សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

ការសម្ភាស​អំពី​ការងារ​បម្រើ 

ដើម្បី​ធ្វើ​ការងារ​បម្រើ​ដោយជោគជ័យ និង​មាន​អត្ថន័យ ថ្នាក់ដឹកនាំ​គួរ​តែ​ធ្វើ​ការ​សម្ភាស​អំពីការងារបម្រើ​ដ៏បំផុសគំនិតដោយភាពរាបសារ សេចក្ដីស្រឡាញ់ និង​ជំនឿ​ទៅលើ​ព្រះ

អែលឌើរ ធីង ស៊ុង ឆាង
អែលឌើរ ធីង ស៊ុង ឆាង

នៅក្នុង​ខែ​មេសា ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « ​ពួក​យើង​នឹង​អនុវត្ត​នូវ​មធ្យោបាយ​កាន់តែ​ថ្មី និងកាន់តែ​បរិសុទ្ធ​ដើម្បី​មើល​ថែ និង​បម្រើ​ដល់​អ្នកដទៃ ។ ពួក​យើង​នឹង​ហៅ​កិច្ចខិតខំ​ទាំងនេះ​ដោយ​សាមញ្ញ​ថា «‹ ការ​ងារ​បម្រើ ›។ » ១យើង​មាន​អំណរគុណ​ដែល​យើង​អាច​ត្រូវ​បាន​ដឹកនាំ និង​បំផុសគំនិត​ដោយ​ការ​មានវិវរណៈ​ជាបន្ដបន្ទាប់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ការងារ​បម្រើ​គឺ​ជាការ​រៀន និង​ការ​មើល​ថែតាមតម្រូវការ​របស់​អ្នកដទៃ ។ វា​គឺ​ជាការ​ធ្វើកិច្ចការ​​របស់ព្រះអម្ចាស់​។ វា​គឺ​ជា​ឯកសិទ្ធិ​របស់​យើង​ដើម្បី​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​ជា​ភ្នាក់ងារ​របស់ទ្រង់​ដើម្បី​មើលថែ លើក​តម្កើង និង​ពង្រឹង​ដល់​អ្នកទាំងឡាយ​ដែល​នៅជុំវិញ​យើង ។ ហើយ​នៅ​ពេល​យើង​ផ្ដល់ការងារ​បម្រើ​ចំពោះ​តម្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​អ្នកដទៃ​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង​ទទួលបាន​ការការពារ​ត្រឡប់មកវិញ ។

អំឡុង​ប៉ុន្មាន​ខែ​មុន ខ្ញុំ​បាន​សង្កេតឃើញ​សមាជិក​ស្មោះត្រង់ជាច្រើនដែល​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នកដទៃ​ដោយ​សកម្ម និង​ក្លៀវក្លា ។នៅក្នុង​វួដ និង​សាខា​ជាច្រើន ​ការ​សម្ភាស​អំពី​ការងារបម្រើ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​មាន​ប្រសិទ្ធភាព​រវាង​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ និង​ថ្នាក់ដឹកនាំ​កូរ៉ុម​បព្វជិតភាព​របស់​ពួកគេ ព្រមទាំង​​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ និង​ថ្នាក់ដឹកនាំ​សមាគមសង្គ្រោះ​របស់​ពួកគេ ។ ជាពិសេស ដៃគូ​ដែលផ្ដល់ការងារ​បម្រើទាំងពីរ​នាក់ ចូលរួម​ដោយផ្ទាល់​នៅ​ក្នុង​ការសម្ភាស​អំពី​ការងារ​បម្រើ ។ នៅពេលការ​ជួប​ដោយផ្ទាល់គឺ​ជា​រឿង​ពិបាក នោះ​ការ​សម្ភាស​មួយចំនួន​អាច​ធ្វើ​ឡើង​តាម​ទូរសព្ទ តាមអ៊ិនធើរណិត ​ជា​ដើម ។ ការសម្ភាស​អំពី​ការងារ​បម្រើ ត្រូវ​ធ្វើឡើង​យ៉ាងហោចណាស់​មួយ​ត្រីមាស​ម្ដង ហើយ​ថ្នាក់ដឹកនាំ​កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្រ្គោះ អាច​សម្ភាស​ដៃគូ​ដែលផ្ដល់ការងារ​បម្រើ​ឲ្យ​បាន​ញឹកញាប់​តាម​ដែលចាំបាច់ ។២


