សារលិតិខិត​គណៈប្រធាន​តំបន់​អាស៊ី

ការ​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដ៏​ប្រសើរ

« យើង​អាច​ចូល​រួម​នឹង​ប្រធាន​ណិលសុន​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង​ផ្ទាល់​អំពី​ការ​ដឹង​គុណ ហើយ​មាន​អំណរ​គុណ​ចំពោះ​អ្វី​ដែល​យើង​មាន ជា​ជាង​ផ្ដោត​លើ​អ្វី​ដែល​យើង​ពុំ​មាន ។  យើង​អាច​សូម​ជំនួយ​ពីសួគ៌ា​ដើម្បី​បំពេញ​សេចក្ដី​សញ្ញា​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​យើង ដើម្បី​ជួយ​មនុស្ស​ដទៃ​ពេញ​មួយ​ជីវិត​របស់​យើង និង​ដើម្បី​ឈរ​ជា​សាក្សី​របស់​ព្រះ​គ្រប់​ពេល និង​គ្រប់​កាលៈទេសៈ សម្បី​តែ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ក្ដី » ។

អែលឌើរ ដេវីឌ អែហ្វ. អ៊ីវ៉ានស៍ ក្នុងពួកចិតសិបនាក់
អែលឌើរ ដេវីឌ អែហ្វ. អ៊ីវ៉ានស៍ ក្នុងពួកចិតសិបនាក់ ប្រធានតំបន់អាស៊ី

នៅក្នុង​ឆ្នាំ​២០២០ ដ៏មិនប្រក្រតី​នេះ មនុស្ស​គ្រប់គ្នា​បាន​ទទួល​រង​ឥទ្ធិពល​ពី​ការរាតត្បាត​ទូទាំង​ពិភពលោក​ដោយ​សារ​ជំងឺ​កូវីដ-១៩ ។  ដោយសារ​មាន​កូនចៅ​ជាច្រើន​របស់​ព្រះ​ជួប​បញ្ហា​នូវ​ជំងឺ​ផ្ទាល់​ខ្លួន ការបាត់បង់​ការងារ និង​ការព្រួយ​បារម្ភ ព្រមទាំង​សេចក្ដី​ស្លាប់​របស់​មនុស្ស​ជា​ទីស្រឡាញ់ នោះ​យើង​អាច​នឹង​សួរ​សំណួរ​ថាតើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដ៏​ប្រសើរ ។    

 

ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បាន​ស្គាល់​បងប្អូន​ម្នាក់ៗ​ដោយ​ផ្ទាល់ ។  ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង​ថា អែលឌើរ មៀអឺស និង អែលឌើរ ហូម័រ ហើយនិង​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​បងប្អូន​ដូចជា​យើង​បាន​ស្គាល់​បងប្អូន​ដោយ​ផ្ទាល់​ដូច្នោះ ។  យើង​បាន​បន្ថែម​ឈ្មោះ​របស់​បងប្អូន និង​បុព្វហេតុ​នានា​ទៅ​ក្នុង​បញ្ជី​ការអធិស្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ថែម​ទាំង​សូម​ឲ្យ​គណៈប្រធាន​ទីមួយ និង​ពួក​ដប់ពីរ​នាក់​ចងចាំ​បងប្អូន​នៅ​ក្នុង​ការអធិស្ឋាន​របស់​ពួក​លោក​ផង​ដែរ ។  យើង​បាន​ទួញ​យំ​ជាមួយ​នឹង​បងប្អូន​មួយ​ចំនួន នៅពេល​យើង​បាន​ដឹង​ពី​ការ​បាត់បង់​របស់​បងប្អូន​នៅ​អំឡុង​គ្រា​ដ៏​លំបាក​នេះ ។  នៅ​ក្នុង​ឆ្នាំ​នេះ ខ្ញុំ​បាន​រីករាយ ពេល​ខ្ញុំ​បាន​ឃើញ​មនុស្ស​ជាច្រើន​ចងចាំ​ពី​សេចក្ដី​សញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​ដើម្បី « . . .ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល . . .ហើយ . . .ទួញ​យំ​ជាមួយ​អ្នក​ណា​ដែល​ទួញ​យំ . . .ហើយ​កម្សាន្ត​ទុក​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កម្សាន្ត​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី​ និង​គ្រប់​ទីកន្លែង . . . »1 រួម​ទាំង​ពេល​ដែល​សេចក្ដី​ជំនឿ​ត្រូវ​បាន​សាក​ល្បង ហើយ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ផង​ដែរ ។ 

