សារលិខិតគណៈប្រធានតំបន់អាស៊ី 

បំភ្លឺពិភពលោក ៖ ការផ្ដល់ការងារបម្រើដល់មនុស្សម្នាក់ម្ដងៗ

ការងារបម្រើរបស់យើងគឺត្រូវជួយមនុស្សដទៃឲ្យមានឱកាសទទួលអារម្មណ៍ពីការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះវាអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាពសម្រាប់ខ្លួនឯង និងដើរតាមផ្លូវនៃសេចក្ដីសញ្ញា ។ 

អែលឌើរ មីង ស៊ុន ឃួន
អែលឌើរ មីង ស៊ុន ឃួន ក្នុងពួកចិតសិបនាក់

កាលពីមុន ប្រធានណិលសុនបានចែកចាយនៅក្នុងសន្និសីទទូទៅអំពីបទពិសោធន៍មួយ ដែលលោកធ្លាប់បានមានជាមួយនឹងស្ដេចកុលសម្ព័ន្ធអាហ្រ្វិកមួយអង្គ ។ នៅពេលស្ដេចបានដកពិសោធន៍នូវព្រះចេស្ដានៃបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងនីហ្វៃទី៣ ស្ដេចអង្គនោះបានមានបន្ទូលថា « ប្រសិនបើយើងប្រែចិត្តជឿ ហើយចូលក្នុងសាសនាចក្រ យើងនឹងនាំកុលសម្ព័ន្ធទាំងមូលរបស់យើងទៅជាមួយយើង » ។ ប្រធានណិលសុនបានឆ្លើយតបថា « អូ ព្រះអង្គ…ការណ៍នេះមិនកើតឡើងតាមរបៀបនោះឡើយ ។ ការប្រែចិត្តជឿគឺជារឿងរបស់បុគ្គលម្នាក់ៗ ។ ព្រះអង្គសង្គ្រោះបានផ្ដល់ការងារបម្រើដល់សាសន៍នីហ្វៃម្ដងម្នាក់ៗ ។ បុគ្គលម្នាក់ៗទទួលបានសាក្សី និងទីបន្ទាល់មួយអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ។ ១

 

លក្ខណៈវិសេសរបស់បុគ្គលគ្រប់រូប ដោយបូកផ្សំបទពិសោធន៍ការចិញ្ចឹមបីបាច់ និងបទពិសោធន៍ជីវិតដ៏ខុសៗគ្នា ធ្វើឲ្យបុត្រាបុត្រីរបស់ព្រះមានលក្ខណៈខុសគ្នាយ៉ាងវិសេសវិសាល ។ ហេតុដូច្នេះហើយ ការប្រែចិត្តជឿរបស់បុគ្គលម្នាក់ៗ និងការគាំទ្រដល់តម្រូវការនីមួយៗក៏ខុសគ្នាខ្លាំងដែរ ។ ព្រះអម្ចាស់បានមានបន្ទូលថា « ហើយចូរអ្នករាល់គ្នាកុំថប់ព្រួយទុកជាមុនពីអ្វីដែលអ្នករាល់គ្នាត្រូវថានោះឡើយ ប៉ុន្តែចូររក្សាទុកក្នុងគំនិតរបស់អ្នករាល់គ្នា បន្តនូវព្រះបន្ទូលទាំងឡាយខាងជីវិតវិញ ហើយសេចក្ដីដែលត្រូវនិយាយនឹងបានប្រទានដល់អ្នករាល់គ្នានៅចំម៉ោងនោះឯង នូវចំណែកដែលនឹងបានវាល់ដល់មនុស្សគ្រប់រូប » ។ ២ ព្រះវិញ្ញាណបរិសុទ្ធគឺជាផ្នែកដ៏សំខាន់បំផុតនៅក្នុងដំណើរការងារបម្រើ ដើម្បីជួយយើងឲ្យបំពេញតាមតម្រូវការរបស់មនុស្សដទៃបាន ។


ការប្រែចិត្តជឿគឺជារឿងរបស់បុគ្គលម្នាក់ៗ ។ ព្រះអង្គសង្គ្រោះបានផ្ដល់ការងារបម្រើដល់សាសន៍នីហ្វៃម្ដងម្នាក់ៗ ។ បុគ្គលម្នាក់ៗទទួលបានសាក្សី និងទីបន្ទាល់មួយអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ

ប្រធាន រ័សុល អិម ណិលសុន

ព្រះវិញ្ញាណបរិសុទ្ធក៏ជួយយើងឲ្យស្គាល់អ្នកដែលយើងត្រូវផ្ដល់ការងារបម្រើឲ្យរហូតដល់ពេលនេះផងដែរ ។ នៅពេលយើងទូលសួរនៅក្នុងការអធិស្ឋាន « តើទូលបង្គំគួរផ្ដល់ការងារបម្រើដល់នរណា ? » នោះព្រះវរបិតាសួគ៌របស់យើងនឹងអនុញ្ញាតឲ្យយើងដឹងពីឈ្មោះរបស់បុគ្គលនោះតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ កាលណាយើងទទួលបានឈ្មោះនេះហើយ នោះយើងអាចពិភាក្សាជាមួយនឹងក្រុមគ្រួសាររបស់យើងអំពីរបៀបប្រើធនធានគ្រួសារ និងសាសនាចក្រ ក៏ដូចជាសកម្មភាពនានាដើម្បីចាប់ផ្ដើមដំណើរការការងារបម្រើនោះ ។ សូមចងចាំថា បន្ថែមលើការបំពេញតាមតម្រូវការបច្ចុប្បន្ន វាក៏មានគោលបំណងដ៏កាន់តែខ្ពង់ខ្ពស់មួយផងដែរ ។ នោះគឺជាការជួយមនុស្សដទៃឲ្យមានឱកាសសម្រេចបានសក្ដានុពលដ៏ពេញលេញរបស់ពួកគេ ខិតកាន់តែជិតទៅព្រះ និងមានជីវិតដ៏សប្បាយរីករាយមួយ ។  

 

ការងារបម្រើរបស់យើងគឺត្រូវជួយមនុស្សដទៃឲ្យមានឱកាសទទួលអារម្មណ៍ពីការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះវាអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាពសម្រាប់ខ្លួនឯង និងដើរតាមផ្លូវនៃសេចក្ដីសញ្ញា ។ 


របៀបចែកចាយទីបន្ទាល់របស់យើងយ៉ាងសាមញ្ញ ត្រូវបានបង្ហាញនៅក្នុងគោលការណ៍នៃការងារបម្រើដូចតទៅនេះ ៖ « ទីបន្ទាល់មួយមិនចាំបាច់ត្រូវចាប់ផ្ដើមដោយឃ្លាថា ‹ ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំ › ហើយវាក៏មិនចាំបាច់ត្រូវបញ្ចប់ដោយ ‹ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន › នោះដែរ ។ ទីបន្ទាល់មួយគឺជាការបង្ហាញអំពីអ្វីដែលយើងជឿ និងដឹងថាពិត ។ ដូច្នេះការទៅលេងអ្នកជិតខាងរបស់អ្នកហើយសួរសុខទុក្ខពីបញ្ហាដែលនាងកំពុងមាន ហើយនិយាយថា ‹ ខ្ញុំដឹងថា ព្រះទ្រង់ឆ្លើយតបការអធិស្ឋាន › អាចមានអានុភាពខ្លាំងដូចទីបន្ទាល់នានា ដែលបានចែកចាយនៅឯវេទិកាក្នុងព្រះវិហារដែរ ។ អំណាចនោះមិនមែនមកពីភាសាពីរោះពិសានោះទេ វាចេញមកពីព្រះវិញ្ញាណបរិសុទ្ធដែលបញ្ជាក់ពីសេចក្ដីពិត » ។ ៣ របៀបមួយទៀតដើម្បីចែកចាយទីបន្ទាល់របស់យើងឲ្យកាន់តែសាមញ្ញនោះគឺ ការប្រើកម្មវិធីវិបសាយផ្សេងៗដើម្បីចែកចាយសារលិខិត « បំភ្លឺពិភពលោក » ជាមួយនឹងមិត្ដភក្ដិ ដោយបន្ថែមនូវទីបន្ទាល់ដ៏សាមញ្ញ និងស្មោះត្រង់មួយ ។

