តូច​នេះ ហើយ​បាន​បញ្ជូល​ពួកអ្នកបម្រើ​របស់​ទ្រង់​ដើម្បី​មក​នៅ​ជាមួយ​យើង ។ ម្តង​ហើយ​ម្តងទៀត​ខ្ញុំ​បាន​ឮ​សមាជិក​របស់​យើង​ថ្លែង​ពី​របៀប​ដែល​កង្វល់​ផ្ទាល់​ខ្លួន​ឯកជន និង​ការអធិស្ឋាន​របស់​ពួកគាត់​ត្រូវ​បាន​ឆ្លើយ​តប ។ យើង​ទាំង​អស់​គ្នា​ពិត​ជា​មាន​សេចក្តី​អំណរ​យ៉ាង​ខ្លាំង ! »

 

ប្រធាន ខ័រឌុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាង​ខ្លាំង​លើ​ យ.ម.ល.​នៅ​តំបន់​អាស៊ី​នេះ …ការយល់ដឹង​របស់​ពួកគេ ឥទ្ធិពល​របស់​ពួកគេ វា​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ដោយ​គ្រាន់តែ​បាន​ជជែក​ជាមួយ​ពួកគេប៉ុណ្ណោះ » ។ គាត់​បាន​លើកឡើងពី​ការអង្គុយ និង​ការជជែក​ជាមួយ​ក្រុម​ យ.ម.ល.​​ចំនួន ៥០០​នាក់ ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​បន្ទប់​ដ៏​ក្តៅ​មួយ ជា​ទី​ដែល​មនុស្ស​គ្រប់គ្នា​បែកញើស ប៉ុន្តែ​ស្តាប់​យ៉ាង​យកចិត្តទុកដាក់ ជា​បទពិសោធ​មួយ​ដ៏​លើកស្ទួយបំផុត ។

ប្រធាន ជីន ប៊ី ប៊ីងហាំ និងប្រធាន បូនី អេច ខ័រឌុន ធ្វើការងារបម្រើដល់ពួកបរិសុទ្ធនៅទ្វីបអាស៊ី

ប្រធាន ខ័រឌុន បាន​មាន​ប្រសាសន៍​ថា « អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​[ ពួកគេ ]​នោះ​គឺ​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​មាន​អំណរ ហើយ​ពួកគេ​ដឹង​ថា​ពួកគេ​អាច​រក​បាន​អំណរ​នៅ​ក្នុង​ព្រះគ្រីស្ទ ហើយ​ពួកគេ​ពុំ​មាន​ភាពភ័យ​ខ្លាច​ក្នុង​ការចែកចាយ និង​អញ្ជើញ​ឡើយ » ។

 

ប្រធាន ប៊ីងហាំ បាន​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​ជាមួយ​និង​យ.ម.ល.​​ដែល​គាត់​បាន​ជួប ។ « នៅ​ទីណា​ដែល​យើង​ទៅ​ដល់ ពួកគេ​គឺ​ជា​មនុស្ស​រឹងមាំ ជា​តារា …ហើយ​ដោយ​សារ​តែ​ការរឹតត្បិត​នៃ​កូវីដ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​អស់​មួយ​រយៈ…​ប៉ុន្តែយុវមជ្ឈឹមវ័យ​ទាំង​នេះ​បាន​ប្តេជ្ញាចិត្ត​ដើម្បី​ឈោង​ទៅ​រក ហើយ​នាំ​មិត្តភក្តិ​របស់​ពួកគេ​ឲ្យត្រឡប់​មកកាន់​ព្រះវិហារ​វិញ…ក៏ព្រោះ​ពួកគេ​ដឹងថា​ការណ៍​នោះ​មាន​ន័យ​ខ្លាំងប៉ុណ្ណា​ចំពោះ​សាសនាចក្រ​…ដើម្បី​មាន​នូវកម្លាំងទាំង​​នោះ​សម្រាប់​យុវមជ្ឈឹមវ័យ​នៅ​ទីនេះ » ។

 

បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​ផ្សេង​ទៀត​នោះ​គឺ​ការងារបម្រើ​ដោយ​ចុះ​សួរសុខទុក្ខ​របស់​ថ្នាក់​ដឹកនាំ​នៅ​តាម​គេហដ្ឋាន ។

ប្រធាន ជីន ប៊ី ប៊ីងហាំ និងប្រធាន បូនី អេច ខ័រឌុន ធ្វើការងារបម្រើដល់ពួកបរិសុទ្ធនៅទ្វីបអាស៊ី

ប្រធាន​ខ័រឌុន បាន​មាន​ប្រសាសន៍​ថា « យើង​បាន​ជួប​ក្រុមគ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​ចំនួន​ដែល​បាន​ឆ្លង​កាត់​រឿងរាវ​ដ៏​លំបាក ដូច​ជា​ជំងឺ ប៉ុន្តែ​ពួកគេ​មាន​សេចក្តី​ជំនឿ​ដើម្បី​បន្ត​ទៅ​មុខ » ។

 

