សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី  (July 2021)

ការពង្រឹង​សេចក្តី​ជំនឿ

តើ​យើង​អាច​ជួយ​សមាជិក​នៅក្នុង​សាសនាចក្រ​ឲ្យ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? 

អែលឌើរ ភីទើរ ហ្វ្លេចឆើរ ម៉ើរស្ស
អែលឌើរ ភីទើរ ហ្វ្លេចឆើរ ម៉ើរស្ស ទីប្រឹក្សាទីមួយក្នុងគណៈប្រធានតំបន់អាស៊ី

« ខ្ញុំ​ដឹងថា នៅពេល​យើង​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​ដ៏បំផុស​គំនិត​របស់​ប្រធាន​ណិលសុន​ឲ្យ ៖ សិក្សា ជ្រើសរើស​ជឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​សកម្មភាព​ដោយ​ជំនឿ ទទួលយក​ពិធី​បរិសុទ្ធ​ពិសិដ្ឋ​ដោយ​ភាពស័ក្តិសម និង​ទូលសូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់យើង​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះ​សេចក្តី​ជំនឿ​របស់​យើង​នឹង​រីកលូតលាស់ ហើយ​ផ្តល់​អំណាច​ដល់យើង​តាមរយៈ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​រើភ្នំ​នៅក្នុង​ជីវិត​របស់យើង » ។

 

ជាច្រើន​ឆ្នាំ​កន្លងទៅ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ប្រឹក្សា​ជាមួយគ្នា​អស់រយៈពេល​ជាច្រើន​ខែ​អំពី​សំណួរ​ថា – តើ​យើង​អាច​ជួយ​សមាជិក​នៅក្នុង​សាសនាចក្រ​ឲ្យ​បង្កើន​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? 

 

នៅក្នុង អេធើរ ១២:៥ មរ៉ូណៃ​បានផ្អាក​ការចម្លង​កំណត់ត្រា​របស់​ពួកសាសន៍​យ៉ារេឌ ហើយ​ផ្ដល់នូវ​ការអត្ថាធិប្បាយ​ដ៏មាន​ឥទ្ធិពល​មួយ​ចំនួន « អេធើរ​បាន​ព្យាករ​នូវ​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ដល់​ប្រជាជន​ដែល​ពួកគេ​ពុំ​ជឿ​សោះ ពីព្រោះ​ពួកគេ​ពុំ​បាន​ឃើញ » ។

 

នៅក្នុង​ខ​បន្ទាប់​ក្នុង​គម្ពីរ​អេធើរ មរ៉ូណៃ​បាន​រៀបរាប់​ឧទាហរណ៍​ជាច្រើន​អំពី​អំណាច​នៃ​សេចក្ដី​ជំនឿ ៖

 

  • ១២:៧ ត្បិត​គឺ​ដោយសារ​សេចក្ដី​ជំនឿ​នេះ​ហើយ ដែល​ព្រះគ្រីស្ទ​ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​អយ្យកោ​របស់​យើង  
  • ១២:១១ ហេតុ​ដូច្នោះ​ហើយ ដោយសារ​សេចក្ដី​ជំនឿ នោះ​ក្រឹត្យវិន័យ​លោក​ម៉ូសេ​ត្រូវបាន​ប្រទាន​មក
  • ១២:១២ ព្រោះ​បើសិនជា​គ្មាន​សេចក្ដី​ជំនឿ​នៅក្នុង​ចំណោម​កូនចៅ​មនុស្ស​ទេ នោះ​ព្រះ​ទ្រង់​ពុំ​អាច​សម្ដែង​អព្ភូតហេតុ នៅក្នុង​ចំណោម​ពួកគេ​បាន​ឡើយ
  • ១២:១៣ គឺ​ដោយ​សេចក្ដី​ជំនឿ​របស់​អាលម៉ា និង​អាមូលេក ដែល​បាន​ធ្វើឲ្យ​គុក​រលំ​ចុះ​ទៅ​ដី
  • ១២:១៥ គឺ​ដោយ​សេចក្ដី​ជំនឿ​របស់​អាំម៉ូន និង​ពួក​បងប្អូន​របស់​លោក ដែល​បាន​នាំមក​នូវ​អព្ភូតហេតុ​ដ៏ធំ​នៅក្នុង​ចំណោម​ពួកសាសន៍​លេមិន

 

