
ពីមួយគ្រាទៅមួយគ្រា យើងទទួលស្គាល់ និងដកពិសោធនូវសេចក្តីអំណរដែលពុំអាចបរិយាយបាន តាមរយៈការបើកសម្តែងនៃព្រះវិញ្ញាណបរិសុទ្ធ ។ ជួនកាល ការណ៍នេះធ្វើឲ្យយើងស្រក់ទឹកភ្នែកដោយអំណរគុណ ដោយសារតែសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអង្គសង្គ្រោះចំពោះពួកយើង ។ តាមធម្មតា បទពិសោធន៍បែបនោះចង្អុលបង្ហាញសីលធម៌ដឹងខុសត្រូវរបស់យើងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក យើងប្រែក្លាយដូចជារាស្ត្ររបស់ស្តេចបេនយ៉ាមីនដែល « ដឹងពីការជាក់លាក់ និងការពិតនៃពាក្យទាំងនោះដែរ ពីព្រោះតែព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ដែលបាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ។[1]
ការផ្លាស់ប្តូរដ៏ធំនៅក្នុងដួងចិត្តពិតជាអាចស្រដៀងទៅនឹងការភ្ញាក់រឭកមួយ ឬការដឹងអំពីព្រឹត្តិការណ៍វិជ្ជមានមួយនៅក្នុងជីវិតរបស់យើង ។ វាជួយយើងឲ្យដឹងថា អ្វីដែលយើងបានដកពិសោធ ពុំអាចបង្កើតឡើងដោយសប្បិនិម្មតឡើយ ។ វាពិបាកក្នុងការបង្ហាញឲ្យបានគ្រប់គ្រាន់ថា « សេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់គេ ដើម្បីធ្វើឲ្យគេខ្លាំងពូកែស្មើនឹងអំណាចនៃសេចក្ដីដោះលែងឲ្យរួចផុត » ។[2]
ការដោះលែងផ្ទាល់ខ្លួនរបស់យើងអាចកើតឡើងបាន នៅពេលយើងមានឆន្ទៈបែរដួងចិត្តរបស់យើងទៅរកព្រះយេស៊ូវគ្រីស្ទ ដោយឥតលក្ខខណ្ឌ ។ សកម្មភាពបែបនោះជួយសម្រួលការផ្លាស់ប្តូរនៅក្នុងដួងចិត្ត នៅពេលយើង « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយទៅជា ] អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយ [ ក្លាយទៅ ] ដូចជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ » ។[3]
« កុំខ្លាចអី ឈប់សិន ចាំមើលសេចក្តីសង្រ្គោះរបស់ព្រះយេហូវ៉ា »
និក្ខមនំ ១៤:១៣
នៅក្នុងកម្មវិធីសិក្សា ចូរមកតាមខ្ញុំ សម្រាប់ព្រះគម្ពីរសញ្ញាចាស់ យើងរៀនថា មានឈ្មោះរបស់ពួកព្យាការីជាច្រើនមានទំនាក់ទំនងផ្ទាល់ទៅនឹងអាទិទេព ។ អត្ថន័យជាភាសាហេព្រើរនៃពួកព្យាការីមួយចំនួនមានដូចតទៅនេះ ៖
យ៉ូស្វេ -- ព្រះគឺជាការដោះលែងឲ្យរូច
អេលីយ៉ា -- យេហូវ៉ាគឺជាព្រះនៃទូលបង្គំ
អេលីសេ -- ព្រះគឺជាសេចក្តីសង្គ្រោះនៃទូលបង្គំ
អេសាយ – ព្រះជួយសង្គ្រោះ
