សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (July 2022)

ស្រឡាញ់ ចែកចាយ និង​អញ្ជើញ

យើង​អាច​ឈោង​ទៅ​ជួយ​មនុស្ស​គ្រប់គ្នា​ដោយ​សេចក្ដី​ស្រឡាញ់ ចែកចាយ​ជំនឿ​របស់​យើង និង​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ជាមួយ​នឹង​យើង ។ នៅពេល​មិត្ត​របស់​យើង​មកកាន់​ព្រះវិហារ យើង​អាច​ជួយ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង និង​មាន​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​​នៃមិត្តក្នុង​ក្រុម ។

អែលឌើរ ភីធើ អែហ្វ មើរស៍
ស្រឡាញ់ ចែកចាយ និងអញ្ជើញ ក្នុង​ពួក​ចិតសិប​នាក់

ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​សមាជិក​ដំបូងគេ​បង្អស់​នៅក្នុង​សាខា​ជនបទ​តូចមួយ​នៅក្នុង វរណាមប៊ូល​ រដ្ឋ​វិចតូរៀ ប្រទេសអូស្រ្តាលី ។ អស់រយៈពេល​ជាច្រើន​ឆ្នាំ បងស្រីខ្ញុំ និង​ខ្ញុំ​ជាយុវវ័យ​តែពីរនាក់​គត់​នៅក្នុង​ព្រះវិហារ ។ នៅឆ្នាំ​ទីបី​នៃ​វិទ្យាល័យ​របស់​ខ្ញុំ ខ្ញុំ​បានចូលរៀននៅ​សាលាអាហារូបករណ៍​ក្នុង​ទីក្រុង មែលប៊ន ។ នៅថ្ងៃ​អាទិត្យ បន្ទាប់ពី​ការចូលរួម​ក្នុងព្រះវិហារ​ដែល​តម្រូវ​ដោយសាលា​ ខ្ញុំ​អាច​ទៅចូលរួម​ការប្រជុំនៅ​ព្រះវិហារ​របស់​យើង ។ ខ្ញុំ​ត្រូវ​តម្រូវ​ឲ្យ​ស្លៀក​ឯកសណ្ឋាន​សាលា នៅពេល​ចាកចេញ​ពីទីធ្លា​សាលារៀន ។

 

ជា​ក្មេងប្រុស​អាយុ​១៤ឆ្នាំ​ដ៏​អៀនប្រៀន​ម្នាក់ ខ្ញុំ​ចាំ​ពី​ការដើរទៅកាន់​វួដ​ដែលនៅ​ជិត​ជាងគេ​បង្អស់ ហើយ​ខ្ញុំ​ឃើញថា​មាន​យុវវ័យ​ដ៏ច្រើន ។ ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស ហើយ​ខុសគេ​​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​សាលា​របស់​ខ្ញុំ ។ ដោយសារ​បងស្រី​របស់​ខ្ញុំ​រៀន​សាលា​មួយ​ផ្សេង​ទៀត​នៃ ទីក្រុង​មែលប៊ន ខ្ញុំបាន​ជ្រើសរើស​ចូលរួម​វួដ​របស់​គាត់​ស្ទើរតែ​រាល់សប្ដាហ៍ ។

 

នៅថ្ងៃមួយ ខ្ញុំ​ភ្ញាក់ផ្អើល​ពេល​ទទួលបាន​សំបុត្រ​មួយច្បាប់​ដែល​មាន​អាសយដ្ឋាន​មក​ពី​ទីក្រុង​មែលប៊ន ។ សំបុត្រនោះ​មកពី ម៉ាកស៊ីន ថាចឆ័រ ។ គាត់​គឺជា​ប្រធាន​ថ្នាក់សាលា​ថ្ងៃអាទិត្យ​យុវវ័យ ។ សំបុត្រ​នោះ​មាន​ខ្លឹម​សារ​ថា ៖

 

ជូន​ចំពោះ ភីធើ ជាទី​ស្រឡាញ់ ៖

 

