សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

ការធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ក្លាយ​ជា​ទីនៃ​សេចក្តី​ជំនឿ

យើង​អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​នីមួយៗ​របស់​យើង​ក្លាយ​ជា​ទី​នៃ​សេចក្តី​ជំនឿ​ដោយ​ការជឿ​លើ​សេចក្តី​ល្អ​របស់​ព្រះ ហើយ​ការជឿ​ថា​ដោយ​ការរស់នៅ​តាម​គោលការណ៍​ដំណឹង​ល្អ​ទាំងឡាយ យើង​អាច​រស់​នៅ​ក្នុង​ភាព​សុខសាន្ត​និង​សុវត្ថិភាព​ខាង​វិញ្ញាណ​មិន​ថា​មាន​ឧបសគ្គ​ខាង​លោកីយ៍​ប៉ុណ្ណា​នោះ​ទេ ។ 

អែលឌើរ សូឆាត ឆៃឆាណា
អែលឌើរ សូឆាត ឆៃឆាណា នៃ​ពួកចិតសិប​នាក់

ច្រើន​ឆ្នាំ​កន្លង​មក​ហើយ កសិករ​ម្នាក់​មាន​ដី​នៅ​តាម​បណ្តោយ​ឆ្នេរ​មហា​សមុទ្រ​អាត្លង់ទិក ។ គាត់​បាន​ផ្សព្វផ្សាយ​រក​​ជួល​កម្មករ​ដោយ​ខ្ជាប់ខ្ជួន ។ មនុស្ស​ភាគ​ច្រើន​មាន​ការរារែក​ចិត្ត​ក្នុង​ការ​ទៅ​ធ្វើ​ការនៅ​កសិដ្ឋាន​តាម​បណ្តោយ​មហា​សមុទ្រ​អាត្លង់ទិក​នោះ ។ ពួក​គេ​ខ្លាច​ព្យុះ​ដ៏​អាក្រក់​ដែល​បក់​កាត់​មហា​សមុទ្រ​អាត្លង់ទិក បង្ក​ការបំផ្លិចបំផ្លាញ​អគារ​និង​ដំណាំ ។

នៅ​ពេល​ដែល​កសិករ​សម្ភាស​បេក្ខជន​សម្រាប់​ការងារ​នោះ គាត់​តែងតែ​ទទួល​បាន​នូវ​ការបដិសេធ ។  ទីបំផុត បុរស​វ័យកណ្តាល​រាង​ទាប​ស្តើង​ម្នាក់​​បាន​ចូល​មក ។

កសិករ​បាន​សួរ​បុរស​នោះ​ថា « តើ​អ្នក​គឺ​អ្នក​ពូកែ​ធ្វើ​ស្រែ​ចំការ​មែនទេ ? »

« ​បាទ ខ្ញុំ​អាច​គេង​លក់​នៅ​ពេល​ខ្យល់​បក់ » បុរស​រាង​ល្អិត​នោះ​បាន​ឆ្លើយ ។

បើ​ទោះ​ជា​មាន​ចម្ងល់​ចំពោះ​ចម្លើយ​នេះ​ក្តី និង​ដោយ​សារ​តែ​ត្រូវ​ការជំនួយ​ខ្លាំង កសិករ​នោះ​បាន​ជួល​គាត់ ។

បុរស​រាង​ល្អិត​នោះ​ធ្វើ​ការ​យ៉ាង​ល្អ​នៅ​ក្នុង​កសិដ្ឋាន រវល់​តាំង​ពី​ព្រលឹម​ដល់​ព្រលប់ ហើយ​កសិករ​មាន​ការពេញ​ចិត្ត​ជាមួយ​និង​កិច្ចការ​របស់​បុរស​នោះ​ណាស់ ។  បន្ទាប់​មក​នៅ​យប់​មួយ ខ្យល់​បក់​យ៉ាង​ខ្លាំង​ពី​ច្រាំង​សមុទ្រ ។

