
នៅពេលយើងចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះជារៀងរាល់ថ្ងៃ តាមរបៀបតូចតាច និងងាយៗ នោះខ្ញុំសូមសន្យានឹងបងប្អូនថា ដួងចិត្តរបស់បងប្អូននឹងពោរពេញដោយក្តីអំណរ ហើយបងប្អូននឹងរីករាយជាមួយនឹងព្រះរបស់បងប្អូន ។
នៅខែធ្នូ ឆ្នាំ ២០២១ ស៊ីស្ទើរ បាង អន វ៉ូធីឃូលសាកស៊ីត បានប្តូរពីវួដធំមួយនៅក្នុង ស្តេក អ៊ូប៊ុណ ប្រទេសថៃ ទៅសាខាដ៏តូចមួយនៅ យ៉ាសូធ័ន ។ គាត់មានការព្រួយបារម្ភជាខ្លាំងនៅពេលគាត់បានដឹងថា នៅទីនោះមានសមាជិកចូលរួមការប្រជុំសាក្រាម៉ង់តែ ១៥ នាក់ប៉ុណ្ណោះ ។ គាត់បានងឿងឆ្ងល់ថា « តើខ្ញុំគួរធ្វើអ្វីទៅ ? » គាត់នៅចាំពីពេលឮប្រធានណិលសុន មានប្រសាសន៍ទៅកាន់ស្រ្តីនៅក្នុងសាសនាចក្រនៅក្នុងសន្និសីទទូទៅកាលពីខែតុលា ឆ្នាំ ២០១៨ ថា ៖ « បងប្អូនស្រីជាទីស្រឡាញ់ ពួកយើងត្រូវការបងប្អូន ! យើងត្រូវការកម្លាំងរបស់បងប្អូន ការប្រែចិត្តជឿរបស់បងប្អូន ជំនឿស៊ប់របស់បងប្អូន លទ្ធភាពដឹកនាំរបស់បងប្អូន ប្រាជ្ញារបស់បងប្អូន និងសំឡេងរបស់បងប្អូន ។ យើងពុំអាចប្រមូលផ្តុំសាសន៍អ៊ីស្រាអែលដោយគ្មានបងប្អូនបានឡើយ » ។[1]
ស៊ីស្ទើរ បាង អន បានសួរប្រធានសាខារបស់គាត់នូវអ្វីដែលគាត់គួរតែធ្វើ ហើយប្រធានសាខាគាត់បានឲ្យបញ្ជីឈ្មោះនៃសមាជិកក្នុងសាខានោះទៅគាត់ ។ បងស្រី បាង អន ហើយនិងស្វាមីរបស់គាត់បានទៅសួរសុខទុក្ខបួនគ្រួសាររៀងរាល់ថ្ងៃសៅរ៍ ។ ប្រាំមួយខែក្រោយមក មានមនុស្ស ៤៦ នាក់មកចូលរួមនៅការប្រជុំសាក្រាម៉ង់នៅក្នុងសាខាដ៏តូចមួយនោះ ។ បន្ទាប់មកបងស្រី បាង អន បានធ្វើដូចគ្នាជាមួយសមាជិកទាំងអស់នៅក្នុងស្តេកនោះ ហើយបានផ្ញើលិខិតអញ្ជើញដល់ប្រធានសមាគមវួដ និងសាខាទាំងអស់ឲ្យចូលរួមនឹងគាត់ធ្វើការងារបម្រើនេះ » ។