 

ខ្ញុំ​គិត​ពី​ជីវិត​របស់​ប្រធាន សាំសិន ប៉ាតារ៉ា ដែល​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ស្មោះ​ត្រង់ ដោយ​ខិតខំ​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដ៏​ប្រសើរ ។  នៅ​គ្រា​នៃ​ការ​ទទួល​មរណភាព​ភ្លាមៗ​របស់​គាត់ដោយសារ​តែ​ជំងឺ​កូវីដ-១៩ គាត់​បាន​​កំពុង​បម្រើ​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ស្តេក​បេង​ហ្គាឡូ​ឥណ្ឌា ។  គាត់​មាន​អាយុ​តែ ​៥៧​ ឆ្នាំប៉ុណ្ណោះ ហើយ​បាន​បន្សល់ទុក​ភរិយា​ដ៏​អស្ចារ្យ​របស់​គាត់ លោកស្រី ជូឌី និង​កូនស្រី វ័យជំទង់​ដ៏​ស្រស់​ស្អាត​ពីរ​នាក់ ។  បងប្រុស សាំសិន ត្រូវ​បាន​ជ្រមុជទឹក​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​សមាជិក​ដំបូង​បង្អស់​ក្នុង​សាសនាចក្រ​នៅ​ប្រទេស​ឥណ្ឌា នា​ឆ្នាំ​១៩៨៤ ក្នុង​វ័យ ២១ ឆ្នាំ ។  នៅ​ឆ្នាំ ១៩៨៦ គាត់​ត្រូវ​បាន​តែង​តាំង​ជា​អែលឌើរ ហើយ​មិន​យូរ​ប៉ុន្មាន​បាន​ចាប់​ផ្ដើម​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​គាត់ ។  តាម​រយៈ​ការ​បង្រៀន និង​ឥទ្ធិពល​របស់​គាត់ មាន​មនុស្ស​ជាច្រើន​បាន​ប្រែ​ចិត្ត​ជឿ ។  នៅ​ឆ្នាំ​២០០២ គាត់ និងលោកស្រី ​ជូឌី ​ជាទីស្រឡាញ់​របស់​គាត់​បាន​រៀបការ រួច​ហើយ​បាន​ផ្សារ​ភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ហុង​កុង ហើយ​បាន​មាន​កូនស្រី​ដ៏​ស្រស់ស្អាត​ពីរ​នាក់ ។  ប្រធាន សាំសិន បាន​បម្រើ​យ៉់ាង​ស្មោះត្រង់ ហើយ​បាន​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ជាច្រើន ។  


« តើអំណរគុណនាំឲ្យយើងរួចផុតពីទុក្ខសោក សោកសៅ ទុក្ខព្រួយ និងការឈឺចាប់ដែរឬទេ ? អត់ទេ ប៉ុន្តែវាពិតជាបានធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល ។ វានាំមកឲ្យយើងនូវទស្សនវិស័យកាន់តែធំជាងលើរាល់គោលបំណង និងសេចក្តីអំណរនៃជីវិត »

Church Newsroom ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ « ព្យាការីបានចេញផ្សាយសារលិខិតមួយស្ដីពីអំណាចព្យាបាលនៃការដឹងគុណ» ។

ពេល​ខ្ញុំ​បាន​ស្គាល់​ប្រធាន និង​ស៊ិស្ទើរ សាំសិន ខ្ញុំ​បាន​ដឹង​ថា ពួកគាត់​បាន​ចែក​រំលែក​ក្តី​អំណរ​ និង​ការខក​បំណង​នៃ​ជីវិតមួយ​ចំនួន​រួម​គ្នា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ផងដែរ ។  ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​ពួកគាត់​បាន​ស្រឡាញ់​គ្នា ហើយ​បាន​ស្វែងរក​វិធី​ផ្គត់​ផ្គង់​ដល់​គ្រួសារ​ពួកគាត់ ស្រឡាញ់​កូន​ចៅ​ពួកគាត់ បម្រើ​មនុស្ស​ដទៃ ហើយ​បំពេញ​ការហៅ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកគាត់​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ផងដែរ ។  ទោះ​ជា​ជីវិត​របស់​គាត់​ពេញ​ដោយ​សេចក្ដី​ល្អ​យ៉ាង​ណា​ក្ដី ក៏​នៅ​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ​២០២០ ប្រធាន សាំសិន ត្រូវ​បាន​ហៅ​ « ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ទៅ​ជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់​ [គាត់] »2 ហើយ​បាន​ត្រឡប់​ទៅ​ជួប​នឹង​ព្រះវរបិតា​សួគ៌​របស់​គាត់​វិញ ។  ការ​សាកល្បង​របស់​គាត់​បាន​បញ្ចប់​ហើយ ។  ឥឡូវ​នេះ វា​គឺជា​ឱកាស និង​សំណូម​ពរ​របស់​យើង​ដើម្បី​ស្រឡាញ់​ឲ្យ​គ្រប់​គ្រាន់ មាន​អំណរគុណ​ឲ្យ​គ្រប់​គ្រាន់ ហើយ​ស្មោះត្រង់​ឲ្យ​គ្រប់​គ្រាន់ ដើម្បី​យើង​អាច​ចូល​រួម​នឹង​គាត់ ហើយ​រួម​រស់​នឹង​គ្នា​ជា​រៀង​រហូត ។  