កសិករ​លោត​ចុះ​ពី​លើ​គ្រែ ដៃ​កាន់​ចង្កៀង​មួយ ​ហើយ​ប្រញាប់​ចេញ​ទៅ​បន្ទប់​ដេក​របស់​បុរស​ដែល​គាត់​បាន​ជួល​មក​ធ្វើការ​នោះ ។

គាត់​បាន​ដាស់​បុរស​រាង​ល្អិត​នោះ​ហើយ​ស្រែក​ថា « ក្រោក​ឡើង !  ព្យុះ​មក​ដល់​ហើយ ! ឆាប់​ទៅ​ចង​របស់​របរ​ឲ្យ​ជាប់​ពីមុន​ខ្យល់​បក់​វា​ទៅ​អស់ ! »

បុរស​រាង​ល្អិត​រមៀល​ខ្លួន​លើ​គ្រែ ​ហើយ​និយាយ​យ៉ាង​មុតមាំ​ថា « ទេ​លោក ។ ខ្ញុំ​បាន​ប្រាប់​លោក​ហើយ​ថា ខ្ញុំ​អាច​ដេក​នៅ​ពេល​ខ្យល់​បក់ ។ »


« ការធ្វើឲ្យគេហដ្ឋានរបស់យើងក្លាយជាកន្លែងដែលមានសុវត្ថិភាពនិងបរិសុទ្ធ ជាកន្លែងដែលយើងអាច « ឈរនៅទីបរិសុទ្ធនានា » គឺជារឿងចាំបាច់នៅថ្ងៃចុងក្រោយនេះ ។ ហើយវាសំខាន់ដូចជា ការរៀនសូត្រដែលផ្តោតទៅលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រសម្រាប់កម្លាំង និងការការពារខាងវិញ្ញាណរបស់យើងនាពេលបច្ចុប្បន្ននេះ វាក៏នឹងកាន់តែចាំបាច់សម្រាប់ពេលអនាគតដែរ ។ »

ដេវីឌ អេ. បេដណា « រៀបចំដើម្បីបានអ្វីៗដែលត្រូវការគ្រប់មុខ » Ensign ខែឧសភា ឆ្នាំ២០១៩

ដោយ​ខឹង​នឹង​ចម្លើយ​តប​នោះ កសិករ​ត្រូវ​បាន​ល្បួង​ឲ្យ​បញ្ឈប់​គាត់​ភ្លាម ។

ប៉ុន្តែ​ គាត់​បាន​ប្រញាប់​ចេញ​ទៅ​ក្រៅ​ដើម្បី​រៀបចំ​សម្រាប់​ព្យុះ​នោះ​ជំនួសវិញ  ។ ប៉ុន្តែគាត់​ភ្ញាក់​ផ្អើល គាត់​បាន​ឃើញ​ថា ពំនូក​ចំបើង​ទាំង​អស់​ត្រូវ​បាន​គ្រប​ពី​លើ​ដោយ​ក្រណាត់​តង់​រួចរាល់​ហើយ ។  គោ​ត្រូវ​បាន​ដាក់​ក្នុង​ក្រោល មាន់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទ្រុង​ហើយ​ទ្វារ​ទាំង​អស់​ត្រូវ​បាន​បិទ​ដាក់​គន្លឹះ​យ៉ាង​ជាប់ ។  បង្ហា​បង្អួច​ក៏​ត្រូវ​បាន​បិទ​ខ្ទាស់​យ៉ាង​ណែន​រួច​ហើយ​ដែរ ។

អ្វីៗ​ទាំង​អស់​គឺ​ត្រូវ​បាន​ចង​យ៉ាង​ជាប់​រួច​រាល់ ។  គ្មាន​អ្វី​ដែល​អាច​បក់​យក​ទៅ​បាន​ទេ ។

បន្ទាប់​មក​កសិករ​បាន​យល់​នូវ​អ្វី​ដែល​កម្មករ​របស់​គាត់​បាន​និយាយ ដូច្នេះ​គាត់​បាន​ត្រលប់​ទៅ​គ្រែ​របស់​គាត់​វិញ​ ហើយ​ចូល​ដេក​នៅ​ពេល​ខ្យល់​បាន​បោកបក់ ។ 

