ការហៅបម្រើជាសមាជិកនៃក្រុមចិតសិបនាក់ របស់អតីតប្រធានបេសកកម្មនៃ បេសកកម្មភ្នំពេញកម្ពុជា

ការហៅបម្រើជាសមាជិកនៃក្រុមចិតសិបនាក់ របស់អតីតប្រធានបេសកកម្មនៃ បេសកកម្មភ្នំពេញកម្ពុជា

នៅក្នុងអំឡុងសម័យប្រជុំថ្នាក់ដឹកនាំនៃសន្និសីទទូទៅកាលពីថ្ងៃព្រហស្បតិ៍ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រកាសឈ្មោះសមាជិកថ្មីនៃក្រុមចិតសិបនាក់ចំនួន ៤៥ នាក់ ដែលមកពី ២៣ ប្រទេសផ្សេងៗគ្នា ។

នៅក្នុងចំណោមសមាជិកថ្មីនៃក្រុមចិតសិបទាំង ៤៥នាក់នោះ អែលឌើរ ចន ដប់បលយូ លូវីស ដែលជាអតីតប្រធានបេសកកម្មភ្នំពេញកម្ពុជា ក្នុងកំឡុងឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២១ ត្រូវបានហៅជាសមាជិកនៅក្នុងកូរ៉ុមទី ១១ នៃក្រុមចិតសិបនាក់ ប្រចាំតំបន់អាមេរិកខាងជើងភាគនិរតី និងអាមេរិកខាងជើងភាគខាងលិច រួមជាមួយនឹងអែលឌើរ ៤នាក់ផ្សេងទៀតផងដែរ ។

ការហៅបម្រើជាសមាជិកនៃក្រុមចិតសិបនាក់ របស់អតីតប្រធានបេសកកម្មនៃ បេសកកម្មភ្នំពេញកម្ពុជា

អែលឌើរ ចន ដប់បលយូ. លូវីស មានអាយុ ៦៤ ឆ្នាំ ។ គាត់មកពីទីក្រុងហ្គីលប៊ឺត រដ្ឋអារីហ្សូណា ។ គាត់ជាមួយនឹងភរិយារបស់គាត់ ឡាស៊ីនដា លូវីស​ មានកូនចំនួន ៨នាក់ ។ អែលឌើរ ចន ដប់បលយូ លូវីស គឺជាប្រធាន និងនាយកប្រតិបត្ដិនៃក្រុមហ៊ុន អ៊ីសវលឡី ផាតន័រស៊ីប ។ បច្ចុប្បន្នគាត់កំពុងបម្រើជាគ្រូថ្នាក់សាលាថ្ងៃអាទិត្យនៃវួដខូលមប័រ ។ ក្រៅពីការបម្រើរបស់គាត់ ជាអតីតប្រធានបេសកកម្ម គាត់ក៏ធ្លាប់បម្រើជា ប៊ីស្សព សមាជិកក្នុងគណៈប្រធានប៊ីស្សព ក្រុមប្រឹក្សាជាន់ខ្ពស់ និងប្រធានស្ដេក ។

ពួកយើង មានអំណរគុណសម្រាប់ រាល់ការបម្រើ ដែលអែលឌើរ ចន ដប់បលយូ លូវីស បានធ្វើនៅក្នុងជីវិតរបស់គាត់ ។ យើងបានដឹងថាគាត់បានបម្រើដោយភាពស្មោះត្រង់ និងភាពសក្ដិសម ។ ហើយយើងក៏មាននូវអំណរគុណ ចំពោះគាត់ដែលបាន យល់ព្រមទទួលនូវការចាត់តាំង​ថ្មីនេះ និងទៅដល់ភរិយារបស់គាត់ ដែលបានធ្វើជាដៃគូ និងគាំទ្រដល់គាត់នៅក្នុងគ្រប់ការងារបម្រើរបស់គាត់ទាំងអស់ ។ ក្នុងនាមជាឪពុកម្ដាយនៃបេសកកម្ម ពួកគាត់ទាំងពីរបានធ្វើជាគំរូដ៏អស្ចារ្យនៅក្នុងការបន្ទាបខ្លួន ការបង្ហាញសេចក្ដីស្រឡាញ់ និងការអត់ធ្មត់ ដល់ពួកយើងដែលជាកូនប្រុស កូនស្រី ក្នុងបេសកកម្មរបស់ពួកគាត់ ។ ពួកគាត់បានបម្រើ ហើយបានបញ្ចេញពន្លឺនៃ ព្រះគ្រីស្ទ ដែលពួកគាត់បានមានមកកាន់ពួកយើងទាំងអស់គ្នា ។

ខ្ញុំនិងអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតដែលបានបម្រើជាមួយនឹង​អែលឌើរ ចន ដប់បលយូ លូវីស នៅបេសកកម្មភ្នំពេញកម្ពុជារួមទាំងសមាជិកផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាបានដឹងដោយអស់ពីចិត្ដថា គាត់រួមជាមួយនឹងអ្នកកាន់អំណាចបព្វជិតភាពផ្សេងទៀតដែលត្រូវបានហៅដើម្បីក្លាយជាសមាជិកនៃក្រុមចិតសិបនាក់គឺត្រូវបានហៅមកពីព្រះ ហើយយើងដឹងថា ពួកគាត់ទាំងអស់នោះ ពិតជាមានភាពសក្ដិសមក្នុងការទទួលការហៅបម្រើដ៏ទេវភាពនេះ ។