សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (September 2021)

សេចក្តី​ស្រឡាញ់​សម្រាប់​មនុស្ស​គ្រប់រូប

« ទោះ​បី​យើង​ជំពាក់​ព្រះអង្គ​សង្រ្គោះ​របស់យើង​នូវ​បំណុល​ដ៏​អស់កល្ប​ដែលមិន​អាច​សងវិញ​បាន ក៏ដោយ តែអ្វី​ដែល​ទ្រង់​សុំពី​យើង​នោះគឺ​ ឲ្យ​យើង​ស្រឡាញ់​ព្រះ រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ និង​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំងអស់ » ។  

អែលឌើរ ស្ទេផាន ស៊ី ខេ ឡៃ
អែលឌើរ ស្ទេផាន ស៊ី ខេ ឡៃ ក្នុង​ពួក​ចិតសិប​នាក់

សេចក្តី​ស្រឡាញ់​គឺជា​ការបង្ហាញ​ជាសកល​ដែល​វិសេសវិសាល​បំផុត​នៅគ្រប់​ភាសា វប្បធម៌ សញ្ជាតិ និង​សាសនា ។  បើ​គ្មាន​សេចក្តី​ស្រឡាញ់​ទេ នោះយើង​ច្រើន​តែ​ជួបភាព​វឹកវរ ការរងទុក្ខ ការស្អប់ ទុក្ខព្រួយ និង​ការស្លាប់ ។  ព្រះគ្រីស្ទបានព្យាករ និងព្រមានទុក​ជាមុន​ថា « ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់​នឹង​ចម្រើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្តី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ » [1] ដែល​វា​ផ្ទុយ​ពីនិស្ស័យ​របស់​ព្រះអង្គ ។  

 

ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​អនុញ្ញាត​ឲ្យ​យើង​ប្រែចិត្ត​ដើម្បី​អាច​មាន​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ ដែល​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ដល់​ពួក​យើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជា​និច្ច​វិញ » ។ [2]  ស្ថានភាព​នៃ​ទង្វើ​បែប​នេះ នាំមក​នូវ​សេចក្តីស្រឡាញ់​ដ៏បរិសុទ្ធ​របស់​ព្រះគ្រីស្ទ​នៅក្នុង​យើង ។  វា​ជួយ​ឲ្យ​យើង​មើលឃើញ​បុគ្គល​ម្នាក់ៗ​ថា តើ​ពួកគេ​ល្អ ឬ​អាក្រក់​ តាមរយៈ​ព្រះ​នេត្រ​របស់​ព្រះអង្គសង្គ្រោះ​របស់យើង « ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ » ។ [3]

 

ដើម្បី​ត្រូវ​បាន​តម្កើងឡើង នោះ​យើង​ត្រូវតែ​ប្រែក្លាយ​ឲ្យ​ដូចជា​ព្រះគ្រីស្ទ ។  ប្រសិនបើ​យើង​ស្រឡាញ់​ទ្រង់ នោះ​យើង​នឹង​កាន់តាម​បញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។ [4]  យើង​នឹង​ស្តាប់ « ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ ​[ សម្រាត ]​ភាព​ខាង​សាច់ឈាម​ចេញ [ ហើយ​ក្លាយ ]​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ [ ហើយ​ក្លាយ ]​ទៅ​ដូច​ជា​កូន​ក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អចំពោះ​​ [ យើង ] » ។ [5]  នៅពេល​នោះ ​យើង​នឹង « គ្មាន​ទោស​នៅ​ចំពោះ​ព្រះ​ឡើយ » [6] ។

 

មាន​ពេលមួយ​អែលឌើរ រ័សុល អិម ណិលសុន​បាន​បង្រៀន « តើ​យើង​ទាំង​អស់​គ្នា ពុំ​មែន​ជា​កូន​ព្រះ​ទេឬ​អី ?  តាមពិត គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកយើង អាចឈប់ធ្វើ​ជា​កូន​ព្រះ​នោះទេ » [7] ។

 

មិនមាន​មួយ​វិនាទីណា​ដែល​ព្រះគ្រីស្ទ​នឹង​ឈប់​ស្រឡាញ់​យើង​នោះទេ ។  ដូចគ្នា​នេះដែរ យើង​គួរតែ​ខិតខំ​បង្កើត​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​ទាំងអស់ ​ព្រម​ទាំង​រក្សា​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​សេចក្ដីសញ្ញា​នៃព្រះវិហារបរិសុទ្ធរបស់យើងផងដែរ ។

 


« តើយើងទាំងអស់គ្នា ពុំមែនជាកូនព្រះទេឬអី ? តាមពិត គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង អាចឈប់ធ្វើជាកូនព្រះនោះទេ »