តើ​បងប្អូន​អាច​គេង​លក់​ក្នុង​ពេល​ខ្យល់​បោកបក់​ដែរ​ទេ ? ប្រហែល​មាន​ពេល​ខ្លះ យើង​ទាំង​អស់​គ្នា​ចង់​ដក​ខ្លួន​ ហើយ​រក្សា​ខ្លួន​ឯង​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្យុះ​ទាំងឡាយ​នៃ​ជីវិត ​និង​ពី​ព្រួញ​ពិស​ដ៏​ខ្លាំងក្លា​របស់​សាតាំង ។ យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​សាតាំង​គឺ​កំពុង​តែ​ខ្លាំងឡើងៗ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ ។ » ២   តើ​យើង​អាច​រស់​នៅ​លើ​លោកីយ៍​ប៉ុន្តែ​មិន​មែន​ជា​របស់​លោកីយ៍​ដោយ​របៀប​ណា ?

យើង​បាន​អាន​របាយ​ការណ៍​ជា​ច្រើន​ថា ជំងឺ​នៃ​សង្គម​របស់​យើង​នា​សព្វ​ថ្ងៃ​នេះ មាន​ប្រភព​មក​ពី​ការបែក​បាក់​គ្រួសារ ។ ប្រសិន​បើ​សាតាំង​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដ៏​ស្អិត​រមួត​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ចុះ​ទន់ខ្សោយ​ឬ​បំផ្លាញ​បង់ នោះ​មាន​ន័យ​ថា​វា​អាច​ធ្វើ​ឲ្យ​មាន​នូវ​សេចក្តី​វេទនា និង អពមង្គល​កាន់តែ​ច្រើន​ចំពោះ​មនុស្ស​កាន់តែ​ច្រើន​លើស​វិធី​ណាៗ​ផ្សេងៗ​ទៀត​ទាំង​អស់ ។

កន្លែង​ដើម្បី​ព្យាបាល​ជំងឺ​ស្ទើរ​តែ​ទាំងអស់​គឺ​នៅ​ក្នុង​គេហដ្ឋាន​នៃ​មនុស្ស ។ ការសាងសង់​គេហដ្ឋាន​របស់​យើង​ខាង​វិញ្ញាណ​ឲ្យ​ក្លាយ​ទៅ​ជា​បន្ទាយ​ដ៏​រឹងមាំ​នៃ​សេចក្តី​សុចរិត​សម្រាប់​ការការពារ​ពី​ឥទ្ធិពល​អាក្រក់​នៃ​លោកីយ៍​ត្រូវ​ចំណាយ​កម្លាំង​និង​ការឧស្សាហ៍​ព្យាយាម ។ បទ​គម្ពីរ​ដែល​បាន​ផុស​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ​គឺ ដំបូន្មាន​របស់​ហេលេមិន​ទៅ​កាន់​ពួក​កូន​ប្រុស​របស់​គាត់ ៖ « ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំង​ក្លា​របស់​វា​មក មែន​ហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​កួច មែន​ហើយ កាលណា​ព្រិល និង​ខ្យល់​ព្យុះ​កំណាច​ទាំង​អស់​របស់​វា​បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ ។ » 

ការធ្វើឲ្យគេហដ្ឋានរបស់យើងក្លាយជាទីនៃសេចក្តីជំនឿ

បងប្អូន​ប្រុស​ស្រី យើង​អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​នីមួយៗ​របស់​យើង​ក្លាយ​ជា​គេហដ្ឋាន​នៃ​សេចក្តី​ជំនឿ​ដោយ​ការជឿ​លើ​សេចក្តី​ល្អ​របស់​ព្រះ​និង​ការជឿ​ថា​ដោយ​ការរស់នៅ​តាម​គោលការណ៍​ដំណឹង​ល្អ​ទាំងឡាយ យើង​អាច​រស់​នៅ​ក្នុង​ភាព​សុខសាន្ត​និង​សុវត្ថិភាព​ខាង​វិញ្ញាណ​មិន​ថា​មាន​ឧបសគ្គ​ខាង​លោកីយ៍​ប៉ុណ្ណា​នោះ​ទេ ។ យើង​ត្រូវ​មាន​សេចក្តី​ជំនឿ​ដើម្បី​ប្រតិបត្តិ​តាម ដើម្បី​បន្ត​ការព្យាយាម​និង​ដើម្បី​ចិញ្ចឹម​ទស្សន​វិស័យ​វិជ្ជមាន ។