 

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា

 

 « មិន​យូរមិន​ឆាប់ ខ្ញុំ​ជឿ​ថា យើង​ទាំងអស់​គ្នា​នឹង​ជួ​ប​នូវ​គ្រាដែល​យើង​មាន​អារម្មណ៍​ថា ជីវិត​យើង​ខ្ទេចខ្ទាំ ដោយ​ទុក​ឲ្យ​យើង​នៅ​ឯកោ ខកចិត្ត ហើយ​រសាត់អណ្តែត​តាម​យថាកម្ម ។  

 

វា​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា ។ គ្មាន​នរណា​ម្នាក់ជៀស​ផុត​ឡើយ ។  

 

ស្ថានភាព​របស់​មនុស្ស​គឺខុសៗគ្នា ឯខ្សែជីវិត​នៃ​មនុស្ស​ម្នាក់ៗ ក៏​ប្លែកពីគ្នាដែរ ។ តែ​ខ្ញុំ​បាន​រៀន​ថា មាន​អ្វីមួយដែល​អាច​ដកយក​ភាព​ជូរចត់ ដែល​អាច​កើត​មាន​នៅ​ក្នុង​ជីវិត​យើង​បាន…  

 

ក្នុង​នាម​ជា​សិស្ស​នៃព្រះគ្រីស្ទ យើងត្រូវ​បាន​បញ្ជា​ឲ្យ ‹ ថ្វាយ​អំណរគុណ​ដល់​ព្រះអម្ចាស់ ជាព្រះនៃ ​[យើង] នៅគ្រប់ការណ៍​ទាំងអស់ › ឲ្យ ‹ ច្រៀង​ថ្វាយ​ព្រះអម្ចាស់​ដោយ​ពាក្យ​អរ​ព្រះគុណ › ហើយ​ឲ្យ ‹ ចិត្ត [យើង] ពោរពេញ​ទៅដោយ​អំណរគុណដល់​ព្រះ › » ។ 3

 

នៅ​ក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​ដដែល​នេះ ប្រធាន អុជដូហ្វ សន្យា​ថា « ព្រះវរបិតាសួគ៌​យើង​ត្រាស់ដឹង​ថា ការជ្រើសរើស​ដើម្បី​អភិវឌ្ឍ​ស្មារតី​នៃការ​ដឹងគុណ នឹង​នាំ​អំណរពិត និង​សុភមង្គល​ធំធេង​ដល់​យើង » ។

 

ការធ្វើឲ្យពិភពលោកនេះក្លាយជាកន្លែងមួយដ៏ប្រសើរ

ប្រធាន ណិលសុន បាន​សន្យា​ពរជ័យ​ដូចគ្នា នៅពេល​យើង​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​ពរជ័យ​ជាច្រើន​នៅ​ក្នុង​ជីវិត​របស់​យើង ។  

 

« ក្នុងរយៈពេល​ប្រាំបួន​ទសវត្សរ៍​កន្លះ​នៃ​ជីវិត​របស់ខ្ញុំ ខ្ញុំ​បាន​សន្និដ្ឋានថា ការរាប់​ពរជ័យ​របស់យើង​គឺ​ប្រសើរ​ជាង​ការរាប់​បញ្ហា​របស់​យើង​ឆ្ងាយណាស់ ។ មិនថា​ស្ថានភាព​របស់យើង​យ៉ាងណា​ក៏ដោយ ការបង្ហាញ​អំណរគុណ​ចំពោះ​ឯកសិទ្ធិ​របស់យើង​គឺជា​វេជ្ជបញ្ជា​ដែលមាន​សកម្មភាព​រហ័ស និង​យូរ​អង្វែង ។

