សារលិខិត​គណៈប្រធាន​តំបន់​អាស៊ី

ការ​អញ្ជើញ​របស់​ព្យាការី​មក​កាន់​ព្រះវិហារបរិសុទ្ធ

បន្ទាប់មកខ្ញុំអញ្ជើញបងប្អូនឲ្យថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ហើយអធិស្ឋានដើម្បីដឹងក្នុងចិត្តពីសេចក្ដីស្រឡាញ់ដ៏និរន្ដរ៍របស់ព្រះអង្គសង្គ្រោះមានចំពោះបងប្អូន ដើម្បីបងប្អូនម្នាក់ៗអាចទទួលបានទីបន្ទាល់ផ្ទាល់ខ្លួន ថាទ្រង់បន្ដដឹកនាំកិច្ចការដ៏ពិសិដ្ឋ និងនិរន្ដរ៍នេះដោយផ្ទាល់

ដោយអែលឌើរ ភីទើរ អេហ្វ មើស៍
ដោយអែលឌើរ ភីទើរ អេហ្វ មើស៍ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានតំបន់អាស៊ី

ចាប់​តាំង​ពី​ការ​គាំទ្រ​របស់​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៨ លោក​បាន​អញ្ជើញ​យើង​យ៉ាង​ខ្ជាប់ខ្ជួន​ឲ្យ​រស់នៅ​កាន់តែ​បរិសុទ្ធ និង​កាន់តែ​ពិសិដ្ឋ ហើយ​ពង្រីក​ទស្សនវិស័យ​របស់​យើង​ហួស​ពី​ឧបសគ្គ​នានា​ក្នុង​ជីវិត​នេះ​ទៅ​ដល់​ឱកាស​ដ៏​អស់កល្បជានិច្ច ។ លោក​មាន​ប្រសាសន៍​ថា « សារលិខិត​របស់​យើង​ទៅកាន់ពិភពលោក គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូមអញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះទាំងអស់​ទាំង​នៅ​សង្ខាង​នៃ​វាំងនន​ឲ្យមក​រក​ព្រះអង្គសង្គ្រោះ ទទួលយកពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​ដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និង​សក្ដិសម​សម្រាប់​ជីវិត​អស់កល្បជានិច្ច » ។1

 

មួយ​ឆ្នាំ​ក្រោយមក​នៅ​ក្នុង​សន្និសីទ​ទូទៅ លោក​បាន​បង្រៀន​ថា « ព្រះរាជ​បំណង​របស់​ព្រះ​គួរ​តែ​ជា​គោលបំណង​របស់​យើង ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​កូនចៅ​របស់ទ្រង់​ជ្រើសរើសត្រឡប់​ទៅ​រក​ទ្រង់​វិញ បាន​រៀបចំខ្លួន មានគុណ​សម្បត្តិ ទទួល​អំណោយទាន​ពិសិដ្ឋ បាន​ផ្សារភ្ជាប់ ហើយ​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

 

ពេល​ធំឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី ព្រះវិហារបរិសុទ្ធ​ដែល​នៅ​ជិតបំផុត​របស់​យើង គឺ​ព្រះវិហារបរិសុទ្ធ ហាមីលតុន ប្រទេស នូវវែលសេឡង់ ។ ក្នុង​នាមជា​អ្នក​ផ្សព្វផ្សាយសាសនា​ថ្មី​នៅ​ខែ​មករា ឆ្នាំ ១៩៧៦ ខ្ញុំ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ខ្ញុំ​នៅ​ទីនោះ ។  ខ្ញុំ​នៅ​តែ​ចងចាំ​អំពី​ភាពស្ងប់ស្ងាត់ និង​ភាព​សុខសាន្ដ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។  ខ្ញុំ​ចងចាំ​អំពី​អារម្មណ៍​ដ៏​ច្បាស់​ថា ខ្ញុំ​ត្រូវការ​ដៃគូ​អស់កល្បជានិច្ច​ដើម្បី​ទទួល​បាន​ពរជ័យ​ពេញលេញ​នៃ​ដំណឹងល្អ​ដែលបាន​ផ្ដល់​ឲ្យ ។

 

