
មើលការបាញ់បង្ហោះកាំជ្រួចរ៉ុកែត សម្រាប់បេសកកម្មអវកាសគឺជាបទពិសោធន៍ដ៏អស្ចារ្យជានិច្ច ។ វាគឺជាវត្ថុដ៏ធំមួយដែលបាញ់ហោះឡើងត្រង់យ៉ាងលឿនឆ្ពោះទៅលើមេឃដ៏ខ្ពស់ ដែលធ្វើឲ្យមនុស្សមិនអាចបំភ្លេចបាន ។ ក្នុងការងារជាសាស្រ្តាចារ្យផ្នែករូបវិទ្យា ខ្ញុំបានរកឃើញចំណេះដឹងយ៉ាងជ្រាលជ្រៅមួយចំនួនចេញពីបទពិសោធន៍នៃការបាញ់បង្ហោះរ៉ុកែតនេះ ។ វាមានលក្ខណៈពិសេសជាច្រើនដែលស្របជាមួយនឹងសុន្ទរកថាដ៏បំផុសគំនិតអំពីសន្ទុះខាងវិញ្ញាណដែលបានផ្ដល់ឲ្យដោយព្យាការីជាទីស្រឡាញ់របស់យើងគឺ ប្រធាន រ័សុល អិម ណិលសុន នៅក្នុងសន្និសីទទូទៅខែ មេសា ឆ្នាំ ២០២២ ។
ទីមួយ ពាក្យថា សន្ទុះ គឺជាទ្រព្យសម្បត្តិរូបីយ៍ជាវត្ថុដែលអាចផ្លាស់ទី ។ ទ្រព្យសម្បត្តិរូបីយ៍មានទិសដៅ ។ ក្នុងអំឡុងពេលនៃការបាញ់បង្ហោះកាំជ្រួចរ៉ុកែត ការគ្រប់គ្រងរបស់បេសកកម្មចាំបាច់ត្រូវត្រួតពិនិត្យ និងធានាថាគ្រាប់រ៉ុកែត តម្រង់ទៅទិសដៅត្រឹមត្រូវ ដែលត្រូវនាំទៅចំចំណុចគោលដៅ ។ ដូចគ្នានេះដែរ បេសកកម្មរបស់យើងនៅក្នុងជីវិតលោកិយនេះ គួរតែផ្តោតលើព្រះប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ព្រោះព្រះអង្គសង្គ្រោះរបស់យើងគឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ។ បើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ ។[1]
ការបាញ់មានដំណាក់កាលផ្សេងៗគ្នាជាច្រើនដែលបានដាក់ផែនការដោយការគ្រប់គ្រងបេសកកម្ម ។ ដូចជាយើងត្រូវបន្តដំណើរនៅលើផ្លូវនៃសេចក្ដីសញ្ញាជាមួយនឹងពិធីបរិសុទ្ធពិសិដ្ឋ ជំហាននីមួយៗមានគោលបំណងពិសេសរបស់វា ហើយមិនអាចផ្លាស់ប្តូរ ឬរំលងបានឡើយ ។ ទោះបីជាគ្រាប់រ៉ុកែតរក្សាទិសដៅត្រឹមត្រូវក៏ដោយ ក៏វានៅតែត្រូវការប្រមូលកម្លាំងសន្ទុះគ្រប់គ្រាន់ ដើម្បីយកឈ្នះលើកម្លាំងទំនាញផែនដីផងដែរ ។ គឺដូចនៅក្នុងជីវិតរមែងស្លាប់របស់យើង យើងត្រូវសិក្សាព្រះគម្ពីរ ហើយធ្វើការអធិស្ឋានដ៏មានអត្ថន័យរាល់ថ្ងៃ ទទួលទានសាក្រាម៉ង់រាល់សប្តាហ៍ ចូលរួមព្រះវិហារបរិសុទ្ធ និងបម្រើអ្នកដទៃដែលខ្វះខាតជាប្រចាំ ដើម្បីប្រមូលសន្ទុះវិជ្ជមានខាងវិញ្ញាណ ។ នៅក្នុងការធ្វើដូច្នេះ យើងមិនត្រឹមតែខិតចូលទៅជិតព្រះអង្គសង្គ្រោះរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែអាចយកឈ្នះលើការល្បួងនៅលើផែនដីដូចជា តណ្ហា ការស្អប់ ការលោភលន់ ភាពខ្ជិលច្រអូសជាដើម ដែលនឹងបំផ្លិចផ្លាញផ្លូវរបស់យើងយ៉ាងធ្ងន់ធ្ងរដើម្បីត្រឡប់ទៅកាន់ដំណាក់សួគ៌ារបស់យើងវិញ ។ ដរាបណាយើងប្រមូលសន្ទុះគ្រប់គ្រាន់ឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងមិនត្រូវបានផ្លាស់ទី ឬវង្វេងក្នុងទិសដៅផ្សេងទៀតដោយបញ្ហាប្រឈមណាមួយនៅលើផែនដីនេះឡើយ ។
