សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (February 2022)

យើង​គឺ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា

« ការធ្វើ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​គឺ​ជា​ឯកសិទ្ធ ប៉ុន្តែ​ក៏ជាទំនួល​ខុស​ត្រូវ​ផង​ដែរ ។ វា​គឺ​ជាការ​ទទួល​ខុស​ត្រូវ​ជាមួយ​នឹងពរជ័យ​ដែល​បាន​សន្យា​ដ៏មហិមា »។

អែលឌើរ ឌីចារ៉ុត ស៊ូប៊ិនតូរ៉ូ
អែលឌើរ ឌីចារ៉ុត ស៊ូប៊ិនតូរ៉ូ ក្នុង​ពួក​ចិតសិប​នាក់

នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​គ្រិស្ត​សាសនា​ជាលើក​ដំបូង​នៅសាលារៀន ខ្ញុំ​បាន​រៀន​អំពី​សាសន៍​អ៊ីស្រាអែល​ថា​ជា​ប្រជាជន​នៃ​សេច​ក្តី​សញ្ញា និង​របៀប​ដែល​ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ទៅកាន់​ដែន​ដី​ដីសន្យា ។ រហូត​ដល់​ពេល​ដែល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​ទើប​ខ្ញុំ​យល់​ថា​អ្វី​ជា​សេច​ក្តី​សញ្ញា និង មូល​ហេតុ​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​ហៅ​ថា​ជារាស្ត្រ​នៃ​សេច​ក្តី​សញ្ញា ។

 

សេចក្តីសញ្ញា គឺជា​កតិកា​សញ្ញា​ ឬ កិច្ច​ព្រម​ព្រៀងរវាង​ព្រះ និង​មនុស្ស ហើយ​នៅពេល​យើង​រក្សាកិច្ច​សន្យា​នោះ វា​នឹង​នាំមក​នូវ​ពរជ័យ​មក​ក្នុង​ជីវិត​នេះ ហើយ​ទីបំផុត​វានឹង​នាំ​យើង​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ព្រះវរ​បិតាសួគ៌​ដ៏​អស់កល្បជានិច្ច ។

 

នៅពេលយើងរក្សាផ្នែកនៃកិច្ចព្រមព្រៀងរបស់​យើង​ នោះ​ព្រះ​ក៏​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់​ដែរ ដូច​ដែល​បទ​គម្ពីរ​បាន​បង្រៀន​ថា « យើង​ជា​ព្រះ​អម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្តិ​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល ប៉ុន្តែ​កាល​ណា​អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្តិ​តាម​អ្វី​ដែល​យើង​មាន​ព្រះ​បន្ទូល​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្តី​សន្យា​ឡើយ » ។ ១ 

 

ព្រះ​អម្ចាស់​បាន​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​កូន​ចៅ​របស់​ទ្រង់​នៅលើ​ផែន​ដី​ចាប់​តាំង​ពី​ដើម​ដំបូង​មក​ម្លេះ ។ អ័ដាម និង នាងអេវ៉ា បាន​ធ្វើ​សេចក្តីសន្យា​ជាមួយ​ព្រះថា « បង្កើត​កូន​ឲ្យ​ចម្រើនជា​ច្រើន​ឡើងឲ្យ​មាន​ពេញពាស​លើ​ផែនដី » ។ ២ សេចក្តី​សញ្ញាមួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​រវាង​ព្រះ និង​លោក​អ័ប្រាហាំ គឺ​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​សេចក្តី​សញ្ញា​អ័ប្រាហាំ ។ អ័ប្រាហាំ​បាន​ទទួល​យក​ដំណឹង​ល្អ ហើយ​បាន​តែងតាំង​ជា​សង្ឃ​ជាន់ខ្ពស់ ។ ដោយ​សារ​តែ​ភាព​ស្មោះត្រង់​របស់​លោក ព្រះអម្ចាស់​បាន​សន្យា​ដល់​អ័ប្រាហាំ​ថា តាមរយៈ​គាត់ និង​ពូជ​ពង្ស​របស់​គាត់ ថា « អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី​ [ នឹង​បាន​ពរ ] »។ ៣

