
នៅរាត្រីថ្មីៗនេះ មានផ្កាយមួយភ្លឺចែងចាំងនៅលើមេឃដ៏ខ្ពស់ ដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ចំពោះវាយ៉ាងខ្លាំង ។ ទោះជាមានភ្លើងភ្លឺខ្លាំងពីទីក្រុងក្ដី ក៏យើងអាចមើលឃើញផ្កាយនោះនៅលើមេឃយ៉ាងច្បាស់ពីរេនហាលផ្ទះរបស់យើងដែរ ។ ដោយការបញ្ចេញរស្មីពន្លឺពណ៌មាសដ៏ចែងចាំង ហើយច្បាស់ រហូតខ្ញុំអាចមើលឃើញពន្លឺស្រួចៗចំនួនប្រាំមួយដែលចេញពីផ្កាយនោះបានទៀតផង ។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលខ្ញុំដឹងថា វាមិនមែនជាផ្កាយនោះទេ តែវាគឺជាភពព្រហស្បតិ៍ទេតើ ។ នៅពេលដ៏កម្របែបនេះ ភពព្រហស្បតិ៍បានបញ្ចេញពន្លឺចំណាំងផ្លាតរបស់ព្រះអាទិត្យឲ្យភ្លឺខ្លាំងឡើង ដោយសារគន្លងរបស់វាធ្វើដំណើរមកជិតគន្លងផែនដី ។[1] ពេលខ្ញុំសង្កេតមើលភពព្រហស្បតិ៍នៅលើមេឃនាពេលយប់នោះ ខ្ញុំមានគំនិតចំនួនពីរ ។
ទីមួយ រូបរាងរបស់ ‹ ផ្កាយ › នេះដែលខ្ញុំមិនដែលបានឃើញពីមុនមក បានធ្វើឲ្យខ្ញុំគិតដល់ផ្កាយថ្មីដែលបានបង្ហាញខ្លួននៅឯការប្រសូតរបស់ព្រះអង្គសង្គ្រោះកាលពី ២០០០ ឆ្នាំកន្លងទៅ ។ តើវាអាចនឹងមានលក្ខណៈបែបណាទៅ ពេលរស់នៅក្នុងគ្រានោះ ពេលឃើញពន្លឺថ្មីនោះនៅលើស្ថានសួគ៌ ហើយរៀនអំពីការប្រសូតរបស់ព្រះមែស៊ីដែលទន្ទឹងរង់ចាំជាយូរមកហើយ ព្រមទាំងពន្លឺដែលទ្រង់បាននាំមកកាន់ពិភពលោកនេះ ?
ព្រះគម្ពីរបង្រៀនអំពីពន្លឺដែលចាប់ផ្ដើមបំពេញជីវិតរបស់យើង កាលយើងទទួលយកដំណឹងល្អ ហើយទទួលយកពរជ័យនៃការចងភ្ជាប់ទៅនឹងព្រះអម្ចាស់តាមរយៈពិធីបុណ្យជ្រមុជទឹក ។ គោលការណ៍នៃដំណឹងល្អចែងចាំងក្នុងជីវិតរបស់យើង កាលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងចុះសេចក្ដីសញ្ញាបន្ថែមទៀតដែលជួយពង្រឹងដល់ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ហើយផ្ដល់សិទ្ធិឲ្យយើងមានព្រះចេស្ដារបស់ទ្រង់ទាំងទ្វេនៅក្នុងជីវិតរបស់យើង ។ រាល់សប្ដាហ៍នៅពេលដែលយើងរំឭកសេចក្ដីសញ្ញារបស់យើង តាមរយៈការទទួលទានសាក្រាម៉ង់ នោះយើងបង្ហាញឆន្ទៈរបស់យើងដើម្បីកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ ហើយព្រះអម្ចាស់សន្យានឹងប្រទានសិទ្ធិឲ្យយើងមានព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់យើង ។
សាវកយ៉ូហានបានមានប្រសាសន៍ថា « ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេម្តងទៀតថា ខ្ញុំជាពន្លឺនៃលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។[2] នៅពេលយើងខិតខំចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ នោះយើងនឹងបានពោរពេញដោយពន្លឺនេះ ។ តើយើងអាចបង្កើនពន្លឺរបស់ទ្រង់នៅក្នុងជីវិតរបស់យើងដោយរបៀបណា ?
