ព្យាការី​ដឹកនាំ​យើង​មក​កាន់​ព្រះគ្រីស្ទ

« ខ្ញុំ​ដឹង​ថា នៅ​ពេល​យើង​ធ្វើ​តាម​ការបង្រៀន​ដ៏​បំផុស​គំនិត​ទាំង​ស្រុង​របស់​ព្យាការី ជា​ពិសេស​អ្នក​ទាំងឡាយ​ដែល​មិន​សប្បាយ​ចិត្ត ឬ ជួប​ការលំបាក យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​យ៉ាង​អស្ចារ្យ ។ ព្រះអម្ចាស់​នឹង​នាំ​មក​ក្នុង​ជីវិត​យើង​នូវ​អព្ភូតហេតុ​ដែល​ទ្រង់​ជ្រាបដឹង​ថា​យើង​ត្រូវ​ការ ។ មានការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង និងការគាំទ្រនៅក្នុង​គ្រួសារ​របស់​យើង ។ ឥទ្ធិពល​នៃ​មារសត្រូវ​នៅ​ក្នុង​ជីវិត​របស់​យើង និង​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង​នឹង​ថយ​ចុះ​ផង​ដែរ ។ ៧ ហើយ​តាម​រយៈ​អ្វី​ទាំង​អស់​នេះ យើង​នឹង​បាន​ខិត​កាន់​តែ​ជិត​ព្រះគ្រីស្ទ ហើយ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ទ្រង់ ។ »

អែលឌើរ ទីញ-សុង ឆាង
អែលឌើរ ទីញ-សុង ឆាង នៃពួកចិតសិប

ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជ​ទឹក​នៅ​ក្នុង​ឆ្នាំ​ ១៩៦៣ កាល​នោះ​ខ្ញុំ​មាន​អាយុ​ទើប​តែ​ប្រាំមួយ​ឆ្នាំ​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​ដឹង​ថា វា​មាន​ន័យ​យ៉ាង​ណា​ទេ​កាល​នោះ ប៉ុន្តែ​ជម្រើស​របស់​ពួកគាត់​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ​ជារៀង​រហូត ។ តាម​រយៈ​គំរូ និង​ការបង្រៀន​របស់​ពួកគាត់ នោះពួកគាត់​បាន​ដឹកនាំ​ខ្ញុំ និង​បងប្អូន​ខ្ញុំឲ្យ​​រៀន​សូត្រ និង​រស់នៅ​តាម​ដំណឹង​ល្អ ។ ជា​ញឹកញាប់ ពួកគាត់​បាន​បង្ហាញ​សេចក្តី​គោរព និង​សេចក្តី​ស្រឡាញ់​របស់​ពួកគាត់​ចំពោះ​ព្យាការី​ដែល​នៅ​រស់​ផង​ដែរ ។ ពិត​ណាស់ ការបង្រៀន​របស់​ព្យាការី​ដែល​នៅ​រស់​របស់​យើង បាន​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​តាំង​ពី​ពេល​នោះ​មក ចាប់​ផ្តើម​ពី​ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ រហូត​មក​ដល់​ព្យាការី​ដែល​នៅ​រស់​នា​ពេល​បច្ចប្បន្ន គឺ​ប្រធាន រ័សុល អិម ណិលសុន ។

 

ព្រះអម្ចាស់​ជ្រើសរើស​ពួក​ព្យាការី​ដើម្បី​ធ្វើ​ជា​អ្នកតំណាង​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ការណ៍ នេះ​​ត្រូវ​បាន​ចង្អុល​បង្ហាញ​នៅ​ក្នុង អេម៉ុស ៣:៧ ថា « ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​ទ្រង់សម្ដែង​ឲ្យ​ពួក​ហោរា ជា​អ្នក​បម្រើ​ទ្រង់​ឃើញ​គំនិត​លាក់កំបាំង​របស់​ទ្រង់​ផង » ។ យើង​មាន​សំណាង​អ្វី​ម៉្លេះ ! យើង​ដឹង​ថា ព្រះ​ទំនាក់ទំនង​មក​កាន់​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​ព្យាការី​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ ។ នៅ​ពេល​ព្យាការី​ម្នាក់​មាន​ប្រសាសន៍​ គឺ​វាជា​តំណាងថា ​​​ព្រះ​កំពុង​មាន​ព្រះបន្ទូល ។ «…គង់តែ​ពាក្យ​របស់​យើង​នឹង​មិន​កន្លង​បាត់​ដែរ ប៉ុន្តែ​ពាក្យ​ទាំង​អស់​នឹង​បាន​សម្រេច ទោះ​ជា​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » ។១ 

 

អែលឌើរ នែល អិល អាន់ឌើរសិន បាន​មាន​ប្រសាសន៍​ថា « តួនាទី​ដ៏​សំខាន់​បំផុត​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​គឺ​បង្រៀន​យើង​អំពី​ព្រះអង្គសង្គ្រោះ និង​ដឹកនាំ​ពួកយើង​ទៅកាន់​ទ្រង់ » ។ ២

 

ប្រសាសន៏នេះនាំទៅរកសំនួរមួយថា តើ​ពួក​ព្យាការី​បាន​ដឹក​នាំ​បុត្រាបុត្រី​របស់​ព្រះ​ទៅ​កាន់​ព្រះ​គ្រីស្ទ​តាម​របៀប​ណា ?


