សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (October 2021)

ការ​ចិញ្ចឹម​បីបាច់​កូន​ក្នុង​សេចក្តី​សុចរិត

« នៅពេល​បងប្អូន​បង្រៀន​​កុមារ​តូចៗ​ឲ្យ​រក្សា​ការ​សន្យា​សាមញ្ញៗ​នៅពេល​ពួកគេ​នៅក្មេង គំរូ​នេះ​នឹង​ជម្រុញ​ឲ្យ​ពួកគេ​រក្សា​សេចក្ដីសញ្ញា​បរិសុទ្ធ​ក្នុង​ជីវិត​នា​ពេល​អនាគត » ។

អែលឌើរ សូឆាត ឆៃឆាណា
អែលឌើរ សូឆាត ឆៃឆាណា ក្នុង​ពួក​ចិតសិប​នាក់

ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោកចែងថា « ឪពុកម្តាយ មានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួន ដោយក្តីស្រឡាញ់ និង សេចក្តីសុចរិត ផ្គត់ផ្គង់ សេចក្តីត្រូវការ ទាំងខាងរូបកាយ និង ខាងវិញ្ញាណរបស់ពួកគេ និង បង្រៀនពួកគេឱ្យចេះស្រឡាញ់ និង បម្រើគ្នាទៅវិញទៅមក ចេះគោរពព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់ គ្រប់ទីកន្លែង ដែលពួកគេរស់នៅ » ។  

នៅពេលមានទារកមួយកើតមកក្នុងចំណងនៃស្វាមី និងភរិយា នោះពួកគេកំពុងតែបំពេញផ្នែកមួយនៃផែនការរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ក្នុងការនាំកូនចៅមកកាន់ផែនដី ។ ព្រះអម្ចាស់បានមានបន្ទូលថា « នេះហើយជាកិច្ចការរបស់យើង និង សិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស »។ 1  ក្នុងនាមជាឪពុកម្ដាយក្នុងជីវិតរមែងស្លាប់ យើងត្រូវបានប្រទាននូវទំនុកចិត្តឲ្យថែទាំកូនចៅខាងវិញ្ញាណរបស់ព្រះ យើងចូលរួមក្នុងការទទួលខុសត្រូវស្មើភាពគ្នា ដើម្បីចិញ្ចឹមបីបាច់កូនចៅនៅក្នុងសេចក្តីសុចរិត ។ 

វិធីមួយដែលយើងអាចធ្វើកិច្ចការនេះ គឺការបង្កើតគេហដ្ឋាន ដែលមានពេញដោយសេចក្តីស្រឡាញ់ ។  យើងត្រូវបានបង្រៀនថា « នៅពេលដែលយើងបង្ហាញសេចក្តីស្រឡាញ់ និងអំណរគុណចំពោះគ្នាទៅវិញទៅមកនៅក្នុងគេហដ្ឋាន គឺយើងបានជួយនាំព្រះវិញ្ញាណឲ្យគង់នៅក្នុងគេហដ្ឋាន ។ នេះគឺជាអារម្មណ៍ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យយើងមាននៅក្នុងគេហដ្ឋានរបស់យើង ។ នេះជាមូលហេតុដែលយើងត្រូវបានបង្គាប់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ។ គេហដ្ឋានដែលរីករាយ គឺជាគេហដ្ឋានដែលពេញដោយសេចក្តីស្រឡាញ់ ជាកន្លែងដែលអញ្ជើញយាងព្រះវិញ្ញាណនៃព្រះអម្ចាស់គង់នៅទីនោះ » ។ 2

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ក្នុងរឿងប្រៀបធៀបពីកូនខ្ជះខ្ជាយ យើងរកឃើញមេរៀនដ៏មានអានុភាពអំពីក្រុមគ្រួសារ ហើយជាពិសេសចំពោះឪពុកម្តាយ ។ បន្ទាប់ពីកូនប្អូន ‹ ភ្ញាក់ដឹងខ្លួន  › [ លូកា ១៥:១៧ ] គាត់ក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញ ។ 
 
« តើគាត់អាចដឹងថា ឪពុករបស់គាត់នឹងមិនបដិសេធគាត់ដោយរបៀបណា ? ពីព្រោះគាត់ស្គាល់ចិត្តឪពុករបស់គាត់ ។ តាមរយៈការយល់ច្រឡំ ទំនាស់ និងកំហុសក្នុងយុវវ័យរបស់កូនប្រុស ខ្ញុំអាចស្រមៃឃើញថា ឪពុករង់ចាំជួយដោយមានការយល់ចិត្ត និង ក្តីអាណិតអាសូរ ចម្លើយដ៏ទន់ភ្លន់ ត្រចៀកចាំស្តាប់ និងការអភ័យទោសដោយក្តីស្រឡាញ់ ។ ខ្ញុំក៏អាចស្រមៃដែរថា កូនប្រុសរបស់គាត់ដឹងថា គាត់អាចមកផ្ទះវិញបាន ព្រោះគាត់ដឹងថា ផ្ទះដែលកំពុងរង់ចាំគាត់លក្ខណៈបែបណា  » ។ 3