 

តើ​យើង​ទាំង​អស់​គ្នា​ជា​ផ្នែក​មួយ​នៃ​ក្រុម​គ្រួសារ​នៅ​លើ​ផែន​ដី​នេះ​ឬ ? តើ​យើង​បាន​ទទួល​ពរ​ដោយ​សារ​សេចក្តី​សញ្ញា​ដែល​អ័ប្រាហាំ​បាន​ធ្វើ​ពី​ជំនាន់​បុរាណ​យ៉ាង​ដូចម្តេច ?

 

សេចក្តី​សន្យា​នេះ​ត្រូវ​បាន​បំពេញ​តាម​វិធី​ជា​ច្រើន ៖

  1. តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជា​លោកចៅហ្វាយ និង​ជា​ព្រះ​ប្រោស​លោះ​របស់​យើង ហើយ​ទ្រង់​បាន​យាង​មក​តាម​រយៈពូជ​ពង្ស​របស់​អ័ប្រាហាំ ។
  2. តាម​រយៈ​អំណាច​បព្វជិតភាព​ដែល​បាន​ប្រទាន​ដល់​អ័ប្រាហាំ​ និង​កូន​ចៅ​របស់​លោក ។
  3. តាម​រយៈ​ការ​ខ្ចាត់ព្រាត់ និង ការ​ប្រមូលផ្ដុំ​នៃអ៊ីស្រាអែល ។

ដោយ​សារ​ការ​ខ្ចាត់​ព្រាត់​នៃ​អ៊ីស្រា​អែល​ពាស​ពេញ​ផែនដី នោះ​ឈាម​របស់​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​ប្រោះនៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា ហើយ​ដូច្នេះ ប្រជាជាតិ​ទាំង​អស់ក៏​មាន​សិទ្ធិទទួល​បានការសន្យា​ដែល​ថា​អ៊ីស្រាអែល នឹងត្រូវ​បាន​ប្រមូល​ផ្តុំ​ជា​ថ្មី នៅក្នុង​សេចក្ដី​មេត្តា​ករុណា​របស់ព្រះក្នុង​លក្ខ​ខណ្ឌ​នៃ​ការ​ប្រែចិត្តផងដែរ ។

  1. តាមរយៈ​ការ​ឱបក្រសោប​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ស្ដារឡើង​វិញ​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

ព្រះអម្ចាស់​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​លោក​អ័ប្រាហាំ​ថា បន្ទាប់ពី​ជំនាន់​របស់​លោកទៅ  អស់​អ្នក​ដែល​ឱប​ក្រសោប​ក្នុង​ដំណឹងល្អ​គួរ​តែ​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​របស់​លោក ឬ​ត្រូវ​រាប់​បញ្ចូលក្នុង​ចំណោម​ពូជពង្ស​របស់​លោក ហើយ​គួរ​តែ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ៤

 


« យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តិតាមអ្វី ដែលយើងមានព្រះបន្ទូល ប៉ុន្តែកាលណាអ្នករាល់គ្នាមិនប្រព្រឹត្តិតាមអ្វីដែលយើងមានព្រះបន្ទូលទេ នោះអ្នករាល់គ្នាពុំមានសេចក្តីសន្យាឡើយ » ។

