សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (December 2021)

សេចក្ដីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​ពង្រឹង​គ្រឹះ​របស់​យើង​នៅលើ​ព្រះគ្រីស្ទ

« ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អនុញ្ញាត​ឲ្យ​យើង​យល់​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង​សម្រាប់​យើង​នៅលើ​ផែនដី​នេះ ។ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងនេះ​ជួយ​យើង​ឲ្យ​បន្ដ​មាន​ទស្សនវិស័យ ហើយ​រកឃើញ​សេចក្ដី​សង្ឃឹម នៅពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជារៀង​រាល់ថ្ងៃ ។ ហើយ​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងនេះ​ផ្ដល់​ពរជ័យ​ឲ្យ​យើង​មាន​អំណាច​ដើម្បី​កែលម្អ​ជីវិត​របស់​យើង កាល​វា​ចង្អុល​ប្រាប់​ផ្លូវ​យើង​យ៉ាង​ច្បាស់​ឲ្យទៅរក​ព្រះអង្គ​សង្គ្រោះ » ។

អែលឌើរ រ៉ូស អេ ឈីលីស៍
អែលឌើរ រ៉ូស អេ ឈីលីស៍ ក្នុង​ពួក​ចិតសិប​នាក់

ពេល​ខ្ញុំ​កើត​នៅ​ឆ្នាំ ១៩៦៤ មាន​តែ​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១២ ប៉ុណ្ណោះ​ដែល​ដំណើរការ​នៅក្នុង​ពិភពលោក​នេះ​ទាំងមូល ។ មក​ដល់​ត្រឹមពេល​ខ្ញុំ​ចេញ​បេសកកម្ម​នៅ​ឆ្នាំ ១៩៨៤ មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៣១ តែ​ប៉ុណ្ណោះ ។ សូម​ស្រមៃ​ថា តើ​វា​អស្ចារ្យ​ប៉ុណ្ណា​ទៅ ដែល​នៅ​ឆ្នាំ​នេះ​មាន​ការប្រកាស​សង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ៣៣ នោះ ។ ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៣ ដែល​ទើបតែ​បាន​ប្រកាស​នៅឯ​សន្និសីទ​ទូទៅ​ខែ​តុលា​នេះ នឹង​នាំឲ្យ​មាន​ព្រះវិហារ​បរិសុទ្ធ​សរុប​ចំនួន ២៦៥ នៅ​ជុំវិញ​ពិភពលោក ដែល​រួមមាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ថៃ ប្រទេស​កម្ពុជា ទីក្រុង​ហុងកុង ទីក្រុង​សៀងហៃ ប្រទេស​សាំងហ្គាពួរ ទីក្រុង​តៃប៉ិ​ប្រទេស​តៃវ៉ាន់ ហើយ​ឥឡូវ​នេះ ទីក្រុង​ខៅឈីង​ប្រទេស​តៃវ៉ាន់ ។ ខ្ញុំ​ដឹង​ថា សមាជិក​នៅ​ប្រទេស​តៃវ៉ាន់​បាន​សង្ឃឹម និង​អធិស្ឋាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទទួល​បាន​ពរជ័យ​ឲ្យ​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​កាល​ខ្ញុំ​អង្គុយ​នៅ​ទីនេះ ខ្ញុំ​អាច​ស្រមៃ​ឃើញ​ព្រះវិហារ​បរិសុទ្ធ ពោលគឺ​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន ត្រូវបាន​សាងសង់​ឡើង​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​ទ្វីប​អាស៊ី ។ ឱ នោះ​គឺជា​ការគិត​ដ៏បំផុស​គំនិត​មួយ !