នៅ​ក្នុង​ខែ​មករា ឆ្នាំ ១៩៧៩ នៅពេល​ខ្ញុំ​ត្រឡប់​ទៅវិញ​ជាមួយ ម៉ាស៊ីន ថាចឈើ ជា​នារី​ដ៏​ស្រស់ស្អាត និង​សុចរិត​បំផុត​មកពី​វួដ​នៅឯ​ផ្ទះ​របស់​ខ្ញុំ ហើយ​ពួក​យើង​បាន​ផ្សារភ្ជាប់​សម្រាប់​ជីវិត​នេះ និង​អស់កល្បជានិច្ច ។ ពួក​យើង​អស្ចារ្យ និង​រីករាយ​នៅ​ក្នុង​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​គ្នា និង​ព្រះអម្ចាស់ ។  


« សារលិខិតរបស់យើងទៅកាន់ពិភពលោក គឺសាមញ្ញ ហើយដោយស្មោះ ៖ ពួកយើងសូមអញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ទាំងនៅសង្ខាងនៃវាំងននឲ្យមករកព្រះអង្គសង្គ្រោះ ទទួលយកពរជ័យនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និងសក្ដិសមសម្រាប់ជីវិតអស់កល្បជានិច្ច »

​ប្រធាន រ័សុល អិម ណិលសុន

អ្វី​ដែល​យើង​រីករាយ​រយៈពេល​ជិត ៦ ឆ្នាំ​ក្រោយមក គឺ​នៅពេល​ព្រះវិហារបរិសុទ្ធ​ស៊ីឌនី អូស្ត្រាលី ត្រូវ​បាន​ឧទ្ទិសឆ្លង​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ ១៩៨៤ ។  យើង​បាន​បើកឡាន​ចម្ងាយ ១១០០ គីឡូម៉ែត្រ​ទៅ​ចូលរួម​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ ។  ចាប់​ពី​ពេល​នោះ​មក ពួកបរិសុទ្ធ​ស្មោះត្រង់​មកពី​មែលប៊ើន និងប្រ៊ីសបាន បាន​ទៅ​ចូលរួម​ជាទៀងទាត់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​នៅ​ចុង​សប្ដាហ៍ ( រយៈពេល ១២ ម៉ោង​ទៅមក ) ទៅ​កាន់​ព្រះវិហារបរិសុទ្ធ​ស៊ីឌនី អូស្ត្រាលី –  ដោយ​ចេញ​ដំណើរបន្ទាប់ពីចប់ការងារ​ថ្ងៃសុក្រ ចំណាយ​ពេល​ថ្ងៃសៅរ៏ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និងធ្វើដំណើរ​មកវិញ​នៅ​យប់ថ្ងៃសៅរ៏ ដើម្បីមកឲ្យទាន់ពេល​ទៅ​ព្រះវិហារនៅ​ថ្ងៃ​អាទិត្យ ។  

 

នៅ​ក្នុង​ឆ្នាំ ១៩៨៨ យើង​បាន​ផ្លាស់​ទៅ​កាន់ទីក្រុងភើស អូស្ដ្រាលី​ដើម្បី​មាន​ឱកាស​ការងារ​ថ្មី ។  ព្រះវិហារ​បរិសុទ្ធ ស៊ីឌនី អូស្ត្រាលី កាលពេលនោះ​មាន​ចម្ងាយ ៤០០០ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​យើង ។  យើង​បាន​ធ្វើ​ការ​តាំង​ចិត្ត​ជា​គ្រួសារ​ដើម្បី​បើកឡាន​ទៅ​ព្រះវិហារបរិសុទ្ធ​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង ។  ពេល​ទៅដល់​ទីនោះ យើង​នឹង​ចំណាយ​ពេល​ពេញ​មួយ​សប្ដាហ៍​ចូលរួម​ពិធីបរិសុទ្ធ​នានា​ក្នុង​ព្រះវិហារបរិសុទ្ធ ។  កូនៗ​របស់​ខ្ញុំ​នៅ​តែ​មាន​ការ​ចងចាំ​ដ៏​រីករាយ​អំពី​គ្រា​ដ៏ពិសិដ្ឋ​បំផុត ដែល​យើង​មាន​ជា​មួយ​គ្នា​នៅ​ក្នុង​ឡាន​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លះធ្វើដំណើរ​ទៅមក​ឆ្លង​កាត់​ប្រទេស​អូស្ត្រាលី ។

 