 

« តើ​អំណរគុណ​នាំឲ្យ​យើង​រួចផុត​ពី​ទុក្ខសោក សោកសៅ ទុក្ខព្រួយ និង​ការឈឺចាប់​ដែរ​ឬទេ ? អត់ទេ ប៉ុន្តែ​វា​ពិតជា​បានធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល ។ វានាំមក​ឲ្យ​យើង​នូវ​ទស្សនវិស័យ​កាន់តែ​ធំជាង​លើ​រាល់​គោលបំណង និង​សេចក្តីអំណរ​នៃ​ជីវិត » ។4

 

ខណៈ​ដែល​មាន​វិធី​ជាច្រើន​ ដែល​យើង​អាច​ខិតខំ​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​កន្លែង​មួយ​ដ៏​ប្រសើរ ចូរ​យើង​ចាប់ផ្ដើម​ដោយ​បង្ហាញ​ការដឹងគុណ​ចំពោះ​ពរជ័យ​របស់​យើង ។  យើង​អាច​ចូល​រួម​នឹង​ប្រធាន ​ណិលសុន​ នៅ​ក្នុង​ការ​អធិស្ឋាន​របស់​យើង​ផ្ទាល់​អំពី​ការ​ដឹង​គុណ ហើយ​មាន​អំណរ​គុណ​ចំពោះ​អ្វី​ដែល​យើង​មាន ជា​ជាង​ផ្ដោត​លើ​អ្វី​ដែល​យើង​ពុំ​មាន ។  យើង​អាច​សូម​ជំនួយ​ពីសួគ៌ា​ដើម្បី​បំពេញ​សេចក្ដី​សញ្ញា​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​យើង ដើម្បី​ជួយ​មនុស្ស​ដទៃ​ពេញ​មួយ​ជីវិត​របស់​យើង និង​ដើម្បី​ឈរ​ជា​សាក្សី​របស់​ព្រះ​គ្រប់​ពេល និង​គ្រប់​កាលៈទេសៈ សូម្បី​ស្ថិត​ក្នុង​តែ​ពេល​ស្ថានភាពលំបាក​ក្ដី ។  ចូរ​យើង​មាន​អំណរ​គុណ​ចំពោះ​ព្រះ​សម្រាប់​ជីវិត និង​មនុស្ស​ជា​ទីស្រឡាញ់ ចំពោះ​ទីបន្ទាល់​របស់​យើង និង​ចំពោះ​ដំណឹងល្អ ។  សូម​ឲ្យ​យើង​រីករាយ​នៅ​ក្នុង​ពរជ័យ​នៃ​ការ​ដឹង​ថា ជីវិត​នេះ​គឺជា​គ្រា​ដ៏​ខ្លី​មួយ ហើយ​ថា​បើ​យើង​« ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់​ចត់ »5 នោះ​គ្រប់​ពរជ័យ រួម​ទាំង ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច​ជាមួយ​នឹង​គ្រួសាររបស់​យើង​ផងដែរ នឹង​ត្រូវបាន​ប្រទាន​ឲ្យ ។

 

ខ្ញុំ​សូម​ថ្លែង​សាក្សី​របស់​ខ្ញុំ​អំពី​ពរជ័យ​នៃ​ការដឹងគុណ ​« នៅគ្រប់​ការណ៍​ទាំងអស់ » ។6 ខ្ញុំ​សូម​ថ្លែង​សាក្សី ហើយ​សន្យា​ថា ព្រះ​នឹង​ព្យាបាល​ដួង​ចិត្ត​នីមួយៗ​ដែល​ខ្ទេច​ខ្ទាំ ហើយ​ប្រទាន​មធ្យោបាយ​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង ពេល​យើង​ស្រឡាញ់ ហើយ​បម្រើ​គ្នា ពង្រឹង​គ្នា ហើយ​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​ព្រះ​សម្រាប់​អ្វី​ដែល​យើង​មាន ។ 

 


សេចក្ដីយោង

1. ម៉ូសាយ ១៨:៨-៩

2.  អាលម៉ា ៤០:១១

3.  សន្និសីទទូទៅខែមេសា ឆ្នាំ២០១៤ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « អំណរគុណនៅគ្រប់ស្ថានភាព » 

4.  Church Newsroom ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ « ព្យាការីបានចេញផ្សាយសារលិខិតមួយស្ដីពីអំណាចព្យាបាលនៃការដឹងគុណ » ។ 

5.  គ. និង ស. ១២១:៨

6.  គ. និង ស. ៥៩:៧