សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (June 2022)

ការស្វាគមន៍​មិត្តភក្តិ​មក​ចូលរួម​ពិធី​សាក្រាម៉ង់

សូម​ឲ្យ​យើង​ស្វែងរក​អំណរ​ដែល​កើត​មក​ពី​ការបម្រើ​ដ៏​ពិសិដ្ឋ​នៃ​ការស្វាគមន៍​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​ចូលរួមពិធី​សាក្រាម៉ង់​វិញ​របស់​យើង ជាទី​ដែល​ពួកគាត់​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

អែលឌើរ អាលិន ស៊ី ខេ ឈឹង
អែលឌើរ អាលិន ស៊ី ខេ ឈឹង ក្នុង​ពួក​ចិតសិប​នាក់

នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០ ប្រធាន ណិលសុន​បាន​ធ្វើ​ការអង្វរ​ដល់​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក​ឲ្យ​ធ្វើ​ការប្រមូលផ្តុំ​អ៊ីស្រាអែល​នៅ​ទាំងសងខាង​នៃ​វាំងនន ។ បន្ថែម​ពី​លើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ លោក​ក៏​បាន​បង្គាប់​យើង​ឲ្យ​ជួយ​ស្ថាបនា​សេចក្តី​ជំនឿ និង​ទីបន្ទាល់ « នៅ​ក្នុង​ដួងចិត្ត​នៃ​ជន​ទាំងឡាយ​ណា​ដែល​យើង​រស់នៅ​ជាមួយ ធ្វើការជាមួយ និង​បម្រើ » ផង​ដែរ ។[1] ជា​ការឆ្លើយ​តប​ចំពោះ​ការអំពាវនាវ​នេះ គណៈប្រធាន​តំបន់​បាន​បន្ត​ការអញ្ជើញ​មួយ​ចំនួន​ដល់​សមាជិក​ទាំងអស់​នៅ​តំបន់​អាស៊ី ដែល​មួយ​ក្នុង​ចំណោម​នោះ​គឺ​ការប្រមូលផ្តុំ​អ៊ីស្រាអែល​មក​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ ជាទី​ដែល​គ្រប់​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ​ទទួល​អារម្មណ៍​នៃ​ការស្វាគមន៍ ក្តីស្រឡាញ់ និង​ការរាប់អាន ។ 

 

ច្រើន​ឆ្នាំ​កន្លង​ទៅ អំឡុង​ពេល​នៃ​ការសិក្សា​ថ្នាក់​បណ្ឌិត​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​ទៅ​ចូល​រួម​កម្មវិធី​ការផ្លាស់ប្តូរ​បទពិសោធន៍​និស្សិត​ចំនួន​ពីរ​បី​ខែ នៅ​ទីក្រុង​ម៉នតេរី ប្រទេស​ម៉ិកស៊ិក ។ ដើម្បី​កុំ​ឲ្យ​អស់​លុយ​ច្រើន គ្រួសារ​របស់​យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​រថយន្ត​រយៈពេល​បួន​ថ្ងៃ លើ​ចម្ងាយ​ផ្លូវ​ជាង ២៤១៤​គីឡូ​ម៉ែត្រ​ពី​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ទៅ ទីក្រុង​ម៉នតេរី ។ ២៤០ គីឡូម៉ែត្រ​ចុងក្រោយ គឺ​ជា​ផ្នែក​ដ៏​លំបាក​បំផុត​នៃ​ការធ្វើ​ដំណើរ​នោះ ។ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​យើង​បាន​ឆ្លង​ព្រំ​ដែន​ចូល​ទៅ​ប្រទេស​ម៉ិកស៊ិក អ្វីៗ​ដែល​យើង​ធ្លាប់​ស្គាល់—ដូច​ជា សញ្ញា​ប្រាប់​ផ្លូវ ម្ហូបអាហារ ភាសា វប្បធម៌—ពុំ​មាន​ទៀត​ទេ ដែលធ្វើ​ឲ្យ​យើង​មានការបារម្ភ និង​ភ័យខ្លាច​ជា​ខ្លាំង ។ វា​គឺ​ជា​បទពិសោធន៍​ដែល​មិន​ស្រួល​ក្នុង​ចិត្ត និង​គួរ​ឲ្យ​ភ័យខ្លាច ។ 