ការសម្ភាសអំពីការងារបម្រើ គឺសំខាន់ណាស់ ហើយ « នឹងជាគន្លឹះទៅកាន់គុណភាព និងភាពជោគជ័យនៃការងារបម្រើរបស់យើងសម្រាប់ជំនាន់ក្រោយៗទៀត » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ដូចជា​ប្រធាន រ័សុល អិម ណិលសុន​ បាន​ពន្យល់ គោលបំណង​នៃ​ការ​សម្ភាស​អំពី​ការងារ​បម្រើ គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្នា​អំពី​សុខុមាលភាព​របស់​គ្រួសារ និង​បុគ្គល​ដែល​អ្នកត្រូវបាន​ចាត់​ឲ្យទៅ ។៣ដើម្បី​ធ្វើ​ការងារ​បម្រើ​ដោយជោគជ័យ និង​មាន​អត្ថន័យ ថ្នាក់ដឹកនាំ​គួរ​តែ​ធ្វើ​ការ​សម្ភាស​អំពីការងារបម្រើ​ដ៏បំផុសគំនិតដោយភាពរាបសារ សេចក្ដីស្រឡាញ់ និង​ជំនឿ​ទៅលើ​ព្រះ​ ។ បងស្រីលី ហ៊ុយ ឈិ ដែលជា​ប្រធាន​សមាគមសង្គ្រោះ​មកពី​វួដ ភីងទុង នៅ​ក្នុង​ស្ដេក​ភីងទុង តៃវ៉ាន់ បាន​ថ្លែង​ទីបន្ទាល់​ម្ដង​នោះ​ថា « ការងារបម្រើដែលមានប្រសិទ្ធភាព តម្រូវ​ឲ្យ​មាន​ការ​ដឹកនាំ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ។ អំឡុង​ការ​សម្ភាស​អំពី​ការ​បម្រើ ខ្ញុំ​ទទួលបាន​អារម្មណ៍​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខ្លួន​ខ្ញុំ ។ ខ្ញុំ​អាច​យល់ដឹង​អំពី​របៀប​ដែល​ព្រះ​កំពុង​នាំ​ឲ្យសម្រេចកិច្ចការ​ដ៏មហិមា​របស់​ទ្រង់ តាមរយៈ​កិច្ចការ​តូចៗ » ។ 