យ៉ាងណាមិញនាមដ៏ឧត្តុងឧត្ដមបំផុតនៃនាមទាំងអស់គឺជាព្រះនាមរបស់ព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ។ ព្រះនាមរបស់ទ្រង់មានន័យថា អ្នកដែលបានចាក់ប្រេងតាំងដែលយាងមកផែនដីនេះ ដើម្បីបំពេញបេសកកម្មរបស់ទ្រង់ ដែលបានតែងតាំងជាមុន មកពីព្រះវរបិតាសួគ៌របស់ទ្រង់ ដើម្បីធ្វើជា « កូនចៀមនៃព្រះ គឺជាព្រះដែលនឹងលោះអំពើបាបទាំងឡាយនៃមនុស្សលោក » ។[4] ទ្រង់ក៏ត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាអង្គរំដោះរបស់យើង ដែល « ជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ » ។[5] ហើយទ្រង់នឹងបំពេញបេសកកម្មដែលបានចាក់ប្រេងតាំងដ៏សំខាន់របស់ទ្រង់ដើម្បី « គ្រប់គ្រងជាស្តេចលើអស់ទាំងស្តេច ហើយសោយរាជ្យជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយគ្រប់ទាំងជង្គង់ត្រូវលុតចុះ ហើយគ្រប់ទាំងអណ្តាតនឹងថ្លែងថ្វាយបង្គំទ្រង់ »[6] នៅពេលទ្រង់យាងមកលើផែនដីម្តងទៀត ។
បច្ចុប្បន្ននេះ យើងអាចមានបទពិសោធន៍ដូច អេលីយ៉ា ដែលបានទទួលអារម្មណ៍ និងស្តាប់ឮអង្គរំដោះរបស់លោក តាមរយៈ « សំឡេងដ៏តូចរហៀង » ។[7] ព្រះអម្ចាស់អញ្ជើញមនុស្សគ្រប់គ្នាឲ្យរំឭកពិធីសាក្រាម៉ង់រៀងរាល់សប្តាហ៍ ។ នេះគឺជាឯកសិទ្ធិរបស់យើង ដើម្បីមកចំពោះទ្រង់ កាលទ្រង់ស្ម័គ្រព្រះទ័យដើម្បីទទួល និងសម្រាលបន្ទុក ព្រមទាំងការរងទុក្ខទាំងឡាយរបស់យើង ។ យើងអាចស្តាប់ឮទ្រង់ នៅពេលយើង « បង្អង់សិន ឲ្យបានដឹងថា [ ទ្រង់គឺជា ] ព្រះ » ។[8] បន្ទាប់មក យើងអាចមានបទពិសោធន៍ប្រកបដោយគារវភាព និងអំណរ ដែលមានការផ្លាស់ប្តូរខាងវិញ្ញាណនៅក្នុងខ្លួនយើង តាមរយៈ « ចិត្តសង្រេង និងវិញ្ញាណទន់ទាប » ។[9]
នៅពេលគំនិត និងដួងចិត្តរបស់យើងផ្តោតពេញលេញទាំងស្រុងលើព្រះអម្ចាស់—គឺមិនគ្រាន់តែប៉ុន្មាននាទីអំឡុងពេលការចាត់ចែងពិធីសាក្រាម៉ង់នោះទេ ពោលគឺពេញទាំងការប្រជុំទាំងមូល និងនៅថ្ងៃឈប់សម្រាករបស់ទ្រង់ផងដែរ—នោះយើងអាចស្តាប់ឮព្រះសូរសៀងរបស់ទ្រង់បានយ៉ាងច្បាស់លាស់ ។
« កុំខ្លាចអី ឈប់សិន ចាំមើលសេចក្តីសង្រ្គោះរបស់ព្រះយេហូវ៉ា » ។[10]

សព្វថ្ងៃនេះ ប្រធាន រ័សុល អិម ណិលសុន ដែលជាព្យាការីដែលកំពុងរស់នៅរបស់យើង បានគូសបញ្ជាក់អំពីតម្រូវការចាំបាច់ ក្នុងការទទួលទានសាក្រាម៉ង់ប្រចាំសប្តាហ៍ ។
« ការទទួលទានសាក្រាម៉ង់គឺជាឯកសិទ្ធិដ៏ពិសិដ្ឋ និងបរិសុទ្ធមួយ ។ ការធ្វើដូច្នេះអាចឲ្យយើងទាញយកព្រះចេស្តារបស់ព្រះអម្ចាស់បានកាន់តែពេញលេញ ។ យើងសូមបួងសួងដល់អស់អ្នកដែលមានបំណងទទួលទានសាក្រាម៉ង់ ឲ្យមាននូវឱកាសនោះ » ។[11]
