សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (January 2022)

ក្នុងគ្រានេះ​នាពេលនេះ

« យើង​ស្វែងរក​ដើម្បី​ប្រមូល​កូនចៅ​របស់​ព្រះ ដើម្បី​ទ្រង់​អាច​ប្រទានពរ​ដល់​ពួកគេ ។  យើង​ចង់​ធ្វើ​ដូច្នេះ​នៅក្នុង​របៀប​មួយ​ដែល​គ្រប់​គ្នា​មាន​អារម្មណ៍​ស្វាគមន៍ ផ្តល់​តម្លៃ និង​ពេញ​ដោយក្តីស្រឡាញ់ ។  មិត្តភ័ក្តិ​របស់​យើង​ជា​ច្រើន ទាំង​នៅ​ក្នុង និង​ក្រៅ​សាសនាចក្រ ត្រូវ​ការ​ជំនួយ » ។

អែលឌើរ ដេវីត ភី ហូម៊ើរ
អែលឌើរ ដេវីត ភី ហូម៊ើរ ក្នុង​ពួក​ចិតសិប​នាក់

ដំណើរ​រឿង​ក្នុង​ព្រះ​គម្ពី​សញ្ញាចាស់​ដំណាល​ប្រាប់​អំពី គ្រាដែល​ព្រះអម្ចាស់​បាន​បើកភ្នែក​អ្នក​បម្រើ​របស់ អេលីស ដើម្បី​គាត់​អាច​មើល​ឃើញ​ការណ៍​ទាំងឡាយ​ដែល​គាត់​មើល​មិន​ឃើញ​ពីមុន ។  ក្នុង​គ្រា​នៃ​វិបត្តិ នៅពេល​ខ្មាំង​សត្រូវ​ឡោមព័ទ្ធ​ពួកគេ យុវជន​ទាំង​នោះ​បាន​មើល​ឃើញ​ថា ព្រះអម្ចាស់​កំពុង​ការពារ​ពួកគេ​ដូច​ជា « ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើងនៅ​ព័ទ្ធ​ជុំវិញ​អេលីសេ » ។ [1]  

 

ក្នុង​ដំណើរ រឿង​នេះ​បង្រៀន​ថា ពេល​ខ្លះ​យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​មើល​ឃើញការណ៍​ដែល​ជាធម្មតា​យើង​មើល​មិន​ឃើញ ។ វា​អាច​ដូច​ជា​ក្នុង​ករណី​នៃជំងឺ​រាត​ត្បាត​នេះ ។ មាន​ការ​ឈឺចាប់ និង​ទុក្ខ​វេទនា​ជា​ច្រើន​ណាស់ ដែល​ពិបាក​នឹង​មើលឃើញ​អ្វីផ្សេង​ទៀត​ណាស់ ។ ប៉ុន្តែ​បើ​យើង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​នោះ​យើង​នឹង​មើល​ឃើញ​បន្ថែម​ទៀត ។

 

យើង​មើល​ឃើញ​ថា ព្រះអម្ចាស់​បាន​គង់​នៅ​ខាង​មុខ​ជំងឺ​រាត​ត្បាតនេះ​មួយ​ជំហានជាមួយ​នឹង​ការ​បំផុស​គំនិត​កែតម្រូវ​កម្មវិធី ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន និង​ការបង្កើត​កម្មវិធី​សិក្សា​រួម​បញ្ចូល​គ្នា និង​ការ​អនុវត្ត​កម្មវិធី​កុមារ និង យុវជន ។ ដោយ​កែវ​ភ្នែក​ខាងវិញ្ញាណ យើង​មើល​ឃើញ​ថា​ព្រះអម្ចាស់​បាន​បង្រៀន​យើង​ពី​របៀប​ថ្មី​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។

 

បើ​យើង​ពិនិត្យ​មើល​ដោយ​ប្រុង​ប្រយ័ត្ន យើង​ឃើញ​ថា នេះ​ជា​ឱកាស​ពិសេស​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ និង​ជា​ឱកាស​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ព្យាករណ៍​របស់​ប្រធាន ណិលសុន អំពាវនាវឲ្យ​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​បាន​ខ្ចាត់ព្រាត់ ។  

 