ខ្ញុំ​ទទួល​ស្គាល់​ថា បងប្អូនប្រុសស្រី​ដែល​ផ្ដល់ការងារ​បម្រើ​ដ៏​ស្មោះត្រង់​ជាច្រើន បាន​ផ្ដល់​ការ​បម្រើតាម​តម្រូវ​ការ​របស់​ក្រុមគ្រួសារ និង​បុគ្គល​ដែល​ពួកគេ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​បម្រើ ។ ការ​បម្រើ​ដូច្នោះ​រួមមាន៖ ការ​ជួប​ដោយផ្ទាល់ ការនិយាយ​តាម​ទូរសព្ទ ការ​ផ្ដល់ការបម្រើ ការ​នៅជាមួយ​អ្នក​ដែល​ឯកោ ការលួងលោម​អ្នកឈឺ ការ​អញ្ជើញ​សមាជិក​ឲ្យ​ជួបជុំ​គ្នា​នៅក្នុង​សកម្មភាព​ព្រះវិហារ ការ​ចែកចាយ​បទគម្ពីរ ការលើក​ទឹកចិត្ត​ឲ្យអធិស្ឋាន ការ​ចែកចាយទីបន្ទាល់ ជាដើម ។ អព្ភូតហេតុ​ជាច្រើន​បាន​កើតមានឡើង​បន្ទាប់ពី​បងប្អូនប្រុស​ស្រី​ដែល​ផ្ដល់ការងារបម្រើ​បាន​បម្រើ​ដោយរាបសារ​ដល់អ្នកដទៃ តាមរយៈ​ការ​ផ្ដល់​នូវ​ការ​បម្រើ​តូចៗ និង​សាមញ្ញៗទាំងនេះ ។ សេចក្ដីជំនឿ​របស់​សមាជិក​ត្រូវ​បាន​ពង្រឹង​នៅ​កណ្ដាល​​ការសាកល្បង​ដ៏​ឈឺចាប់ ។ សមាជិក​មិន​សូវ​សកម្ម​បាន​ត្រឡប់មក​សកម្ម ហើយ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ។ សមាជិក​ដែលគ្មាន​ការងារ​ធ្វើ​ ​រកបាន​ការងារ​ថ្មី ហើយ​ត្រឡប់មក​សកម្មវិញ ។ ក្រុមគ្រួសារ​មួយចំនួន​បាន​ត្រឡប់មក​សកម្ម ហើយ​ទទួល​បាន​ពរជ័យ​នៃ​ការផ្សារភ្ជាប់នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ យុវជន​បានចាប់​ផ្ដើម​​រៀបចំ​ខ្លួន​សម្រាប់ការបម្រើ​ជា​អ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង និង​យុវមជ្ឈិមវ័យ​នៅលីវ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនាពេញម៉ោង ។ ដូចជា​អាលម៉ា​បាន​បង្រៀន​ទៅដល់​កូនប្រុស​របស់គាត់​ហេលេមិន​នៅក្នុង​គម្ពីរមរមន « តាមរយៈ​​កិច្ចការ​តូចតាច និង​ងាយ​ទើប​នាំឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។៤

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « វា​សំខាន់ណាស់​ដែល​បងប្អូនប្រុសស្រី​ដែល​ផ្ដល់ការងារ​បម្រើ​មាន​ឱកាស​ដើម្បី​ទទួលបាន​ការទទួលខុសត្រូវ​ក្នុង​ការបម្រើ​របស់​ខ្លួន របៀប​ដែល​ពួកគាត់​មើល​ថែ ស្រឡាញ់ បង្រៀន លួងលោមចិត្ត និង​ជួយ​គ្នា​តាមរបៀប​របស់ព្រះអង្គសង្គ្រោះ ។ ហើយ​វា​សំខាន់​សម្រាប់​ថ្នាក់ដឹកនាំ​កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្រ្គោះ ដើម្បី​ដឹង និង​យល់​អំពី​ស្ថានភាព និង​តម្រូវការ​របស់​អ្នក​ទាំងឡាយ​ដែល​ពួកគាត់​ធ្វើ​ជា​អធិបតី​ពីលើនោះ ។ ការសម្ភាស​អំពី​ការងារ​បម្រើ​គឺ​វា​លើស​ពីការ​រាយការណ៍ » ។ ថ្នាក់ដឹកនាំ​គួរ​តែ « ប្រឹក្សា បង្រៀន និង​ផ្ដល់ការងារ​បម្រើ » អំឡុង​ការសម្ភាស​អំពី​ការងារ​បម្រើ​ផងដែរ ។ ការសម្ភាស​អំពី​ការងារ​បម្រើ គឺ​សំខាន់​ណាស់ ហើយ « នឹង​ជា​គន្លឹះ​ទៅកាន់​គុណភាព និង​​ភាព​ជោគជ័យ​នៃ​ការងារបម្រើ​របស់​យើង​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត » ។២

