សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (April 2022)

ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់

ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ផ្ដល់​ការអញ្ជើញ​ដោយ​ក្ដីស្រឡាញ់​ទៅកាន់​មិត្តភក្ដិ​របស់​យើង និង​សមាជិក​ដែល​អសកម្ម​ដែល​យើង​ស្គាល់ និង​ស្រឡាញ់ទាំងអស់ ដើម្បី​ឲ្យមក​កាន់​ការប្រជុំ​សាក្រាម៉ង់ ជា​កន្លែង​ដែល​យើង​ទាំងអស់​គ្នា​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

អែលឌើរ ធីង-សុង ឆាង
អែលឌើរ ធីង-សុង ឆាង ក្នុង​ពួក​ចិតសិប​នាក់

នៅពេល​យើង​ខិតខំ​ដើម្បី​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពិធី​សាក្រាម៉ង់​គឺជា​ពិធីបរិសុទ្ធ ​ដែល​យើង​ស្គាល់ច្បាស់ និង​មាន​អត្ថន័យ​បំផុត​នៅក្នុង​ជីវិត​របស់​យើង ។ ព្រះយេស៊ូវ​បាន​តាំង​ពិធីសាក្រាម៉ង់​នេះ​ឡើង ដើម្បី​រំឭក​យើង​អំពី​ដង្វាយធួន​របស់​ទ្រង់បន្ទាប់ពី​យប់អាហារ​ចុងក្រោយ ។ ឥឡូវនេះ យើង​ដឹងគុណ និង​មាន​អំណរ​ដែល​យើង​អាច​ទទួលទាន​សាក្រាម៉ង់​ ព្រមទាំង​អាច​រំឭក និង​រក្សា​សេចក្ដីសញ្ញា​របស់​យើង​​ជារៀង​រាល់​សប្ដាហ៍ ។  

 

តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់ យើង​ចុះ​សេចក្ដីសញ្ញា​ថា​នឹង​ចងចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ស្ម័គ្រចិត្ត​លើក​ដាក់​មកលើ​ខ្លួន​នូវ​ព្រះនាម​របស់​ទ្រង់ ហើយ​សន្យា​ថា​នឹង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដូចដែល​បាន​ចែង​នៅក្នុង​ការអធិស្ឋាន​សាក្រាម៉ង់ ។[1] លើសពីនេះ​ទៅទៀត ព្រះអម្ចាស់​សន្យា​នឹង​យើង​ថា យើង​នឹង​ទទួល​បាន​ការផ្ដាច់​បាប​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង​យើង​ជានិច្ច ហើយ​មាន​ចំណេះដឹង សេចក្ដី​ជំនឿ អំណាច និង​សេចក្ដី​សុចរិត​ដើម្បី​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។[2]

 

រយៈពេល​ជាង ៦ ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​អាច​ប្រសិទ្ធពរ​សាក្រាម៉ង់​សម្រាប់​ម្ដាយ​របស់​ខ្ញុំ​នៅ​រៀងរាល់​ថ្ងៃ​ឈប់​សម្រាក​នៅឯ​ផ្ទះ​របស់​គាត់ ដោយសារ​កម្លាំង​កាយ​គាត់​ចេះតែ​ទ្រុឌទ្រោម ។ រាល់ពេល​ទទួលទាន​សាក្រាម៉ង់​ម្តងៗ គាត់​បាន​សញ្ជឹងគិត និង​បង្ហាញ​នូវការដឹងគុណ​យ៉ាងខ្លាំង ។ យើង​តែងតែ​មាន​អារម្មណ៍​ពិសេស​មួយ​នៅ​អំឡុង​ពេល ដែល​ខ្ញុំ​អាន​ការអធិស្ឋាន​សាក្រាម៉ង់​ដោយយឺតៗ និង​ច្បាស់ៗ ។ នៅក្នុង​បន្ទប់​របស់​យើង យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាងខ្លាំង ។ តាមរយៈ​បរិយាកាស​ប្រកប​ដោយ​គារវភាព និង​ពិធីបរិសុទ្ធ​ដ៏បរិសុទ្ធ​ដែល​យើង​បាន​ទទួលទាន​នោះ វាធ្វើ​ឲ្យ​ដួងចិត្ត​របស់​ពួក​យើង​បាន​រួបរួមគ្នា​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​បាន​នឹកចាំ​ដល់​សេចក្ដី​សុខសាន្ដ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អ្នកដើរតាម​​ទ្រង់  ហើយ​សង្ឃឹម​ថា​នឹង​ត្រឡប់​ទៅកាន់​ព្រះវរបិតា​សួគ៌​របស់​យើង​នៅ​ថ្ងៃ​ណាមួយ ។ ការណ៍​នេះ​គឺការពិត​ជាពិសេស​កាលពី​ខែ​កក្កដា​មុន នៅពេល​ដែល​ម្ដាយ​ខ្ញុំ​បាន​លាចាកលោក​ទៅ​ក្នុង​ជន្មាយុ ៩៩ ឆ្នំា ។ ខណៈ​ដែលមរណភាព​របស់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​គឺ​ជា​រឿង​ពិបាក​សម្រាប់​មនុស្ស​ជាច្រើន នោះ​ខ្ញុំ​មាន​អារម្មណ៍​នៃ​ការលួងលោម និង​សេចក្ដី​សុខសាន្ដ​អំឡុង​ពេល​នោះ ដោយសារ​ចំណេះដឹង និង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​ដង្វាយធួន ។