កាល​ដែល​យើង​ពិចារណា​ឧទាហរណ៍​ទាំងនេះ នោះ​យើង​ចាប់ផ្តើម​យល់​ពីមូលហេតុ​ដែល​សំណួរ​នៃ​ការបង្កើន​សេចក្ដី​ជំនឿ​មាន​សារៈសំខាន់​ចំពោះ​ព្យាការី និង​ពួកសាវក​ដែល​នៅរស់ ។  វិវរណៈ​ដែល​ពួកលោក​បាន​ទទួល នៅពេល​ពួកលោក​ប្រឹក្សា​ជាមួយគ្នា​គឺថា ការបង្កើន​ការគោរព​ប្រតិបត្តិ​ដ៏ស្មោះត្រង់​នៅថ្ងៃ​ឈប់​សម្រាក នឹង​ជួយ​បង្កើន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជាងអ្វីៗ​ផ្សេងទៀត​ទាំងអស់ ។

 

នៅក្នុង​សុន្ទរកថា ខែ មេសា ឆ្នាំ ២០១៥ របស់​លោក « ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ » អែលឌើរ រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « សេចក្ដី​ជំនឿ​លើ​ព្រះ​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ថ្ងៃ​ឈប់​សម្រាក សេចក្ដី​ជំនឿ​លើ​ថ្ងៃ​ឈប់​សម្រាក​នាំ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ។ ថ្ងៃ​ឈប់​សម្រាក​ដ៏​ពិសិដ្ឋ ពិតជា​ថ្ងៃ​មួយ​ដ៏​សប្បាយ » ។

 

នៅក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ​របស់​លោក​នៅ ខែ មេសា ឆ្នាំ ២០២១ អំពី « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ឡើង​វិញ សេចក្ដី​ជំនឿ​លើទ្រង់​នឹង រើភ្នំ​ចេញបាន » ប្រធាន​ណិលសុន​បាន​ធ្វើ​ការអញ្ជើញ​ដែល​ព្យាករណ៍​បន្ថែម​ទៀត ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​បង្កើន​សេចក្ដី​ជំនឿ​របស់​យើង ។ 


« សេចក្ដីជំនឿលើព្រះនាំឲ្យមានសេចក្ដីស្រឡាញ់ចំពោះថ្ងៃឈប់សម្រាក សេចក្ដីជំនឿលើថ្ងៃឈប់សម្រាកនាំឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះ ។ ថ្ងៃឈប់សម្រាកដ៏ពិសិដ្ឋ ពិតជាថ្ងៃមួយដ៏សប្បាយ » ។

អែលឌើរ រ័សុល អិម ណិលសុន

« សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​នៃ​ជំនឿ​ទាំងអស់ និង​ជា​របៀប​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ។ 

អ្វីៗ​គ្រប់យ៉ាង​ដែល​ល្អ​ក្នុង​ជីវិត—គ្រប់​ពរជ័យ​ដែល​សំខាន់​ដ៏​អស់កល្ប—ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ ។ ការទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​យើង ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដឹកនាំ​យើង ។ ការប្រែចិត្ត​ដ៏​ពិត​ចាប់ផ្ដើម​ដោយ​សេចក្ដី​ជំនឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​សម្អាត ព្យាបាល និង​ពង្រឹង​យើង » ។ 

 

លោក​ក៏បាន​ផ្តល់ឲ្យ​យើង​នូវ​ការអញ្ជើញ​ដ៏មាន​អានុភាព​ចំនួន ៥ ដើម្បី​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​ផងដែរ ។

 

« ទីមួយ សូម សិក្សា ។ សូម​ក្លាយជា​អ្នករៀន​ដ៏​ឧស្សាហ៍ ។ សូម​ជ្រមុជ​ខ្លួន​បងប្អូន​នៅក្នុង​បទគម្ពីរ ដើម្បី​យល់ពី​បេសកកម្ម និង​ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ​កាន់តែ​ច្បាស់ …  

 

