ការប្រកាសសំខាន់ៗចេញមកពីសន្និសីទទូទៅខែមេសា ឆ្នាំ ២០២០ ( សម័យប្រជុំថ្ងៃសៅរ៍ )

ការប្រកាសសំខាន់ៗចេញមកពីសន្និសីទទូទៅខែមេសា ឆ្នាំ ២០២០ ( សម័យប្រជុំថ្ងៃសៅរ៍ )

អំឡុងសម័យប្រជុំថ្ងៃសៅរ៍នៃសន្និសីទទូទៅខែមេសា ឆ្នាំ ២០២០ របស់សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បានធ្វើការប្រកាសសំខាន់ៗមួយចំនួន ។  នៅក្នុងចំណោមការប្រកាសគឺមានការអញ្ជើញឲ្យសមាជិកចូលរួមនៅក្នុងជំនុំមុតមាំមួយនៅទូទាំងពិភពលោក នៅពេលពួកគេមើលសម័យប្រជុំព្រឹកថ្ងៃអាទិត្យ ហើយហៅសមាជិក និងមិត្តភក្ដិឲ្យចូលរួមតមអាហារ និងអធិស្ឋាននៅថ្ងៃសុក្រល្អ គឺថ្ងៃទី ១០ ខែមេសា ។

តើជំនុំមុតមាំជាអ្វី ?
ជំនុំមុតមាំគឺជាការប្រជុំដ៏ពិសិដ្ឋ និងពិសេស ដែលធ្វើឡើងសម្រាប់គោលបំណងដ៏បរិសុទ្ធផ្សេងៗ ។ ជំនុំមុតមាំតម្រូវឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយលើកកម្ពស់ស្មារតីនៃជីវភាពខាងវិញ្ញាណពួកគេកាន់តែខ្លាំងនៅក្នុងការប្រជុំ ។ គោលបំណងជាក់លាក់នៅក្នុងជំនុំមុតមាំនៅព្រឹកថ្ងៃអាទិត្យ ក្រៅពីការស្រែកហូសាណា គឺនឹងត្រូវថ្លែងដោយប្រធានណិលសុន អំឡុងសុន្ទរកថារបស់លោក ។

តើការស្រែកហូសាណាគឺជាអ្វី ហើយតើវាត្រូវបានផ្ដល់ឲ្យដោយរបៀបណា ? 
ការស្រែកហូសាណា គឺជារបៀបមួយសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ផ្ដល់ការគោរព និងការសរសើរថ្វាយព្រះជាព្រះបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ អ្នកចូលរួមទាំងឡាយនឹងក្រោកឈរ ហើយធ្វើតាមប្រធាន ណិលសុន ដោយការក្រវីកន្សែងដៃពណ៌សស្អាត ឬបើគ្មានកន្សែងដៃ គឺធ្វើការក្រវីដៃ ខណៈពេលស្រែកឡើងព្រមគ្នាថា ៖ « ហូសាណា ហូសាណា ហូសាណាដល់ព្រះ និងកូនចៀម » ចំនួនបីដង បន្ទាប់មកថា « អាមែន អាមែន និងអាមែន » ។ 

ថ្ងៃតមអាហារ និងការអធិស្ឋាន
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ខ្ញុំសូមអំពាវនាវឲ្យមានការតមអាហារទូទាំងពិភពលោកម្ដងទៀត » ។  « ចូរយើងទូលអង្វរប្រកបដោយការអធិស្ឋានសូមការសង្គ្រោះពីការរាតត្បាលជំងឺជាសាកលនេះ ។ ខ្ញុំសូមអញ្ជើញមនុស្សទាំងអស់ រួមទាំងអ្នកដែលពុំមានជំនឿដូចយើង ឲ្យតមអាហារ និង អធិស្ឋានទៅរកព្រះ នៅថ្ងៃសុក្រល្អ ទី ១០ ខែមេសា ដើម្បីឲ្យការរាតត្បាតជំងឺបច្ចុប្បន្ននេះអាចត្រូវបានគ្រប់គ្រងបាន ហើយគ្រូពេទ្យត្រូវបានការពារ សេដ្ឋកិច្ចត្រូវបានពង្រឹង និងជីវិតមកមានលក្ខណៈធម្មតាវិញ ។