នៅពេលខាងមុខ យើងនឹងមិនអាចរស់រានមានជីវិតខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជានិច្ចកាលមកពីព្រះវិញ្ញាណបរិសុទ្ធទេនោះ

​ប្រធាន រ័សុល អិម ណិលសុន

យើង​រស់នៅ​ក្នុង​គ្រា​ដ៏លំបាក ។ ភាពតានតឹង​ខាង​សេដ្ឋកិច្ច អស្ថេរភាព​​ខាង​សង្គម បញ្ហា​ទាំងឡាយ​ក្នុង​គ្រួសារ និង​ចំណង​អាពាហ៍ពិពាហ៍ ការរាតត្បាត​​នៃ​ជំងឺ​កូវីដ-១៩ និង​គ្រោះ​ធម្មជាតិ​នានា គឺជា​ឧបសគ្គ​មួយ​ចំនួន​ដែល​យើង​កំពុងតែ​ប្រឈម​មុខ ។ ខណៈ​ដែល​យើង​អាច​មាន​អារម្មណ៍​ថា​វា​លើសលប់ពេក នោះ​យើង​មិន​ត្រូវ​​ឲ្យ​ភាពភ័យខ្លាច​យកឈ្នះ​លើ​យើង​នោះឡើយ ។ ផ្ទុយទៅវិញ យើង​គួរតែ​មាន​អំណរគុណ​ដែល​យើង​មាន​ការសន្យា​ថា យើង​អាច « បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង​ពួកយើង​ជា​ដរាប » ។ តាមរយៈ​ការទទួលទាន​សាក្រាម៉ង់ជា​រៀងរាល់​សប្ដាហ៍ នោះ​យើង​អាច​ស្ដាប់ឮ​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​ខ្សឹប​ប្រាប់​យើង​នូវ​ការណែនាំ ការលួងលោម និង​សេចក្ដី​សុខសាន្ដ​របស់​ទ្រង់​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ តាមរយៈ​ការនៅ​ស្ងប់ស្ងាត់ នោះ​យើង​អាច​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ទ្រង់ ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​មាន​អារម្មណ៍​សុខសាន្ដ ។ « នៅពេល​ខាងមុខ យើងនឹង​មិន​អាច​រស់រានមានជីវិត​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្ត​​ជានិច្ចកាល​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​នោះ » ។[3]

 

អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « ការទទួល​ទាន​សាក្រាម៉ង់​គឺជា​ពិធីបរិសុទ្ធ​បន្ទាប់ ដែល​មនុស្ស​គ្រប់រូប​ត្រូវការ បន្ទាប់ពី​ទទួលបាន​ការបញ្ជាក់​​ជា​សមាជិក​នៃ​សាសនាចក្រ ។ ពិធីសាក្រាម៉ង់​គឺជា​ពិធីបរិសុទ្ធ​​ចាំបាច់បន្ទាប់ ក្រោយពី​ការទទួល​បាន​អំណោយទាន​ពិសិដ្ឋ ឬ​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពិធីសាក្រាម៉ង់​គឺជា​ពិធីបរិសុទ្ធ​​ចាំបាច់បន្ទាប់ ក្រោយពី​បាន​ធ្វើ​ការជ្រើសរើស​ល្អ​មួយ ហើយ​ជា​ពិធីបរិសុទ្ធ​​ចាំបាច់បន្ទាប់ ក្រោយពី​បាន​ធ្វើ​ការជ្រើសរើស​មិន​ល្អ​មួយ​ដែរ ។ ពិធីសាក្រាម៉ង់​គឺជា​ពិធីបរិសុទ្ធ​​ចាំបាច់បន្ទាប់​ដែល​ត្រូវការ​​ជារៀង​រាល់​សប្ដាហ៍​ពេញ​មួយ​ជីវិត​របស់​យើង » ។[4]

ពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់

មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន រស់នៅ​បាន​យូរ​ប៉ុណ្ណា ឬ​មាន​អ្វី​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង​នោះ​ទេ ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់​នៅ​ថ្ងៃ​ឈប់​សម្រាក​ជួយ​យើង​ឲ្យ​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ក៏ដូចជា​ស្អាង​ព្រលឹង​របស់​យើង​ផងដែរ ។ ដូចដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ដាស់តឿន​ថា « នៅពេល​ជីវិត​របស់​យើង​ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើតឡើង—ឬ​មិន​កើតឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺជា​ប្រភព​នៃ​អំណរ​ទាំងអស់ » ។[5]

 

យើង​ស្រឡាញ់​ព្រះវរបិតាសួគ៌​ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់ទ្រង់​ដែល​មាន​មក​ដល់​យើង ។ យើង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ហើយ​ខិតខំ​ស្រឡាញ់​អ្នកជិតខាង​របស់​យើង ​ដូចដែល​ទ្រង់​បាន​ធ្វើ​ដែរ ។ យើង​ចង់​ឲ្យ​អ្នកដទៃ​ទទួល​អារម្មណ៍​​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ យើង​អាច​ចែកចាយ​ពេលវេលា ធនធាន និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មិត្តភក្ដិ​របស់​យើង និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ យើង​ចង់ឲ្យ​ពួកគេ​មាន​អំណរ​ដែល​កើត​មកពី​ព្រះអង្គ​សង្គ្រោះ ដំណឹងល្អ​របស់​ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ។ « ពិធីបរិសុទ្ធ​នៃ​ពិធីសាក្រាម៉ង់​ធ្វើឲ្យ​ការប្រជុំ​សាក្រាម៉ង់​ជា​ការប្រជុំ​ដ៏ពិសិដ្ឋ និង​ជា​ការប្រជុំ​ដ៏​សំខាន់​បំផុត​នៅក្នុង​សាសនាចក្រ » ។[6] ក្នុងនាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​ផ្ដល់​ការអញ្ជើញ​មួយ​ពេញ​ដោយ​ក្ដីស្រឡាញ់​ទៅកាន់​មិត្តភក្ដិ​របស់​យើង និង​សមាជិក​ដែល​អសកម្ម​ទាំងអស់ ដែល​យើង​ស្គាល់ និង​ស្រឡាញ់ ដើម្បី​ឲ្យមក​កាន់​ការប្រជុំ​សាក្រាម៉ង់ ជា​កន្លែង​ដែល​យើង​ទាំងអស់​គ្នា​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។ នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ ។ នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់ ។

 


[1] គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៧៧, ៧៩

[2] ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៦:២២, ២៤; នីហ្វៃ​ទី​៣ ១៨:១២

[3] រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

[4] ឌែល ជី រិនឡាន់ « Lifelong Conversion » សុន្ទរកថា​នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន ប៊ី.វ៉ាយ.យូ. ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ ។

[5] រ័សុល អិម ណិលសុន « Joy and Spiritual Survival » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ។

[6] ដាល្លិន អេក អូក « Sacrament Meeting and the Sacrament » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៨ ។