គ. និង ស. ៨២:១០

អស់​អ្នក​ទាំង​ឡាយណា​ដែល​មិន​មែន​ជា​ពូជ​អម្បូរ​របស់​អ័ប្រាហាំ និង អ៊ីស្រាអែលផ្ទាល់ នោះ​នឹងប្រែ​​ក្លាយទៅជា​ដូច្នោះ​នៅពេល​ដែល​ពួកគេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​បាន​ទទួល​ការ​បញ្ជាក់​ដោយ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​បព្វជិត​ភាព នោះ​គឺ​ពួកគេ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ចូល​ទៅ​ក្នុង​មែក​ធាង​គ្រួសារ ហើយ​មាន​សិទ្ធិ​ទទួល​បាន​សិទ្ធិ និង​ឯក​សិទ្ធិ​ទាំង​អស់​ក្នុង​នាម​ជាអ្នក​ស្នង​មរតក ។ ៥ 

 

នៅពេល​យើង​ទទួល​បុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​យើង​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ទ្រង់ ដើម្បី​ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ជា​និច្ច ។ ហើយ​ជាការ​ឆ្លើយ​តប​វិញ ​ព្រះអម្ចាស់​បាន​សន្យា​ថា យើង​នឹង​មាន​ភាព​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​រំឭក​សេចក្ដី​សញ្ញានេះ​ជាមួយ​ព្រះ​អម្ចាស់ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ យើង​ក៏​បាន​ធ្វើ​សេចក្តីសញ្ញា និងសេច​ក្តី​សន្យា​ពិសិដ្ឋ​នៃ​ភាព​តម្កើងឡើង​សម្រាប់​ការគោរព​ប្រតិបត្តិ​ដ៏ស្មោះត្រង់ ។ ៦ « តាម​រយៈ​ការគោរព​តាម​ដំណឹងល្អ ឬការ​ទទួល​មក​ចិញ្ចឺម​បីបាច់​តាមរយៈ​ដំណឹងល្អ នោះយើងទាំង​អស់គ្នា​ជាអ្នក​ស្នង​មរតក​ជាមួយអ័ប្រាហាំ និងពូជពង្សលោក មិន​ថា​យើង​គឺជា​កូនចៅ​ជំនាន់​ក្រោយ​ចាប់​តាំង​ពី​មិលគីស្សាដែក ពី​អេដុម ពី​អ៊ីស្មាអែល ឬ​មិន​ថា​យើង​ជា​សាសន៍​យូដា ឬ​សាសន៍​ដទៃ​នោះ​ទេ ។

 

ការធ្វើ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​គឺ​ជា​ឯកសិទ្ធ ប៉ុន្តែ​ក៏ជាទំនួល​ខុស​ត្រូវ​ផង​ដែរ ។ វា​គឺ​ជាការ​ទទួល​ខុស​ត្រូវ​ជាមួយ​នឹងពរជ័យ​ដែល​បាន​សន្យា​ដ៏មហិមា ។ ព្រះ​យេស៊ូវ​បានមាន​បន្ទូល​ប្រាប់​សាសន៍​យូដា​យ៉ាង​សាមញ្ញ​ថា កាលត្រឹម​ជាពូជពង្ស​អ័ប្រាហាំ តែម្យ៉ាង​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​សង្គ្រោះ​របស់​ពួក​គេ​ទេ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា « បើ​អ្នក​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ​ពិត នោះ​នឹង​ធ្វើ​តាម​លោក​ជា​ប្រាកដ » ។ ៨

 

យើងគឺជារាស្ត្រនៃសេចក្ដីសញ្ញា

អំឡុង​ពេល​នៃ​ការធ្វើចំណាកស្រុករបស់ពួកបរិសុទ្ធទៅភាគខាងលិច ដែលដឹកនាំដោយ ព្រិកហាំ យ៉ង់ ក្នុងឆ្នាំ ១៨៤៦នោះពួក​គេត្រូវ​បាន​ព្រមាន​ឲ្យ​ធ្វើដំណើរ « ដោយ​ធ្វើ​សេចក្ដី​សញ្ញា និង​សេចក្ដី​សន្យា ដើម្បី​កាន់​តាម​អស់​ទាំង​ព្រះ​បញ្ញត្តិ និង​ក្រឹត្យ​ក្រម​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​យើង​ចុះ » ។ ៩ ពួកគេ​ត្រូវ​បាន​រំឭក​ថា ការ​ប្រព្រឹត្ត​របស់​ពួកគេ​ក្នុង​ពេល​ធ្វើ​ដំណើរ​គឺ​សំខាន់​ដូច​ជា​គោលដៅ​របស់​ពួកគេ​ដែរ ហើយ​ក៏បាន​ប្រែក្លាយ​ការ​សាកល្បង​ដ៏​លំបាក​នេះ​ទៅ​ជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​សំខាន់​មួយ​ដែល​បាន​ចែករំលែក ។