 

បទពិសោធន៍​របស់​ខ្ញុំ​នៅទីក្រុង​ម៉នតេរី រំឭក​ខ្ញុំ​ពី​បទពិសោធន៍​ស្រដៀង​គ្នា​មួយ​នៅ​ពេល​អ្នកផ្សព្វផ្សាយ​សាសនា​បាន​នាំ​ខ្ញុំ​មក​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់​ជា​លើក​ដំបូង ។ ដូចជា​បងប្អូន​ដែរ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​ខុសពី​គេ និង​មិន​ស្រួល​ក្នុង​ចិត្ត​សោះ ជា​ពិសេស​ពេល​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ខ្ញុំ​ស្លៀកពាក់​ខុស​គេ​ក្នុង​ការប្រជុំ​នោះ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​មាន​ពរ​ណាស់​ដែល​សមាជិក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្វាគមន៍ និង​កក់ក្តៅ​ជា​ខ្លាំង ។ រឿង​គ្រប់យ៉ាង​អាច​ក្លាយ​ទៅជា​រឿងផ្សេង ប្រសិន​បើ​សមាជិក​មិន​បាន​ស្វាគមន៍​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​យ៉ាង​ខ្លាំង​ទេ​នោះ ។ ដូច្នេះ​ក្នុង​នាម​ជា​វួដ ឬ សាខា តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​សមាជិក​ថ្មី ឬ សមាជិក​ដែល​ត្រឡប់​មក​វិញ​​ឲ្យទទួលបាន​អារម្មណ៍​នៃ​ការស្វាគមន៍ ក្តី​ស្រឡាញ់ និង​ការរាប់អាន ? នេះ​គឺ​ជា​គោលការណ៍​ដ៏​សំខាន់​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​រៀន​មក​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន និង​មក​ពី​អង្គភាព​នានា​ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ចូល​រួម​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ។


យើង​ក៏​សំដៅ​លើ​ការស្ថាបនា​សេចក្តីជំនឿ និង​ទីបន្ទាល់​នៅ​ក្នុង​ដួងចិត្ត​នៃ​ជន​ទាំងឡាយ​ណា​ដែល​យើង រស់នៅ​ជា​មួយ ធ្វើការ​ជាមួយ និង​បម្រើ ។

ប្រធាន រ័សុល អិម ណិលសុន

តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ​គឺ​មហិមា​ណាស់

នៅ​ក្នុង​អាលម៉ា​ជំពូក ៣១ អាលម៉ា​បាន​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត​ទៅ​ព្រះ​ដើម្បី​ឲ្យ​លោក និង​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់លោក​អាច​ជួយ​ឲ្យ​សាសន៍​សូរាំ​ប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់​យ៉ាងជោគជ័យ ។ តាម​រយៈ​ការអធិស្ឋាន​របស់​លោក យើង​អាច​មើល​ឃើញ​ដោយ​ងាយ​ថា អាលម៉ា​មាន​ក្តី​ស្រឡាញ់​យ៉ាង​អស្ចារ្យ​ដល់​សាសន៍​សូរាំ និង​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ដ៏​មហិមា​នៃ​ព្រលឹង​ទាំង​នេះ ។ ដូច​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ៖ « មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ ព្រលឹង​របស់​គេ​មាន​តម្លៃ ហើយ​ពួក​គេ​ជា​ច្រើន គឺជា​បង​ប្អូន​យើង​ខ្ញុំ ហេតុ​ដូច្នេះ​ហើយ ឱ​ព្រះ​អម្ចាស់​អើយ សូម​ប្រទាន​ដល់​យើង​ខ្ញុំ​នូវ​អានុភាព និង​ប្រាជ្ញា ដើម្បី​យើង​ខ្ញុំ​អាច​នាំ​បង​ប្អូន​យើង​ទាំង​នេះ​មក​រក​ព្រះ​អង្គ​វិញ » ។[2] ដូចជា​អាលម៉ា​ដែរ ពេល​យើង​ទទួល​ស្គាល់ « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ »[3] នោះ​យើង​នឹង​ទទួល​បាន​ការលើកទឹកចិត្ត​ដោយ​ក្តី​ស្រឡាញ់​ដើម្បី​ធ្វើ​នូវ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​ក្នុង​ការជួយ​ដល់​មនុស្ស​ទាំងឡាយ​នៅ​ជុំ​វិញ​យើង ជា​ពិសេស​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ ដើម្បី​ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​នេះ ។