អែលឌើរ រ័សុល អិម ណិលសុ

នៅពេលដែលព្រះគ្រីស្ទគង់នៅក្នុងសួនច្បារ​គែតសេម៉ានី នោះ​ទ្រង់​បាន​ធ្វើ​ដង្វាយធួន​ដ៏មហិមា​សម្រាប់​ព្រលឹង​មនុស្ស​ទាំងអស់—ទាំង​អតីតកាល បច្ចុប្បន្នកាល និង​​អនាគតកាល​ផងដែរ ។  ការណ៏នោះ​ត្រូវ​បាន​បញ្ចប់ និង​ល្អ​ឥតខ្ចោះ ។  ទ្រង់ « ពុំ​បាន​បដិសេធ​អ្នកណាម្នាក់​ដែល​មករក​ទ្រង់ឡើយ ​គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី ហើយ​ទ្រង់​នឹក​ចាំ​ដល់​ពួក​អ្នក​ឥត​សាសនា ហើយ​មនុស្ស​ទាំង​អស់ ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។ [8]  

 

ព្រះគ្រីស្ទ​បាន​ធ្វើ​ជាគំរូ​នៃភាពឥតខ្ចោះ និង​សេចក្ដីសប្បុរស ៖

 

1.     ព្រះអង្គ​បាន​ពោរពេញ​ទៅដោយ​មេត្តាករុណា នៅពេល​ដែល​ទ្រង់​បាន​ព្យាបាល​ស្ត្រីម្នាក់ ​« ដែល​មាន​ជំងឺ​ធ្លាក់​ឈាមអស់​រយៈពេល​ដប់ពី​ឆ្នាំ » ។ [9]

2.    ទ្រង់​បាន​បង្ហាញ​សេចក្តីមេត្តា​ករុណាដល់​ស្ត្រីម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​សហាយស្មន់ ។ [10]

3.    ព្រះអង្គ​មិនបាន​មើល​ម៉ាថាយ​ត្រឹមតែជា​អ្នក​ប្រមូលពន្ធ​នោះទេ ប៉ុន្តែ​ជាសាវក និង​ជាសាក្សី​ដ៏​ពិសេស​សម្រាប់​ទ្រង់ ។ [11] 

4.    ទ្រង់​បាន​ប្រោស​មនុស្ស​ឃ្លង់​ដប់​នាក់​ឲ្យ​ជា ទោះបីជា​មាន​តែ​មួយ​នាក់ដែល​ត្រឡប់មក​ថ្លែង​អំណរគុណ​ដល់ទ្រង់​វិញ​ក្ដី ។ [12] 

5.    ទោះបី​ជា​ទ្រង់​មាន​ការរងទុក្ខ​នៅលើ​ឈើឆ្កាង​ដ៏​ឃោរឃៅ​នៅឯ​កាល់វ៉ារី​ក្តី ក៏ទ្រង់​បាន​អង្វរ​យ៉ាង​ម៉ឺងម៉ាត់​ « ឱ! ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។ [13]

 

នីហ្វៃ​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​អំពី​របៀប​ដើម្បី​អភិវឌ្ឍ​សេចក្តីស្រឡាញ់​ដ៏បរិសុទ្ធ​របស់​ព្រះគ្រីស្ទ ។  គាត់​បាន​ទូន្មាន​យើង​ « ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។  ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នករាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ [14]

 

យើង​រៀន​ដើម្បី​ទទួលទាន​នូវ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ តែ​ដំបូង ត្រូវ​អធិស្ឋាន​ជា​រៀង​រាល់ថ្ងៃ ។  ដូច្នេះ​យើង​អញ្ជើញ​ព្រះវិញ្ញាណ​ជួយ​យើង​ឲ្យ​រីករាយ​នឹង​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ដែល​ « គួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែឈើ​ណាៗ​ទាំងអស់ » ។ [15] បន្ទាប់​មក​យើង​នឹងអាច​ផ្តល់​អាទិភាព​សម្រាប់​ថ្ងៃនោះ​ជាមួយ​នឹង​ការអាន​ព្រះគម្ពីរ​ជាជាង​បញ្ហា​ផ្សេងៗ​ទៀត ។  

 

សេចក្តីស្រឡាញ់សម្រាប់មនុស្សគ្រប់រូប

សេចក្តី​សង្ឃឹម​របស់​ប្រធាន​រ័សុល អិម ណិលសុន នោះគឺថា យើង​នឹង​ទទួល​អារម្មណ៍​ពីការ​សម្អាត​របស់​ព្រះគ្រីស្ទ ​នៅពេល​យើង​មាន​ឆន្ទៈ​ដើម្បី​ប្រែចិត្ត ហើយ​ចង់​ស្តាប់ទ្រង់ ។  

 

