សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (March 2022)

ការធ្វើឲ្យការប្រជុំសាក្រាម៉ង់បានល្អបំផុត

« ការប្រជុំសាក្រាម៉ង់គឺជាឱកាលដើម្បីខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ សម្រាប់យើងដើម្បីធ្វើឲ្យបទពិសោធន៍នេះបានល្អបំផុត តើយើងអាចធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនយើងឲ្យបានប្រសើរឡើង ? »

អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី ថៃ
អែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី ថៃ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានតំបន់អាស៊ី

កាលពីប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំមានឱកាសធ្វើដំណើរទៅកាន់ដែនដីបរិសុទ្ធ ជាទីដែលព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទបានគង់នៅ ហើយបង្រៀន ។ ក្នុងការរៀបចំខ្លួន ខ្ញុំបានសិក្សាអំពីព្រះជន្មរបស់ទ្រង់ ហើយបានស្រាវជ្រាវរកទីកន្លែងដែលខ្ញុំចង់ទៅ។  ការដកស្រងសំខាន់ៗនៃការធ្វើដំណើររបស់ខ្ញុំគឺការអានដំណើររឿងក្នុងព្រះគម្ពីរប៊ីបអំពីការរងទុក្ខរបស់ព្រះអម្ចាស់នៅក្នុងសួនច្បារគែតសេម៉ានីនៅក្បែរដើមអូលីវពីបុរាណនៅខាងក្រៅទីក្រុងយេរូសាឡិម និង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នៅឧទ្យានផ្នូរ ។ ការធ្វើដំណើរដ៏ខ្លីនោះ ខ្ញុំបានបញ្ចប់ជាមួយនឹងការតាំងចិត្តជាថ្មីក្នុងការធ្វើតាមព្រះអង្គសង្គ្រោះ ។ ដំណើរការនៃការរៀបចំខ្លួនសម្រាប់ ការចូលរួម និងការធ្វើតាមបទពិសោធន៍ទាំងនោះបានផ្ដល់ពរជ័យយ៉ាងធំធេងដល់ជីវិតរបស់ខ្ញុំ ។

យើងម្នាក់ៗមានឱកាសដើម្បីធ្វើដំណើរជាធម្មតាទៅកាន់ទីកន្លែងដ៏ពិសិដ្ឋមួយដែលយើងអាចសញ្ជឹងគិតពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ និងទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ ។ ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យជួបជុំគ្នាជាញឹកញាប់ដើម្បីទទួលទានសាក្រាម៉ង់ [1] ហើយទ្រង់សន្យាថា នឹងគង់នៅក្នុងចំណោមយើង[2] នៅពេលយើងជួបជុំគ្នាដូច្នោះ ។ នៅពេលយើងទទួលយកការអញ្ជើញរបស់ទ្រង់ នោះយើងត្រូវបានរៀបចំ និងការពារចំពោះបញ្ហាប្រឈមទាំងឡាយនាពេលអនាគត ។ [3] នៅពេលយើងប្រែចិត្ត ហើយកាន់ខ្ជាប់នូវការចងចាំដល់ទ្រង់ យើងនឹងមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយនឹងយើងជានិច្ច ។ [4] ដោយសារតែពិធីបរិសុទ្ធនៃពិធីសាក្រម៉ង់ និងសេចក្ដីសញ្ញាជាមួយនឹងព្រះ នោះការប្រជុំសាក្រម៉ង់គឺជាការប្រជុំដ៏ពិសិដ្ឋ និងសំខាន់បំផុតនៅក្នុងសាសនាចក្រ ។  [5]

ការប្រជុំសាក្រាម៉ង់គឺជាឱកាសដ៏ពិសេសដើម្បីបាននៅជិតព្រះអង្គសង្គ្រោះ ។ ចំពោះយើងដើម្បីធ្វើឲ្យបទពិសោធន៍នេះបានល្អបំផុត តើយើងអាចធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនយើងឲ្យបានប្រសើរឡើង ? តើយើងអាចចូលរួមឲ្យកាន់តែពេញលេញដោយរបៀបណា ? តើបទពិសោធន៍របស់យើងក្នុងការប្រជុំសាក្រាម៉ង់អាចបន្តផ្ដល់ពរជ័យដល់យើងដោយរបៀបណា ?


