សារលិតិខិតគណៈប្រធានតំបន់អាស៊ី

ការបង្កើនតួនាទីរបស់កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះស្ដ្រី

ទាល់តែយើងធ្វើកិច្ចការទាំងនេះ ទើបជីវិតជាច្រើនទទួលបានពរជ័យ ។ វាគឺតាមរយៈការបំពេញទំនួលខុសត្រូវនេះនៅក្នុងកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ទើបប៊ីស្សពនឹងអាចផ្ដោតពេលវេលា និងកិច្ចខំប្រឹងរបស់ពួកលោកលើជំនាន់កំពុងពេញវ័យបាន ។

អែលឌើរ ដេវីឌ អេហ្វ អេវ៉ាន
អែលឌើរ ដេវីឌ អេហ្វ អេវ៉ាន

សន្និសីទទូទៅនីមួយៗធ្វើឲ្យយើងរំជួលចិត្ត ហើយយើងទន្ទឹងរង់ចាំពេលសន្និសីទ ទុកជាពេលវេលាមួយ ដែលយើងនឹងទទួលពរជ័យក្នុងការស្ដាប់តាមបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្យាការីរបស់ទ្រង់ ទីប្រឹក្សារបស់លោក និងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត ។  ប្រធានណិលសុនស្វែងរកការដឹកនាំពីព្រះអម្ចាស់ ហើយលោកបានបង្រៀនយើងដោយចំៗអំពីព្រះរាជគំនិត និងព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ជំនាន់របស់យើង ។  

នៅក្នុងសន្និសីទទូទៅខែ មេសា ឆ្នាំ ២០១៨ ប្រធានណិលសុនបានរំឭកយើងថា អ្នកកាន់បព្វជិតភាពម្នាក់ៗមាន « ការទទួលខុសត្រូវមួយមកពីព្រះដើម្បីរៀន ហើយបង្រៀន ស្រឡាញ់ ហើយបម្រើដល់មនុស្សដទៃ » ។១ រួចហើយលោកបានប្រកាសថា សមាគមសង្គ្រោះ និងកូរ៉ូមអែលឌើរមានទំនួលខុសត្រូវក្នុងការផ្ដល់ការងារបម្រើដើម្បីបំពេញតម្រូវការខាងសាច់ឈាម និងខាងវិញ្ញាណរបស់សមាជិកសាសនាចក្រតាមរបៀបដ៏ខ្ពស់ និងបរិសុទ្ធជាងនេះ ។  

ការងារបម្រើគឺជាការបម្រើដូចជាព្រះគ្រីស្ទ ដែលព្យាយាមជួយបំពេញតម្រូវការខាងវិញ្ញាណ ឬខាងសាច់ឈាមរបស់មនុស្សម្នាក់ផ្សេងទៀត ។ វាមិនមែនគ្រាន់តែជាអារម្មណ៍ចេញពីដួងចិត្តនោះទេ វាក៏តែងតែរួមបញ្ចូលនូវការធ្វើអ្វីមួយផងដែរ ។ ស៊ិស្ទើរ ជីន ប៊ី ប៊ីងហាំ ប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀនថា « ការបម្រើពិតគឺសម្រេចបានម្ដងមួយៗដោយសេចក្ដីស្រឡាញ់ជាការលើកទឹកចិត្ត » ។២


« គណៈប្រធានកូរ៉ុម និងសមាគមសង្គ្រោះត្រូវទទួលយកទំនួលខុសត្រូវដ៏ចម្បងសម្រាប់កិច្ចការនៃសេចក្ដីសង្គ្រោះនៅក្នុងវួដ …ដើម្បីឲ្យប៊ីស្សពអាច…ផ្ដោតលើកិច្ចខិតខំភាគច្រើនលើយុវវ័យ »

អែលឌើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន

នៅក្នុងសេចក្ដីជូនដំណឹងមួយដែលបានចេញផ្សាយក្រោយពីសន្និសីទទូទៅ គណៈប្រធានទីមួយ និងពួកដប់ពីរនាក់ក៏បានប្រកាសថា ខណៈប៊ីស្សពកាន់កូនសោទាំងឡាយសម្រាប់កិច្ចការនៃសេចក្ដីសង្គ្រោះនៅក្នុងវួដ នោះកិច្ចការដែលចាំបាច់ដើម្បីសម្រេចបានកិច្ចការផ្សព្វផ្សាយសាសនាពីសមាជិក ការរក្សាពួកអ្នកប្រែចិត្តថ្មី ការធ្វើឲ្យសមាជិកមិនសូវមកជាសកម្មវិញ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ព្រមទាំងការបង្រៀនដំណឹងល្អនឹងត្រូវបានប្រគល់ទៅកាន់កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះក្នុងវួដ និងសាខានីមួយៗ ។៣ ដូចអែលឌើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន បានពន្យល់ថា « គណៈប្រធានកូរ៉ុម និងសមាគមសង្គ្រោះត្រូវទទួលយកទំនួលខុសត្រូវដ៏ចម្បងសម្រាប់កិច្ចការនៃសេចក្ដីសង្គ្រោះនៅក្នុងវួដ …ដើម្បីឲ្យប៊ីស្សពអាច…ផ្ដោតលើកិច្ចខិតខំភាគច្រើនលើយុវវ័យ » ។៤

គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះមិនត្រឹមតែនឹងមានតួនាទីដ៏សំខាន់ក្នុងការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះឲ្យទៅមុខប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏នឹងចូលរួមច្រើនជាងមុននៅក្នុងការងារបម្រើ ការប្រឹក្សា និងការជួយបុរស និងស្ដ្រីទាំងឡាយស្ដីពីបញ្ហា និងឧបសគ្គផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។  អស់រយៈពេលជាយូរមកហើយ សមាជិកបានទៅរកប៊ីស្សពពេលពួកគេមានបញ្ហានានា ប៉ុន្ដែអស់អ្នកដែលមានសមត្ថភាពជួយពួកគេបានល្អបំផុតនោះគឺ គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះទៅវិញទេ ។ ខ្ញុំសូមផ្ដល់ឧទាហរណ៍មួយប្រាប់បងប្អូនអំពីប្រធានកូរ៉ូមអែលឌើរម្នាក់ ដែលបានយល់ពីទំនួលខុសត្រូវរបស់គាត់ក្នុងការងារបម្រើ ការបង្រៀន និងការជួយសមាជិកម្នាក់ៗ ។  

នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ ខ្ញុំបានចូលរួមក្នុងការប្រជុំបព្វជិតភាពមួយនៅទីក្រុងញូវ ដេលលី ប្រទេសឥណ្ឌា ។ កាលការប្រជុំកូរ៉ុមបានចាប់ផ្ដើម ប្រធានកូរ៉ុមបានក្រោកឈរពីមុខកូរ៉ុមរបស់គាត់ ហើយបានសរសេរនៅលើក្ដារខៀនថា ៖ « បញ្ជីរបស់អ្នកគង្វាល » រួចហើយសរសេរឈ្មោះសមាជិកកូរ៉ុមបួននាក់ដែលមានបញ្ហាការងារ ។ គាត់បានពន្យល់ពីការលំបាកដែលក្រុមគ្រួសារទាំងនេះបានជួបប្រទះ ហើយបានសួរថាតើមាននរណាម្នាក់បានដឹងពីឱកាសការងារសម្រាប់បងប្អូនប្រុសទាំងបួននាក់នេះដែរឬទេ ។ ភ្លាមៗនោះ មានដៃជាច្រើនលើកឡើង ហើយបងប្អូនប្រុសជាច្រើនបាននិយាយពីអ្វីដូចនេះ « ក្រុមហ៊ុនខ្ញុំកំពុងស្វែងរកបុគ្គលិក ។ ខ្ញុំដឹងថា គាត់មានជំនាញដែលចាំបាច់ ។ ខ្ញុំអាចណែនាំគាត់ទៅបុគ្គលដែលកាន់បន្ទុក ដើម្បីមានការសម្ភាសមួយ » ។ ការណ៍នេះបានកើតមានពេលបងប្អូនប្រុសម្នាក់ៗប្រឈមនឹងការលំបាក ហើយពួកគេបានរកមើលឱកាសការងារសម្រាប់បងប្អូនប្រុសម្នាក់ៗ ។

ការបង្កើនតួនាទីរបស់កូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះស្ដ្រី