ពួកយើង​កត់សម្គាល់​ឃើញ​ថា បងមិន​សូវ​បាន​ចូលរួម​ក្នុងព្រះវិហារ​ញឹកញាប់​ទេ ហើយ​ពួកយើង​ចង់​ឲ្យ​បងដឹង​ថា ពួកយើង​នឹក​ដល់បង និង​សង្ឃឹម​ថា​បងនឹង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ប្រសិនបើ​មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ជួយ​បងបាន សូម​ទូរស័ព្ទ​មក​ខ្ញុំចុះ ។  លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​គឺ …

 

ដោយ​សេចក្តីស្មោះស្ម័គ្រ

ម៉ាកស៊ីន ថាចឆ័រ

 

ខ្ញុំ​បាន​ភ្ញាក់ផ្អើល និង​រីករាយ ហើយ​បន្ទាប់​ពី​អាន​សំបុត្រ​នោះ​ជាច្រើនលើក​មក ខ្ញុំ​បានសម្រេច​ចិត្ត​ទូរស័ព្ទ​ទៅ​រក ម៉ាកស៊ីន ។  ខ្ញុំ​បានទៅ​ទូ ​ដាក់ទូរស័ព្ទ​ លើក​ទូរស័ព្ទឡើង ដាក់​កាក់​ចូល ហើយ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​ទាំង​ញ័រ ។

 

ម៉ាកស៊ីន បានលើក​ទូរស័ព្ទ ។ គាត់​និយាយ​ពីរោះ​ណាស់ ហើយ​បាន​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បានបា្រប់​ថា ខ្ញុំ​ចូលរួម​ព្រះវិហារ​ជាមួយ​បងស្រី​ខ្ញុំ​ស្ទើរតែ​រាល់​ថ្ងៃ​អាទិត្យ ។ ម៉ាកស៊ីន​បាន​ប្រាប់​ខ្ញុំថា គាត់ និង​សមាជិក​ដទៃ​ទៀត​ក្នង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សង្ឈឹម​ថា ខ្ញុំ​នឹង​ជ្រើសរើស​ចូលរួម​ព្រះវិហារ​ជាមួយ​ពួកគេ​ឲ្យបាន​ញឹកញាប់​ជាងមុន ។


« ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រទាន ដល់ យើងខ្ញុំ ឲ្យយើងខ្ញុំមានជ័យជម្នះ ក្នុងការដឹកនាំពួកគេមករកព្រះអង្គនៅក្នុងព្រះគ្រីស្ទវិញចុះ ។ មើលចុះ ឳព្រះអម្ចាស់អើយ ព្រលឹងរបស់គេ មានតម្លៃ ហើយពួកគេជាច្រើន គឺជាបងប្អូនយើងខ្ញុំ ហេតុដូច្នេះហើយ ឱព្រះអម្ចាស់អើយ សូមប្រទានដល់យើងខ្ញុំនូវអានុភាព និងប្រាជ្ញាដើម្បីយើងខ្ញុំអាចនាំបងប្អូនយើងទាំងនេះមករកព្រះអង្គវិញ »

អាលម៉ា

គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​នៅថ្ងៃអាទិត្យ​បន្ទាប់់ ។ ខ្ញុំ​បាន​ទៅ​ចូលរួម ហើយ​មាន​អារម្មណ៍​ថា បានស្វាគមន៍ និង​រាក់ទាក់​ ។ ខ្ញុំ​បាន​ភ្លេច​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ដែល​ត្រូវ​ទៅព្រះវិហារ​ដោយ​ស្លៀក​ពាក់​ឯកសណ្ឋាន​សាលារៀន ។

 

គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​ទៅ​ទីក្រុង​មែលប៊ននៅ​ឆ្នាំ​បន្ទាប់ ។ ម៉ាកស៊ីន និង​ខ្ញុំ​បាន​បន្ត​ធ្វើ​ជាមិត្ត​និង​គ្នា ។ មួយឆ្នាំ​ក្រោយមក​បន្ទាប់​ពី​បេសកកម្ម​របស់​ខ្ញុំ ពួកយើង​បាន​រៀបការ និង​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង ហាមីលតុន ប្រទេសនូវែល​សេឡង់ ។ ខ្ញុំ​នឹង​មាន​អំណរ​គុណ​ជានិច្ច​ចំពោះ​ប្រធាន​ថា្នក់សាលា​ថ្ងៃអាទិត្យ​យុវវ័យ ដែល​បានកត់សម្គាល់​ឃើញ​ថា ខ្ញុំ​អវត្តមាន ហើយ​ឈោង​មក​រក​ខ្ញុំ ដោយសំបុត្រ​ដ៏ជិតស្និត​មួយ​ច្បាប់​ដើម្បី​អញ្ជើញ​ខ្ញុំ​ឲ្យ​ត្រឡប់​មក​វិញ ។

