សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​ និង​សាសនាចក្រ​របស់​ព្រះយេ​ស៊ូវ​គ្រីស្ទ 

ខណៈដែលសេចក្តីជំនឿរបស់យើងមានខ្លះដូចគ្នា ក៏មានខ្លះមិនដូចគ្នាផងដែរ ។ ហើយការយល់ពីភាពខុសគ្នានេះអាចផ្តល់ជាទស្សនៈវិស័យដ៏សំខាន់ ដែលនឹងពង្រឹងសេចក្តីជំនឿរបស់យើង និងផ្តល់ជាទិសដៅដឹកនាំនៅក្នុងជីវិតរបស់យើង ។

អែលឌើរ ឌេវិដ ភី ហូមមើរ
អែលឌើរ ឌេវិដ ភី ហូមមើរ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានតំបន់អាស៊ី

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​ជំនឿ​ដូចៗ​គ្នា​ជាច្រើន​ជាមួយ​នឹង​ពួកគ្រីស្ទាន​ដទៃ​ទៀត ។ យើង​សូម​ប្រកាស​ជា​ឧឡារិក​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ដែល​បាន​រស់នៅ​ក្នុង​ចំណោម​មនុស្ស​លោក បាន​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​នៃ​ពិភពលោក ហើយ​បន្ទាប់​ពី​ទ្រង់​សុគត បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជាអង្គ​រុងរឿង និងបាន​រស់​ឡើងវិញ ។ យើង​សូម​ប្រកាស​បន្ថែម​ទៀតថា សព្វ​ថ្ងៃ​នេះ​ទ្រង់​មាន​ព្រះជន្មនៅ​រស់​ ហើយថា​ទ្រង់​នឹង​យាង​មក​កាន់​ផែនដី​នេះ​ម្តង​ទៀត​នៅ​ថ្ងៃ​ណាមួយ ។  

 

ខណៈ​ដែល​សេចក្តី​ជំនឿ​របស់​យើងមាន​ខ្លះ​ដូច​គ្នា ក៏​មានខ្លះ​មិន​ដូចគ្នា​ផងដែរ ។ ហើយ​ការ​យល់​ពី​ភាព​ខុស​គ្នានេះ​អាច​ផ្តល់​ជា​ទស្សនៈ​វិស័យ​ដ៏​សំខាន់ ដែលនឹង​ពង្រឹង​សេចក្តី​ជំនឿ​របស់យើង និង​ផ្តល់​ជាទិសដៅ​ដឹក​នាំ​នៅក្នុង​ជីវិត​របស់​យើង ។ ភាព​ខុស​គ្នា​មួយ​ក្នុង​ចំណោម​នោះ​គឺសេចក្តី​ជំនឿ​របស់​យើងថា សាសនាចក្រ​ដែល​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បាត់​បង់​សេចក្តី​ពិត​ពីផែនដី​អស់​មួយ​រយៈ ហើយ​ក៏ត្រូវ​បាន​ស្តារឡើង​វិញ​មុន​ពេល​ទ្រង់​យាង​មក​ម្តង​ទៀត ។ 

 

ព្យាការី​បុរាណ​បាន​ព្យាករអំ​ពីព្រឹត្តិការណ៍​ទាំងនេះ ។ ព្យាការី​អេម៉ុស​នៃ​ព្រះគម្ពី​សញ្ញា​ចាស់​បាន​មាន​ប្រសាសន៍ថា ៖ « មើល​មាន​គ្រាមក​…​ដែល​យើង​នឹងចាត់​ប្រើ​អំណត់​មក​ក្នុង​ស្រុក​មិន​មែន​ជាអំណត់​ដែល​អត់​អាហារ ឬដែល​ស្រេក​ទឹក​ទេ គឺ​ជាអំណត់​ខាង​ឯការឮ​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​វិញ​… [ ហើយ ] គេ​នឹង​រត់​ច្រវាត់​ខំរក​ព្រះ​បន្ទូល​នៃព្រះ​យេហូវ៉ា​ តែ​នឹង​មិន​ប្រទះ​ឡើយ » ។1 ក្រោយ​មក​សាវក​ប៉ុល​បាន​ព្រមាន​ពួក​បរិសុទ្ធ​នៅ​ក្នុង​ថែស្សាឡូនីច​ថា ព្រះអង្គ​សង្រ្គោះ​នឹង​មិន​យាង​មក​ម្តង​ទៀត​ឡើយ « ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជាមុនសិន » ។2

