សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី 

ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ 

យើងនឹងមានចំណេះដឹង និងព្រះចេស្ដារបស់ព្រះដើម្បីជួយយើងឲ្យទទួលបានពរជ័យទាំងឡាយនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់គ្រប់ជាតិសាសន៍ ភាសា និងជនជាតិ ហើយឲ្យរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។

អែលឌើរ ដេវីឌ ភី ហូមើរ
អែលឌើរ ដេវីឌ ភី ហូមើរ នៃពួកចិតសិបនាក់ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានតំបន់អាស៊ី

ស៊ិស្ទើរ ហូមើរ និងខ្ញុំមានពរដែលមានកូនដ៏អស្ចារ្យប្រាំមួយនាក់ ។ នៅពេលកូនម្នាក់ៗបានកើតមក យើងបានគិតអំពីឈ្មោះដែលយើងនឹងដាក់ឲ្យពួកគេ ។ រឿងនេះកើតឡើងនៅពេលកូនស្រីភ្លោះរបស់យើងបានកើត ដែលយើងបានសម្រេចចិត្តថា កូនភ្លោះម្នាក់ៗនឹងទទួលបានការដាក់ឈ្មោះពីជីដូនរបស់ពួកគេ ។ យើងធ្វើបែបនេះដើម្បីគោរពដល់ជីដូនរបស់ពួកគេ ហើយសង្ឃឹមថាឈ្មោះនេះនឹងបំផុសគំនិតពួកគេឲ្យធ្វើល្អដូចជាជីដូនរបស់ពួកគេដែរ ។ 

 

មានលក្ខណៈខ្លះ យើងដូចជាព្យាការីហេលេមិន ។ លោក និងភរិយារបស់លោកទទួលពរឲ្យមានកូនប្រុសពីរនាក់ ដែលពួកលោកបានដាក់ឈ្មោះថា នីហ្វៃ និងលីហៃ ។ នៅពេលកូនប្រុសទាំងពីរធំឡើង ហេលេមិនបានពន្យល់ពួកគេថា « ឪពុកបានដាក់ឈ្មោះឲ្យកូនតាមឈ្មោះពួកឪពុកដើមរបស់យើង ដែលបានចេញមកពីដែនដីយេរូសាឡិម ហើយឪពុកបានធ្វើយ៉ាងនេះ ដើម្បីកាលណាកូនចាំឈ្មោះរបស់កូន នោះកូនអាចនឹកចាំដល់ពួកគេ ហើយកាលណាកូននឹកចាំដល់ពួកគេ នោះកូនអាចនឹកចាំដល់កិច្ចការទាំងឡាយរបស់គេ ហើយកាលណាកូននឹកចាំដល់កិច្ចការទាំងឡាយរបស់ពួកគេ នោះកូនអាចដឹងនូវហេតុដែលបាននិយាយ ហើយបានសរសេរទុកមកផងថាជាការល្អ » ។  1

 

ហេលេមិនបានយល់ថា ឈ្មោះនោះអាចមានអានុភាព ។  ឈ្មោះរបស់យើងរំឭកយើងថាយើងជានរណា ហើយបំផុសគំនិតពីអ្វីដែលយើងចង់ក្លាយទៅជា ។  ប្រហែលនោះគឺជាហេតុផលមួយ ដែលយើងត្រូវបានលើកទឹកចិត្តឲ្យលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ 2 និងជាមូលហេតុដែលប្រធាន ណិលសុន បានសុំឲ្យយើងប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រនាពេលថ្មីៗនេះ ។  


នៅពេលយើងលុបព្រះនាមរបស់ទ្រង់ចេញពីសាសនាចក្ររបស់ទ្រង់ នោះយើងដកទ្រង់ចេញពីការផ្ដោតសំខាន់នៃជីវិតរបស់យើងដោយភាពធ្វេសប្រហែស ។

ប្រធាន រ័សុល អិម ណិលសុន

នៅក្នុងសន្និសីទទូទៅរបស់សាសនាចក្រនាខែ តុលា ឆ្នាំ ២០១៨ ប្រធានណិលសុនបានសម្គាល់ថា លោកបាន « ធ្វើសេចក្ដីថ្លែងការណ៍មួយទាក់ទងទៅនឹងការកែតម្រូវការប្រើឈ្មោះរបស់សាសនាចក្រ ។  [ លោក ] បានធ្វើការណ៍នេះ ដោយសារព្រះអម្ចាស់បានបំផុសគំនិត [ លោក ] ឲ្យដឹងពីសារសំខាន់នៃឈ្មោះដែលទ្រង់បានប្រទានឲ្យសាសនាចក្ររបស់ទ្រង់ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។ 3 ប្រធាន ណិលសុន បានថ្លែងថា កិច្ចខិតខំនេះមិនមែនជាការផ្លាស់ប្ដូរឈ្មោះនោះទេ វាមិនមែនជាការបន្ថែមឈ្មោះឡើយ វាមិនមែនជាគ្រឿងសម្អាងទេ វាមិនមែនជាការនឹកគិតភ្លាមៗទេ ប៉ុន្ដែវាមានសារសំខាន់…ហើយនោះគឺជាការកែតម្រូវទៅវិញទេ ។ វាគឺជាការបញ្ជាមកពីព្រះអម្ចាស់ ។ 4

