សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (August 2022)

ស្វែងរក​ព្រះ​គ្រីស្ទ​នៅ​ឯ​ព្រះវិហារ

យើង​ទាំងអស់​គ្នាមក ហើយ​ទទួលទាន​សាក្រាម៉ង់ ដើម្បី​ចងចាំ​ដង្វាយធួន​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ និង​ដើម្បី​ធ្វើ​ជា​សាក្សី​ពី​ឆន្ទៈ​របស់​យើង​ក្នុងការ​ទទួល​យក​ព្រះនាម​ទ្រង់​មកដាក់លើ​ខ្លួន​យើង ។

អែលឌើរ ចន ហ្កាត់ធី
អែលឌើរ ចន ហ្កាត់ធី ក្នុង​ពួក​ចិតសិប​នាក់

តើ​នៅ​កន្លែង​ណា និង​ដោយ​របៀប​ណាខ្លះ​ដែល​យើង​អាចរកឃើញ​ព្រះ​យេស៊ូវ​គ្រីស្ទ ? ព្យាការី​យេរេមា​បាន​ទូន្មានថា « ឯង​រាល់​គ្នា​នឹង​ស្វែង​រក​យើង ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​យើង​ឲ្យ​អស់​អំពី​ចិត្ត » ។[1] អស់​អ្នក​ដែល​បន្ទាបខ្លួន និង​មាន​ចិត្ត​បរិសុទ្ធ អាច​រក​ទ្រង់ឃើញ ។

ការចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់​គឺជា​កន្លែង​ដ៏​ឥតខ្ចោះ​ដើម្បី​បានខិតកាន់តែ​ជិត​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ការថ្វាយបង្គំ​ព្រះ​អង្គសង្រ្គោះ និង​ការចូលរួម​កម្មវិធី​ក្នុង​ព្រះវិហារ​បង្ហាញពី​បំណងប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើតាម​ទ្រង់ ។ នៅ​ក្នុងព្រះវិហារ យើង​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​មកពី​អ្នក​ដទៃ​បន្ថែមទៀត ដែល​ជា​អ្នក​ខិតខំ​ធ្វើតាម​ទ្រង់ ។ ព្រះវិហារ​ជា​កន្លែង​ដែលសមាជិក​ខិតខំ​ព្យាយាម​ធ្វើ​តាម​ទ្រង់ ហើយ​រស់នៅ​តាម​បទដ្ឋាន​នៃ​ដំណឹងល្អស្រប​ជាមួយ​​បញ្ហា​ប្រឈម​ទាំងអស់​របស់​ពិភពលោក​នេះ ។

« ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក »។[2] ទ្រង់​គង់​នៅក្នុង​ដួង​ចិត្ត​យើង ផ្ទះ និង​គ្រប់​ទីកន្លែង​ដែល​យើង​មើល ទ្រង់​គឺ​គង់នៅ​គ្រប់​ទីកន្លែង ។

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​នៅក្នុង​ម៉ាថាយ ១៨:២០ ថា « ដ្បិត​កន្លែង​ណា​ដែល​មាន​២​ឬ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ » ។ ពេល​បងប្អូន​បម្រើ​អ្នក​ដទៃ បងប្អូន​នឹង​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់ និង​វត្តមាន​របស់​ទ្រង់ ហើយ​ទ្រង់សព្វ​ព្រះទ័យ​នឹង​បំណង​ប្រាថ្នា​របស់​បងប្អូន​ក្នុង​ការ​ជួយ​គ្នា ។ ការណ៍​នេះ​ក៏​នឹង​អនុញ្ញាត​ឲ្យ​បងប្អូន​ចែកចាយ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ—ពួកគេ​នឹងមើលឃើញ​អំពីព្រះ​វិញ្ញាណ​របស់​ទ្រង់​តាមរយៈ​បងប្អូន ។

កាល​យើង​ជួបជុំ​គ្នា កាល​យើង​ចែក​ចាយ និង​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក នោះ​យើង​ធ្វើ​ឲ្យ​ពួកគេ​ស្រាល ។[3] យើង​បានសន្យា​ជាមួយ​ព្រះអម្ចាស់​ថា យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ វា​គឺ​ជា​គោលដៅ​របស់​យើង​ដើម្បី​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ហើយ​យើង​ខិតខំ​ដើម្បី​ត្រឡប់​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។


« ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក »

នីហ្វៃទី ៣ ១៤:៧ ។

ពាក្យ សាក្រាម៉ង់ ចេញ​មកពី​ភាសា​ឡាតាំង​ដើម​ពីរ ៖ អត្ថន័យ sacr « ពិសិដ្ឋ » និង ment មាន​ន័យថា « គំនិត » ។ ដូច្នេះ សាក្រាម៉ង់​ផ្តល់​ឱកាស​មួយ​សម្រាប់​យើង​ដើម្បី​សញ្ជឹងគិត ហើយ​ចងចាំ​ដោយ​ការដឹងគុណ​ចំពោះ​ជីវិត និង​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ប្រហែល​ជា​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ពាក្យ​ឡាតាំង sacramentum ដែល​មាន​ន័យ​ត្រង់​ថា « សម្បថ ឬ​កាតព្វកិច្ច​ដ៏​ឧឡារិក » ។ យើង​ទាំងអស់​គ្នាមក ហើយ​ទទួលទាន​សាក្រាម៉ង់ ដើម្បី​ចងចាំ​ដង្វាយធួន​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ និង​ដើម្បី​ធ្វើ​ជា​សាក្សី​ពី​ឆន្ទៈ​របស់​យើង​ក្នុងការ​ទទួល​យក​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន​យើង ។

ការ​ទទួល​ទាន​សាក្រាម៉ង់​គឺ​ជា​សាក្សី​ចំពោះ​ព្រះ​ថា ការរំឭក​ដល់​ព្រះរាជបុត្រា​ទ្រង់​នឹង​បន្ត​ហួស​ពី​ពេល​នៃ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ខ្លី​នោះ​ទៅទៀត ។ ព្រះអម្ចាស់​សន្យា​នឹង​យើង​ថា ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់​នៅ​ជាមួយ​យើង​ជានិច្ច នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្តិសម ។

កាល​យើង​រៀបចំ​ខ្លួន និង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ភាពស័ក្តិសម នោះ​យើង​ទទួល​បាន​ពរជ័យ ហើយ​វា​ជួយ​យើង​ក្នុង​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង ។ កាល​ដែល​យើង​រកឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ពិធីបរិសុទ្ធ នោះ​ភាពជា​ព្រះ​នឹង​បង្ហាញ​ឡើង ។

ស្វែងរកព្រះគ្រីស្ទនៅឯព្រះវិហារ

អាលម៉ា​បានមាន​ប្រសាសន៍​ថា អំណរ​របស់​លោក​កាន់តែ​ពេញ​ដោយ​ជោគជ័យ​របស់​បងប្អូន​លោក ។[4] កាល​យើង​អញ្ជើញ​មនុស្ស​មក​ព្រះវិហារ នោះ​យើង​នឹង​អាច​ទទួល​អារម្មណ៍​អំណរ​ដូច​គ្នា ។

ការស្វែងរក​ព្រះគ្រីស្ទ​មិន​មែន​ជាគំនិត​ថ្មី​នោះ​ទេ ដូច​ដែល​មនុស្ស​បាន​ស្វែងរក​ទ្រង់​នៅសម័យ​បុរាណ និង​សព្វថ្ងៃ​នេះ​ដែរ ។[5] ការអធិស្ឋាន​ដោយ​ដួងចិត្ត​បរិសុទ្ធ​នឹង​ជួយ​យើង​រកឃើញ​ទ្រង់​ជា​និច្ច ។ ការមាន​ក្តី​ស្រឡាញ់​ដូចជា​ព្រះ​គ្រីស្ទ ពិត​ជា​ជួយ​យើង​ដើម្បី​ស្វែងរក​ទ្រង់​នៅ​ក្នុង​អ្នក​ដទៃ ដែល​យើង​បម្រើ ។ ការអញ្ជើញ​មនុស្ស​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ជួយ​យើង​រកឃើញ​ទ្រង់ ដោយសារ​យើង​គឺជា​មនុស្ស​ដែល​មាន​សេចក្តីសញ្ញា[6] ហើយ​វា​ជា​កាតព្វកិច្ច និង​ការទទួល​ខុសត្រូវ​របស់យើង​ក្នុង​ការជួយ​អ្នកដទៃ ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូលថា « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ » ។[7] ទ្រង់​ក៏​បាន​បង្គាប់​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។[8]

កាល​យើង​រស់នៅ​តាម​ដំណឹងល្អ ហើយ​ព្យាយាម​រក្សា​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ព្រះអម្ចាស់​អាច​ពង្រឹង​រាល់​ជង្គង់​ដែល​ទន់ខ្សោយ ហើយ​បំពេញ​ដួងចិត្ត​យើង​ដោយ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​កូនចៅ​របស់​ទ្រង់ ។ សូម​ឲ្យ​ទ្រង់​ប្រទានពរ​យើង​ដោយ​កម្លាំង​ដើម្បី​ជម្នះ​ឧបសគ្គ​ក្នុង​ជីវិត ដែល​យើង​អាច​នឹង​ត្រឡប់​ទៅ​កាន់​ទ្រង់​ក្នុង​នគរ​របស់ទ្រង់​វិញ ៕

 


[1] យេរេ. ២៩:១៣ ។

[2] នីហ្វៃ​ទី ៣ ១៤:៧

[3] ម៉ូសាយ ១៨:៨

[4] អាលម៉ា ២៩:១៤

[5] អេធើរ ១២:៤១

[6] ម៉ូសាយ ១៨:៩

[7] យ៉ូហាន ១៤:១៥ ។

[8] ម៉ាថាយ ២២:៣៩ ។