នៅក្នុង​តំបន់​អាស៊ី យើង​កំពុង​រស់​នៅ​ក្នុង​ពេល​មួយ​នៃ​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ជា​ប្រវត្តិសាស្ត្រ ។ នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០១៩ ដី​ត្រូវ​បាន​បំបែក ហើយ​ទីតាំង​ត្រូវ​បាន​ឧទ្ទិស​សម្រាប់​ព្រះវិហារបរិសុទ្ធ​បាំងកក​ប្រទេសថៃ ។ នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៨ ប្រធាន ណិលសុន​បានប្រកាស​អំពី​ព្រះវិហារបរិសុទ្ធ​ប៊ែងហ្គាឡូ ប្រទេស​ឥណ្ឌា ។ ប្រាំមួយ​ខែ​ក្រោយ​មក លោក​បាន​ប្រកាស​អំពី​ព្រះវិហារបរិសុទ្ធ​កម្ពុជា ។  នៅ​ខែ​កក្កដា ឆ្នាំ ២០១៩ ព្រះវិហារបរិសុទ្ធ​ហុង​កុងត្រូវ​បាន​បិទ​សម្រាប់​ការ​ជួសជុល​ខ្នាត​ធំ ។  ការ​វិនិយោគ​ទៅលើ​ព្រះវិហារបរិសុទ្ធ​ជា​បន្តបន្ទាប់នេះ គឺ​បន្ដ​ធ្វើជា​សាក្សី​អំពី​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​ព្រះវិហារបរិសុទ្ធ​ដ៏ពិសិដ្ឋ និង​ការ​ថ្វាយបង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

 

ប្រធាន ណិលសុន​ក៏​បាន​បង្រៀន​ថា « ការសាងសង់ និង​ការ​ថែទាំ​ព្រះវិហារបរិសុទ្ធ​ពុំ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​ទេ ប៉ុន្តែ​ការ​ចំណាយ​ពេល​របស់​បងប្អូន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នឹង​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន​ដ៏​ពិត ។ ចំពោះ​បងប្អូន​ដែល​បាន​អវត្តមាន​ទៅ​ព្រះវិហារបរិសុទ្ធ​ជា​យូរ ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន ហើយ​ត្រឡប់មក​វិញ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ បន្ទាប់​មក​ខ្ញុំ​អញ្ជើញ​បងប្អូនឲ្យ​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ក្នុង​ចិត្ត​ពី​សេចក្ដីស្រឡាញ់​ដ៏​និរន្ដរ៍​របស់​ព្រះអង្គសង្គ្រោះ​មាន​ចំពោះ​បងប្អូន ដើម្បី​បងប្អូន​ម្នាក់ៗ​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន ថា​ទ្រង់​បន្ដ​ដឹកនាំ​កិច្ចការ​ដ៏ពិសិដ្ឋ និង​និរន្ដរ៍​នេះ​ដោយ​ផ្ទាល់ » ។៣

ការអញ្ជើញរបស់ព្យាការីមកកាន់ព្រះវិហារបរិសុទ្ធ

នៅ​ក្នុង​តំបន់​អាស៊ី យើង​ចាំបាច់​ត្រូវ​រៀបចំ​ជា​បន្ទាន់​សម្រាប់​ពរជ័យ​ព្រះវិហារបរិសុទ្ធ​នា​ពេល​អនាគត ។ របៀប​ដ៏​សំខាន់​ពីរ​ដែល​យើង​អាច​រៀបចំ​ខ្លួន ​រួមមាន ៖

 

  1.  ការថែទាំ​បណ្ណ​ព្រះវិហារ​បរិសុទ្ធ​សុពលភាព​មួយ ។  

 

ប្រធាន ណិលសុន​បាន​ផ្ដល់​អំណោយមួយ​ដល់​ព្រះវិហារ​ទាំងមូល នៅពេល​លោក​បាន​ចែកចាយ​អំពី​សំណួរ​ទទួល​បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​​សុពលភាព ជា​ចំណែក​នៃ​សុន្ទរកថា​បញ្ចប់​របស់​លោក​នៅ​ក្នុង​សន្និសីទ​ខែ​តុលា ឆ្នាំ ២០១៩ ។  សំណួរ​ទាំងនេះ​អាច​ជួយ​យើង​ប្រែចិត្ត ហើយ​រៀបចំ​ខ្លួន​ដើម្បី​មាន​ការ​សម្ភាស​ទទួល​បណ្ណ​ពី​អ្នកដឹកនាំ​សាសនា/វួដ ឬ​ស្ដេក/បេសកកម្ម ។ យើង​លើក​ទឹកចិត្ត​សមាជិក​ពេញ​វ័យ​ទាំងអស់ រួមទាំង​អ្នក​ដែល​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​រួចហើយ គួរ​ទៅ​ធ្វើ​បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​របស់​ពួកគេជា​ថ្មី​ពី​មុន​វា​ផុត​កំណត់ ។ ទោះ​ជា​បងប្អូន​មាន​អារម្មណ៍​ថា​ពុំ​មាន​ភាព​សក្ដិសម​ក្ដី សូម​ជួប​នឹង​ប្រធាន​សាខា ឬ​ប៊ីស្សព​របស់​បងប្អូន ដែលពួកគាត់​​រីករាយ​នឹង​ជួយ​បងប្អូន​រៀបចំ​ខ្លួន ។