បំភ្លឺពិភពលោក ៖ ការផ្ដល់ការងារបម្រើដល់មនុស្សម្នាក់ម្ដងៗ

មានឱកាសជាច្រើនសម្រាប់យើងដើម្បីអញ្ជើញមនុស្សឲ្យមកមើល ។ នៅក្នុងខែធ្នូ យើងអាចអញ្ជើញមិត្តភក្ដិឲ្យមកកាន់សកម្មភាពបុណ្យគ្រីស្ទម៉ាសនៅតាមសាខា វួដ និងស្ដេក មើលការចាក់ផ្សាយការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាសគណៈប្រធានទីមួយ និងចូលរួមក្នុងការប្រជុំសាក្រាម៉ង់ ។ នៅក្នុងការប្រជុំទាំងនេះ មិត្តភក្ដិរបស់យើងអាចមានអារម្មណ៍ដោយខ្លួនគេ នូវអំណរក្នុងការមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងដួងចិត្តរបស់គេ និងភាពរាក់ទាក់នៃបងប្អូនប្រុសស្រីរបស់យើង ។ យើងអាចអញ្ជើញមិត្តភក្ដិឲ្យចូលរួមនៅក្នុងសកម្មភាពបម្រើ « បំភ្លឺពិភពលោក » ចែកចាយប្រតិទិនខែធ្នូ « បំភ្លឺពិភពលោក » ដែលផ្ដល់យោបល់អំពីសកម្មភាពបម្រើជាទៀងទាត់នានា ឬគម្រោងបម្រើក្នុងវួដ និងស្ដេកផ្សេងទៀត ។ វាគឺតាមរយៈការបម្រើ ដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទរបស់យើងបានបើកបង្ហាញឡើងយ៉ាងពិតប្រាកដ ហើយតាមរយៈការណ៍នេះ យើងអាចដឹងដោយខ្លួនឯងអំពីដំណឹងល្អដ៏ពិត បរិសុទ្ធ និងសាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ៤

 

អ្នកផ្សព្វផ្សាយសាសនាដែលផ្ដោតលើការបម្រើម្នាក់ត្រូវបានចាត់តាំងឲ្យបម្រើនៅក្នុងប្រទេសមួយ ដែលមានភាសា និងវប្បធម៌ខុសគ្នាយ៉ាងខ្លាំងពីភាសា និងវប្បធម៌របស់ខ្លួន ។ នៅក្នុងការអធិស្ឋាន គាត់ត្រូវបានបំផុសគំនិតឲ្យចេញទៅ ហើយបម្រើដល់មនុស្សដែលគាត់ត្រូវបង្រៀន ។ តាមរយៈការបម្រើដល់មនុស្សដទៃ ទោះបីជាមិនបាននិយាយមួយពាក្យក្ដី ក៏គាត់អាចផ្ដល់ទីបន្ទាល់របស់គាត់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងការស្ដារឡើងវិញនៃដំណឹងល្អបានដែរ ។ កែវភ្នែករបស់មនុស្សដែលគាត់បានបម្រើភ្លឺចាំងឡើងដោយការយល់ដឹង និងការដឹងគុណរបស់ពួកគេចំពោះទីបន្ទាល់ ដែលគាត់បានផ្ដល់ឲ្យនោះ ។

 

ការផ្ដល់ការងារបម្រើដល់មនុស្សម្នាក់ម្ដងៗគឺជារបៀបរបស់ព្រះអង្គសង្គ្រោះ ។ អំឡុងពេលបុណ្យគ្រីស្ទម៉ាសនេះ កាលយើងប្រារព្ធការប្រសូតរបស់ព្រះអង្គសង្គ្រោះ អំណោយដ៏ល្អបំផុតដែលយើងអាចថ្វាយជូនទ្រង់បានគឺ ការធ្វើតាមគំរូរបស់ទ្រង់ រៀនពីរបៀបរបស់ទ្រង់ និងការងារបម្រើដល់សមាជិកគ្រួសារ មិត្តភក្ដិ និងបងប្អូនប្រុសស្រីដែលនៅជុំវិញខ្លួនយើង ។ នៅពេលយើងធ្វើការណ៍នេះ យើងនឹងមានអារម្មណ៍ ហើយដកពិសោធន៍ពីភាពរាបសា និងរាបទាបនៃព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ហើយរកឃើញទីសម្រាកដល់ព្រលឹងរបស់យើង ។ ៥

 

កំណត់ចំណាំ ៖
១. ប្រធាន រ័សុល អិម ណិលសុន « ព្រះគម្ពីរមរមន ៖ តើជីវិតរបស់អ្នកទៅជាយ៉ាងណា បើគ្មានគម្ពីរនេះ ? » សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០១៧ ។

២. គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៥

៣. « គោលការណ៍​នៃ​ការងារ​បម្រើ ៖ របៀប​ចែកចាយ​ទីបន្ទាល់​ឲ្យ​កាន់តែ​ល្អ » ទស្សនាវដ្តីលីអាហូណា ខែ មីនា ឆ្នាំ ២០១៩ ។
៤. សូមមើល ប្រធាន អិម រ័សុល បាឡឺដ « ដំណឹងល្អដ៏ពិត បរិសុទ្ធ ហើយសាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទ » សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០១៩ ។

៥. សូមមើល ម៉ាថាយ ១១:២៩ ។