« តួនាទីដ៏សំខាន់បំផុតរបស់ព្យាការីនៃព្រះអម្ចាស់គឺបង្រៀនយើងអំពីព្រះអង្គសង្គ្រោះ និងដឹកនាំពួកយើងទៅកាន់ទ្រង់ » ។

​អែលឌើរ នែល អិល អាន់ឌើរសិន

តាមរបៀបមួយ​គឺថា​ ពួកព្យាការី​គឺ​ជា​សាក្សី​ដ៏​ពិសេស​អំពី​ព្រះគ្រីស្ទ ។ ពួកគាត់​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះ​របស់​ទ្រង់ និង​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ។ សារលិខិត​មួយ​ដ៏​ពោរពេញ​ដោយ​ព្រះចេស្តា​បំផុត ដែល​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ភក្តីភាព និង​អំណរគុណ​សម្រាប់​ព្រះអម្ចាស់​នោះ​គឺ​ជា​ទីបន្ទាល់​របស់​ព្យាការីអាលម៉ា​នៅ​ក្នុង​អាលម៉ា ៧:១១-១៣ ៖

 

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការឈឺចាប់ និង​ទុក្ខវេទនា និង​ការល្បួង​គ្រប់បែប​យ៉ាង ហើយ​ទ្រង់​ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​ឲ្យ​បាន​បំពេញ​នូវ​ពាក្យ​ទាំងឡាយ​ដែល​បាន​ចែង​ទុក​មក​ថា​ទ្រង់​នឹង​លើក​ដាក់​លើ​ខ្លួនទ្រង់ នូវ​ការឈឺចាប់​ និង​ជំងឺ​ទាំងឡាយ​របស់​រាស្ត្រ​ទ្រង់ ។

 

« ហើយ​ទ្រង់​នឹង​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​សេចក្តី​ស្លាប់ ដើម្បី​ទ្រង់​អាច​ស្រាវ​ចំណង​ទាំងឡាយ​នៃ​សេចក្តី​ស្លា​ប់ ដែល​ចង​រាស្ត្រ​ទ្រង់​ហើយ​ទ្រង់​នឹង​ដាក់​លើ​រូប​អង្គទ្រង់​នូវ​ជំងឺ​ឈឺ​ចាប់​របស់​ពួកគេ​ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្តី​មេត្តា​ករុណា​ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់​ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា​តាម​ជំងឺ​របស់​គេ ។

 

« ឥឡូវ​នេះ ព្រះ​វិញ្ញាណ​ទ្រង់​ជ្រាប​ការណ៍​សព្វ​យ៉ាង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ស៊ូ​រង​ឈឺ​ចាប់ ស្រប​តាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​យក​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​រាស្ត្រ​ទ្រង់ ដើម្បី​ទ្រង់​អាច​លុប​ចោល​នូវ​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ការ​ដោះ​លែង​របស់​ទ្រង់ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺ​ជាទី​បន្ទាល់​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ » ។

 

របៀបមួយ​ផ្សេង​ទៀត​នោះ​គឺ ពួក​ព្យាការី​​អំពាវនាវហៅ​ពួក​យើង​ឲ្យ​ប្រែចិត្ត ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្តល់​ដល់​យើង​នូវ​ការបង្រៀន​របស់​ព្រះអម្ចាស់ « ចូរ​កុំ​ថា​អ្វី​ដល់​តំណ​នេះ​ឡើយ លើក​លែងតែ​ការ​ប្រែ​ចិត្ត »៣ ។ ប្រធាន រ័សុល អិម ណិលសុន ក៏​បាន​បង្រៀន​ផង​ដែរ​ថា « នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​ជាមនុស្ស​ល្អបំផុត ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។  នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​កាន់​តែ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! »៤

 

ហើយ​ជា​ចុង​ក្រោយ ពួកព្យាការី​ទទួល​វិវរណៈ និង​ការដឹកនាំ​មក​ពី​ព្រះអម្ចាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ។ ពួកគាត់អាច​មើល​ឃើញ​អនាគត ហើយ​ព្យាករ​អំពី​ព្រឹត្តិការណ៍​នានា​ដែល​នឹង​កើត​ឡើង​ដើម្បី​ព្រមាន​ដល់​ពិភព​លោក​ជាមុន ។ ពួក​គាត់គឺ​ជា​អ្នក​យាមនៅ​លើ​ប៉ម ការពារ​យើង​ពី​គ្រោះថ្នាក់​ទាំងឡាយ​ខាង​វិញ្ញាណ​ដែល​យើង​អាចនឹង​មើល​មិន​ឃើញ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ អេសេគាល ថា ៖ « កូន​មនុស្ស​អើយ គឺ​យ៉ាង​នោះ​ឯង​ដែល​យើងបាន​តាំង​ឯង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាមដល់​ពួក​វង្ស​អ៊ីស្រាអែល ដូច្នេះចូរ​ស្តាប់​ពាក្យ​ពី​មាត់​យើង ហើយ​ប្រកាស​ប្រាប់​គេ​ឲ្យ​យើង » ។៥

