សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (August 2021)

ការសង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះគ្រីស្ទ

« នៅពេល​យើង​ធ្វើត្រាប់​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មាន​សកម្មភាព​នៃ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ នោះ​ព្រះ​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ។  ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​សេចក្ដី​ស្រឡាញ់​ដែល​មាន​សកម្មភាព ។ នេះ​គឺជា​ចំណុច​សំខាន់​នៃ​ជីវិត​ដ៏មាន​អំណរ​មួយ » ។

អែលឌើរ ចន ហ្គាត់ធី
អែលឌើរ ចន ហ្គាត់ធី ក្នុង​ពួក​ចិតសិប​នាក់

ការី​ហេលេមិន​បាន​ថ្លែង​ទីបន្ទាល់​ថា « … គឺ​នៅលើ​សិលា​នៃ​ព្រះដ៏​ប្រោសលោះ​នៃ​យើង​គឺ​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន... ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើសិនណា​មនុស្ស​សង់​នៅលើ​នោះ នោះ​ពួកគេ​មិន​អាច​រលំ​បាន​ឡើយ » ។ [i]

 

ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ប្រភព​ដ៏ពិត​នៃ​សុភមង្គល និង​អំណរ​របស់​យើង ។  ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​គាំទ្រ​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា ។  ការបង្រៀន និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់​ធ្វើឲ្យ​បុគ្គល​ម្នាក់ៗ​អាច​សង្គ្រោះ​បាន ។ ជំហាន​ទីមួយ​របស់​យើង​ទៅកាន់​សេចក្ដី​សង្គ្រោះ​គឺជា​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។ 

 

ប៉ុន្ដែ ការស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការធ្វើតាម​អស់​មួយ​ជីវិត ។  ការទុកចិត្ត​លើ​ព្រះ និង​ការឆ្ពោះ​ទៅ​មុខ​ក្នុង​ជីវិត ទោះជា​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងអស់​ក្ដី គឺជា​ចំណុច​សម្គាល់​របស់​សិស្ស​ដ៏ស្មោះត្រង់​ម្នាក់ ។ កាល​យើង​ព្យាយាម​គោរព​តាម​ការបង្រៀន​របស់​ព្រះគ្រីស្ទ និង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ នោះ​នៅ​ទីបញ្ចប់ យើង​នឹង​ដុសខាត់​គំនិត សកម្មភាព និង​ព្រលឹង​របស់​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះគ្រីស្ទ ។

 

នៅឯ​ពិធីបុណ្យ​ជ្រមុជ​ទឹក យើង​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។ រៀងរាល់​សប្ដាហ៍ យើង​ចុះ​សេចក្ដី​សញ្ញា​តាមរយៈ​ពិធី​សាក្រាម៉ង់​ថា​នឹង​ចងចាំ​ដល់​ទ្រង់​ជានិច្ច ។  ការណ៍​នេះ​គឺ​សំខាន់ ដើម្បី​យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង ក្នុង​សកម្មភាព​ទាំងអស់​របស់​យើង​ជានិច្ច « …ដើម្បី​ណែនាំ​អ្នក​ទៅតាម​ផ្លូវ​ទាំងឡាយ​ខាង​ប្រាជ្ញា ដើម្បី​អ្នករាល់គ្នា​អាច​បាន​ពរ​ចម្រើន​ឡើង ហើយ​ស្ថិតស្ថេរ​ជាប់​នៅ » ។ [ii]  

 

« សេចក្ដី​ជំនឿ​ដ៏ពិត​ប្រាកដ​ផ្ដោតលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​តែង​ដឹកនាំ​ទៅរក​សកម្មភាព​ជានិច្ច » [iii] ហើយ​សេចក្ដី​ជំនឿ​គឺជា​គោលការណ៍​នៃ​សកម្មភាព ដែល​ដឹកនាំ​យើង​ទៅរក​សេចក្ដី​សុចរិត ។  សេចក្ដី​សុចរិត​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​អំណាច​ខាង​វិញ្ញាណ​តាមរយៈ​ព្រះគ្រីស្ទ ដោយសារ « …អំណាច​នៃ​ស្ថានសួគ៌​ពុំ​អាច​ត្រួតត្រា ឬ​កាន់កាប់​បាន​ឡើយ លើក​លែងតែ​ដោយ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ » ។ [iv]  

