សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

 ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោតលើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ 

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា « មារសត្រូវ​កំពុង​បង្កើន​ការវាយប្រហារ​របស់​វា​ទៅលើ​សេចក្ដីជំនឿ​ មក​លើ​យើង និង​ក្រុម​គ្រួសារ​ក្នុង​អត្រា​ដ៏​លឿន​មួយ ។ ដើម្បី​រស់រាន​ខាង​វិញ្ញាណ យើង​ត្រូវការ​យុទ្ធសាស្ដ្រ​វាយ​បក និង​រៀប​ផែនការ​ទុក​ជាមុន »។ 

អែលឌើរ ហ្វូក ឈូអិន ( ស៊ីណូ ) ឈូវ
អែលឌើរ ហ្វូក ឈូអិន ( ស៊ីណូ ) ឈូវ

ចាប់ពី​ខែ មករា ឆ្នាំ ២០១៩ មក យើង​ត្រូវបាន​ណែនាំ​ឲ្យ​ផ្ដោត​លើ​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោតលើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ ។

 

នៅពេល​ប្រកាស​ពី​រឿង​នេះ​លើក​ទី​មួយ​នៅ​ខែ​តុលា​មុន ការផ្ដោត​ជា​បឋម​គឺ​ទៅលើ « ព្រះវិហារ​រយៈពេល​ពីរ​ម៉ោង » ។ ខណៈ​សមាជិក​ជាច្រើន​ស្វាគមន៍​ការផ្លាស់ប្ដូរ​នេះ ក៏​មាន​សមាជិក​មួយ​ចំនួន​បង្ហាញ​ការខកចិត្ត​ដោយ​មាន​ម៉ោង « ព្រះវិហារ​តិច​ជាងមុន » ។  នៅពេល​យើង​ទៅ​ព្រះវិហារ យើង​អាច​មាន​អារម្មណ៍​ពី​វិញ្ញាណ​ដ៏​ផ្អែម​ល្ហែម​អំឡុង​ការថ្វាយ​បង្គំ​របស់​យើង ដែល​​រក្សា​យើង​មិន​ឲ្យ​ប្រឡាក់​ពី​ពិភពលោក​នេះ ។ ១​សមាជិក​មួយ​ចំនួន​បាន​រៀបរាប់​ថា ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា​របៀប​មួយ​ដើម្បី​សាក​ថ្ម​ខាង​វិញ្ញាណ​យើង ដែល​ធ្វើ​ឲ្យ​យើង​អាច​តទល់​នឹង​ឧបសគ្គ​នា​លោកិយ​នេះ​បាន ។  ជាមួយ​នឹង​កំណើន​ឧបសគ្គ​ក្នុង​ពិភពលោក​នេះ ការសាក​ថ្ម​ខាង​វិញ្ញាណ​របស់​យើង​ម្ដង​ក្នុង​មួយ​សប្ដាហ៍​នឹង​មិន​គ្រប់គ្រាន់​ទេ ។ យើង​ត្រូវ​ព្យាយាម​យ៉ាង​សកម្ម ដើម្បី​សាក​ថ្ម​ខាង​វិញ្ញាណ​យើង​ឲ្យ​បាន​ញឹកញាប់​ជាងមុន ។

 

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់​ថា « មារសត្រូវ​កំពុង​បង្កើន​ការវាយប្រហារ​របស់​វា​ទៅលើ​សេចក្ដីជំនឿ​ មក​លើ​យើង និង​ក្រុម​គ្រួសារ​ក្នុង​អត្រា​ដ៏​លឿន​មួយ ។ ដើម្បី​រស់រាន​ខាង​វិញ្ញាណ យើង​ត្រូវការ​យុទ្ធសាស្ដ្រ​វាយ​បក និង​រៀប​ផែនការ​ទុក​ជាមុន »។ ២   ជាក់ស្ដែង សេចក្ដីណែនាំ​ថ្មី​នេះ​គឺជា « ផែការ​ទុក​ជាមុន » មួយ ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​សកម្មភាព ជាជាង​ទទួល​សកម្មភាព ។៣

 

ប្រធាន ណិលសុន បាន​បង្រៀន​យើង​ថា « ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​ស៊ាំ​នឹង​ការគិត​អំពី ‹ សាសនាចក្រ › ថា​ជា​អ្វី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ​របស់​យើង ដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឯ​គេហដ្ឋាន ។ យើង​ចាំបាច់​ត្រូវ​កែសម្រួល​លំនាំ​នេះ ។ វា​គឺជា​ពេល​សម្រាប់​សាសនាចក្រ​ផ្ដោត​ទៅ​លើ​គេហដ្ឋានដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​អគារ​សាខា វួដ និង​ស្តេក​របស់​យើង » ។២