 

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ប្រធាន ណិលសុន គឺ​ជា​ព្យាការី​នៅ​រស់​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។ ខ្ញុំមានពោរ​ពេញ​ដោយ​អំណរ​ដែល​យើង​មាន​វិវរណៈ​ពី​លោក​ជា​បន្តបន្ទាប់ ដូច​ជា​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ការធ្វើ​ការងារ​បម្រើ​ក្នុង​របៀប​មួយ​ដែល​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង ការស្ថាបនា​ការរៀន​ដំណឹង​ល្អ​ដោយ​ផ្តោត​លើ​គេហដ្ឋាន ការពង្រឹង​សេចក្តី​ជំនឿ​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ទាំង​សង​ខាង​នៃ​វាំងនន និង​ការធ្វើ និង​ការរក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​ជាមួយ​ព្រះអម្ចាស់ ។

 

ព្យាការីដឹកនាំយើងមកកាន់ព្រះគ្រីស្ទ

ព្រះអម្ចាស់​សន្យា​ថា « ដ្បិត​ពាក្យ​សម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូច​ជា​បាន​មក​ពី​ព្រះ​ឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ​គ្រប់​យ៉ាង  ដ្បិត​​ដោយ​សារ​ការ​ធ្វើ​ការ​ទាំង​នេះ​ហើយ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ មែន​ហើយ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្ដី​ងងឹត​ចេញ​ពី​អ្នក​ទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក និង​សិរី​ល្អ​ដល់​ព្រះ​នាមរបស់​ទ្រង់ » ។៦

 

ខ្ញុំ​ដឹង​ថា នៅ​ពេល​យើង​ធ្វើ​តាម​ការបង្រៀន​ដ៏​បំផុស​គំនិត​ទាំង​ស្រុង​របស់​ព្យាការី ជា​ពិសេស​អ្នក​ទាំងឡាយ​ដែល​មិន​សប្បាយ​ចិត្ត ឬ ជួប​ការលំបាក យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​យ៉ាង​អស្ចារ្យ ។ ព្រះអម្ចាស់​នឹង​នាំ​មក​ក្នុង​ជីវិត​យើង​នូវ​អព្ភូតហេតុ​ដែល​ទ្រង់​ជ្រាបដឹង​ថា​យើង​ត្រូវ​ការ ។ មានការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង និងការគាំទ្រនៅក្នុង​គ្រួសារ​របស់​យើង ។ ឥទ្ធិពល​នៃ​មារសត្រូវនៅ​ក្នុង​ជីវិត​របស់​យើង និង​នៅ​ក្នុង​គេហដ្ឋាន​របស់​យើង​នឹង​ថយ​ចុះ​ផង​ដែរ ។ ហើយ​តាម​រយៈ​អ្វី​ទាំង​អស់​នេះ យើង​នឹង​បាន​ខិត​កាន់​តែ​ជិត​ព្រះគ្រីស្ទ ហើយ​កាន់​តែ​ប្រែ​ក្លាយ​ដូច​ទ្រង់ ។  

 

« …យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង ។ អស់​អ្នក​ណា​ដែល​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជម្រះសម្អាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់ [ ព្រះគ្រីស្ទ ] ដែល​ស្អាត​ដែរ ។ ៨ « …រាល់​គ្នា​អើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្តី​សុចរិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់ [ ព្រះគ្រីស្ទ ] ក៏​សុចរិត​ដែរ » ។ ៩

 

ឯកសារ​យោង ៖

 

  1. គ.​និង​ស. ១:៣៨
  2. « ព្យាការី​នៃ​ព្រះ » ដោយ អែលឌើរ នែល អិល អាន់ឌើរសិន សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ​២០១៨ ។
  3. គ.​និង​ស. ៦:៩
  4. « យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង » ដោយ​ប្រធាន រ័សុល អិម ណិលសុន​សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ​២០១៩ ។ 
  5. ព្រះគម្ពីរ​ប៊ីប អេសេគាល ៣៣:៧
  6. គ និង ស ២១:៥-៦
  7. « ការក្លាយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គំរូ » ដោយ​ប្រធាន រ័សុល អិម ណិលសុន​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០១៨ ។
  8. ព្រះគម្ពីរ​ប៊ីប យ៉ូហាន​ទី​១ ៣:២-៣
  9. ព្រះគម្ពីរ​ប៊ីប យ៉ូហាន​ទី​១ ៣:៧