ប្រធាន ប៊ីងហាំ មាន​មាន​ប្រសាសន៍​ថា​« វា​គឺ​ពេញ​ដោយ​ភាព​ទន់ភ្លន់ » ។ « ភាគ​ច្រើន​បំផុត​នៃ​ពួក​បរិសុទ្ធ​ទាំងអស់​នេះ​ដែល​យើង​ជួប បាន​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​មិន​យូរ​ប៉ុន្មាន​ទេ ហើយ​ពួកគេ​[ ភាគ​ច្រើន ]​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​តែ​ម្នាក់​ឯង​នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ ។ ពេល​យើង​បាន​ជួប​ពួកគេ ទីបន្ទាល់​ដ៏​រឹងមាំ​របស់​ពួកគេ អារម្មណ៍ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ​គឺ​អស្ចារ្យ​ណាស់​ ពួកគេ​ដឹង​ថា​ខ្លួន​ឯង​គឺ​ជា​នរណា ។ ពួកគេ​បាន​ជ្រើស​យក​ផ្លូវ​នៃ​សេចក្តី​សញ្ញា​ដែល​ដឹកនាំ​ពួកគេ​ទៅ​រក​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ​របស់​ពួកគេ » ។

ប្រធាន ជីន ប៊ី ប៊ីងហាំ និងប្រធាន បូនី អេច ខ័រឌុន ធ្វើការងារបម្រើដល់ពួកបរិសុទ្ធនៅទ្វីបអាស៊ី

បងប្អូន​ស្រី​នៅ​ក្នុង​ប្រទេស​នីមួយៗ​បាន​ឱប​ក្រសោប​យក​ឱកាស​ដើម្បី​បាន​បង្រៀន​ដោយ​ថ្នាក់​ដឹកនាំ​សមាគម​សង្គ្រោះ និង​យុវនារី​ទូទៅ ។ បងប្អូន​ស្រី​មួយ​ចំនួននៅ​ប្រទេស​ថៃ​បាន​បើកឡាន​ចំនួន​ប្រាំបី​ម៉ោង​ដើម្បី​មក​ចូល​រួម​ការប្រជុំ​ធម្មនិដ្ឋាន​ដែល​ពួកគាត់​បាន​ឡើង​និយាយ ។

 

ប្រធាន ប៊ីងហាំ បាន​ថ្លែង​ថា « សេចក្តី​ស្រឡាញ់​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​​សាមគ្គីភាព​ក្នុងនាម​ជា​បងប្អូន​ស្រី ។ យើង​ជួយ​គ្នា​ឲ្យ​ក្លាយ​ជា​រាស្ត្រ​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ការធ្វើការ​រួម​គ្នា » ។ គាត់​បាន​អញ្ជើញ​បងប្អូន​ស្រី​ដើម្បីប្រមូល​ផ្តុំ​អ៊ីស្រាអែល​ដោយ​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​តាម​រយៈ​ការស្វែងរក​បព្វការីជន​របស់​ពួកគេ និង​ដោយ​ការធ្វើ​ការងារបម្រើ​ម្តង​មួយៗ​តាម​រយៈ​ការអញ្ជើញ​ដោយ​ផ្ទាល់​ឲ្យ​មក​ចូល​រួម​ការប្រជុំ​ក្នុង​ព្រះ​វិហារ​វិញ ។ « វា​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ ។ មាន​កម្លាំង​រឹងមាំ​ក្នុង​សាមគ្គីភាព ។ មាន​នូវ​អំណាច​ពេល​យើង​កំពុង​ផ្តោត​លើ​រឿង​ដូច​គ្នា » ។

 

សារ​ដ៏​សំខាន់​ដែល​ប្រធាន ខ័រឌុន បាន​បង្រៀន​ដដែលៗ​នោះ​គឺ​ឲ្យ​រស់​នៅ​តាម​បាវចនា​យុវវ័យ​ឆ្នាំ ២០២២ « ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ » ។ គាត់​បាន​លើកទឹកចិត្ត​ដល់​យុវវ័យ និង​ យ.ម.ល​ ឲ្យ​រៀន​ស្វែងរក និង​ធ្វើ​តាម​វិវរណៈ​ផ្ទាល់​ខ្លួន ។ គាត់​បាន​ជំរុញ​ថ្នាក់​ដឹកនាំ​ក្នុង​មូលដ្ឋាន​ឲ្យ​ផ្តោត​លើ​ការជួយ​មនុស្ស​វ័យ​ក្មេង​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ប្រសើរ​ជាង​មុន ហើយ​ស្ថាបនា​ទំនាកទំនង​ដ៏​ជិត​ស្និទ​ជាមួយ​ទ្រង់ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « នៅ​ក្នុង​ពិភព​លោក​ដ៏ឆ្កួត​លីលា​នេះ វា​ងាយ​ខ្លាំង​ណាស់​ដើម្បី​ធ្វើ​ការសន្មតចំពោះរឿង​រ៉ាវ​ផ្សេងៗ ។ សូម​ទុក​ចិត្ត​ទ្រង់ ហើយ​ទុក​ចិត្ត​លើ​សេចក្តី​សន្យា​របស់​ទ្រង់​ថា​ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​របស់​យើង » ៕