 

កាល​ថ្លែង​ដល់ « ការគាំទ្រ​ដោយ​សាសនាចក្រ » ប្រតិកម្ម​ដំបូង​របស់​ខ្ញុំ​គឺ​ផ្ដោត​ទៅលើ​របៀប​ដើម្បី​ធានា​ថា សមាជិក​នឹង​ប្រើ​មួយ​ម៉ោង​បន្ថែម​រាល់​ថ្ងៃ​អាទិត្យ​ដើម្បី​សិក្សា​ដំណឹងល្អ​ដោយ​មាន​ប្រសិទ្ធភាព ។  ប៉ុន្ដែ​អែលឌើរ ឃ្វីនថិន អិល ឃុក បាន​រំឭក​យើង « ឲ្យ​ប្រឹក្សា​រួម​គ្នា ហើយ​ស្វែងរក​វិវរណៈ​ដើម្បី​អនុវត្ត​ការកែ​តម្រូវ​ទាំង​នេះ—​ដោយ​ពុំ​មើល​ហួស​ទីដៅ ឬ​ព្យាយាម​ដាក់​វិន័យ​តឹងរឹង​ឲ្យ​បុគ្គល​ម្នាក់ ឬ​ក្រុមគ្រួសារ​ឡើយ » ។៤


ឲ្យប្រឹក្សារួមគ្នា ហើយស្វែងរកវិវរណៈដើម្បីអនុវត្តការកែតម្រូវទាំងនេះ—ដោយពុំមើលហួសទីដៅ ឬព្យាយាមដាក់វិន័យតឹងរឹងឲ្យបុគ្គលម្នាក់ ឬក្រុមគ្រួសារឡើយ ។

អែលឌើរ ឃ្វីនធិន អិល ឃុក

សមាជិក​គ្រួសារ​គួរ​ប្រឹក្សា​គ្នា​ដើម្បី​ស្វែងរក​អ្វី ដែល​នឹង​ល្អ​បំផុត​ស្របតាម​កាលៈទេសៈ​ផ្ទាល់​របស់​គេ ។  សម្រាប់​អ្នក​ដែល​នៅ​លីវ ឬ​នៅក្នុង​គ្រួសារ​ដែល​ពុំ​មែន​ជា​សមាជិក ឬ​មាន​សមាជិក​គ្រួសារ​ដែល​រស់នៅ​ឆ្ងាយ នោះ​ព្រះអម្ចាស់​ក៏​បាន​រៀបចំ​របៀប​មួយ​សម្រាប់​បងប្អូន​ឲ្យ​រីករាយ​នឹង​ពរជ័យ មកពី​ការសិក្សា​ដំណឹងល្អ​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន​ដែរ ។

 

នៅពេល​យើង​អនុវត្ត​តាម​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោត​លើ​គេហដ្ឋាន នោះ​ដំបូន្មាន​ខាង​ក្រោម​នេះ​នឹង​មាន​ប្រយោជន៍​ខ្លាំង ៖  « នៅពេល​យើង​សិក្សា​ដំណឹងល្អ យើង​ពុំ​គ្រាន់តែ​រកមើល​ព័ត៌មាន​ថ្មី​ប៉ុណ្ណោះ​ទេ តែ​យើង​ចង់​ក្លាយជា « កើត​ជា​ថ្មី​វិញ » ។៥« នេះ​មាន​ន័យ​ថា ជា​ការពឹង​ផ្អែក​ទៅលើ​ព្រះគ្រីស្ទ​ដើម្បី​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង ទស្សនៈ​របស់​យើង សកម្មភាព​របស់​យើង និង​និស្ស័យ​ធម្មជាតិ​របស់​យើង ។… ការប្រែចិត្ត​ជឿ​ពិត​តម្រូវ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។៦

 

ដោយសារ​ការប្រែចិត្ត​ជឿ​ដ៏​ពិត​គឺជា​កម្មវត្ថុ ហើយ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ការសំខាន់ នោះ​យើង​មិន​គួរ​ផ្ដោត​លើ​ចំនួន ឬ​ល្បឿន​នៃ​ការសិក្សា​នៅ​ផ្ទះ​របស់​យើង​ឡើយ ។ កិច្ច​ខំប្រឹង​គួរ​ផ្ដោត​ទៅលើ​ការយល់ដឹង ទីបន្ទាល់ និង​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​យើង ការកត់ត្រា​អ្វី​ដែល​យើង​បាន​រៀន ការអនុវត្ត​វា​ក្នុង​ជីវិត​របស់​យើង ការចែកចាយ​ចំណេះដឹង​អំពី​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ​យ៉ាង​សកម្ម និង​ការចូលរួម​ក្នុង​សកម្មភាព ដែល​នឹង​យាង​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