 

អ្នកបម្រើ​ដ៏ស្មោះត្រង់​របស់​ព្រះអម្ចាស់​អនុវត្ត​សេចក្ដី​ជំនឿ​ដើម្បី​បម្រើ​ព្រះយេស៊ូវ​គ្រីស្ទ និង​បុត្រា​បុត្រី​របស់​ព្រះ​នៅលើ​ផែនដី ។  ដូចជា​ស្ដេច​បេនយ៉ាមីន​ដែល​បាន​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​ចំណាយ​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​បម្រើ​ដល់​ព្រះ និង​មនុស្ស​ដទៃ​ដែរ នោះ​យើង​គួរតែ​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការបម្រើ​ដល់​មនុស្សជាតិ​របស់​យើង ។  នៅពេល​យើង​ធ្វើត្រាប់​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មាន​សកម្មភាព​នៃ​សេចក្ដី​ស្រឡាញ់ និង​ការបម្រើ នោះ​ព្រះ​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ។  ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​សេចក្ដី​ស្រឡាញ់​ដែល​មាន​សកម្មភាព ។ ការណ៏នេះ​គឺជា​ចំណុច​សំខាន់​នៃ​ជីវិត​ដ៏មាន​អំណរ​មួយ ។ 

 


« សេចក្ដីជំនឿដ៏ពិតប្រាកដផ្ដោតលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយតែងដឹកនាំទៅរកសកម្មភាពជានិច្ច »

អែលឌើរ ដាវីឌ អេ បែដណា

របៀប​មួយ​ចំនួន​ដើម្បី​ជួយ​យើង​ឲ្យ​បីបាច់​សេចក្ដី​ជំនឿ​របស់​យើង និង​សង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ដូចជា ៖

 

  1. សូម​ស្រឡាញ់​ព្រះ​ឲ្យអស់ពី​ចិត្ត ព្រលឹង ពលំ គំនិត និង​កម្លាំង​របស់​បងប្អូន​ជានិច្ច ហើយ​ដូចគ្នា​ដែរ សូម​ស្រឡាញ់​អ្នកជិតខាង​របស់​បងប្អូន​ឲ្យដូចជា​ខ្លួន​បងប្អូន​ដែរ ។ ( សូមមើល ម៉ាកុស ១២:៣០, ម៉ាថាយ ២២:៣៧–៣៩, មរ៉ូណៃ ១០:៣២–៣៣, គ. និង ស. ៤:២ )
  2. សូម​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ជានិច្ច ។ ( សូមមើល យ៉ូហាន ១៤:១៥ )
  3. សូម​មាន​ភាពស័ក្ដិសម​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ។  មាន​តែ​តាមរយៈ​ព្រះវិញ្ញាណ​ បរិសុទ្ធ​ប៉ុណ្ណោះ ទើប​យើង​អាច​រៀន​ពី​អត្ថន័យ​ដ៏ពិត​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង​បាន ។ ( សូមមើល យ៉ូហាន ១៥:១៦, មរ៉ូណៃ ១០:៥–៧ )
  4. សូម​រៀនសូត្រ​ពី​ព្រះគម្ពីរ​ជានិច្ច ដើម្បី​ឲ្យ​ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ( សូមមើល យ៉ូហាន ៥:៣៩ )
  5. សូម​អធិស្ឋាន​ជានិច្ច ហើយ​អរព្រះគុណ​ព្រះវរបិតាសួគ៌​ក្នុង​ព្រះនាម​របស់​ព្រះគ្រីស្ទ​ជារៀង​រាល់ថ្ងៃ ។ ( សូមមើល នីហ្វៃ​ទី​៣ ១៨:១៩, គ. និង ស. ៤៦:៣១–៣២ )
  6. សូម​ធ្វើតាម​ព្យាការី​ដែល​នៅរស់​ជានិច្ច ដោយសារ​ការធ្វើ​ដូច្នោះ​នាំឲ្យ​មាន​សុវត្ថិភាព ។ ( សូមមើល គ. និង ស. ២១:៤–៦ )