ការ​ប្រមូល​ពួក​អ៊ីស្រាអែល​គឺ​ជាកន្លែង​ដែល​មនុស្ស​ទាំង​អស់​មាន​អារម្មណ៍​នៃ​ក្តីស្រឡាញ់ និង​ការ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ

 

ប្រធាន​ណិលសុន បាន​បង្រៀនថា « ការ​ប្រមូលផ្ដុំ​នោះ គឺ​ជាកិច្ចការ​ដ៏សំខាន់​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ លោក​បានមាន​ប្រសាសន៍ថា « ពុំ​មានអ្វី​ផ្សេងទៀត​អាច​សម្បើមជាង សំខាន់ជាង និង​មាន​ឫទ្ធិជាង​កិច្ចការ​នេះ​នោះទេ » ។[2]

 

យើង​ស្វែងរក​ដើម្បី​ប្រមូល​កូនចៅ​របស់​ព្រះ ដើម្បី​ទ្រង់​អាច​ប្រទានពរ​ដល់​ពួកគេ ។  យើង​ចង់​ធ្វើ​ដូច្នេះ​នៅក្នុង​របៀប​មួយ​ដែល​គ្រប់​គ្នា​មាន​អារម្មណ៍​ស្វាគមន៍ ផ្តល់​តម្លៃ និង​ពេញ​ដោយក្តីស្រឡាញ់ ។  មិត្តភ័ក្តិ​របស់​យើង​ជា​ច្រើន ទាំង​នៅ​ក្នុង និង​ក្រៅ​សាសនាចក្រ ត្រូវ​ការ​ជំនួយ ។  បងប្អូន​ខ្លះ​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ហើយ​បងប្អូន​ផ្សេង​ទៀត​បាន​បាត់​បង់​ការងារ ។  បងប្អូន​ខ្លះ​ត្រូវ​បាន​ផ្លាស់​ទីលំនៅ ខណៈពេល​បងប្អូន​ខ្លះ​ទៀត​ត្រូវ​បាន​ផ្ដាច់​ទំនាក់​ទំនង​ពី​មិត្តភ័ក្ដិ និង​ជំនឿ​របស់​ពួកគេ ។  គ្រប់​គ្នា​ត្រូវ​ការ​ពរជ័យ​ដែល​បាន​មក​ពី​ការ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។  

 

ប្រធាន ណិលសុន បាន​បង្រៀន ៖ « កូនចៅ​របស់​ព្រះ​ម្នាក់ៗ​សម​នឹង​មាន​ឱកាស​ស្ដាប់ ហើយ​ទទួលយក​សារលិខិត​នៃ​ការព្យាបាល និង​ការប្រោសលោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គ្មាន​សារលិខិត​ណា​ផ្សេងទៀត​ដែល​សំខាន់​ជាង​ចំពោះ​សុភមង្គល​របស់​យើង​ឡើយ—ទាំង​ពេលនេះ និង​ពេល​អនាគត ។ គ្មាន​សារលិខិត​ណា​ដែល​ពោរពេញ​ដោយ​សេចក្ដីសង្ឃឹម​ខ្លាំង​ជាង​នេះ​ទេ ។ » [3]  

 


« កូនចៅរបស់ព្រះម្នាក់ៗសមនឹងមានឱកាសស្ដាប់ ហើយទទួលយកសារលិខិតនៃការព្យាបាល និងការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ។ គ្មានសារលិខិតណាផ្សេងទៀតដែលសំខាន់ជាងចំពោះសុភមង្គលរបស់យើងឡើយ—ទាំងពេលនេះ និងពេលអនាគត ។ គ្មានសារលិខិតណាដែលពោរពេញដោយសេចក្ដីសង្ឃឹមខ្លាំងជាងនេះទេ ។ »

ប្រធានរ័សុល អិម ណិលសុន

តើ​យើង​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​របៀប​ណា ?