ការសម្ភាសអំពីការងារបម្រើ

ប្រធាន​សមាគម​សង្រ្គោះ​ម្នាក់ទៀត ឈ្មោះ បងស្រី ស៊ុន ស៊ុង ភី ហុង បាន​ចែកចាយ​ថា « បន្ទាប់​ពីធ្វើការ​សម្ភាស​អំពី​ការងារបម្រើ​មួយ​ជា​មួយ​នឹង​ដៃគូ​បងប្អូន​ស្រី​ដែល​ផ្ដល់ការងារបម្រើ​ម្នាក់ ខ្ញុំ​បាន​សញ្ជឹងគិត​អស់ជាច្រើន​ថ្ងៃ​អំពី​ឧបសគ្គ​មួយចំនួន​ដែល​គ្រួសារ​មួយ ដែល​ដៃគូ​នោះ​ត្រូវ​បាន​ចាត់​ឲ្យទៅ កំពុង​ប្រឈម​មុខ​ ។ បន្ទាប់មក​ខ្ញុំ​បាន​ទទួល​ការ​បំផុសគំនិត​ដើម្បី​ផ្ដល់​អនុសាសន៍​ដល់​ប៊ីស្សព​របស់​យើងថា ម្ដាយ​ក្នុង​គ្រួសារ​នោះ អាច​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​សមាគមសង្គ្រោះ » ។ ឥឡូវ​ម្ដាយ​រូបនោះ​បាន​ចាប់​ផ្ដើម​បម្រើ​ជា​គ្រូបង្រៀន​សមាគមសង្គ្រោះ ហើយ​គ្រួសារ​របស់​គាត់​ត្រូវ​បាន​ប្រទានពរ​ឲ្យ​កាន់តែ​មានភាព​ផ្សះផ្សា​ជាមួយ​នឹង​ព្រះ ។ បងប្អូន​ស្រី​ក្នុង​វួដ​ក៏​ទទួលបាន​ពរ​តាមរយៈ​ការបម្រើ​របស់​គាត់ ក្នុងនាមជាគ្រូបង្រៀន​ម្នាក់ផងដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ថា ការងារបម្រើ និងការសម្ភាស​អំពីការងារ​បម្រើ អាច​ជួយ​យើង​ពឹង​ផ្អែក​ទៅលើ​ការ​បំផុសគំនិត​មកពី​ព្រះវិញ្ញាណ​ដោយរាបសារ ដើម្បី​ដឹកនាំ​យើង​នៅក្នុងការងារ​បម្រើ​របស់យើង និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ជំនឿ​របស់​យើង​ទៅលើព្រះអម្ចាស់ នឹង​ត្រូវបាន​ការពារ ខណៈ​ដែល​យើង​កំពុង​បម្រើ​ដល់អ្នកដទៃ​តាមរបៀប​របស់ទ្រង់​ដោយ​ក្ដីស្រឡាញ់ សណ្ដានចិត្តល្អ និង​ការ​អត់ធ្មត់ ។ នៅពេល​យើងរក្សាតាម​ក្រឹត្យវិន័យ​ធំពីរ​គឺ « ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង » ៥ហើយ « ស្រឡាញ់ អ្នកជិតខាង​ដូច​ខ្លួន​ឯង »៦នោះ​យើង​ត្រូវ​បាន​សន្យា​ដូច​នេះ​ថា ៖ « [ យើង ] ​​នឹង​បាន​ទទួល​រង្វាន់​របស់​ខ្លួន គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅបរលោក » ។៧■

ចំណង​ជើង ៖ អែលឌើរ ធីង សុង ឆាង

______________________________________

ចំណាំ ៖

[1]រ័សុល អិម ណិលសុន​« ការងារបម្រើ » សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ ២០១៨ ។ 

https://www.lds.org/ministering/ministering-interviews-videos/elder-christofferson-testifies-of-the-power-of-ministering-interviews?lang=eng

https://www.lds.org/ministering/ministering-interviews-videos/purposes-of-ministering-interviews?lang=eng

៤ សូមមើលអាលម៉ា ៣៧:៦ ។

៥ សូម​មើលម៉ាថាយ  ២២:៣៧

៦ សូម​មើល ម៉ាថាយ ២២:៣៩ ។

៧ សូម​មើល គ. និង ស. ៥៩:២៣ ។