សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី 

ការទុក​ឲ្យ​ព្រះ​ឈ្នះ

« កាល​យើង​ចូលរួម​ជាមួយ​នឹង​ព្យាការី​របស់​យើង​ដើម្បី​ពិចារណា​ពី​អត្ថន័យ​ថ្មី​នេះ និង​ស្វែងរក​វិធី​ដើម្បី​អនុវត្ត​និយមន័យ​ថ្មី​នេះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង នោះ​យើង​នឹង​រកឃើញ​កម្រិត​ថ្មី​នៃ​សុភមង្គល និង​សេចក្ដី​សុខសាន្ដ​នៅក្នុង​ព្រះគ្រីស្ទ ។  សូម​ពិចារណា​ជាមួយ​ខ្ញុំ​នូវ​វិធី​បី​យ៉ាង​ដើម្បី « ទុក​ឲ្យ​ព្រះ​ឈ្នះ » នៅក្នុង​ជីវិត​របស់​យើង » ។

អែលឌើរ រ៉ូបឺត ខេ វិល្លាម
អែលឌើរ រ៉ូបឺត ខេ វិល្លាម ក្នុងពួកចិតសិបនាក់

សារលិខិត​ដ៏​មាន​អានុភាព​មួយ​មកពី​ប្រធាន ណិលសុន នៅក្នុង​ការបញ្ចប់​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ បាន​ផ្ដល់ជា​គន្លង​ដ៏​សំខាន់​មួយ​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់​ក្នុង​ការជួយ​ប្រឈម​នឹង​អនាគតកាល​ដោយ​សេចក្ដី​ជំនឿ ហើយ​រង់ចាំ​ការរស់នៅ​ក្នុង​ជីវិត​ធម្មតា​ថ្មី​មួយ ។ កាល​យើង​ខិតជិត​ដល់​ចុង​ឆ្នាំ​នេះ យើង​អាច​ក្រឡេក​មើល​ក្រោយ ហើយ​មើលឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ដែល​បាន​ដឹកនាំ​យើង​ឲ្យ​ឆ្លងកាត់​ការរាតត្បាត​នៃ​ជំងឺ​ឆ្លង​ទូទាំង​សកល​នេះ ។ ព្រះហស្ដ​របស់​ទ្រង់​ក៏​កាយ​ជា​ផ្លូវ​មួយ​ឲ្យ​យើង​រស់នៅ​ដោយ​សេចក្ដី​ជំនឿ ហើយ​ឱប​ក្រសោប​អនាគតកាល​ដោយ​សុទិដ្ឋិនិយម ។

នៅក្នុង​សន្និសីទ​ទូទៅ ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវបាន​ដឹកនាំ​ឲ្យ​មាន​ការយល់ដឹង​ថ្មី​មួយ​សម្រាប់​ពាក្យ « អ៊ីស្រាអែល » ។ លោក​បាន​ពោល​ថា « ដោយ​មាន​ជំនួយ​ពី​អ្នកប្រាជ្ញ​ហេព្រើរ​ពីរ​រូប ខ្ញុំ​បាន​រៀន​ថា អត្ថន័យ​មួយ​ជា​ភាសា​ហេព្រើរ​នៃ​ពាក្យ អ៊ីស្រាអែល គឺ ‹ ទុក​ឲ្យ​ព្រះ​ឈ្នះ › ។ ដូច្នេះ ឈ្មោះ​របស់ អ៊ីស្រាអែល សំដៅ​ទៅ​លើ​បុគ្គល​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ព្រះ​ឈ្នះ​លើ​ជីវិត​របស់​គាត់ ។ គោល​គំនិត​នេះ​បាន​អង្រួន​ព្រលឹង​ខ្ញុំ ! »1

កាល​យើង​ចូលរួម​ជាមួយ​នឹង​ព្យាការី​របស់​យើង​ដើម្បី​ពិចារណា​ពី​អត្ថន័យ​ថ្មី​នេះ និង​ស្វែងរក​វិធី​ដើម្បី​អនុវត្ត​និយមន័យ​ថ្មី​នេះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង នោះ​យើង​នឹង​រកឃើញ​កម្រិត​ថ្មី​នៃ​សុភមង្គល និង​សេចក្ដី​សុខសាន្ដ​នៅក្នុង​ព្រះគ្រីស្ទ ។  សូម​ពិចារណា​ជាមួយ​ខ្ញុំ​នូវ​វិធី​បី​យ៉ាង​ដើម្បី « ទុក​ឲ្យ​ព្រះ​ឈ្នះ » នៅក្នុង​ជីវិត​របស់​យើង ។