ព្រះអម្ចាស់របស់យើងបានសម្តែងអព្ភូតហេតុផ្ទាល់ និងដោយប្រយោលជាច្រើនតាមរយៈពួកព្យាការីរបស់ទ្រង់ ។ ទ្រង់បានសង្គ្រោះស្រីមេម៉ាយម្នាក់ និងកូនប្រុសរបស់នាងនៅក្រុងសារិបតាពីភាពស្រេកឃ្លាន ។[12] ទ្រង់បានប្រោសកូនប្រុសតែម្នាក់គត់របស់ស្រីមេម៉ាយនេះឲ្យមានជីវិតឡើងវិញ ។[13] ទ្រង់បានព្យាបាលស្ត្រីក្រីក្រលំបាកម្នាក់ ដែលមានបញ្ហាធ្លាក់ឈាមដប់ពីរឆ្នាំហើយ ។[14] ទ្រង់បានបង្ហាញនូវការគោរពយ៉ាងខ្ពង់ខ្ពស់ដល់ស្ត្រីមេម៉ាយម្នាក់ ដែលបានលះបង់នូវប្រាក់ពីរស្លឹង ជាអ្វីទាំងអស់ដែលគាត់មាន ដាក់ចូលទៅក្នុងឃ្លាំង ។[15] ទ្រង់គឺជាអង្គដែលយកព្រះទ័យទុកដាក់ដល់ « អ្នកតូចបំផុត »[16] ប្រាកដណាស់ ទ្រង់ក៏នឹងយកព្រះទ័យទុកដាក់នឹងយើងផងដែរ ។ « យើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្តាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើង នៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ។[17]
ព្រះអង្គសង្គ្រោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ ស្ម័គ្រព្រះទ័យផ្តល់ដល់យើងនូវ « ចិត្តថ្មី …និងវិញ្ញាណថ្មី »[18] ហើយធ្វើជាអង្គរំដោះរបស់យើងប្រចាំសប្តាហ៍ ប្រសិនបើយើងមានឆន្ទៈមកចំពោះទ្រង់ ដើម្បីទទួលទានសាក្រាម៉ង់របស់ទ្រង់ ។ នៅពេលណាដែលយើងមានចិត្តសម្របឆន្ទៈរបស់យើងទៅនឹងព្រះទ័យរបស់ព្រះគ្រីស្ទ នោះការផ្លាស់ប្តូរដ៏សាមញ្ញ ឬធំនៅក្នុងដួងចិត្តនឹងកើតឡើង ដោយសារ « យើង [ ព្រះអម្ចាស់ ] នឹងចូលទៅជិតអ្នក » ។[19]
[1] ម៉ូសាយ ៥:២
[2] នីហ្វៃទី ១:២០
[3] ម៉ូសាយ ៣:១៩
[4] នីហ្វៃទី ១ ១០:១០
[5] វិវរណៈ ២១:៤
[6] « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » Ensign ឬ Liahona ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៣ ។
[7] ពង្សាវតារក្សត្រ ទី ១ ១៩:១២
[8] ទំនុកដំកើង ៤៦:១០
[9] នីហ្វៃទី ២ ២:៧
[10] និក្ខមនំ ១៤:១៣
[11] រ័សុល អិម ណិលសុន Facebook ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ facebook.com/russell.m.nelson
[12] សូមមើល ពង្សាវតារក្សត្រទី ១ ១៧:៩-២៤
[13] សូមមើល លូកា ៧:១២-១៥
[14] សូមមើល លូកា ៨:៤៣-៤៨
[15] សូមមើល លូកា ២១:១-៤
[16] ម៉ាថាយ ២៥:៤០
[17] គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៨៨
[18] អេសេគាល ៣៦:២៦
[19] គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:៦៣