ដោយសារតែពិធីបរិសុទ្ធនៃពិធីសាក្រម៉ង់ និងសេចក្ដីសញ្ញាជាមួយនឹងព្រះ នោះការប្រជុំសាក្រម៉ង់គឺជាការប្រជុំដ៏ពិសិដ្ឋ និងសំខាន់បំផុតនៅក្នុងសាសនាចក្រ ។

ដាល្លិន អេក អូក « Sacrament Meeting and the Sacrament » សន្និសីទទូទៅខែតុលា ឆ្នាំ២០០៨

រៀបចំខ្លួន
ការរៀបចំខ្លួនសម្រាប់ការប្រជុំសាក្រាម៉ង់គឺត្រូវរៀបចំខ្លួនពីមុនថ្ងៃឈប់សម្រាក ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា យើងគួរតែពិចារណា និងអធិស្ឋានអំពីព្រះបន្ទូលរបស់ទ្រង់នៅក្នុងគេហដ្ឋានរបស់យើង ហើយរៀបចំគំនិតរបស់យើងទុកជាមុន ។ [6]  យើងរៀបចំកូនចៅរបស់យើងសម្រាប់ពិធីសាក្រាម៉ង់ដោយការប្រាប់ពួកគេពេញមួយសប្ដាហ៍អំពីអត្ថន័យនៃការប្រជុំសាក្រាម៉ង់នេះ និងរបៀបដែលពួកគេអាចប្រើពេលវេលានោះដើម្បីរៀនអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេ ។ យើងគួរតែពិនិត្យមើលខ្លួនឯង[7]និងតាំងចិត្តថា តើយើងត្រូវផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងជីវិតរបស់យើង ហើយថា តើយើងត្រូវការជំនួយអ្វីខ្លះពីព្រះអម្ចាស់ ។ យើងអាចធ្វើបញ្ចីសំណួរមួយយកទៅកាន់ការប្រជុំនេះ ហើយត្រៀមខ្លួនស្ដាប់រកចម្លើយចំពោះសំណួរទាំងនោះនៅក្នុងការអធិស្ឋាន ទំនុកតម្កើង និងសារលិខិតដែលបានផ្ដល់ឲ្យនៅក្នុងការប្រជុំនេះ ។ យើងអាចថ្វាយចិត្តសង្រេង និងវិញ្ញាណទន់ទាបរបស់យើងចំពោះព្រះអម្ចាស់[8]ដោយការប្រែចិត្ត និងស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់យើងមកពីព្រះអម្ចាស់ និងដោយអភ័យទោសដល់មនុស្សដទៃចំពោះកំហុសរបស់ពួកគេដែលបានធ្វើមកលើយើង ។ ការរៀបចំខ្លួនដោយការតាំងចិត្តអាចជួយឲ្យយើងទទួលបានការបំផុសគំនិតដែលស្វែងរក និងត្រូវការ ។    

ចូលរួម
ព្រះអម្ចាស់បង្គាប់ឲ្យយើងមានការប្រុងប្រយ័ត្ន ព្រមទាំងចាំយាម និងអធិស្ឋានជានិច្ច ។ [9] យើងបន្តមានការប្រុងប្រយ័ត្ន និងការផ្ដោតយកចិត្តទុកដាក់ នៅពេលយើងចូលរួមយ៉ាងសកម្មនៅក្នុងការប្រជុំនោះ ដោយស្ដាប់រកចម្លើយចំពោះសំណួររបស់យើងយ៉ាងយកចិត្តទុកដាក់ និងដោយកត់ត្រាការបំផុសគំនិតដែលយើងទទួលបានមកពីព្រះអង្គសង្គ្រោះ ។ យើងរួបរួមសេចក្ដីជំនឿរបស់យើងជាមួយនឹងមនុស្សដទៃទៀតតាមរយៈការអធិស្ឋានដែលបានធ្វើឡើង និងសំឡេងរបស់យើងនៅក្នុងការច្រៀងទំនុកតម្កើង ។ យើងបង្ហាញការបញ្ជាក់របស់យើងទៅនឹងអ្វីដែលបាននិយាយដោយប្រើពាក្យ« អាម៉ែន »បន្ទាប់ពីសារលិខត និងការអធិស្ឋាននីមួយៗ ។ យើងស្ដាប់ដោយគារវភាព កាលពាក្យអធិស្ឋានពិធីសាក្រាម៉ង់បានអាន និងថាតាមនៅក្នុងគំនិតរបស់យើង ហាក់ដូចជាពាក្យទាំងនោះគឺជាការទូលអង្វរ និងការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនរបស់យើងចំពោះព្រះអម្ចាស់ដូច្នោះដែរ ។ យើងផ្ដោតលើសារលិខិត តន្ត្រី ឬការអធិស្ឋានអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហើយយើងស្វែងរកឱកាសដើម្បីជួយមនុស្សដទៃឲ្យទទួលបានអារម្មណ៍ ការស្វាគមន៍ សេចក្ដីស្រឡាញ់ និងសំខាន់ ។ តាមរយៈការចូលរួមដ៏សកម្ម នោះយើងទទួលបាននូវមិត្តភាព សមិទ្ធិផល និងការស្អាងឡើងដ៏ធំចំពោះសមាជិកដទៃទៀត ។  