 

បន្ទាប់​ពីការ​សុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ សមាជិក​នៃ​សាសនាចក្រ​ជាច្រើន​ត្រូវ​បាន​គេ​បៀត​បៀន ខណៈ​ដែល​អ្នកដទៃទៀតបាន​រសាត់​ចេញ​ពីគោលការណ៍​ដែល​បាន​បង្រៀន​ដោយ​ព្រះ​យេស៊ូវ គ្រីស្ទ និង​សាវក​របស់​ទ្រង់ ។  សាវក​ទាំងឡាយត្រូវបាន​សម្លាប់​ម្ដង​ម្នាក់ៗ ហើយ​សិទ្ធិ​អំណាច​បព្វជិតភាព— រួម​ទាំង​កូនសោ​ដើម្បី​ដឹកនាំ និង​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ — ត្រូវ​បាន​បាត់​បង់ពី​ផែនដី ។ ដោយ​គ្មាន​ការ​ណែនាំ​ពីវិវរណៈ នោះក៏​មាន​ការភាន់ច្រឡំ​ច្របូក​ច្របល់​នៅក្នុង​ការ​បង្រៀន​របស់​សាសនាចក្រ ។ ដំណឹង​ល្អ​ដែល​បាន​ស្ថាបនា​ដោយ​ព្រះយេស៊ូវ គ្រីស្ទ​ត្រូវ​បាន​បាត់បង់ ប៉ុន្តែ​នៅសេសសល់​មនុស្ស​ល្អ និង​សេចក្តីពិត ។ 


« ខ្ញុំសូមធានាថា វិវរណៈបន្ដមាននៅក្នុងសាសនាចក្រនេះ ហើយនឹងបន្ដមាននៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់ រហូតដល់ ‹ គោលបំណងរបស់ព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏មហិមា នឹងមានបន្ទូលថា កិច្ចការបានចប់សព្វគ្រប់ហើយ »

​ប្រធាន រ័សុល អិម ណិលសុន

គ្រា​នេះ គឺ​ត្រូវបាន​ហៅ​ថា​ជាការក្បត់​សាសនា​ដ៏​ធំ ។ អំឡុង​ពេលនេះ បុរស​ស្រ្តី​ជាច្រើន​បាន​ស្វែង​រកនូវសេចក្តី​ពិត ប៉ុន្តែ​ពួកគេ​មិន​អាច​រកឃើញ ។ មនុស្ស​ល្អៗ​ព្យាយាម​យល់ និងបង្រៀន​អំពីសេចក្តីពិត ប៉ុន្តែ​ពួកគេ​មិនមាន​ដំណឹងល្អ ឬសិទ្ធិ​អំណាច​បព្វជិតភាព​ពេញ​លេញ​នោះទេ ។ ជាលទ្ធ​ផល​ជំនាន់​និមួយៗ​ត្រូវបាន​ទទួល​រង​ឥទ្ធិពល​ដោយ​អ្វី​ដែល​បាន​បន្ត​ពីជំនាន់​មុនៗ រួមទាំង​ការ​ផ្លាស់ប្តូរ​ដែល​គ្មាន​សិទ្ធិ​អំណាច​នៅក្នុង​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ គ្រីស្ទផងដែរ ។

 