 

អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម និង​ការរំភើប​ចិត្ត​នេះ​ហាក់​ដូចជា​ចម្លែក​បន្ដិច ដោយសារ​តថភាព​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ដែល​កំពុង​បន្ដ​មាន​នេះ នៅតែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​នៅឡើយ ។ ពេញ​ទ្វីប​អាស៊ី​ទាំងមូល យើង​នៅតែ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​វិបត្តិ​ទូទាំង​ពិភពលោក​នេះ​នៅឡើយ​ទេ ។ វា​អាច​មើលទៅ​ដូចជា​គ្រា​មួយ​ដែល​មិន​ប្រក្រតី ដើម្បី​ផ្ដោតលើ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មីៗ ។

 

នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០១៩ នៅពេល​ប្រធាន រ័សុល អិម ណិលសុន និង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​អាគ្នេយ៍ នោះ​ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឲ្យចូលរួម​ក្នុង​ការប្រជុំ​មួយ ដែល​ជួប​ប្រជុំ​នឹង​មន្ដ្រី​រាជការ​នៃ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ជាពេល​ដែល​ប្រធាន ណិលសុន បាន​បញ្ចេញ​មតិ​ដ៏គួរឲ្យ​ចាប់​អារម្មណ៍​មួយ ដែល​លោក​បាន​ថ្លែង​វា​ម្ដងទៀត​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​នៅ​ថ្ងៃ​បន្ទាប់ និង​ក្រោយមក​នៅក្នុង​សន្និសីទ​ទូទៅ​ផងដែរ ។ « នៅក្នុង​ទិដ្ឋភាព​ខ្លះ ការសង់​ព្រះវិហារ​បរិសុទ្ធ​គឺ​ងាយ​ស្រួល​ជាង​ការស្ថាបនា​មនុស្ស​ដែល​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ព្រះវិហារ​បរិសុទ្ធ » ។[1] លោក​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​នៅក្នុង​ប្រទេស​វៀតណាម​ឲ្យ​រៀបចំ​ខ្លួន​ពួកគេ ដើម្បី​ពួកគេ​អាច​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ថ្ងៃនោះ នៅពេល​ដែល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​នឹង​មកដល់​ដែនដី​របស់​ពួកគេ ។ ពួកគេ​ត្រូវ​មាន​សមាជិក ដែល​អាច​ធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន ហើយ​រៀបចំ​ឈ្មោះ​សមាជិក​គ្រួសារ​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​យក​វា​ទៅធ្វើ​ពិធីបរិសុទ្ធ​ជំនួស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ដំបូន្មាន​របស់​លោក​គឺ​ថា យើង​មិន​គួរ​រង់ចាំ​ទាល់តែ​មាន​ព្រះវិហារ​បរិសុទ្ធ​នោះទេ ប៉ុន្ដែ​យើង​គួរតែ​រៀបចំ​ខ្លួន​យើង​ជាស្រេច​សម្រាប់​ព្រះវិហារ​បរិសុទ្ធ !

 

ដោយ​នឹកចាំ​ដល់​ដំបូន្មាន​របស់​ព្យាការី​ក្នុង​ចិត្ត និង​សុទិដ្ឋិនិយម​ដ៏បំផុស​គំនិត​មកពី​ការប្រកាស​នា​ពេល​ថ្មីៗ​នេះ វា​ហាក់​ដូចជា​ពេលវេលា​ដ៏ល្អ​ឥតខ្ចោះ​មួយ ដើម្បី​ឲ្យយើង​ពិចារណា​យ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ពរជ័យ​ទាំងឡាយ ដែល​នឹង​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ដ៏អស្ចារ្យ​ទាំងនេះ​ក្នុងពេល​ឆាប់ៗ​នេះ ។


« នៅក្នុងទិដ្ឋភាពខ្លះ ការសង់ព្រះវិហារបរិសុទ្ធគឺងាយស្រួលជាងការស្ថាបនាមនុស្សដែលត្រៀមខ្លួនជាស្រេចសម្រាប់ព្រះវិហារបរិសុទ្ធ » ។

រ័សុល អិម ណិលសុន

ចង​ភ្ជាប់​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​អំណរ​យ៉ាង​ពេញលេញ

 

ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អនុញ្ញាត​ឲ្យ​យើង​យល់​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង​សម្រាប់​យើង​នៅលើ​ផែនដី​នេះ ។ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងនេះ​ជួយ​យើង​ឲ្យ​បន្ដ​មាន​ទស្សនវិស័យ ហើយ​រកឃើញ​សេចក្ដី​សង្ឃឹម នៅពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​​ជារៀង​រាល់ថ្ងៃ ។ ហើយ​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងនេះ​ផ្ដល់​ពរជ័យ​ឲ្យ​យើង​មាន​អំណាច​កែលម្អ​ជីវិត​របស់​យើង កាល​វា​ចង្អុល​ប្រាប់​ផ្លូវ​យើង​យ៉ាង​ច្បាស់​ឲ្យទៅរក​ព្រះអង្គ​សង្គ្រោះ ។

 

អំឡុងពេល​សន្និសីទ​ទូទៅ​នៅ​ខែ​តុលា អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​យើង​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​មាន​បន្ទូល នៅពេល​ទ្រង់​បាន​មាន​បន្ទូល ៖

 

« ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ … ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។[2]

 

អែលឌើរ បែដណា បាន​បន្ថែម​ថា « យើង​ទទួល​យក​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​ដាក់​មកលើ​ខ្លួនយើង នៅពេល​យើង​រៀន​ពី​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ ទទួល​បាន​វា​ដោយ​ភាពស័ក្ដិសម និង​គោរព​ដល់​វា ។ យើង​ត្រូវបាន​ចងភ្ជាប់​ទៅនឹង ហើយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​សុវត្ថិភាព នៅពេល​យើង​ចងចាំ ហើយ​រស់នៅ​ដោយ​ស្មោះត្រង់​ស្របតាម​កាតព្វកិច្ច​នានា ដែល​យើង​បាន​ទទួល​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។ ហើយ​ចំណង​ជាមួយ​នឹង​ទ្រង់​នោះ គឺជា​ប្រភព​នៃ​កម្លាំង​ខាង​វិញ្ញាណ​នៅក្នុង​គ្រប់​រដូវកាល​នៃ​ជីវិត​របស់​យើង » ។[3]

 

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន ?

 

ជាច្រើន​ឆ្នាំ​កន្លង​ទៅ កាល​ខ្ញុំ​បាន​បម្រើ​ជា​ប៊ីស្សព នោះ​វួដ​របស់​យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​រួមគ្នា​រៀងរាល់ ៦ ខែ​ម្ដង ។ នៅពេល​រៀបចំ​ខ្លួន យើង​បាន​ផ្ដោត​ទៅលើ​គោលដៅ​ចំនួន ៣ ៖

 

១. ជួយ​សមាជិក​ម្នាក់ៗ​ឲ្យ​មាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព ។ ក្នុងនាមជា​ក្រុមប្រឹក្សា​វួដ យើង​បាន​ជួយ​សមាជិក​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ ដែល​បាន​រារាំង​ពួកគេ​មិនឲ្យ​បន្ដ​រីកចម្រើន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន ។ ការណ៍​នេះ​រួមមាន​យុវវ័យ និង​យុវមជ្ឈិមវ័យ​ម្នាក់ៗ​ផងដែរ ។

 

២. ធ្វើការ​ជាមួយ​សមាជិក​គ្រប់រូប ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់ ដែល​ពួកគេ​ត្រូវការ ។ យើង​បាន​ជួយ​សមាជិក​ទាំងឡាយ ដែល​មិន​ទាន់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ ឬ​បាន​ផ្សារភ្ជាប់​នៅឡើយ ឲ្យ​រៀន និង​រៀបចំ​ខ្លួន​ពួកគេ​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​កំណត់​នោះ រួមមាន​ការចូល​រៀន​ថ្នាក់​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាដើម ប្រសិនបើ​ចាំបាច់ ។

 

៣. ផ្ដោតលើ​សកម្មភាព និង​ឱកាស​ទាក់ទង​នឹង​កិច្ចការ​ពង្សប្រវត្តិ ដើម្បី​ជួយ​សមាជិក​ម្នាក់ៗ​ក្នុង​វួដ​ឲ្យមាន​យ៉ាង​ហោចណាស់​ឈ្មោះ​បុព្វការីជន​មួយ​ត្រៀម​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាស្រេច ។ 

 