 

ការធ្វើឲ្យការប្រជុំសាក្រាម៉ង់បានល្អបំផុត

ធ្វើសកម្មភាព
តាមរយៈពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ យើងចុះសេចក្តីសញ្ញាជាមួយនឹងព្រះថា យើងនឹងព្រមលើកមកដាក់លើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ចងចាំ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ជានិច្ច ។ បន្ទាប់ពីការប្រជុំសាក្រាម៉ង់ម្ដងៗ យើងខិតខំបំពេញការសន្យារបស់យើងចំពោះព្រះ ។ យើងក៏ជ្រើសរើសធ្វើតាមការបំផុសគំនិតដែលយើងទទួលបានអំឡុងការប្រជុំនោះភ្លាមៗដែរ ។ យើងទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ « ឲ្យលើកពន្លឺរបស់យើងឡើង »ប្រយោជន៍ឲ្យបានភ្លឺដល់ពិភពលោកនេះ[10] ហើយធ្វើកិច្ចការនេះដោយសេចក្តីស្រឡាញ់ ចែកចាយ និងអញ្ជើញមនុស្សដទៃឲ្យ« មកហើយឃើញ »« មកហើយជួយ »និង« មកហើយចូលរួម »តាមរបៀបធម្មតា និងឯកឯង ។ នៅពេលយើងធ្វើសកម្មភាពដោយសេចក្ដីជំនឿ នោះព្រះអម្ចាស់ប្រទានពរឲ្យយើងជាមួយនឹងបទពិសោធន៍ដែលនាំមកឲ្យយើងនូវអំណរដ៏គ្មានទីបញ្ចប់ ។  

តាមរយៈដំណើរការនៃការរៀបចំខ្លួន ការចូលរួម និងសកម្មភាពដដែលៗ នោះការថ្វាយបង្គុំរបស់យើងក្នុងពិធីសាក្រាម៉ង់ក្លាយជាផ្នែកដ៏សំខាន់នៃជីវិតរបស់យើង ហើយជាប្រភពនៃអំណាច និងការការពារខាងវិញ្ញាណជារៀងរហូត ។ ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គសង្គ្រោះ និងពួកសិស្សផ្សេងទៀតនឹងត្រូវបានលើកកម្ពស់ ។ សូមឲ្យយើងម្នាក់ៗពិចារណាពីរបៀបដែលយើងអាចធ្វើឲ្យការប្រជុំសាក្រាម៉ង់ក្លាយជាបទពិសោធន៍ដ៏ល្អបំផុតនៅក្នុងជីវិតរបស់យើង ។  


 

[1]  សូមមើល គ. និង ស. ២០:៧៥, នីហ្វៃទី៣ ១៨:២២

[2]  សូមមើល គ. និង ស. ៨៨:៦៣, យ៉ាកុប ៤:៨

[3]  សូមមើលនីហ្វៃទី៣ ១៨:១២-១៣

[4]  សូមមើលនីហ្វៃទី៣ ១៨:១១

[5]  ដាល្លិន អេក អូក « Sacrament Meeting and the Sacrament » សន្និសីទទូទៅខែតុលា ឆ្នាំ២០០៨ 

[6]  សូមមើលនីហ្វៃទី៣ ១៧:៣

[7]  សូមមើល កូរិនថូសទី១ ១១:២៨

[8]  សូមមើលនីហ្វៃទី៣ ៩:២០

[9]  សូមមើលនីហ្វៃទី៣ ១៨:១៥-១៦, ម៉ាថាយ ២៦:៣៨

[10]  សូមមើលនីហ្វៃទី៣ ១៨:២១-២៤