 

ព្រះអង្គសង្គ្រោះ​បាន​បង្រៀន ៖

 

« ក្នុង​ពួក​អ្នក​រាល់គ្នា បើ​អ្នកណា​មាន​ចៀម​មួយ​រយ តែ​បាត់​មួយ តើ​មិន​ទុក​ចៀម​កៅ​សិប​ប្រាំ​បួន​ ​ឲ្យ​នៅ​ ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​មួយ ដែល​ ​បាត់​​ទាល់តែ​ឃើញ​ទេ​ឬ​អី ? កាល​ណា​រក​ ​ឃើញ​ហើយ​ នោះ​ក៏​លើក​ ​ព្រនរ​មក​ ​ដោយ​អំណរ ។ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​ ​នឹង​ហៅ​ ​ពួកសម្លាញ់ និង​ពួកអ្នក​ជិតខាង​មក ប្រាប់​ថា សូម​អរសប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ។ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ​នៅ​ ​ស្ថានសួគ៌​ ​នឹង​មាន​សេចក្ដី​អំណរ​យ៉ាង​នោះ​ដែរ​​ដោយសារ​ ​មនុស្ស​បាប​តែ​មួយ​នាក់​ ​ដែល​ប្រែចិត្ត​វិញ​​ជាជាង​មនុស្ស​សុចរិតកៅសិប​ប្រាំ​បួន​នាក់ ដែល​មិនត្រូវ​ការ​ប្រែចិត្ត​ទេ » ។[1]

 

ខ្ញុំ​ស្រឡាញ់​គោលគំនិត​ដ៏​មាន​អានុភាព ដែល​បាន​បង្រៀន​នៅក្នុង​បទ​គម្ពីរ​នេះណាស់ ។

 

« ទៅ​តាម​រក​ចៀម​មួយ​ដែល​បាត់ ទាល់​តែ​ឃើញ » ។ « ទៅតាមរក » ចៀមមួយអាច​ត្រូវដឹង​លើស​ពី​ការបាត់​មិត្តទៅទៀត ។ វា​អាច​មាន​ន័យថា ជា​ការយល់​ពី​ទុក្ខកង្វល់​របស់​ពួកគេ និង​ផ្តល់​ការងារបម្រើ​សម្រាប់​សេចក្ដី​ត្រូវការ​របស់​ពួកគេ ។

 

« គាត់​លើក​ព្រនរ​មក ដោយ​អំណរ » ។ តើ​យើង​អាច​ជួយ​មិត្ត​របស់​យើង​ឲ្យត្រឡប់​មកវិញ​ដោយ​របៀបណា ?  តើ​យើង​ផ្តល់​ការងារបម្រើ​ដល់​ពួកគេ ឬ ជួយ​សម្រាល​បន្ទុក​របស់​ពួកគេ​ដោយ​របៀប​ណា ? តើ​យើង​អាច​ទៅ​ព្រះវិហារ​ជាមួយ​ពួកគេ ឬ​នៅ​ទីនោះ​ដើម្បី​​ស្វាគមន៍​ពួកគេ អង្គុយ​ជាមួយ​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្ដៅ​បាន​ដែរឬ​ទេ ?