 

សាវក​ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​ថា « ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​បញ្ញា​ចិត្ត​ជ្រះថ្លា ហើយ​ពី​សេចក្តី​ជំនឿ​ដ៏​ស្មោះត្រង់​វិញ » ។ [v]   ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា ទ្រង់​មិន​ដែល​ស្វែងរក​មាសប្រាក់​នោះទេ ហើយ​ក៏មិន​ធ្វើតាម​របៀប​នៃ​អ្នកមាន​ទ្រព្យ​នៃ​ពិភពលោក​នេះ​ដែរ ។  ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ត្រូវបាន​ថែរក្សា និង​ថែទាំ​ដោយ​ព្រះអម្ចាស់​ដើម្បី​បម្រើ​ដល់​ប្រជាជន ។  ទ្រង់​ព្រមាន​ថា អស់​អ្នក​ដែល​មិនមាន​មនសិការ​ច្បាស់លាស់ ដែល​បដិសេធ​មិន​ព្រម​ប្រែចិត្ត នឹង​ចាកឆ្ងាយ​ពី​ព្រះ​ដោយសារ​តែ​កំហុស​របស់​ពួកគេ ។  ប៉ុន្ដែ​ពួកសុចរិត​ដែល​ស្រឡាញ់ និង​បម្រើ​ដល់​មនុស្ស​ដទៃ ហើយ​កាន់តាម​ព្រះបញ្ញត្តិ នោះ​នឹង​ចូល​ទៅក្នុង​ស្ថានភាព​ដ៏មាន​ពរជ័យ និង​រីករាយ ។ នៅក្នុង ម៉ូសាយ ២:៤១ ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ថា នេះ​គឺជា « ស្ថានភាព … នៃ​អស់​អ្នកណា​ដែល​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់យ៉ាង ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផង » ។ ទ្រង់​បាន​បន្ដ​ថ្លែង​ទីបន្ទាល់​នៅក្នុង​ខគម្ពីរ​នេះ​ថា មនុស្ស​ទាំងអស់​ដែល​ស៊ូទ្រាំ​ដល់​ចុង​បំផុត « … នឹង​ត្រូវបាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។

 

 

ការសង់គ្រឹះរបស់យើងនៅលើព្រះគ្រីស្ទ

ពេល​គិត​ដល់​កុមារភាព​របស់​ខ្ញុំ ខ្ញុំ​ត្រូវបាន​បង្រៀន​ពី​ភាពពិត និង​ទេវភាព​របស់​ព្រះ ហើយ​ថា ការគោរព​តាម​ទ្រង់​ធានា​ឲ្យ​ខ្ញុំ​មាន​ពរជ័យ​ទាំងឡាយ​របស់​ទ្រង់ ។ ខ្ញុំ​សូម​បង្ហាញ​ការកោត​សរសើរ និង​ការដឹង​គុណ​របស់​ខ្ញុំ​ចំពោះ​ក្រុមគ្រួសារ និង​បុគ្គល​ទាំងអស់​ដែល​បម្រើ​ដល់​ព្រះ តាមរយៈ​ការធ្វើការ​ដោយ​ឥត​ឈប់ឈរ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​មនុស្ស​ដទៃ ។

 