 

យើង​សូម​សរសើរ ពេល​បងប្អូន​ទទួល​បាន​ចំណេះដឹង​អំពី​ដំណឹងល្អ​បន្ថែម​ទៀត យល់​ពី​បទគម្ពីរ​កាន់តែ​ច្បាស់ ហើយ​កោតសរសើរ​កាន់តែ​ខ្លាំង​លើ​ការបង្រៀន ក្ដី​ស្រឡាញ់ គំរូ និង​ពលិកម្ម​របស់​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។  ប៉ុន្ដែ វា​កាន់តែ​សំខាន់​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រពៃណី និង​ទម្លាប់​គ្រួសារ​ដ៏​សុចរិត​ជាមួយ​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​ចាប់ផ្ដើម​ការរៀនសូត្រ​ដំណឹងល្អ​នៅ​គេហដ្ឋាន​របស់​យើង ។

ការរៀនសូត្រដំណឹងល្អដែលផ្ដោតលើគេហដ្ឋាន និងគាំទ្រដោយសាសនាចក្រ

អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់​ថា « អំណាច​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​កែប្រែ ហើយ​ប្រទានពរ​យើង កើត​ចេញ​ពី​ការញាណ​ដឹង និង​ការអនុវត្ត​តាម​ភាព​ប្រទាក់​ក្រឡា​គ្នា​នៃ​គោលលទ្ធិ គោលការណ៍ និង​ការអនុវត្ត ។ មាន​តែ​នៅ​ពេល​ដែល​យើង​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទដោយ​មាន​ការផ្ដោត​ដ៏​ខ្លាំង​ទៅ​លើ​ទ្រង់​ប៉ុណ្ណោះ ទើប​សេចក្ដីពិត​នៃ​ដំណឹងល្អ​អាច​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែ​ក្លាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ថែមទាំង​កាន់ខ្ជាប់​ដល់​ចុងបញ្ចប់​យ៉ាង​ក្លាហាន » ។៧

 

« ព្រះ​បាន​បើក​សម្តែង​នូវ​លំនាំ​នៃ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ តាមរយៈ​ពិធីបរិសុទ្ធ​ទាំងឡាយ ការបង្រៀន កម្មវិធី និង​សកម្មភាព​នានា​ដែល​ត្រូវបាន​ផ្តោត​ទៅលើ​គេហដ្ឋាន និង​គាំទ្រ​ដល់​សាសនាចក្រ ។ អង្គការ និង​កម្មវិធី​នានា​នៃ​សាសនាចក្រ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​មិន​បញ្ចប់​នៅ​ត្រឹម​នោះទេ » ។៨

 

នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ ហើយ​ឈាន​ទៅមុខ​ក្នុង​ការអនុវត្ត​ការរៀនសូត្រ​ដំណឹងល្អ​នៅ​គេហដ្ឋាន នោះ​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​ការយល់ដឹង​កើនឡើង ក្ដីស្រឡាញ់​កាន់តែ​ខ្លាំង​ចំពោះ​សមាជិក​គ្រួសារ​យើង កម្លាំង​បន្ថែម​ក្នុង​ការប្រឈម​នឹង​ឧបសគ្គ​ប្រចាំ​ថ្ងៃ​របស់​យើង ព្រមទាំង​គេហដ្ឋាន​ដែល​ពោរពេញ​ដោយ​អំណរ និង​សេចក្ដី​សុខសាន្ដ ។  ខ្ញុំ​ដឹង​ថា ការដឹកនាំ​ថ្មី​ទាំងនេះ​គឺ​មកពី​ព្រះ ដោយសារតែ​ក្ដី​ស្រឡាញ់​ដ៏​មហិមា​របស់​ទ្រង់​ដល់​ពួកយើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។  អាម៉ែន ។■

 

______________________________________

កំណត់​ចំណាំ ៖

១​សូមមើល គ. និង ស. ៥៩:៩

២​រ័សុល អិម ណិលសុន ការថ្លែង​សុន្ទរកថា​បើក​កម្មវិធី សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨

៣សូមមើល នីហ្វៃទី ២ ២:១៤

៤ឃ្វីនថិន អិល ឃុក « ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨

៥សូមមើល កូរិនថូស ទី​២ ៥:១៧

៦« ការប្រែចិត្ត​គឺជា​គោលដៅ​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ

៧ដេវីឌ អេ បែដណា « បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨

៨ក្បួនខ្នាត​ភាគ ២ : ការគ្រប់​គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ១.៤