វា​គឺជា​កិច្ចខិតខំ​ផ្ចិតផ្ចង់​ដ៏អស្ចារ្យ​មួយ ដែល​បាន​នាំឲ្យ​មាន​ចិត្ត​រំភើប និង​ចក្ខុវិស័យ​សម្រាប់​វួដ​របស់​យើង ។ នៅពេល​ដល់​ថ្ងៃ​ទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​យើង នោះ​វួដ​ទាំងមូល​បាន​មក​តាំងពី​ព្រលឹម ហើយ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​ពេញ​ដើម្បី​បម្រើ និង​ជួយ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​សាមគ្គីភាព​នោះ នៅពេល​យើង​បាន​បម្រើ​រួមគ្នា​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។

សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធពង្រឹងគ្រឹះរបស់យើងនៅលើព្រះគ្រីស្ទ

ឥឡូវ​នេះ​គឺជា​ពេល​ដ៏ល្អ​ឥតខ្ចោះ

 

« ព្រះវិហារ​បរិសុទ្ធ​គឺ​ពិតជា​ដំណាក់​នៃ​ព្រះអម្ចាស់ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ទី​ដ៏បរិសុទ្ធ​សម្រាប់​ការថ្វាយ​បង្គំ ជា​កន្លែង​ដែល​បុគ្គល​ម្នាក់ៗ​ចុះ​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ ។ ដោយសារ​ការចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​គឺជា​ការទទួល​ខុសត្រូវ​ដ៏មុតមាំ​មួយ នោះ​បុគ្គល​ម្នាក់ៗ​មិន​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ ឬ​អាចបាន​ផ្សារភ្ជាប់​នៅក្នុង​អាពាហ៍ពិពាហ៍​សម្រាប់​ភាពអស់កល្ប​បាន​ទេ ទាល់តែ​ពួកគេ​បាន​រៀបចំ​ខ្លួន​គេ​បាន​ពេញលេញ​ជាមុន​សិន... » ។[4]

 

ខ្ញុំ​មាន​អារម្មណ៍​ថា គ្រា​ដ៏លំបាក​ខ្លាំង​បំផុត​នេះ​គឺជា​ពេលវេលា​ដ៏អស្ចារ្យ​មួយ ដើម្បី​ចងចាំ​ដល់​ដំបូន្មាន​របស់​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង ឲ្យ​រៀបចំ​ខ្លួន​យើង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ដែល​នឹង​ត្រូវ​សាងសង់​នៅក្នុង​ចំណោម​ពួកយើង​ក្នុងពេល​ឆាប់ៗ​នេះ ។ វា​គឺជា​ពេលវេលា​ដ៏ល្អ​ឥតខ្ចោះ ដើម្បី​ធ្វើការ​ជា​គ្រួសារ​វួដ​ទាំងមូល ដើម្បី​រៀបចំ​ខ្លួន​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​រួមគ្នា ។  

 

អាលម៉ា​បាន​បង្រៀន​ដល់​កូនប្រុសៗ​របស់​លោក « ថា គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ មាន​តែ​ដោយ និង​តាម​រយៈ​ព្រះ​គ្រីស្ទ​មួយ​ប៉ុណ្ណោះ ។ មើល​ចុះ ទ្រង់​គឺជា​ជីវិត ហើយ​ជា​ពន្លឺ​នៃ​ពិភពលោក ។ មើល​ចុះ ទ្រង់​គឺជា​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត » ។[5]

 

សូម​យើង​ទាំងអស់​គ្នា​ធ្វើការ​រួមគ្នា ដើម្បី​ជួយ​ប្រមូល​ក្រុមគ្រួសារ​របស់​យើង​នៅ​ទាំង​សងខាង​វាំងនន​មកក្នុង​ដំណឹងល្អ ហើយ​ពង្រឹង​គ្រឹះ​របស់​យើង​នៅលើ​ព្រះគ្រីស្ទ ។ 

 


[1] រ័សុល អិម ណិលសុន « សុន្ទរកថា​បញ្ចប់ » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៩ ។

[2] ម៉ាថាយ ១១:២៩–៣០ ។

[3] ដេវីឌ អេ បែដណា « ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១ ។

[4] Gospel Topics « Temple »

[5] អាលម៉ា ៣៨:៩ ។