នៅ​ក្នុង​សន្និសីទ​ទូទៅ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៩ អែលឌើរ ដេវីឌ អេ. បែដណា បាន​មាន​ប្រសាសន៍​ថា ៖

ការ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ក្លាយ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​បរិសុទ្ធ ជា​កន្លែង​ដែល​យើង​អាច « ឈរ​នៅ​ទី​បរិសុទ្ធ​នានា » គឺ​ជា​រឿង​ចាំបាច់​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ហើយ​វាសំខាន់ដូចជា ការរៀនសូត្រ​ដែល​ផ្តោត​ទៅ​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ​​សម្រាប់​កម្លាំង និង​ការការពារ​ខាង​វិញ្ញាណ​របស់​យើង​នាពេល​បច្ចុប្បន្ន​នេះ វា​ក៏​នឹង​កាន់តែ​ចាំបាច់​​សម្រាប់​ពេល​អនាគត​ដែរ ។ ៤

អំឡុង​ពេល​ជំងឺ​រាតត្បាត កូវីត-១៩ យើង​ទាំងអស់​គ្នា​បាន​ឃុំ​ខ្លួន​ឯង​នៅ​ផ្ទះ ។ ខ្ញុំ​បាន​ឮ​មក​ពី​បងប្រុស​ម្នាក់​ក្នុង​វួដ​របស់​យើង​និយាយ​ថា គាត់​មិន​ដែល​យល់​នូវ​របៀប​ដែល​គេហដ្ឋាន​របស់​គាត់​អាច​ជា​កន្លែង​បរិសុទ្ធ​មួយ​រហូត​ទាល់តែ​រឿង​នេះ​បាន​កើត​ឡើង ។  នៅ​ពេល​យើង​មិន​អាច​មក​ថ្វាយ​បង្គំ​នៅ​អគារ​ព្រះវិហារ​ឬ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ថ្វាយ​បង្គំ​ហើយ​មាន​អារម្មណ៍​សុវត្ថិភាព​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង ប្រសិន​បើ​យើង​ធ្វើ​តាម​ការណែនាំ​នៃ​ថ្នាក់​ដឹកនាំ​ព្រះវិហារ​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ក្លាយជា​ទី​នៃ​ជំនឿ ។

សូម​ឲ្យ​យើង​បន្ត​ដើម្បី​ធ្វើ​រឿង​នេះ​សម្រាប់​កូនៗ​របស់​យើង​ដូច្នេះ​ដើម្បី​ឲ្យ​ពួកគេ​អាច​ធំធាត់​ឡើង​នៅ​ក្នុង​គេហដ្ឋាន​ដែល​ពោរពេញ​ដោយ​សេចក្តី​អំណរ​និង​ភាពសុខសាន្ត​នៃ​ដំណឹង​ល្អ​ហើយ​បន្ត​មាន​បទពិសោធន៍​នូវ​ឥទ្ធិពល​នាំ​ផ្លូវ​និង​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អាម៉ែន ។

 

សេចក្តី​យោង

 

១ https://www.atimetolaugh.org/sleep-when-the-wind-blows.html

 

២យូហាន ១៧:១៥

 

៣ ហេលេមិន ៥:១២

 

៤ ដេវីឌ អេ. បេដណា « រៀបចំ​ដើម្បី​បាន​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ » Ensign ខែ​ឧសភា ឆ្នាំ​២០១៩ ការដកស្រង់ គ.និង​ស. ១០១:២២ ។