អ្នកដែល​ទទួល​ការបំផុសគំនិត​ឲ្យ​ស្តារព្រះវិហារ​ឡើងវិញ​ពីជំនាន់​មុន​ ដូចជា​ម៉ាទីន លូធើរ និង​ចន ខាលវិន បាន​ដឹងថា​ការ​អនុវត្ត និង​គោលការណ៍​មួយចំនួន​ត្រូវបាន​ផ្លាស់ប្តូរ ឬ​បាត់បង់ ពួកគេ​ព្យាយាម​ស្តារ​ព្រះវិហារ​នានា​ដែលជា​របស់ពួកគេ​ឡើងវិញ ។ ទោះ​ជាយ៉ាង​ណាក្តី​ដោយគ្មាន​សិទ្ធិ​អំណាច​បព្វជិត​ភាព​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ មិនអាច​វិល​ត្រឡប់​មកវិញ​ដូច​ដើម​បាន​ទេ ។ ការ​ស្តារ​ឡើង​វិញ​ត្រូវការ​ជាចាំបាច់ ។

 

បន្ទាប់មក កាល​ពីពីររយ​ឆ្នាំមុន​នៅ​ដើមឆ្នាំ ១៨២០ ព្រះវរបិតា​ដែលគង់នៅ​ស្ថានសួគ៍​បានជ្រើសរើស​ព្យាការី​ម្នាក់​ ដែល​តាមរយៈ​លោក​ នោះ​ដំណឹងល្អ សាសនាចក្រ និង សិទ្ធិ​អំណាច​បព្វជិតភាព​ពីដើម​ត្រូវ​បាន​ស្តារឡើងវិញ ។ ព្យាការី​នោះមានឈ្មោះថា​ យ៉ូសែប​ស្មីធ ។ កាលពី​ក្មេង​ យ៉ូសែប បានមានការច្របូក​ច្របល់​ដោយ​ការបង្រៀន​ផ្សេងៗគ្នា​ក្នុង​ចំណោម​ព្រះវិហារ​ជាច្រើន​នៅក្នុង​តំបន់​របស់​លោក ហើយ​លោក​ចង់ដឹង​ថាមួយ​ណា​​ដែល​ត្រឹមត្រូវ ។ ដោយ​ដឹង​ថាលោក​ខ្វះ​ប្រាជ្ញា​ លោក​ក៏បាន​ធ្វើ​តាម​ដំបូន្មាន​ដែល​បាន​រកឃើញ​នៅក្នុង​ព្រះ​គម្ពីរ​ប៊ីប​ថា « តែបើ​អ្នករាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។3

ការស្តារឡើងវិញនៃដំណឹងល្អ និងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ

នៅពេល​យ៉ូសែប​ស្ម៊ីធ​អធិស្ឋាន​ដើម្បី​ដឹង​ការ​ពិត ព្រះវរបិតា​សួគ៍ និង​ព្រះយេស៊ូវ គ្រីស្ទ បានលេចឡើងនៅ​ចំពោះ​លោក ។ ព្រះយេស៊ូវ​បាន​ប្រាប់​យ៉ូសែប មិន​ឲ្យ​ចូលរួម​ជាមួយព្រះវិហារ​ណា​មួយ​ឡើយ​ « គេ​គោរព​ប្រតិបត្តិ​ដល់​យើង​តែ​បបូរ​មាត់​ទេ ​តែចិត្ត​គេនោះ​នៅ​ឆ្ងាយ​ពីយើង​ណាស់ គេ​បង្រៀន​សេចក្តី​ដែល​ជា​បញ្ញត្តិ​របស់​មនុស្ស​វិញ ដោយ​មានឫកពា​ជាអ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះចេស្តា ដែល​មក​ដោយ​ការ​គោរព ប្រតិបត្តិ​នោះទេ » ។4 បទ​ពិសោធន៍​ប្រកប​ដោយ​អព្ភូត​ហេតុ​នេះ​បាន​ចាប់ផ្តើម​អំឡុងពេល​ដែល​សេច​ក្តីពិត ពិធីបរិសុទ្ធ និងពរជ័យ​ទាំងអស់​របស់​ព្រះ បាន​កើត​មាន​ជាថ្មី​ចំពោះ​សមាជិក​នៃ​សាសនាចក្រ​នៃព្រះ​យេស៊ូវ គ្រីស្ទ នៅ​ផ្នែក​ទាំងសងខាង​នៃ​វាំងនន ។ 