 


« ឪពុកម្តាយ មានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួន ដោយក្តីស្រឡាញ់ និង សេចក្តីសុចរិត ផ្គត់ផ្គង់ សេចក្តីត្រូវការ ទាំងខាងរូបកាយ និង ខាងវិញ្ញាណរបស់ពួកគេ និង បង្រៀនពួកគេឱ្យចេះស្រឡាញ់ និង បម្រើគ្នាទៅវិញទៅមក ចេះគោរពព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់ គ្រប់ទីកន្លែង ដែលពួកគេរស់នៅ » ។

ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោកចែងថា

នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់បានប្រទានដំបូន្មានសំខាន់មួយទៀតអំពីរបៀបដែលយើងចិញ្ចឹមបីបាច់កូនចៅនៅក្នុងសេចក្តីសុចរិត ៖

 « ហើយជាថ្មីទៀត ដរាបណាឪពុកម្ដាយមានកូនចៅនៅក្នុងក្រុងស៊ីយ៉ូន ឬនៅក្នុងស្តេកណាមួយដែលបានរៀបចំឡើងក្ដី ដែលពុំបានបង្រៀនកូនចៅឲ្យយល់នូវគោលលទ្ធិអំពីការប្រែចិត្ត សេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ និងអំពីបុណ្យជ្រមុជទឹក ហើយនិងអំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ កាលមានអាយុ៨ឆ្នាំទេ នោះអំពើបាបនឹងធ្លាក់មកលើក្បាលរបស់ឪពុកម្ដាយវិញ ។ 4

« ហើយអ្នករាល់គ្នានឹងពុំទ្រាំឲ្យកូនចៅរបស់អ្នកអត់ឃ្លាន ឬគ្មានសម្លៀកបំពាក់បិទបាំងកាយឡើយ ហើយអ្នករាល់គ្នាក៏ពុំទ្រាំឲ្យកូនចៅអ្នករំលងក្រឹត្យវិន័យទាំងឡាយនៃព្រះ ហើយឈ្លោះប្រកែកគ្នាទៅវិញទៅមក ហើយបម្រើអារក្សដែលជាចៅហ្វាយនៃអំពើបាប …ដែលជាខ្មាំងសត្រូវដល់គ្រប់អស់ទាំងសេចក្ដីសុចរិត ។  ប៉ុន្តែអ្នករាល់គ្នានឹងបង្រៀនកូនចៅអ្នកឲ្យដើរតាមផ្លូវទាំងឡាយដែលពិត ហើយម៉ឺងមាត់ អ្នករាល់គ្នានឹងបង្រៀនកូនចៅអ្នកឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយឲ្យបម្រើគ្នាទៅវិញទៅមក » ។  5

« ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់ » ។ 6

យើងទាំងអស់គ្នាធ្លាប់បានឭពីសេចក្តីជំនឿដែលបានបណ្តុះដោយអ្នកម្តាយនៃកងទ័ពកម្លោះ ២,០០០នាក់ ដែលមានចិត្តអង់អាចមិនខ្លាចស្លាប់ ដោយសារតែអ្នកម្តាយរបស់ពួកគេបានបង្រៀនពួកគេថា បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះទ្រង់នឹងរំដោះពួកគេ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតចំពោះខ្ញុំ គឺនៅពេលដែលពួកគេនិយាយឡើងវិញទៅកាន់ហេលេមិនពីអ្វីដែលម្តាយរបស់ពួកគេបានបង្រៀន ៖ « ហើយពួកគេបានរៀបរាប់ប្រាប់ខ្ញុំនូវពាក្យពេចន៍របស់ម្ដាយគេថា ៖ យើងខ្ញុំមិនសង្ស័យសោះថា ម្ដាយយើងដឹងការណ៍នេះ »។ 7
 
ដើម្បីបង្រៀនសេចក្តីសុចរិតដល់កូនៗរបស់យើង វាសំខាន់ខ្លាំងណាស់ដែលយើងត្រូវធ្វើជាគំរូល្អដល់ពួកគេ ។
« ចូរចាំថា  . .បងប្អូនតែងតែបង្រៀនជានិច្ច—ទាំងសេចក្តីល្អ ឬសេចក្តីអាក្រក់ ។ គ្រួសាររបស់បងប្អូនកំពុងរៀនសូត្រពីរបៀបរស់នៅ និងសេចក្តីជំនឿរបស់បងប្អូន »  8