  1. ការទុក​ឲ្យ​ព្រះ​ឈ្នះ​តាមរយៈ​ការរួបរួម​សាមគ្គី​គ្នា 

នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ដល់​ប្រជាជន​នីហ្វៃ ហើយ​បាន​បង្រៀន​ពួកគេ​អំពី​គោលលទ្ធិ​របស់​ទ្រង់ និង​បាន​បង្ហាញ​ពួកគេ​ពី​របៀប​ដ៏​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ នោះ​ទ្រង់​បាន​ប្រើ​ពាក្យ « …ពុំ​ត្រូវមាន​ការប្រកែក​គ្នា​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ឡើយ » ។2 ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ ដោយសារ​ការមិន​រួបរួម​សាមគ្គី​គ្នា និង​ការប្រកែក​គ្នា​បាន​មាន​ទូទៅ​នៅក្នុង​ចំណោម​ពួកគេ ។  មានតែ​ពេល​ប្រជាជន​បាន​រួម​សាមគ្គី​គ្នា និង​គ្មាន​ការប្រកែក​គ្នា​ប៉ុណ្ណោះ ទើប​ពួកគេ​អាច​ក្លាយ​ទៅជា​តែមួយ​ជាមួយ​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។  ២០០ ឆ្នាំ​នៃ​សេចក្ដី​សុខសាន្ដ​បាន​កើត​ជា​ផលផ្លែ ។  ការអញ្ជើញ​របស់​ខ្ញុំ​សម្រាប់​មនុស្ស​ទាំងអស់​គឺ ឲ្យ​រួបរួម​សាមគ្គី​គ្នា ។ ព្រះអម្ចាស់​បាន​ដាស់តឿន​យើង​ឲ្យ​ក្លាយជា « តែមួយ » ។  ទ្រង់​ក៏​បាន​មាន​បន្ទូល​ដែរ​ថា « …ហើយ​បើសិនជា​អ្នករាល់គ្នា​មិន​រួមគ្នា​តែមួយ​ទេ ឈ្មោះ​ថា​អ្នករាល់គ្នា​ពុំមែន​ជា​របស់​ផង​យើង​ឡើយ » ។3

ខ្ញុំ​សូម​សន្យា​ថា ប្រសិនបើ​យើង​រួមសាមគ្គី​គ្នា ហើយ​កា្លយជា​តែមួយ​នៅក្នុង​ព្រះគ្រីស្ទ នោះ​យើង​នឹង​ទទួលបាន​នូវ​សេចក្ដី​អំណរ​ដូចគ្នា​នឹង​អ្វី​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ទទួល​ដែរ ។


« នៅក្នុងវប្បធម៌របស់ព្រះគ្រីស្ទមាននូវទស្សនវិស័យ—និងផ្តោតលើភាពអស់កល្ប និងការដឹកនាំ ។ វប្បធម៌នេះគឺខ្វាយខ្វល់ពីអ្វីដែលមានតម្លៃយូរអង្វែង ! វាកើតមកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលមានភាពអស់កល្ប ហើយពន្យល់ពីមូលហេតុអ្វី អ្វីខ្លះ និងកន្លែងណានៃការមានជីវិតរស់នៅរបស់យើង ។ ( វាជាការរាប់បញ្ចូល មិនមែនមិនរាប់បញ្ចូលនោះទេ ) ។ ពីព្រោះតែវប្បធម៌នេះគឺជាលទ្ធផលមកពីការអនុវត្តតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះរបស់យើង នោះវាផ្តល់ឲ្យនូវទង្វើដែលនឹងព្យាបាលពិភពលោករបស់យើង ដែលកំពុងត្រូវការយ៉ាងខ្លាំង »

អែលឌើរ វិល្លាម ខេ ចាកសុន នៃពួកចិតសិបនាក់
  1. ការទុក​ឲ្យ​ព្រះ​ឈ្នះ​តាមរយៈ​ការទទួល​យក​វប្បធម៌​របស់​ព្រះគ្រីស្ទ