 

« អ្នក​នោះ​នឹង​ ​ហៅ​ ​ពួកសម្លាញ់ និង​ពួកអ្នក​ជិតខាង​មក​ប្រាប់ថា សូម​អរសប្បាយ​ជាមួយ​នឹង​ខ្ញុំ » ។ នៅពេល​មិត្ត​របស់​យើង​មកកាន់​ព្រះវិហារ យើង​អាច​ជួយ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង និង​មាន​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​​នៃមិត្តក្នុង​ក្រុម ។

ស្រឡាញ់ ចែកចាយ និងអញ្ជើញ

នៅពេល​យើង​ត្រឡប់​មក​ការប្រជុំ​ដោយផ្ទាល់​វិញ យើង​ផ្ដោតយក​ចិត្ត​ទុកដាក់​លើ « ការប្រមូល​ផ្ដុំ » ជាការប្រមូល​ផ្ដុំ​មកកាន់​ការប្រជុំ​សាក្រាម៉ង់​ជា​កន្លែង​ដែល​មនុស្សទាំងអស់​គ្នា​ទទួល​បាននូវ​សេចក្ដី​ស្រឡាញ់ និង​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

 

នៅពេល អាលម៉ា និង​ដៃគូ​របស់​លោក​រៀបចំ​ដើម្បី​បង្រៀន​ពួកសាសន៍​សូរាំ លោក​បាន​អធិស្ឋានថា ៖

 

« ឱ​ព្រះអម្ចាស់​អើយ សូម​ព្រះអង្គ​ប្រទាន​ ​ដល់​ ​យើង​ខ្ញុំ ឲ្យ​យើងខ្ញុំ​មាន​ជ័យជម្នះ ក្នុងការ​ដឹកនាំ​ពួកគេ​មករក​ព្រះអង្គ​នៅក្នុង​ព្រះគ្រីស្ទ​វិញចុះ ។ មើលចុះ ឳព្រះអម្ចាស់​អើយ ​ព្រលឹង​របស់​គេ​ ​មាន​តម្លៃ ហើយ​ពួកគេ​ជាច្រើន គឺជា​បងប្អូន​យើងខ្ញុំ ហេតុដូច្នេះហើយ ឱព្រះអម្ចាស់​អើយ សូមប្រទាន​ដល់​យើងខ្ញុំ​នូវអានុភាព និង​ប្រាជ្ញា​ដើម្បី​យើងខ្ញុំ​អាចនាំ​បងប្អូន​យើង​ទាំងនេះ​មករក​ព្រះអង្គ​វិញ » ។[2]

 

នៅពេល​យើង​ទៅចូលរួម​ប្រជុំ​នៅ​តាមស្ដេក និង​មណ្ឌល​នៅ​ទូទាំង​តំបន់​អាស៊ី យើង​មានចិត្ត​រីករាយ​ពេលស្តាប់ឮ​ពីគំរូ​របស់​សមាជិក​ក្នុងការ​អញ្ជើញ​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់​មកកាន់​ការប្រជុំ​សាក្រាម៉ង់ ។ សមាជិក​រាប់រយ​នាក់​បាន​ត្រឡប់​មកវិញ​ដើម្បី​ចងចាំ និង​រំ់ឭក​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ហើយ​ទទួល​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅជាមួយ​នឹង​ពួកគេ ។ យើង​ត្រូវការ​ពិធីសាក្រាម៉ង់​ជារៀង​រាល់សប្ដាហ៍​ដើម្បី​ពង្រឹង និង​ជួយ​យើង​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

 

មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ត្រូវការ​ ការអញ្ជើញ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដើម្បី​ត្រឡប់​មកវិញ ។ ក្នុង​អំឡុង​ការ​រាតត្បាត​សកល អ្នក​ខ្លះ​បាន​បាត់​ទំនាក់ទំនង ខ្លះ​ទៀត​បាន​ប្រឈម​មុខ​នឹង​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​យ៉ាង​សោកសៅ ។ មិត្តភក្តិ និង​អ្នក​ជិត​ខាង​ជាច្រើន​ត្រូវការ​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​ឈោង​ទៅ​ជួយ​មនុស្ស​គ្រប់គ្នា​ដោយ​សេចក្ដី​ស្រឡាញ់ ចែកចាយ​ជំនឿ​របស់​យើង និង​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ជាមួយ​នឹង​យើង ។

 

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គោលការណ៍​ដ៏​សាមញ្ញ​នៃ​សេចក្ដី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​អាច​ដឹកនាំ​យើង​នៅក្នុង​កិច្ចការ​នៃ « ការប្រមូល​ផ្ដុំ » ដ៏​អស្ចារ្យ និង​រីករាយ​នេះ ៕

 


1. លូកា ១៥:៤-៦

2. អាលម៉ា ៣១:៣៤-៣៥