ការចិញ្ចឹមបីបាច់កូនក្នុងសេចក្តីសុចរិត

ព្រះអម្ចាស់​មិន​បាន​បោះបង់ចោល​ឪពុកម្តាយ​ឲ្យ​បំពេញ​ព្រះ​ដំបូន្មាន​របស់​ទ្រង់​តែ​ម្នាក់ឯង​ដើម្បី​ធ្វើ​ជា​គំរូល្អ និង​ដើម្បី​បំពេញ​គេហដ្ឋាន​របស់​យើង​ដោយ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ​ កាល​ដែល​យើង​បង្រៀន​សេចក្តី​សុចរិត និង​សេចក្តី​ជំនឿ​ដល់​កូនចៅ​របស់​យើង​នោះឡើយ ។  ឪពុក​ម្តាយ​ទាំងឡាយ​មាន​ព្រះគម្ពីរ ការអធិស្ឋាន និង​សិទ្ធិ​ដើម្បីទទួល​វិវរណៈ​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគាត់ ។  ធនធានរបស់សាសនាចក្រ ដូចជា សៀវភៅ « ចូរមកតាមខ្ញុំ  » , « សៀវភៅ​ណែនាំ​កុមារ » និង « សៀវ​ភៅណែនាំ​យុវវ័យ » ជា​កម្ម​វិធី​ដែល​ល្អបំផុត ដើម្បី​ជួយ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​បងប្អូន​ក្លាយ​ជា​គេហដ្ឋាន​ដែល​ផ្ដោត​លើ​ការសិក្សា​ដំណឹង​ល្អ​សម្រាប់​គ្រួសារ​របស់​បងប្អូន ។

 

កូន​ធំៗ​ក៏​អាចជួយ​ធ្វើឲ្យ​គេហដ្ឋាន​ផ្តោត​លើ​ការ​សិក្សា​ដំណឹង​ល្អ​បាន​ផងដែរ ។  អែឌើរ​ អាដនី វ៉ាយ ខូម៉ាស៊ឺ បាន​ថ្លែង​អំពី​អំណាច​នៃ​គំរូ ៖ « ថ្មីៗ​នេះ នៅក្នុង​ការប្រជុំ​តមអាហារ និង​ថ្លែង​ទីបន្ទាល់ មាន​យុវជន​ម្នាក់​បាន​ថ្លែង​ទីបន្ទាល់​របស់​គាត់​ជាលើក​ដំបូង​ ចាប់តាំង​ពីពេល​ដែល​គាត់​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ ។ គាត់​បាន​អង្រួនដួង​ចិត្ត​សមាជិក​គ្រប់គ្នា​ នៅពេល​គាត់​ថ្លែង​ថា ‹ បង​ប្រុស​របស់​ខ្ញុំ គឺជាគំរូ​ដ៏អស្ចារ្យ​សម្រាប់ខ្ញុំ ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ការផ្លាស់​ប្តូរ​នៅក្នុង​ជីវិត​បង​ប្រុស​ខ្ញុំ​ នៅពេល​គាត់​តម្កើង​ការហៅ​បព្វជិតភាព​របស់គាត់ ។ ខ្ញុំ​ដឹងថា​បងប្រុស​ខ្ញុំ​បាន​ហៅ​ដោយ​ព្រះ ឲ្យ​បម្រើ​ក្នុង​មុខតំណែង​របស់គាត់​ក្នុង​សាសនាចក្រ ។ គាត់​មាន​សេចក្តី​អាណិតអាសូរ និង​ធ្វើការ​បម្រើ ហើយ​បាន​បម្រើ​ព្រះ​អម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ដោយ​បន្ទាប​ខ្លួន និង​ដោយ​សេចក្តី​សោមនស្ស​រីករាយ ។ ខ្ញុំចង់​ធ្វើ​ដូចជា​បងប្រុស​របស់​ខ្ញុំ › » 9

 

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់ថា ព្រះយេស៊ូវ​គ្រីស្ទ​ដឹក​នាំ​សាសនា​ចក្រ​នេះ ។ កាល​ដែល​បងប្អូន​បង្រៀន ដឹកនាំ និង​ស្រឡាញ់​កូន​ចៅ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ នោះ​បងប្អូន​នឹង​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​ជាជំនួយ​ក្នុង​ការ​រៀបចំ​កូន​ចៅ​របស់​បងប្អូន ឲ្យ​ធំឡើង​នៅលើ​ផ្លូវ​សុចរិត ។ មិន​ថាពួកគេ​ប្រឈម​មុខ​ជាមួយ​នឹង​ឧបសគ្គ​អ្វី​នៅក្នុង​ជីវិត​នោះទេ ពួក​គេ​នឹង​អាច​យកឈ្នះ ហើយ​និយាយថា « យើង​មិន​សង្ស័យ​សោះ​ថា ម្ដាយ​ឪពុក​យើង​ដឹង​ការណ៍​នេះ » !

 



1. ម៉ូសេ ១:៣៩

2. Family Home Evening Resource Book មេរៀន​ទី ១៧ « សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ »

3. អែលឌើរ រ៉ូបឺត ឌី ហែល « With All the Feeling of a Tender Parent: A Message of Hope to Families » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩០ ) ។

4. សូមមើល គ. និង ស.៦៨:២៥-២៨

5. ម៉ូសាយ ៤ :១៤-១៥

6. សុភាសិត ២២:៦

7. អាលម៉ា ៥៦:៤៧–៤៨

8. អែលឌើរ រ៉ូបឺត ឌី ហែល « The Father’s Duty to Foster the Welfare of His Family » Ensign វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ៨៨ ។

9. របាយការណ៍​សន្នីសីទ​ប្រចាំ​តំបន់ កូរ៉េ ឆ្នាំ ១៩៧៧ ទំព័រ ៤