…ទ្រង់​បាន​លើក​ដាក់​មកលើ​ព្រះអង្គ​ទ្រង់​នូវ​ការឈឺចាប់ របស់​បងប្អូន កំហុស របស់​បងប្អូន ភាពទន់ខ្សោយ របស់​បងប្អូន និង​អំពើបាប របស់​បងប្អូន ។ ទ្រង់​បាន​បង់​ថ្លៃ​សង ហើយ​បាន​ផ្ដល់​អំណាច​ឲ្យ​បងប្អូន​អាច​រើ​ភ្នំ ទាំងអស់ដែល​បងប្អូន​នឹង​ជួប​ប្រទះ… ការរើ​ភ្នំ​របស់​បងប្អូន​អាច​តម្រូវ​ឲ្យមាន​អព្ភូតហេតុ​កើតឡើង ។ សូម​រៀនពី​អព្ភូតហេតុ ។ អព្ភូតហេតុ​កើតមាន​ស្របតាម​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះអម្ចាស់ ។ អ្វី​ដែល​សំខាន់​ចំពោះ​សេចក្ដី​ជំនឿ​នោះ​គឺ ការទុកចិត្ត​លើ​ព្រះទ័យ និង​កាលវិភាគ​របស់​ទ្រង់—របៀប និង​ពេលវេលា​ដែល​ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន ឲ្យ​ទទួលបាន​ជំនួយ​ដ៏​អព្ភូតហេតុ​ដែល​បងប្អូន​ចង់បាន​នោះ ។ មានតែ ការឥត​ជំនឿ របស់​បងប្អូន ទេ ដែល​នឹង​រារាំង​មិនឲ្យ​ព្រះ​ប្រទានពរ​ដល់​បងប្អូន ឲ្យ​មាន​អព្ភូតហេតុ​រើ​ភ្នំ​ក្នុង​ជីវិត របស់​បងប្អូន នោះ…ព្រះអង្គ​សង្គ្រោះ​នឹង​គង់នៅ​កាន់តែ​ជិត​បងប្អូន ពេល​បងប្អូន​កំពុង​ជួប​បញ្ហា ឬ​កំពុង​ឡើង​ភ្នំ ដោយ​សេចក្ដី​ជំនឿ » ។ [ សូម​មើល មរ៉ូណៃ ៩:១៩-២១ ]

 

« ទីពីរ សូម​ជ្រើសរើស​ដើម្បី ជឿ លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​បងប្អូន​សង្ស័យ​ពី​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ឬ​ពី​ភាពពិត​នៃ​ការស្ដារ​ឡើងវិញ ឬ​សេចក្ដីពិត​ពេញលេញ​នៃ​ការហៅ​ដ៏​ទេវភាព​របស់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី នោះ​សូម ជ្រើសរើស ជឿ [ សូមមើល នីហ្វៃ ទី ២ ៣៣:១០-១១ ] ហើយ​បន្ដ​នៅ​ស្មោះត្រង់ ។ សូម​យក​សំណួរ​របស់​បងប្អូន​ទូលទៅ​ព្រះអម្ចាស់ និង​ទៅកាន់​ប្រភព​ដ៏​ស្មោះសរ​ផ្សេងទៀត ។ សូម​សិក្សា​ដោយ​មាន​បំណង​ចិត្ត​ដើម្បី ជឿ ជាជាង​សង្ឃឹម​ថា បងប្អូន​នឹង​រកឃើញ​កំហុស​ក្នុង​ជីវិត​របស់​ព្យាការី ឬ​ភាពមិន​ស្របគ្នា​នៅក្នុង​បទគម្ពីរ ។ សូម​ឈប់​បង្កើន​ការសង្ស័យ​របស់​បងប្អូន ដោយ​ទៅការពិភាក្សា​ជាមួយ​អ្នកសង្ស័យ​ផ្សេងទៀត ។ សូម​ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​បងប្អូន​ក្នុង​ដំណើរ​រុករក​ខាង​វិញ្ញាណ​របស់​បងប្អូន » ។

 

« ទីបី សូម​ ធ្វើ​សកម្មភាព ដោយ​ជំនឿ ។ តើ​បងប្អូន​នឹង​ធ្វើអ្វីខ្លះ បើសិនជា​បងប្អូន​មាន​ជំនឿ បន្ថែមទៀត នោះ ? សូមគិត​ពី​ការណ៍​នេះ ។ សូម​កត់ត្រា​វា​ទុក ។ រួចហើយ សូម ទទួល​ជំនឿ​បន្ថែមទៀត តាមរយៈ​ការធ្វើ​អ្វីមួយ​ដែលតម្រូវ​ឲ្យមាន​ជំនឿបន្ថែម » ។

 

« ទីបួន សូម ទទួលយក​ពិធីបរិសុទ្ធ​ពិសិដ្ឋ ដោយ​ភាពស័ក្ដិសម ។ ពិធីបរិសុទ្ធ​ចាក់សោ​បើក​ព្រះចេស្ដា​នៃ​ព្រះ​មកក្នុង​ជីវិត​របស់​បងប្អូន ។ [ សូមមើល គ. និង ស. ៨៤:២០ ] » 