 

បងប្អូន​អាច​សួរថា « តើ​យើង​អាច​ធ្វើ​បានល្អ​បំផុត​របៀប​ណា ? » ចម្លើយ​ចំពោះ​សំណួរ​នោះ​នឹង​បាន​មកពី គ្រប់​ការ​ប្រឹក្សា​យោបល់​ទាំងអស់​ពី​គណៈប្រធាន កូរ៉ុម ថ្នាក់ សមាជិក​និង​ពី​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ទាំងអស់​ដែល​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ចំពោះ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ប្រមូល​ពួក​អ៊ីស្រាអែល ។

 

ជាច្រើន​ឆ្នាំ កន្លង​ទៅហើយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​តូច​មួយ​ទៅកាន់​មជ្ឈមណ្ឌល​អវកាស កេណ្ណាឌី នៅក្នុង​សហរដ្ឋ​អាមេរិក ។  នៅទីនោះ មាន​អ្នកវិទ្យាសាស្ត្រ និង វិស្វករ​មកពី​ប្រទេស​នានា​កំពុង​រៀបចំ បាញ់​បង្ហោះ​សមាស​ភាគផ្សំ​នៃ​ស្ថានីយ​អវកាស​អន្តរ​ជាតិ ។ ខ្ញុំចាំថា បាន​ដើរ​នៅ​ក្រោម​ពោះ​នៃ​យាន​អវកាស​ដែល បញ្ឈរ​ចោល ហើយ​សម្លឹង​មើល​ដោយ​យកចិត្ត​ទុកដាក់លើការ​រចនាដំបូល​ក្បឿង​យ៉ាង​ពិសេស ដើម្បី​គ្រប់​គ្រង​កំដៅ​ដ៏​ខ្លាំង​នៃ​ការត្រឡប់​ចូល​ទៅ​ក្នុង​បរិយា​កាស​ផែន​ដីឡើង​វិញ ។

 

ហើយ​ខ្ញុំ​ចាំ​ពី​ការ​ទៅទស្សនា​ចំណត​យន្ត​ហោះធំៗ ដែល​ក្រុម​ការងារ​មក​ពី​ប្រទេស​ដែល​ផ្តល់​ជំនួយ​បាន​រៀប​ចំ​ផ្នែក​នីមួយៗ​របស់​ខ្លួន​នៃ​ស្ថានីយ​អវ​កាស​សម្រាប់​ប្រើ​ប្រាស់ ។ នៅ​ពេល​ដែល​យើង​ចូល​កន្លែង​ធ្វើ​ការ​រៀងៗ​ខ្លួន​ក្រុម​នីមួយៗ​បាន​ពន្យល់​ពីមូល​ហេតុ​ដែល​ផ្នែក​របស់​ពួក​គេ​សំខាន់​បំផុត​ចំពោះ​បេសក​កម្ម ។ ពួក​គេ​យល់​ថា បើ​គ្មាន​ការរួម​ចំណែក​របស់​ពួក​គេ​ទេ នោះ​គម្រោង​ទាំង​មូល​នឹង​បរាជ័យ ។ ហើយ​សម្រាប់​ពួកគេ ការ​បរាជ័យ​មិនមែនជា​ជម្រើស​មួយ​ទេ ។

 

វា​ដូច​គ្នា​នឹង​ពួក​យើង​ផង​ដែរ ។ យើង​ម្នាក់ៗ​អាច​ដើរតួ​យ៉ាង​សំខាន់​នៅពេល​ព្រះអម្ចាស់​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ។[4]

 

 

ក្នុងគ្រានេះនាពេលនេះ

ចេញ​ទៅ​ហើយ​សង់​សំពៅ​របស់​បង​ប្អូន

 

ព្យាការី​នីហ្វៃ​ធ្លាប់​បាន​ស្វែង​រក​ការណែ​នាំពី​ព្រះអម្ចាស់​ទាក់ទង​ទៅនឹង​ការងារ​បម្រើ​របស់​លោក ។  លោក​ត្រូវ​បាន​បង្គាប់​ឲ្យ​សង់​សំពៅ​មួយ ដើម្បី​ព្រះអម្ចាស់​អាច​ដឹក​នាំ​គ្រួសារ​របស់​លោក​ឆ្លង​កាត់​ទឹក​ដ៏​ធំមហិមា​ដើម្បី​ទៅ​កាន់​ដែន​ដី​សន្យា ។  នីហ្វៃ​មិន​ដឹង​ពី​របៀប​សង់​សំពៅ​ទេ ប៉ុន្តែ​ការណ៍​នោះ​មិន​អាច​បញ្ឈប់​លោក​បាន​ឡើយ ។  បង ប្រុស​របស់​លោក​បានហៅ​លោក​ថា​ជាមនុស្ស​ល្ងីល្ងើ ប៉ុន្តែ​នីហ្វៃ បាន​អនុវត្ត​សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​ដោយ​ថ្លែងថា « បើ​ព្រះ​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើ​នូវ​កិច្ចការ​គ្រប់​យ៉ាង នោះ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ទាំង​នោះ​បាន »[5]