 

ពួក​ទេវតា​បាននាំ​មក​នូវ​សិទ្ធិ​អំណាច​ទេវ​ភាព​តាម​រយៈ​ព្យាការី​យ៉ូសែប​ដែលបាន​ស្តារ​សាសនា​ចក្រ​នៃព្រះយេស៊ូវ គ្រីស្ទ បាន​បំពេញ​តាម​លំនាំ​ដើម មានកូនសោ និង​តំណែង​ទាំងឡាយ​នៃ​បព្វជិត​ភាព​ជំនាន់ដើម ។ ដោយបាន​ដឹកនាំ​ដោយ​ការបំផុស​គំនិត លោក​បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។ ក្រោយ​មក​វិវរណៈ​បន្ថែម​ត្រូវបាន​បោះពុម្ព​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា និង​គម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ដើម្បី​នាំមក​នូវការ​រីកចម្រើន​ដល់​អស់​អ្នក​ដែល​ទទួល​វា ។ ព្យាការី​ដ៏ទៃទៀត និង​ការ​ដឹកនាំ​ដ៏បំផុស​គំនិត​ ក៏បាន​បន្ត​រហូត​មក​ដល់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានក្លាយជា​ព្យាការី​នៅ​ជំនាន់​របស់យើង ។

 

ជាញឹក​ញាប់​ប្រធាន ណិលសុន បានអធិប្បាយ​ថា​ការស្តារ​ឡើងវិញ​មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ ប៉ុនែ្ត​ជា​ដំណើរ​ការ​ដែល​បន្តមាន​ជានិច្ច ។ ក្នុង​ពេល​ថ្មីៗ​នេះ លោក​បានមាន​ប្រសាសន៍ថា « ខ្ញុំ​សូម​ធានា​ថា វិវរណៈ​បន្ដ​មាន​នៅ​ក្នុង​សាសនាចក្រ​នេះ ហើយ​នឹង​បន្ដ​មាន​នៅ​ក្រោមការដឹកនាំ​របស់​ព្រះអម្ចាស់ រហូត​ដល់ ‹ គោលបំណង​របស់​ព្រះ​នឹង​បាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏​មហិមា នឹង​មាន​បន្ទូល​ថា កិច្ចការ​បាន​ចប់​សព្វ​គ្រប់​ហើយ › » ។5

 

គ្មាន​សិស្ស​ដ៏​ហ្មត់ចត់​ណា​​ម្នាក់​​​នៅក្នុង​ប្រវត្តិ​សាស្រ្ត​សាសនាចក្រ ដែល​អាច​មើល​ទៅលើ​អត្រា​នៃការ​ផ្លាស់ប្តូរ​ក្នុង​ឆ្នាំថ្មីៗនេះ ហើយធ្វើការ​​សរុប​សេចក្តី​បែប​ផ្សេង​នោះ​ទេ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​​អំពី​​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អជាបន្ដ​បន្ទាប់ និង​សាសនាចក្រ​នៃព្រះ​យេស៊ូវ គ្រីស្ទ និង ព្យាការី​ដែល​នៅរស់​ក្នុង​ជំនាន់​របស់​យើង ។ ■

 

 


កំណត់​ចំណាំ

 

1. អម៉ុស ៨:១១-១២

2. ថែស្សាឡូនីច ទី​២ ២:៣                                      

3. យ៉ាកុប ១:៥

4. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៩ ។

5. រ័សុល អិម ណិលសុន « សុន្ទរកថា​បញ្ចប់ » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៩