« ខ្ញុំ​បាន​គិត​អំពី​តម្រូវការ​របស់​យើង​ម្នាក់ៗ ដើម្បី​រើ​កម្ទេច​កម្ទី​ចាស់ៗ​ក្នុង​ជីវិត​យើង​ចេញ ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជាដំណឹងល្អ​នៃ​ការប្រែចិត្ត ។ ដោយសារតែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ដំណឹងល្អ​របស់​ទ្រង់​ផ្ដល់​ការអញ្ជើញ​មួយ​ឲ្យ​បន្ដ​ផ្លាស់ប្ដូរ រីកចម្រើន ហើយ​ប្រែក្លាយ​កាន់​តែ​បរិសុទ្ធ ។  នេះ​គឺ​ជា​ដំណឹងល្អ​នៃ​សេចក្ដី​សង្ឃឹម នៃ​ការព្យាបាល និង​នៃ​ការរីកចម្រើន ។  ហេតុដូច្នេះ​ហើយ ដំណឹងល្អ​គឺ​ជា​សារលិខិត​នៃអំណរ ! វិញ្ញាណ​របស់​យើង​អររីករាយ​នឹង​គ្រប់​ជំហាន​តូចៗ ដែល​យើង​ឈានបោះ​ទៅ​មុខ ។ [16]   

 

សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំងអស់ និង​ការអភ័យទោស​គឺមានការ​ជាប់​ទាក់ទងគ្នា​យ៉ាងខ្លាំង ។  ដោយសារ​តែ​សេចក្តីស្រឡាញ់​ដ៏ធំធេង​របស់​ទ្រង់​ចំពោះយើង នោះ​ព្រះវរបិតាសួគ៌​ពុំដែល​ឈប់​អត់ទោស​ឲ្យ​យើងទេ ​នៅពេល​ដែល​យើង​ប្រែចិត្ត​ពីការ​ធ្វើខុស​របស់យើង ហើយ​ទទួល​យក​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ហើយការពារក្តី​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​ជំនួសឲ្យ​យើង ។   « ទោះ​ជា​យើង​ជំពាក់​ព្រះអង្គ​សង្រ្គោះ​របស់យើង​នូវ​បំណុល​ដ៏​អស់កល្ប​ដែលមិន​អាច​សងវិញ​បានក៏ដោយ តែអ្វី​ដែល​ទ្រង់​សុំពី​យើង​នោះគឺ ​ឲ្យ​យើង​ស្រឡាញ់​ព្រះ រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ និង​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ទាំងអស់ ។  

 

ដើម្បី​ជួយ​យើង នោះព្រះគ្រីស្ទ​បាន​បញ្ជា​ឲ្យ​យើង​ប្រែចិត្ត​ហើយ​ថា « ប៉ុន្តែ​រីឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំង​អស់ » [17] នៅពេល​យើង​ស្វែងរក ​« ដើម្បី​ស្តាប់ទ្រង់  ! » [18] ហើយ​ព្យាយាម​ស្វែងរក​សេចក្ដីស្រឡាញ់​ដ៏បរិសុទ្ធ​របស់​ព្រះគ្រីស្ទ នោះ​យើង​បង្កើតនូវ​ចិត្ដ​រាបទាប​ប្រែចិត្ត​ចំពោះ​អំពើ​បាប​របស់យើង ហើយអត់ទោស​ចំពោះ​បាប​របស់​អ្នកដទៃ ។  សូមឲ្យយើង​ធ្វើ​យ៉ាង​ដូច្នេះ ដើម្បី​យើង « រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទ្រង់ ត្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិតប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូច​ជា ទ្រង់​បរិសុទ្ធ » ។” [19]   

 


ឯកសារយោង

 

[1]        ម៉ាថាយ ២៤:១២

[2]        ម៉ូសាយ ៥:២

[3]        គោលលទ្ធិ និង សេចក្ដី​សញ្ញា ​១៨:១០

[4]        យ៉ូហាន ១៤:១៥

[5]        ម៉ូសាយ ៣:១៩

[6]        ម៉ូសាយ ៣:២១

[7]        អែលឌើរ រ័សុល អិម ណិលសុន « ការសម្រេចិត្ត​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច » សន្និសីទ​ទូទៅ​ខែតុលា ឆ្នាំ ២០១៣

[8]        នីហ្វៃទី ២ ២៦:៣៣

[9]        ម៉ាថាយ ៩:២០

[10]      យ៉ូហាន ៨:១១

[11]      ម៉ាថាយ ៩:៩

[12]      លូកា ១៧:១៧

[13]      លូកា ២៣:៣៤

[14]      នីហ្វៃទី ២ ៣១:២០

[15]      នីហ្វៃ​ទី១ ៨:១៥

[16]      ប្រធាន រ័សុល អិម ណិលសុន « សារលិខិត​សា្វគមន៍ » សន្និសីទ​ទូទៅ ​ខែ​មេសា​ឆ្នាំ ២០២១

[17]      គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៦៤:១០

[18]      យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:១៧

[19]      មរ៉ូណៃ ៧:៤៨