ពិតណាស់ ប្រធានកូរ៉ុមនេះបានផ្ដល់ការងារបម្រើដល់បងប្អូនប្រុសទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេ ។ នៅពេលសមាជិកកូរ៉ុមរបស់គាត់មានបញ្ហាមួយ គាត់បានលើកពីបញ្ហានេះទៅក្នុងកូរ៉ុមឲ្យស្វែងរកជំនួយ ។ គាត់បានមានគំនិតផ្ដួចផ្ដើម ហើយតាមរបៀបប្រកបដោយសន្ដានចិត្ត និងពេញដោយក្ដីស្រឡាញ់ គាត់បានឲ្យកូរ៉ុមជួយបងប្អូនប្រុសម្នាក់ៗដែលកំពុងត្រូវការជំនួយ ។ កម្លាំងនៃការធ្វើការតាមរយៈកូរ៉ុមដើម្បីដោះស្រាយតម្រូវការរបស់បុគ្គលគឺជាក់ច្បាស់ណាស់ ហើយមានវិញ្ញាណនៃសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់គ្នាទៅវិញទៅមក ។ កូរ៉ូមនេះបានផ្ដល់ការងារបម្រើដើម្បីបំពេញតាមតម្រូវការរបស់សមាជិកខ្លួន ហើយជីវិតជាច្រើនទទួលបានពរជ័យ ។  

តាមរបៀបស្រដៀងគ្នានេះ យើងសូមឲ្យគណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះជម្រុញសមាជិករបស់ខ្លួនឲ្យផ្ដល់ការងារបម្រើ និងពន្លឿនផ្នែកនីមួយៗនៃកិច្ចការនៃសេចក្ដីសង្គ្រោះនេះឲ្យទៅមុខ ។ ជាញឹកញាប់ណាស់ យើងលើកឡើងពីបញ្ហា ប៉ុន្ដែមិនធ្វើការងារច្រើនដើម្បីដោះស្រាយបញ្ហាទាំងនោះឡើយ ។ ក្នុងនាមជាគណៈប្រធានតំបន់ យើងសូមឲ្យគណៈប្រធានកូរ៉ុមអែលឌើរនីមួយៗ និងគណៈប្រធានសមាគមសង្គ្រោះនីមួយៗចាប់មានគំនិតផ្ដួចផ្ដើមក្នុងផ្នែកទាំងអស់នៃកិច្ចការនៃសេចក្ដីសង្គ្រោះ ហើយចាប់ផ្ដើមធ្វើការងារចាំបាច់ដើម្បីផ្ដល់ការងារបម្រើ សង្គ្រោះ រក្សាសមាជិក ជួយមនុស្សឲ្យប្រែចិត្ត ស្វែងរក លើកស្ទួយ និងផ្ដល់ពរជ័យដល់ជីវិតរបស់សមាជិក និងអ្នកដែលមិនមែនជាសមាជិកទាំងឡាយ ។ ប្រសិនប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះទាំងអស់មិនទាន់បានធ្វើដូច្នោះនៅឡើយ សូមចាត់ឲ្យទីប្រឹក្សាម្នាក់ទទួលខុសត្រូវលើកិច្ចការផ្សព្វផ្សាយសាសនារបស់សមាជិក ហើយទីប្រឹក្សាម្នាក់ទទួលខុសត្រូវលើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ហើយចាប់ផ្ដើមសកម្មក្នុងកិច្ចការនេះ ។
ទាល់តែយើងធ្វើកិច្ចការទាំងនេះ ទើបជីវិតជាច្រើនទទួលបានពរជ័យ ។ វាគឺតាមរយៈការបំពេញទំនួលខុសត្រូវនេះនៅក្នុងកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ទើបប៊ីស្សពនឹងអាចផ្ដោតពេលវេលា និងកិច្ចខំប្រឹងរបស់ពួកលោកលើជំនាន់កំពុងពេញវ័យបាន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា កាលយើងអនុញ្ញាតឲ្យគណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះនីមួយៗធ្វើសកម្មភាពក្នុងការបង្កើនការហៅបម្រើនេះឥឡូវនេះ ទើបកិច្ចការនឹងជឿនទៅមុខ ហើយជីវិតជាច្រើននឹងមានពរជ័យ ។    ■

_____________________________________
កំណត់ចំណាំ ៖
១ រ័សុល អិម ណិលសុន សុន្ទរកថាចាប់ផ្ដើម ខែ មេសា ឆ្នាំ ២០១៨
២ ជីន ប៊ី ប៊ីងហាំ ការងារបម្រើដូចដែលព្រះអង្គសង្គ្រោះបានធ្វើ ខែ មេសា ឆ្នាំ ២០១៨
៣ សេចក្ដីជូនដំណឹងចុះថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៨
https://www.thechurchnews.com/members/2019-11-08/bishops-lds-october-general-conference-young-men-166175