ដំណើររឿងនេះរំឭកយើងពីរឿងប្រៀបប្រដូចនៃចៀមដែលបាត់នៅពេលព្រះយេស៊ូវមានព្រះបន្ទូលថា ៖ « បើមនុស្សណាមានចៀម១រយ ហើយមាន ១ វង្វេងបាត់ តើអ្នករាល់គ្នាគិតដូចម្តេច តើមិនទុកចៀម៩៩នៅលើភ្នំ នឹងទៅរកចៀម ១ ដែលវង្វេងបាត់នោះទេឬអី ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើរកឃើញ នោះមានសេចក្ដីអំណរចំពោះចៀមនោះ ជាជាងចៀម ៩៩ ដែលមិនបានវង្វេងទៅទៀត » ។[2]
« បងប្អូនស្រីជាទីស្រឡាញ់ ពួកយើងត្រូវការបងប្អូន ! យើងត្រូវការកម្លាំងរបស់បងប្អូន ការប្រែចិត្តជឿរបស់បងប្អូន ជំនឿស៊ប់របស់បងប្អូន លទ្ធភាពដឹកនាំរបស់បងប្អូន ប្រាជ្ញារបស់បងប្អូន និងសំឡេងរបស់បងប្អូន ។ យើងពុំអាចប្រមូលផ្តុំសាសន៍អ៊ីស្រាអែលដោយគ្មានបងប្អូនបានឡើយ »
ប្រធាន រ័សុល អិម ណិលសុន
ប្រហែលជាយើងមិនយល់ការណ៍នេះទាំងស្រុងទេ ប្រសិនបើយើងនៅជាមួយនឹងចៀមកៅសិបប្រាំបួននោះ ។ ទោះជាយ៉ាងណាក្តី ទស្សនវិស័យរបស់យើងនឹងខុសគ្នាខ្លាំង ប្រសិនបើយើងជាបុគ្គលដែលចេញទៅស្វែងរកចៀមដែលបាត់ ហើយនាំពួកគេមកផ្ទះវិញនោះ ។ តើយើងមិនរីករាយទេឬអី ? តើយើងនឹងមិនហៅមិត្តភក្តិ និងអ្នកជិតខាងរបស់យើង ហើយសូមឲ្យពួកគេមកចូលរួមរីករាយជាមួយនឹងយើងទេឬអី ?[3]
នាពេលថ្មីៗនេះខ្ញុំបានអានដំណើររឿងអំពីចៀមដែលវង្វេងបាត់ ។ « នៅឆ្នាំ ២០០៤ ច្រីក ដែលជាចៀម មីរីនណូ មកពីប្រទេសនូវែលសេឡង់ មិនបានទៅកន្លែងកោររោមជាមួយហ្វូងចៀមផ្សេងទៀតនៅថ្ងៃដែលវាត្រូវកោររោមដ៏ស្រស់ស្អាតរបស់វាសម្រាប់រដូវក្តៅទេ ។ ផ្ទុយទៅវិញ វាបានទៅកន្លែងផ្សេង ហើយបានឃើញរូងភ្នំមួយដើម្បីរស់នៅតែម្នាក់វា » ។
ឥឡូវនេះ បងប្អូនអាចឆ្ងល់ថា ហេតុអ្វីបានជាគ្មាននរណាម្នាក់នឹកដល់ ច្រីក ប៉ុន្តែវាគឺជាផ្នែកមួយនៃហ្វូងចៀមទាំង ១៧,០០០ ចៀមនោះ ! នោះគឺជាហ្វូងចៀមដ៏ធំមួយ ។ ដូច្នេះហើយ ប្រហែលជាបងប្អូនអាចមើលឃើញពីរបៀបដែលអ្នកគង្វាលចៀមមិនបានដឹង នៅពេលដែលចៀមមួយវង្វេងបាត់ ។
ច្រីក មិនគ្រាន់តែមិនទៅកោររោមនៅថ្ងៃនោះទេ វាថែមទាំងរស់នៅក្នុងរូងភ្នំរបស់វាដោយជៀសវាងការកោររោមអស់រយៈពេលប្រាំមួយឆ្នាំពេញ !