 

« ហើយ​ទីប្រាំ ចូរ ទូល​សូម ជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។  សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​សកម្មភាព ។ ការទទួល​វិវរណៈ​តម្រូវ​ឲ្យ​មាន​ការអនុវត្ត ។ ប៉ុន្ដ « អស់​អ្នកណា​ដែល​សូម នោះ​រមែង​បាន អ្នកណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នកណា​ដែល​គោះ​ដែរ ។ [ សូម​មើល ម៉ាថាយ ៧:៨ ] » ព្រះ​ជ្រាបពី​អ្វី​ដែល​នឹង​ជួយដល់​សេចក្ដី​ជំនឿ​របស់​បងប្អូន​ឲ្យ​រីកចម្រើន ។ ចូរ​សូម​ហើយ​សូម​ទៀត » ។

ការពង្រឹងសេចក្តីជំនឿ

ប្រធាន​ណិលសុន​ក៏បាន​ទូន្មាន​ផងដែរ​ថា « សូម​កុំ​កាត់បន្ថយ​សេចក្ដី​ជំនឿ ដែល​បងប្អូន​មាន​រួចទៅហើយនោះ​ឡើយ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ​នេះ ហើយ​បន្ដ​នៅ​ស្មោះត្រង់ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើតាម​ព្យាការី ជាជាង​ធ្វើតាម​អ្នកជំនាញការ និង​ទស្សនៈ​ល្បីល្បាញ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​បម្រើ​បេសកកម្ម​អំឡុងពេល​ជំងឺ​រាតត្បាត ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​មាន​ជីវិត​មួយ​ដ៏​បរិសុទ្ធ កាល​លោកិយ​ស្រែក​ថា ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះ​គឺ​ហួស​សម័យ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​ក្នុង​ពិភពលោក​មួយ​ដែល​មិន​ជឿលើ​ព្រះ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​អង្វរ​សូម​ជីវិត​របស់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ហើយ​វា​ត្រូវការ​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ដើម្បី​ទទួល​យក​ចម្លើយ​ដែល​មិន​ដូច​ចិត្ត​នោះ » ។

 

បន្ទាប់​មក លោក​បាន​ចែកចាយ​ការសន្យា​ដ៏មាន​ឥទ្ធិពល​ចំនួន​ពីរ ។ « សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ទ្រង់ ដែល​ចម្រើន​ឡើង នឹង​រើ​ភ្នំ​ចេញ—មិន​មែន​ជា​ភ្នំ​ថ្ម​ដែល​ធ្វើឲ្យ​ផែនដី​នេះ​ស្រស់ស្អាត​នោះ​ទេ—តែ​ជា​ភ្នំ​នៃ​ទុក្ខសោក​នៅក្នុង​ជីវិត​របស់​បងប្អូន​វិញ ។ សេចក្ដី​ជំនឿ​ដ៏​លូតលាស់​របស់​បងប្អូន​នឹង​ជួយ​បងប្អូន​ឲ្យ​បង្វែរ​ឧបសគ្គ​ទៅជា​ការរីកចម្រើន និង​ឱកាស​ដ៏មិន​អាច​ប្រៀបផ្ទឹម​បាន​វិញ » ។

 

ខ្ញុំ​សូម​បង្ហាញ​ការដឹងគុណ និង​សេចក្តី​ស្រឡាញ់​ចំពោះ​ព្យាការី​ដ៏ពិត​របស់​ព្រះ​ដែល​បន្ត​បង្រៀន និង​អញ្ជើញ​យើង ។  ខ្ញុំ​ដឹងថា នៅពេល​យើង​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​ដ៏បំផុស​គំនិត​របស់​ប្រធាន​ណិលសុន​ឲ្យ ៖ សិក្សា ជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​សកម្មភាព​ដោយ​ជំនឿ ទទួលយក​ពិធី​បរិសុទ្ធ​ពិសិដ្ឋ​ដោយ​ភាពស័ក្តិសម និង​ទូលសូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់យើង​ដោយ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះ​សេចក្តី​ជំនឿ​របស់​យើង​នឹង​រីកលូតលាស់ ហើយ​ផ្តល់​អំណាច​ដល់យើង​តាមរយៈ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​រើភ្នំ​នៅក្នុង​ជីវិត​របស់យើង ។