ទង្វើ​នៃ​ការបម្រើ​ដ៏​សាមញ្ញ

កាល​ពី​ម្ភៃ​ឆ្នាំ​មុន គ្រួសារ​របស់​យើង​បាន​ប្តូរ​ទីលំនៅ​ទៅ​កាន់​តំបន់​ថ្មី​មួយ​ដែល​នៅ​ជិត​កន្លែង​ការងារ​ថ្មី​របស់​ខ្ញុំ ។ នៅ​ពេល​យើង​បាន​ទៅ​ចូល​រួម​ការប្រជុំ​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ​ដំបូង ប៊ីស្សព ភិតធី បាន​អញ្ជើញ​ពួកយើង​ចូល​ក្នុង​ការិយាល័យ​របស់​គាត់​ដើម្បី​ជជែក​គ្នា​លេង​មួយ​ភ្លែត ។ នៅ​ថ្ងៃ​អាទិត្យ​ក្រោយ​ពេល​យើង​បាន​ដើរ​ចូល​មក​ក្នុង​សាលាប្រជុំ ប៊ីស្សព ភិតធី​បាន​ឈរ​ចាំ​ស្វាគមន៍​ពួកយើង ហើយ​បាន​ហៅ​កូន​ទាំង​បី​របស់​យើង​ម្នាក់ៗ​ចំៗ​ឈ្មោះ ។ ជា​រឿយៗ ខ្ញុំ​ហៅ​កូនៗ​របស់​ខ្ញុំ​មិន​សូវ​ត្រូវ​ចំ​ឈ្មោះ​នោះ​ទេ ។ ទឹកចិត្ត​ដ៏​ល្អ​របស់​លោក ទោះជា​មើល​ទៅ​ហាក់​ដូច​ជា​ទង្វើ​ដ៏​តូច​តាច​ក្តី ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ពួកយើង​មាន​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់ និង​ការស្វាគមន៍ ។ ពេល​ខ្លះ​ទង្វើ​នៃ​ការបម្រើ​ដ៏​សាមញ្ញៗ—ដូចជា​ស្នាម​ញញឹម ការស្វាគមន៍ ការចាប់ដៃ—គឺ​ជា​អ្វីៗ​ទាំងអស់​ដែល​ត្រូវ​ការ​ដើម្បី​ផ្តល់​ពរ និង​លើកស្ទួយ​អ្នក​ដទៃ ។ ដូច​ដែល​ស៊ីស្ទើរ ប៊ីងហាំ​បាន​បង្រៀន​ថា « ពេល​ខ្លះ យើង​គិត​ថា​ត្រូវ​ធ្វើ​អ្វី​មួយ​ធំដុំ និង​មាន​លក្ខណៈ​ជា​វីរជន « ដើម្បី​រាប់​ថា » ជា​ការបម្រើ​ដល់​អ្នកជិតខាង​របស់​យើង ។ ប៉ុន្តែ​ទង្វើ​សាមញ្ញៗ​នៃ​ការបម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅ​លើ​អ្នក​ដទៃ—ក៏​ដូច​ជា​ខ្លួន​យើង​ដែរ ។[4]  មនុស្ស​នៅ​ជុំវិញ​ខ្លួនយើង​ត្រូវការ​ការយកចិត្តទុក្ខ​ដាក់ និង​ការគាំទ្រ​របស់​យើង ហើយ​ទង្វើ​នៃ​ការបម្រើ​ដ៏​សាមញ្ញៗ​របស់​យើង​អាច​ផ្លាស់ប្រែ​ជីវិត​ពួកគេ​លើស​ពី​ការស្រមៃ​ឃើញ​របស់​យើង​ទៅ​ទៀត ។