« ហើយយើងនឹងសម្រាលបន្ទុកទាំងឡាយដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ … ហើយយើងនឹងធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នា អាចឈរជាសាក្សីដល់យើងពីអំណឹះតទៅ ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងជាពិតប្រាកដថា យើងជាព្រះអម្ចាស់ដ៏ជាព្រះ មករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងសេចក្ដីវេទនា »
ម៉ូសាយ ២៤:១៤
ខ្ញុំសម្គាល់ឃើញថា យុវវ័យជាច្រើនទទួលបានសន្ទុះវិជ្ជមានខាងវិញ្ញាណ បន្ទាប់ពីពួកគេចូលរួមកម្មវិធី ដ ក យ ។ សកម្មភាពនេះធម្មតាជាការប្រមូលផ្តុំយុវវ័យយ៉ាងច្រើន ហើយតែងតែលើកទឹកចិត្តយុវវ័យឲ្យទទួលបានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះរបស់យើង និងព្រះឆន្ទៈរបស់ទ្រង់ក្នុងការលះបង់ដើម្បីអ្នកដទៃ ។ បន្ទាប់ពីនោះយុវវ័យកាន់តែមានឆន្ទៈក្នុងការបម្រើ និងថែទាំសុខុមាលភាពខាងវិញ្ញាណរបស់អ្នកដទៃ ។ ដូចនេះយើងគួរតែព្យាយាមចូលរួមព្រឹត្តិការណ៍ស្រដៀងគ្នានេះ ដើម្បីទទួលបានសន្ទុះវិជ្ជមាន ។ គំរូដ៏ល្អមួយនៃការណ៍នេះគឺការប្រមូលផ្តុំគ្នានៅទូទាំងពិភពលោកដើម្បីស្តាប់សារលិខិតដ៏បំផុសគំនិតពីព្យាការីនៅក្នុងសន្និសីទទូទៅ ។
នៅចំណុចខ្លះ ការបោះចោលបន្ទុកដ៏ធ្ងន់គឺតម្រូវឲ្យបាញ់បង្ហោះដូចជារ៉ុកែត ។ វាដូចគ្នានឹងយើង ក្នុងកិច្ចខិតខំរបស់យើងដើម្បីឆ្ពោះទៅព្រះយេស៊ូវ ។ កំហុស និងភាពទន់ខ្សោយរបស់យើងអាចក្លាយជាបន្ទុកដ៏ធ្ងន់នៅក្នុងជីវិតរបស់យើង ។ យើងមិនចាំបាច់រែកបន្ទុកទាំងនេះទេ ។ « ហើយយើងនឹងសម្រាលបន្ទុកទាំងឡាយដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ … ហើយយើងនឹងធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នា អាចឈរជាសាក្សីដល់យើងពីអំណឹះតទៅ ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងជាពិតប្រាកដថា យើងជាព្រះអម្ចាស់ដ៏ជាព្រះ មករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងសេចក្ដីវេទនា » ។[2] សូមអនុវត្តន៍សេចក្តីជំនឿលើព្រះវរបិតាសួគ៌ដែលស្រឡាញ់បងប្អូន ។ យើងប្រហែលត្រូវការសារភាពចំពោះប៊ីស្សពរបស់យើង ហើយអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះរបស់យើងសម្អាតអំពើបាបរបស់យើង ។ ការប្រែចិត្ត ការអភ័យទោស និងការបញ្ចប់ជម្លោះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង ។ គឺដូចជាការបង្រៀនមកពីព្យាការីជាទីស្រឡាញ់របស់យើង នោះយើងអាចនឹងឃើញអព្ភូតហេតុក្នុងជីវិតរបស់យើង ហើយពង្រឹងទីបន្ទាល់របស់យើង ។

ខ្ញុំទទួលបានកម្លាំងក្នុងសន្ទុះខាងវិញ្ញាណរបស់ខ្ញុំ តាមរយៈការអធិស្ឋាន និងការយល់ដឹងពីព្រះហឫទ័យរបស់ព្រះ ។ ពេលនៅតូច កូនប្រុសច្បងរបស់យើងបានពិនិត្យឃើញថាមានបញ្ហាធ្ងន់ធ្ងរអំឡុងពេលទៅជួបគ្រូពេទ្យនៅប្រទេសអាល្លឺម៉ង់ ។ សំឡេងខ្លះបេះដូងបានប្រាប់សញ្ញាថាមានសន្ទះបេះដូងមិនគ្រប់គ្រាន់ ។ ភរិយាខ្ញុំ និងខ្ញុំមិនអាចជួយអ្វីបានឡើយ ក្រៅពីការរង់ចាំការធ្វើតេស្តបន្ថែមទៀត ។ ខ្ញុំបានរៀនពីរបៀបអធិស្ឋានពីភរិយារបស់ខ្ញុំ ។ នៅពេលនោះ គាត់ជាសមាជិកនៃសាសនាចក្រ ប៉ុន្តែខ្ញុំមិនទាន់ក្លាយជាសមាជិកទេ ខ្ញុំបដិសេធមិនទទួលបុណ្យជ្រមុជទឹក ហើយបន្តសិក្សាស្វែងយល់បន្ថែមទៀត ។ ខ្ញុំលុតជង្គង់អធិស្ឋានដោយអស់ពីចិត្ត ។ ខ្ញុំបានឮសំឡេងដ៏ច្បាស់—តិចៗប៉ុន្តែបញ្ចាក់យ៉ាងម៉ឺងម៉ាត់—ដោយនិយាយថាសន្ទះបេះដូងនឹងរីកធំ ។ ពីរបីសប្តាហ៍ក្រោយមកយើងបានទៅទីក្រុងឆ្ងាយមួយតាមរថភ្លើង ហើយបានស្កេនតាមម៉ាស៊ីនអ៊ុលត្រាសោនដែលមានកម្រិតច្បាស់ល្អ ដើម្បីពិនិត្យមើលចរន្តឈាមចូលនិងចេញពីបេះដូងដ៏តូចរបស់គាត់ ។ បេះដូងកូនប្រុសខ្ញុំគឺធម្មតា ! ព្រះបានឆ្លើយតបនឹងការអធិស្ឋានរបស់ខ្ញុំ ។ ទីបន្ទាល់របស់ខ្ញុំបានរីកចម្រើនតាមរយៈការអធិស្ឋានដើម្បីដឹងពីព្រះហឫទ័យរបស់ព្រះអម្ចាស់ ។ ការប្រមូលផ្តុំនៃសន្ទុះវិជ្ជមានខាងវិញ្ញាណរបស់ខ្ញុំបានចាប់ផ្តើមនៅថ្ងៃនោះ ។
ខ្ញុំចង់ថ្លែងទីបន្ទាល់ថា ព្រះស្រឡាញ់យើងខ្លាំងណាស់ ។ ទ្រង់បានដាក់ផែនការនៃសេចក្ដីសង្គ្រោះ ហើយព្រះយេស៊ូវគ្រីស្ទអាចដឹកនាំយើងតាមរយៈបេសកកម្មរបស់យើង ។ យើងត្រូវបន្តប្រមូលកម្លាំងវិជ្ជមានខាងវិញ្ញាណឆ្ពោះទៅរកព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង ហើយត្រូវមានសេចក្តីជំនឿលើទ្រង់ ។ យើងនឹងជួបព្រះវរបិតាសួគ៌របស់យើង បន្ទាប់ពីយើងបញ្ចប់បេសកកម្មរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ ៕
[2] ម៉ូសាយ ២៤:១៤