សូម​កុំឲ្យ​មាន​កន្លែង​សម្រាប់​ការស្អប់ និង​ការឆ្មើងឆ្មៃ​នៅក្នុង​ជីវិត​របស់​យើង​ឡើយ ។ យើង​ត្រូវតែ​បន្ទាបខ្លួន និង​ដាក់ខ្លួន​តាម​ព្រះទ័យ​របស់​ព្រះ ។  ការទាក់ទង​ដ៏ខ្ជាប់ខ្ជួន និង​ឥត​ឈប់ឈរ​ជាមួយ​នឹង​ព្រះ ជួយ​យើង​ឲ្យ​សម្រេច​បាន​ការណ៍​នេះ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ទូន្មាន​ថា « ការសាកល្បង​ដ៏ធំ​ក្នុង​ជីវិត គឺ​ការគោរព​ប្រតិបត្តិតាម​ព្រះ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ‹ យើង​នឹង​សាកល្បង​ពួកគេ​មើល​បើសិនជា​ពួកគេ​នឹង​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​ពួកគេ នឹង​បញ្ជា​ដល់​ពួកគេ › ។ ( អ័ប្រាហាំ ៣:២៥ ) ។ កិច្ចការ​ដ៏ធំ​ក្នុង​ជីវិត គឺ​ការរៀនសូត្រ​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ រួចហើយ​ធ្វើតាម​ព្រះទ័យ​ទ្រង់ ។ ព្រះបញ្ញត្តិ​ដ៏ធំ​ក្នុង​ជីវិត គឺ​ការស្រឡាញ់​ព្រះអម្ចាស់ » ។  [vi]

 

ខ្ញុំ​មាន​ទីបន្ទាល់​អំពី​ការភ្ជាប់​នឹង​ព្រះ​តាមរយៈ​ការអធិស្ឋាន ។  កាល​ខ្ញុំ​អធិស្ឋាន នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់ និង​ភាពកក់ក្ដៅ​របស់​ព្រះ ។  ខ្ញុំ​បាន​រៀន​កាលពី​វ័យក្មេង​ថា « ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់នឹង​ដឹកនាំ​កូន​ទៅរក​ការល្អ » ។ [vii] ការអធិស្ឋាន​នេះ​គឺជា​ចម្លើយ​ចំពោះ​សំណួរ​ជាច្រើន ។ នៅពេល​យើង​អំពាវនាវ​សូម​សេចក្ដី​មេត្តា ការបន្ទាប​ខ្លួន និង​សូម​ឲ្យ​អ្នកផ្ទះ​យើង​មាន​អំណាច​ប្រឆាំង​នឹង​ពួកសត្រូវ​របស់​យើង ប្រឆាំង​នឹង​អារក្ស និង​មាន​ការប្រែចិត្ត នោះ​សូម​ឲ្យ​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​ដួងចិត្ត​ពេញដោយ​ការអភ័យទោស និង​បរិសុទ្ធភាព ។  

 

តំបន់​អាស៊ី​មាន​ពរជ័យ​ដោយសារ​ការប្រកាស​សង់​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន ។  យើង​អធិស្ឋាន​សូមឲ្យ​មនុស្ស​គ្រប់គ្នា​ដឹង មាន​អារម្មណ៍ និង​ដក​ពិសោធន៍​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ​ទាំងនេះ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ដែល​នឹង​ធ្វើឡើង​នៅ​ទីនោះ ។  ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះ​គឺ​មាន​ពិត ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។  មានតែ​តាមរយៈ​ការសង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះគ្រីស្ទ​ប៉ុណ្ណោះទេ ទើប​យើង​អាច​រកឃើញ​សុភមង្គល​ដ៏ពិត​នៅក្នុង « … សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត » [viii] ហើយ​ត្រឡប់​ទៅកាន់​ផ្ទះ​សួគ៌ា​របស់​ព្រះ​វិញ​បាន ។  នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

 


កំណត់​ចំណាំ

 

[i] ហេលេមិន ៥:១២

[ii] ម៉ូសាយ ២:៣៦ 

[iii] ដេវីឌ អេ បែដណា « Seek Learning by Faith » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ។

[iv] គ. និង ស. ១២១:៣៦ 

[v] ធីម៉ូថេ ទី១ ១:៥ 

[vi] អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Great Commandment, Love the Lord » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ។

[vii] អាលម៉ា ៣៧:៣៧

[viii] ភីលីព ៤:៧