 

ខ្ញុំ​បាន​ទទួល​ពរ​លោក​អយ្យកោ​របស់​ខ្ញុំក្នុង​ឆ្នាំ ២០០១ រយៈ​ពេល​ដប់​ឆ្នាំ​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏បាន​រៀន​បន្ថែម​ទៀត​អំពីពូជពង្ស​អ៊ីស្រាអែល ។ មិន​ថាពូជពង្ស​របស់​យើង​ជា​អ៊ីស្រាអែល ឬត្រូវ​ទទួល​មក​ចិញ្ចឹម​នោះទេ ក៏យើង​នៅតែ​អាច​ទទួល​ពរជ័យនៃ​សេចក្តីសន្យា តាមរយៈ​លោក​អ័ប្រាហាំ អាស្រ័យ​លើ​ភាព​ស័ក្តិសម និង​ភាព​ស្មោះត្រង់​របស់​យើង​លើ​ព្រះអម្ចាស់ ។

 

ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​រក​ឃើញ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែលបានស្តារឡើងវិញ ។  ពិតណាស់ ការ​យល់​ពី​គោលលទ្ធិ​នៃ​ការ​ធ្វើ​ជារាស្រ្ត​នៃ​សេចក្តីសញ្ញា​ បាន​ជួយ​ខ្ញុំ​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ​​បានយ៉ាង​ខ្ជាប់ខ្ជួន ។ ទស្សន​វិស័យដ៏អស់កល្បដែលដំណឹង​ល្អ​បង្រៀន និងការដឹក​នាំពី​ព្រះវិញ្ញាណបរិសុទ្ធ បានមាន​ផល​ប៉ះពាល់​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ សូម​ឲ្យ​យើង​តែងតែ​មាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​ដើម្បី​បន្ត​ដំណើរ​របស់​យើង​ក្នុង​នាម​ជា​រាស្រ្ត​នៃ​សេចក្តីសញ្ញា​ពិត​ប្រាកដ ។

 


 

  1. គ. និង ស. ៨២:១០ ។
  2. លោកុប្បត្តិ ១:២៨ ។
  3. អ័ប្រាហាំ ៣:១១ ។
  4. យ៉ូសែប ហ្វីលឌិង ស៊្មីធ Doctrines of Salvation, comp. Bruce R. McConkie, (ឆ្នាំ ១៩៥៥) ៣:៦០០ ។ 
  5. យ៉ូសែប ហ្វីលឌិង ស៊្មីធ « How One May Become of the House of Israel » Improvement Era,​ខែ តុលា ឆ្នាំ ១៩២៣​,១១៤៩ ។
  6. សូម​មើល គ. និង ស. ១៣២ ។
  7. ប៉ាលី ភី ប្រាត្ត ,Journal of Discourses, វ៉ុល ១ ទំព័រ ២៦២ ។
  8. យ៉ូហាន ៨:៣៩ ។
  9. គ. និង ស. ១៣៦:២ ។
  10. សូមមើល Chad M. Orton, “This Shall Be Our Covenant,” នៅក្នុង​វិវរណៈ​ក្នុង មាតិកា ៖ ដំណើរ​រឿង​នៅ​ពី​ក្រោយ​ជំពូក​ទាំង​ឡាយ​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ ២០១៦ ) ទំព័រ ៣០៨ ។