ច្រីកដ៏គួរឲ្យអាណិតច្បាស់ជាក្តៅ និងស្អុះស្អាប់ណាស់ហើយមើលទៅ ។ នៅពេលដែលអ្នកគង្វាលចៀមរកវាឃើញវា គាត់បានយកវាទៅកោររោម ហើយបានកាត់សក់ឲ្យវាដែលខានកាត់អស់ប្រាំមួយឆ្នាំ នោះ ។ ឱ វាប្រាកដជាបានធូរស្រាលណាស់សម្រាប់ចៀមនោះ ។ នៅពេលរោមទាំងអស់បានកោរួច រោមរបស់ ច្រីក មានទម្ងន់ ២៧ គីឡូក្រាម ( ៦០ ផោន ) ។ រោមនោះអាចដេរធ្វើជាសម្លៀកបំពាក់បុរសបានដល់ទៅម្ភៃ ![4]

បងប្អូនប្រុស និងបងប្អូនស្រី យើងមាន « ចៀមដូច ច្រីក » ជាច្រើននៅក្នុងចំណោមយើងទាំងអស់គ្នា ដែលពួកគាត់បានងាកទៅខុសទិស ហើយកំពុងស្ពាយនូវទុក្ខលំបាក និងបញ្ហាដ៏ធ្ងន់របស់ពួកគាត់ ។ ពួកគាត់នៅតែរង់ចាំយើងជួយកាត់សក់ឲ្យពួកគាត់ ហើយសម្រាលបន្ទុកធ្ងន់ទាំងនោះ ហើយនាំពួកគាត់មកផ្ទះវិញ ។ សូមរំឭកជាមួយខ្ញុំនូវព្រះបន្ទូលនៃវិវរណៈដ៏ស្រស់ស្អាតរបស់ព្រះអម្ចាស់ ចេញពីកណ្ឌ ១៨ នៃគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ៖
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ
…ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងតែមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង !
ហើយឥឡូវនេះ បើសិនជាអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាដល់ព្រលឹងតែមួយ ដែលអ្នកបាននាំមករកយើងនៅក្នុងនគរនៃព្រះវរបិតារបស់យើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាយ៉ាងណាទៅ បើសិនជាអ្នកបាននាំព្រលឹងជាច្រើនមករកយើងនោះ ![5]
ប្រសិនបើបងប្អូននាំមិត្តភក្តិរបស់បងប្អូនមកព្រះវិហារជាមួយបងប្អូនវិញ សូមចងចាំពីគោលការណ៍ណែនាំ ៖ ស្រឡាញ់ ចែកចាយ និងអញ្ជើញ ។ បងប្អូនគួរតែធ្វើការណ៍ទាំងនេះតាមរបៀបដែលធម្មតា នឹងជាមួយដួងចិត្តស្មោះសរ ។ ប៊ីស្សព ហ្គែរ៉ល កូសសែ គ្រាមួយបានមានប្រសាសន៍ថា ៖ « នេះជាករណីយកិច្ចរបស់អ្នក ក្នុងការទទួលនរណាម្នាក់ ដែលមកដល់ទ្វារនៃអគារសាសនាចក្ររបស់អ្នក ។ សូមស្វាគមន៍គេដោយអំណរគុណ និងកុំប្រកាន់ពូជសាសន៍ឡើយ ។ បើមនុស្សពុំស្គាល់មុខដើរចូលក្នុងការប្រជុំរបស់អ្នក សូមទទួលពួកគេយ៉ាងកក់ក្ដៅ ហើយអញ្ជើញគេអង្គុយមកជាមួយអ្នក ។ សូមផ្ដើមជួយគេឲ្យមានអារម្មណ៍ស្វាគមន៍ និងក្ដីស្រឡាញ់ ជាជាងចាំឲ្យគេមករកអ្នក » ។[6]
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យមកព្រះវិហារ ប៉ុន្តែសូមកុំមកតែម្នាក់ឯងឡើយ ។ កាលយើងចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះរៀងរាល់ថ្ងៃ តាមរបៀបតូចតាច និងងាយៗ នោះខ្ញុំសូមសន្យានឹងបងប្អូនថា ដួងចិត្តរបស់បងប្អូននឹងពោរពេញដោយអំណរ ហើយបងប្អូននឹងរីករាយនឹងព្រះរបស់បងប្អូន ។[7]
[1] ណិលសុន រ័សុល អិម « Sisters’ Participation in the Gathering of Israel » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧០
[2] ម៉ាថាយ ១៨:១២-១៣ ។
[3] សូមមើល លូកា ១៥:៥-៦ ។
[4] montessorihandwork.com/post/the-story-of-shrek-the-sheep
[5] គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១០, ១៥-១៦ ។
[6] ប៊ីស្សព ហ្គែរ៉ល កូសសែ « Ye Are No More Strangers,” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥០ ។
[7] សូមមើល អាលម៉ា ២៦:១១ ។