« តាមវិធីណាក៏ដោយដែលងាយស្រួលសម្រាប់បងប្អូន សូមចែកចាយជាមួយនឹងមនុស្សអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់សំខាន់ចំពោះបងប្អូន ។ សូមអញ្ជើញពួកគេឲ្យមក ហើយមើល »
ឌៀថើរ អេហ្វ អុជដូហ្វ
កូនសៀវភៅដើម្បីកម្លាំងនៃយុវជន[3] ថ្មីអញ្ជើញយើងឲ្យរើសយកជម្រើសល្អៗ ដែលនឹងបង្កើនសមត្ថភាពរបស់យើងដើម្បីមានអារម្មណ៍ពីព្រះវិញ្ញាណ និងជួយឲ្យពន្លឺផ្ទាល់ខ្លួនរបស់យើងបានចែងចាំងកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ។ វាផ្ដល់ជាយោបល់ដូចតទៅនេះ ៖
១. មានពេលសម្រាប់ព្រះអម្ចាស់ជារៀងរាល់ថ្ងៃ ដើម្បីរៀនអំពីទ្រង់ ហើយចងចាំទ្រង់តាមរយៈការសិក្សាព្រះគម្ពីរ និងការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌របស់យើង ។
២. ខិតខំរស់នៅតាមអ្វីដែលយើងរៀន ។
៣. ស្វែងរកអ្វីដែលលើកស្ទួយ បំផុសគំនិត និងយាងអញ្ជើញព្រះវិញ្ញាណ ។
៤. ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលើកស្ទួយ តាមរយៈការផ្ដោតលើពន្លឺ សេចក្ដីជំនឿ និងសេចក្ដីពិត ។
៥. ស្វែងរកបទពិសោធន៍ល្អៗ និងទំនាក់ទំនងដ៏ពិត ហើយយូរអង្វែង ។
ទីពីរ កាលខ្ញុំបានបន្ដគិតអំពីផ្កាយថ្មី និងពន្លឺរបស់វានោះ វាញ៉ាំងឲ្យខ្ញុំគិតដល់បទគម្ពីរដែលមាននៅក្នុង ម៉ាថាយ ៥:១៤-១៦ ៖
អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ។ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ។ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ។
ពួកយើងម្នាក់ៗអាចពិចារណាអំពីពន្លឺរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើងបាន ។ យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានថ្លែងថា « ដំណឹងល្អគឺជាពន្លឺដែលចែងចាំងចេញទៅក្នុងភាពងងឹត ហើយមនុស្សគ្រប់រូបដែលទទួលយកពន្លឺនៃដំណឹងល្អនេះនឹងក្លាយជាពន្លឺ និងជាមគ្គទេសក៍ដល់មនុស្សទាំងអស់ … »[4]

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀនយើងឲ្យដាក់ពន្លឺរបស់យើង « នៅលើជើងចង្កៀង » ។ លោកបានអញ្ជើញយើងឲ្យ « បំពេញដួងចិត្តយើងដោយក្ដីស្រឡាញ់ដល់អ្នកដទៃ ។ ព្យាយាមដើម្បីមើលទៅមនុស្សគ្រប់គ្នានៅជុំវិញយើងជាបុត្ររបស់ព្រះពិត ។ សើចជាមួយពួកគេ ។ រីករាយជាមួយពួកគេ ។ យំជាមួយពួកគេ ។ គោរពពួកគេ ។ ព្យាបាល លើកស្ទួយ និងពង្រឹងពួកគេ » ។
« តាមវិធីណាក៏ដោយដែលងាយស្រួលសម្រាប់បងប្អូន សូមចែកចាយជាមួយនឹងមនុស្សអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់សំខាន់ចំពោះបងប្អូន ។ សូមអញ្ជើញពួកគេឲ្យមក ហើយមើល » ។[5]
កាលយើងបានពោរពេញដោយពន្លឺនៃព្រះគ្រីស្ទ នោះយើងនឹងមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីស្រឡាញ់មនុស្សដទៃ តាមរបៀបដែលទ្រង់ស្រឡាញ់ពួកគេដែរ ។ យើងនឹងរកឃើញកម្លាំងដើម្បីចងចាំថា « កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលទោសអ្នកវិញ » ។[6] ពន្លឺរបស់ទ្រង់ជួយយើងឲ្យចៀសវាងពីការរិះគន់ ការនិយាយដើមគេ ឬការស្វែងរកកំហុសគ្នា ហើយជំនួសមកវិញដោយការខិតខំរួបរួមគ្នានៅក្នុងសេចក្ដីស្រឡាញ់របស់យើងដល់ព្រះ និងដល់មនុស្សជាតិរបស់យើង ។ នៅពេលយើងរៀនអភ័យទោសដោយភាពរាបសា មានចិត្តមេត្តាករុណា និងចិត្តអំណត់ដល់មនុស្សដែលនៅជុំវិញខ្លួនយើង នោះវានាំពន្លឺរបស់ទ្រង់កាន់តែខ្លាំងឡើងមកកាន់យើង និងអ្នកដទៃ ។
នៅពេលយើងបំពេញជីវិតរបស់យើងដោយពន្លឺតាមរបៀបទាំងនេះ នោះយើងអាចធ្វើជាពន្លឺរបស់ព្រះអម្ចាស់បាន ។ យើងអាចពិចារណាអំពីពន្លឺរបស់ទ្រង់ ហើយបញ្ចាំងពន្លឺចេញទៅឲ្យភ្លឺដូចជាភពព្រហស្បតិ៍នៅលើមេឃ ឬដូចជាផ្កាយថ្មីនៃភូមិបេថ្លេហិម—ដែលដឹកនាំមនុស្សទាំងអស់ឲ្យដើរតាមផ្កាយនោះ—ទៅរកទ្រង់ ៕
[1] earthsky.org
[2] យ៉ូហាន ៨:១២ ។
[3] churchofjesuschrist.org/study/manual/for-the-strength-of-youth
[4] យ៉ូសែប ហ្វីលឌីង ស្ម៊ីធ នៅក្នុង Conference Report, British Area General Conference ឆ្នាំ ១៩៧១ ទំព័រ ១៧៦ ។
[5] ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥ ។
[6] សូមមើល ម៉ាថាយ ៧:១ ។