អែលឌើរ វិល្លាម ខេ ចាកសុន នៃ​ពួកចិតសិប​នាក់​បាន​ថ្លែង​ថា « នៅ​ក្នុង​វប្បធម៌​របស់​ព្រះគ្រីស្ទ​មាន​នូវ​ទស្សនវិស័យ—និង​ផ្តោត​លើ​ភាពអស់កល្ប និង​ការដឹកនាំ ។ វប្បធម៌​នេះ​គឺ​ខ្វាយខ្វល់​ពី​អ្វី​ដែល​មាន​តម្លៃ​យូរ​អង្វែង !  វា​កើត​មក​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ភាពអស់កល្ប ហើយ​ពន្យល់​ពី​មូលហេតុ​អ្វី អ្វីខ្លះ និង​កន្លែងណា​នៃ​ការ​មាន​ជីវិត​រស់នៅ​របស់​យើង ។  ( វា​ជា​ការរាប់​បញ្ចូល មិនមែន​មិន​រាប់​បញ្ចូល​នោះ​ទេ ) ។ ពីព្រោះ​តែ​វប្បធម៌​នេះ​គឺជា​លទ្ធផល​មក​ពី​ការអនុវត្ត​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង នោះ​វា​ផ្តល់​ឲ្យ​នូវ​ទង្វើ​ដែល​នឹង​ព្យាបាល​ពិភពលោក​របស់​យើង ដែល​កំពុង​ត្រូវ​ការ​យ៉ាង​ខ្លាំង » ។4

នៅពេល​យើង​បាន​ចូល​ទៅក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក នោះ​យើង​ត្រូវបាន​សម្អាត​យ៉ាង​ស្អាត​ពី​អំពើបាប​របស់​យើង ហើយ​បាន​កើត​ម្ដងទៀត​នៅក្នុង​ព្រះគ្រីស្ទ ។ យើង​បាន​ប្រែចិត្ត ហើយ​បាន​លះបង់​ទម្លាប់ និង​ការអនុវត្ត​ចាស់ៗ​ចោល ដែល​ផ្ទុយពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្ដែ យើង​អាច​នឹង​យក​មក​តាម​នូវ​ទម្លាប់​តូចតាច ឬ​ទទួល​យក​ការបង្រៀន​មិន​សូវ​សំខាន់​មក​ពី​វប្បធម៌​កំណើត​របស់​យើង ដែល​ពុំសម​នឹង​វប្បធម៌​ថ្មី​របស់​យើង​នៅក្នុង​ព្រះគ្រីស្ទ ។ 

ខ្ញុំ​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ពិនិត្យ​មើល​ជីវិត​របស់​យើង ហើយ​រកមើល​អ្វី​ទាំងឡាយ​ដែល​យើង​អាច​នឹង​បាន​យក​មក​តាម​ពី​វប្បធម៌​កំណើត​របស់​យើង ដែល​មិនមែន​ជា​របស់​ព្រះ ហើយ​ដែល​មិន​ពង្រីក​គុណតម្លៃ និង​ការរីក​ចម្រើន​ដ៏​អស់កល្ប​របស់​យើង ។ តាមរយៈ​ការរក​ឃើញ និង​ការលុបចោល​សំណល់​វប្បធម៌​ទាំងនេះ នោះ​យើង​អាច​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង​បាន ។

  1. ការទុក​ឲ្យ​ព្រះ​ឈ្នះ​តាមរយៈ​ការរង់ចាំ​ព្រះអម្ចាស់

នៅក្នុង​ពិភពលោក​ដែល​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នេះ យើង​ចង់​បាន​អ្វីៗ​គ្រប់យ៉ាង​ឲ្យ​កើតឡើង​លឿនៗ ។ ដោយ​មាន​ទស្សនៈ​នេះ យើង​ខកខាន​មិន​បាន​រៀន​ពី​ការអត់ធ្មត់ និងមិន​បាន​ចំណាយ​ពេល​រីករាយ​នឹង​ជីវិត​ឡើយ ។ នៅពេល​យើង​រង​ការឈឺចាប់ ទុក្ខសោក និង​ការរងទុក្ខ នោះ​យើង​ចង់​ឲ្យ​វា​ដល់​ទីបញ្ចប់​ឆាប់ៗ ឬ​ចប់​ភ្លាមៗ ។ យើង​រៀន​មកពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ថា ទោះជា​ក្នុង​ការឈឺចាប់ និង​ការរងទុក្ខ​ដ៏​ខ្លាំង​បំផុត​របស់​ទ្រង់ ក៏​ទ្រង់​បាន​ទ្រាំ​វា​ដោយ​ការអត់ធ្មត់ ហើយ​បាន​មាន​បន្ទូល​ទៅកាន់​ព្រះវរបិតា​របស់​ទ្រង់​ថា « …សូម​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ » ។5 ការរៀន​មាន​ចិត្ត​អត់ធ្មត់​តាមរយៈ​ការសាកល្បង​របស់​យើង គឺជា​ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។