 

ដូច្នេះ​នីហ្វៃ​« បាន​ទៅ​លើ​ភ្នំ​ជាញឹក​ញាប់ ហើយ​[លោក]​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ជាញយៗ » ។ [6]  « ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ ​[ លោក ]​ ជា​ញយៗ​ពី​របៀប​ដែល​ [ លោក ] ​ត្រូវ​ធ្វើ​រាង​សំពៅ » ។ [7]  ហើយ​នីហ្វៃ « មិន​បាន​ធ្វើ​រាង​សំពៅ​តាម​របៀប​ដែល​មនុស្ស​បាន​រៀន​ទេ …ប៉ុន្តែ ​[ លោក ] ​បាន​ធ្វើ​សំពៅ​នេះ​តាម​របៀប​ដែល​ព្រះ​បាន​បង្ហាញ ​[ លោក ] ។ » [8]

 

ជា​លទ្ធផល​គឺ​បាន​សំពៅ​ដែល​រចនា​ឡើង​យ៉ាង​ពិសេស​ស័ក្តិ​សម​នឹង​ស្ថានភាព ។  វា​ប្រហែល​ជា​មិន​ត្រូវ​បាន​សាងសង់​ដូច​សំពៅ​ផ្សេង​ទៀត​ទេ ប៉ុន្តែ​វា​បាន​ដឹក​នីហ្វៃ និង​គ្រួសារ​របស់​លោក​ទៅដល់​ដែនដី​សន្យាដោយ​ជោគជ័យ ។  

 

បង​ប្អូន​ប្រុស​ស្រី នៅ​ពេល​ដែល​បងប្អូន​ស្វែង​រក​ការ​ណែនាំ​ពីព្រះអម្ចាស់​ប្រកប​ដោយ​ការ​អធិស្ឋាន នោះ​ទ្រង់​នឹង​ប្រទាន​ការណែនាំ​ដែល​បងប្អូន​ត្រូវ​ការ ។  ខណៈ​ពេល​ដែល​បង​ប្អូន ប្រឈមមុខ​នឹង​ការសង្ស័យ ហើយ​ដំណោះ​ស្រាយ​របស់​បង​ប្អូន​អាច​ខុស​ពី​អ្នក​ដ៏ទៃ នោះ​ទ្រង់​នឹង​ជួយ​បង​ប្អូន បង្កើត​ដំណោះ​ស្រាយ​ដែល​បងប្អូន​ត្រូវការ ។  នៅក្នុង​ពេល​វេលា​ដ៏​ពិសេស​នេះ ខ្ញុំ​សូមអញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ចំណែក​របស់​បងប្អូន ដើម្បី​ជួយ​ប្រមូល​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ​ដើម្បី​ទៅកាន់​ដែនដីសន្យា​ដោយ​សុវត្ថិភាព ​ដើម្បីពួកគេអាចទទួល​បាន​សេច​ក្តីស្រឡាញ់​និង​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

 


 

[1] ពង្សាវតាក្សត្រ​ទី ២ ៦:១៦-១៧

[2] ប្រធាន រ័សុល អិម ណិលសុន ក្តី​សង្ឃឹម​នៃ​អ៊ីស្រាអែល ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨

[3] ប្រធាន​រ័សុល អិម ណិលសុន ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បាន លីអាហូណា សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២១

[4] សូមមើល​I​កូរិនថូសទី ១​១២:២០-២៦

[5] សូមមើល នីហ្វៃទី ១ ១៧:៥០

[6] សូម​មើល នីហ្វៃទី ១ ១៨:៣

[7] សូម​មើល នីហ្វៃទី ១ ១៨:1

[8] សូម​មើល នីហ្វៃទី ១ ១៨:2