ការស្វាគមន៍មិត្តភក្តិមកចូលរួមពិធីសាក្រាម៉ង់

កិច្ច​ប្រឹងប្រែង​រួម​គ្នា

 

ជា​ការបន្ថែម​ទៅ​លើ​ការខិតខំ​របស់​បុគ្គល​ម្នាក់ៗ យើង​គួរ​តែ​ខិតខំ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​សាខា ឬ វួដ​របស់​យើង​ក្លាយ​កាន់តែ​មាន​ការស្វាគមន៍ និង​រាក់ទាក់ ។ កាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​មាន​ឱកាស​មួយ​ដើម្បី​ទៅ​ទស្សនកិច្ច​នៅ​វួដ​មួយ ។ នៅ​ពេល​ខ្ញុំ​បាន​ដើរ​ចូល​ក្នុង​សាលា​ប្រជុំ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​មាន​អ្នកនាំ​ភ្ញៀវ​ឈរ​ចាំ​ស្វាគមន៍​នៅ​ច្រកចូល​រួច​ជា​ស្រេច និង​ជជែក​លេង​ជាមួយ​គ្នា ។ បន្ទាប់​ពី​ការប្រជុំ ប៊ីស្សព​បាន​ប្រាប់​ខ្ញុំ​ថា វួដ​បាន​យក​ចិត្ត​ទុក្ខ​ដាក់​ជា​ពិសេស​ចំពោះ​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​វិញ ដោយ​ធានា​ឲ្យ​បាន​ថា ពួកគេ​ទទួល​បាន​ការស្វាគមន៍ ហើយ​ពួកគេ​មិន​អង្គុយ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ពិធី​សាក្រាម៉ង់​ឡើយ ។ វួដ​ក៏​បាន​ខិតខំ​ដោយ​ឆន្ទៈ​ក្នុង​ការផ្តល់​អនុសាសន៍​សម្រាប់​ការចាត់តាំង ឬ ការហៅបម្រើ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន និង​ទទួល​អារម្មណ៍​នៃ​ការរាប់អាន ។ ជា​ការពិតណាស់ ក្រុមប្រឹក្សា​វួដ ឬ សាខា​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការជួយ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល​ដោយ​ការធ្វើ​ឲ្យ​សមាជិកថ្មី ឬ សមាជិក​ដែល​ត្រឡប់​មក​វិញ​ទទួល​អារម្មណ៍​ស្វាគមន៍ ក្តីស្រឡាញ់ និង​ការរាប់អាន ។

បងប្អូន​ប្រុសស្រី យើង​ទាំង​អស់​គ្នា​ត្រូវ​បាន​បង្គាប់​ឲ្យ « ជួយ​អ្នកទន់ខ្សោយ លើកដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង » ។[5] នៅ​ពេល​យើង​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត​ដូច​អាលម៉ា នោះ​យើង​នឹង​ទទួល​បាន​នូវ​វិវរណៈ និង​ការណែនាំ​ដែល​ត្រូវការ​មក​ពី​ព្រះវរបិតា​សួគ៌​របស់​យើង​ដែល​ជា​ជំនួយ​ក្នុង​ការខិតខំ​នេះ ។ 

សូម​ឲ្យ​យើង​ស្វែងរក​អំណរ​ដែល​កើត​មក​ពី​ការបម្រើ​ដ៏​ពិសិដ្ឋ​នៃ​ការស្វាគមន៍​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​ចូលរួមពិធី​សាក្រាម៉ង់​វិញ​របស់​យើង ជាទី​ដែល​ពួកគាត់​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

 


[1] សូម​មើល Russell M. Nelson, « Let God Prevail » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ ។

[2] អាលម៉ា ៣១ ៖ ៣៥

[3] គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០

[4] ជីន ប៊ី ប៊ីងហាំ « Ministering as the Savior Does » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤-១០៦ ។

[5] គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១:៥