 

ជាលទ្ធផល យើងគួរតែធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីជួយខ្លួនយើង និងមនុស្សដទៃឲ្យសំដៅទៅសាសនាចក្រ ដោយប្រើឈ្មោះដែលបានប្រទានឲ្យដោយព្រះអម្ចាស់ផ្ទាល់ ។ ប្រធាន ណិលសុន បានបន្ដថា « ការដកឈ្មោះរបស់ព្រះអម្ចាស់ចេញពីសាសនាចក្ររបស់ព្រះអម្ចាស់ គឺជាជ័យជំនះដ៏ធំមួយរបស់សាតាំង ។ នៅពេលយើងបោះបង់ព្រះនាមរបស់ព្រះអង្គសង្គ្រោះ នោះយើងបដិសេធដោយប្រយោលនូវអ្វីទាំងអស់ ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង—សូម្បីតែដង្វាយធួនរបស់ទ្រង់…នៅពេលយើងលុបព្រះនាមរបស់ទ្រង់ចេញពីសាសនាចក្ររបស់ទ្រង់ នោះយើងដកទ្រង់ចេញពីការផ្ដោតសំខាន់នៃជីវិតរបស់យើងដោយភាពធ្វេសប្រហែស » ។ 5

 

ខ្ញុំទទួលអារម្មណ៍អនុភាពពីការកែតម្រូវការប្រើឈ្មោះនេះនៅក្នុងជីវិតផ្ទាល់របស់ខ្ញុំ ។ ខណៈដែលគេហទំព័រ អាសយដ្ឋានអ៊ីម៉ែល និងប្រព័ន្ធទំនាក់ទំនងផ្សេងទៀតបានទទួលប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ នោះខ្ញុំត្រូវបានរំឭកថា នេះគឺជាសាសនាចក្ររបស់ទ្រង់ ហើយថាខ្ញុំព្យាយាមធ្វើតាមទ្រង់ ។ ខ្ញុំក៏ត្រូវបានរំឭកផងដែរថា ប្រធានណិលសុនបានសន្យានូវពរជ័យទាំងឡាយ ប្រសិនបើយើងនឹងធ្វើផែ្នករបស់យើង ។

ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ

ប្រធាន ណិលសុន បានថ្លែងថា « បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសន្យានឹងបងប្អូនថា ប្រសិនបើយើងនឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីស្ដារឈ្មោះត្រឹមត្រូវនៃសាសនាចក្ររបស់ព្រះអម្ចាស់ នោះទ្រង់ ដែលជាម្ចាស់នៃសាសនាចក្រនេះ នឹងចាក់ស្រោចព្រះចេស្ដា និងពរជ័យរបស់ទ្រង់មកលើក្បាលនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាអ្វីដែលយើងពុំបានឃើញពីមុនមក ។ យើងនឹងមានចំណេះដឹង និងព្រះចេស្ដារបស់ព្រះដើម្បីជួយយើងឲ្យទទួលបានពរជ័យទាំងឡាយនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់គ្រប់ជាតិសាសន៍ ភាសា និងជនជាតិ ហើយឲ្យរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ » ។

 

សម្រាប់ខ្ញុំ វាហាក់ដូចជាមិនគ្រាន់តែជួយរៀបចំពិភពលោកនេះសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងនឹងជួយរៀបចំដួងចិត្តរបស់យើងសម្រាប់ថ្ងៃនោះផងដែរ ។ វាគឺជាការអធិស្ឋានរបស់ខ្ញុំថា ពួកយើងម្នាក់ៗនឹងចងចាំដើម្បីប្រើឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ ហើយជាទីបន្ទាល់របស់ខ្ញុំថា នៅពេលយើងធ្វើដូច្នោះ នោះពរជ័យដែលបានសន្យាដោយប្រធានណិលសុននឹងកើតមាន ។

 

1 ហេលេមិន ៥:៦

2 សូមមើល នីហ្វៃទី២ ៣១:១៣; ម៉ូសាយ ៥:៨; នីហ្វៃទី៣ ២៧:៥; គ. និង ស. ១៨:២១

3 រ័សុល អិម ណិលសុន « ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៨

4 សូមមើល រ័សុល អិម ណិលសុន « ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៨

5  រ័សុល អិម ណិលសុន « ឈ្មោះត្រឹមត្រូវរបស់សាសនាចក្រ » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៨