ការទុកឲ្យព្រះឈ្នះ

សេចក្ដី​សន្និដ្ឋាន

រដូវ​កាល​នេះ​​គឺ​ពិសេស​ណាស់ ។ យើង​ចងចាំ​ដល់​ព្រះរាជបុត្រា​របស់​ព្រះ និង​ការប្រសូត​របស់​ទ្រង់ ។ យើង​ចងចាំ​ដល់​អំណោយទាន​ដែល​ត្រូវបាន​ប្រទាន​ដល់​មនុស្ស​ជាតិ​ទាំងអស់ ដោយ​ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ដែល​គង់នៅ​ស្ថានសួគ៌ ។ 

ព្រះគ្រីស្ទ​គឺជា​មូលហេតុ​នៃ​សេចក្ដី​អំណរ​របស់​យើង​នៅ​អំឡុង​រដូវកាល​នេះ ។ ពួកយើង​ជាច្រើន​បាន​ប្រឈម​មុខ​នឹង​ការបាត់បង់ និង​ការឈឺចិត្ត​ផ្ទាល់​ខ្លួន ពេល​យើង​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​រងទុក្ខ​តាម​របៀប​ណាមួយ ។ ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​លើ​ពិភពលោក​នេះ​នាំ​មក​នូវ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​សង្ឃឹម​ដល់​បុត្រា និង​បុត្រី​ទាំងអស់​របស់​ព្រះ ។ ការប្រសូត​របស់​ទ្រង់​ផ្ដល់​នូវ​អត្ថន័យ និង​គោលបំណង​ដល់​ជីវិត​របស់​យើង ។ ទ្រង់​បាន​ទ្រាំទ្រ​រាល់​ការសាកល្បង ទុក្ខសោក ការឈឺចាប់ និង​ការរងទុក្ខ​គ្រប់​ជំពូក​ដែល​បាន​កើតឡើង កំពុង​កើតឡើង ឬ​នឹង​កើតឡើង​ដល់​មនុស្ស​ជាតិ​ទាំងអស់ ជា​បុគ្គល​ម្នាក់ៗ និង​ជា​សមូហភាព ។ ទ្រង់​បាន​ធ្វើ​ការណ៍​នេះ ដើម្បី​ទ្រង់​អាច « …ដឹង​ស្របតាម​សាច់ឈាម​ថា​តើ​ត្រូវ​ជួយ​រាស្ដ្រ​ទ្រង់ [ យើង ] បែប​ណា » ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា នៅពេល​យើង​រួបរួម​សាមគ្គី​គ្នា ទទួល​យក​វប្បធម៌​របស់​ព្រះគ្រីស្ទ ហើយ​ទ្រាំទ្រ​ការលំបាក​របស់​យើង​ដោយ​ការអត់ធ្មត់ នោះ​យើង​ក្លាយជា​បុត្រា​បុត្រី​របស់​ទ្រង់ ។  យើង​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​យើង ។  ខ្ញុំ​ថ្លែង​សាក្សី​នេះ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។  

 

សេចក្ដីយោង

  1. « ទុក​ឲ្យ​ព្រះ​ឈ្នះ » ដោយ​ប្រធាន រ័សុល អិម ណិលសុន សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២០ ។
  1. « ព្រះគម្ពីរ​មរមន » នីហ្វៃ​ទី​៣ ១១: ២២ & ២៨ ។
  2. « គោលលទ្ធិ និង សេចក្ដី​សញ្ញា » ៣៨:២៧ ។
  3. « វប្បធម៌​របស់​ព្រះគ្រីស្ទ » ដោយ​អែលឌើរ វីល្លាម ខេ ចាកសុន សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២០ ។
  4. « ព្រះគម្ពីរ​ប៊ីប » ម៉ាថាយ ២៦:៤២ ។
  5. « ព្រះគម្ពីរ​មរមន » អាលម៉ា ៧:១២ ។