 

នៅក្នុង​សុន្ទរកថា​បញ្ចប់​ដដែល​នោះ ប្រធាន ណិលសុន បាន​មានប្រសាសន៍​ថា « ខ្ញុំ​ចង់​ថ្លែង​ទៅកាន់​យុវវ័យ​របស់​យើង ។ យើង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​មាន​ភាព​សក្ដិសម​ដើម្បី​កាន់បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ប្រើប្រាស់​មានកំណត់ ។ អ្នកនឹង​ត្រូវ​សួរ​តែសំណួរ​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​អ្នក​នៅ​ក្នុង​ការ​រៀបចំខ្លួន​សម្រាប់​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស​ប៉ុណ្ណោះ ។ យើង​មាន​អំណរគុណណាស់​ចំពោះ​ភាពសក្ដិសម និង​ឆន្ទៈ​របស់​បងប្អូន​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នោះ » ។៤

 

  1. ពង្សប្រវត្តិ

 

ប្រធាន និង ស៊ីស្ទើរ ណិលសុន បន្ដ​ដាក់​គោលដៅ​ដ៏​ធំ​មួយ​នៅ​ក្នុង​កិច្ចការ​ពង្សប្រវត្តិ​ផ្ទាល់ខ្លួន​របស់​ពួកលោក ។  ប្រធាន ណិលសុន​បាន​រំឭក​យើង​ជា​ទៀងទាត់​អំពី​សារៈសំខាន់​នៃ​ការងារ​បម្រើ​ដល់​ក្រុមគ្រួសារ​របស់​យើង​នៅទាំង​សង្ខាង​​នៃ​វាំងនន ។  ខ្ញុំ​ដឹង​ចេញ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​នូវ​អំណរ​នៃ​ការ​ស្វែងរក​ជីដូនជីតា​របស់​ខ្ញុំ ដោយកត់ត្រាព័ត៌មានលម្អិត បញ្ជូនឈ្មោះ​តាម​រយៈការស្វែងរក​គ្រួសារ ហើយ​បន្ទាប់មក​ចូលរួមក្នុង​ពិធីបរិសុទ្ធដ៏ពិសិដ្ឋក្នុងព្រះវិហារ​បរិសុទ្ធ ។  

 

វា​គឺ​ជា​ការ​អធិស្ឋាន​របស់​ខ្ញុំ​សុំ​ឲ្យក្រុម​គ្រួសារ​ក្នុង​គេហដ្ឋាន វួដ និង​សាខា​របស់​យើង​ដាក់​អាទិភាព​បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ហើយ​ដាក់​បញ្ជូនឈ្មោះ​គ្រួសារ​បួនជំនាន់​របស់​យើង ដើម្បី​យើង​អាច​មាន​ភាព​សក្ដិសម​ចំពោះ​ពរជ័យ​ទាំងអស់ ដែល​នឹង​កើត​មាន ​នៅពេល​ព្រះវិហារបរិសុទ្ធ​ថ្មី ត្រូវ​បាន​ឧទ្ទិស​ឆ្លងនៅ​ទូទាំង​ទឹកដី​អាស៊ី​ដ៏​ស្រស់ស្អាត ។ ■

 


 

កំណត់​ចំណាំ ៖

 

១. ប្រធាន រ័សុល អិម ណិលសុន, « ចូរ​យើង​ខិតខំ​ទៅ » សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៨ ។

២. ប្រធាន រ័សុល អិម ណិលសុន « សុន្ទរកថា​បញ្ចប់ » សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ ២០១៩ ។

៣. ប្រធាន រ័សុល អិម ណិលសុន​« ការ​ក្លាយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គំរូ »សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨ ។

៤. ប្រធាន រ័សុល អិម ណិលសុន « សុន្ទរកថា​បញ្ចប់ » សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ ២០១៩ ។