សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (February 2023)

ដោយ អំណាច​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព

ប្រសិន​បើ​យើង​បាន​កាន់​ខ្ជាប់​នូវ​សេចក្តី​សញ្ញា​របស់​យើង នោះ​យើង​នឹង​រក​ឃើញ​អំណាច​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​ទាំងឡាយ​ដែល​កើត​មាន​លើ​ផ្លូវ​របស់​យើង ។

អែលឌើរ ដាវីឌ ភី ហូ
អែលឌើរ ដាវីឌ ភី ហូ ប្រធានតំបន់អាស៊ី

នៅ​ខែ​មេសា ឆ្នាំ ១៩៧០ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​កាំជ្រួចរ៉ុកកែត​មួយ​ទៅ​កាន់​អាវកាស​ដោយ​មាន​ដឹក​អាកាសយាន្តនិក​ចំនួន​៣​នាក់ ។ នៅ​ពេល​ពួកគេ​ចាប់​ផ្តើម​ធ្វើ​ដំណើរ នោះមាន​ការផ្ទុះ​មួយ​ដែល​ធ្វើ​ឲ្យ​យាន្តអាវកាសខូចហើយ​ធ្វើឲ្យ​បារម្ភយ៉ាង​ខ្លាំងពី​លទ្ធភាព​របស់​ពួកគេ ដើម្បីត្រឡប់​មក​ផ្ទះ​វិញ​ដោយនៅ​មានជីវិត​រស់ ។

 

អ្នកជំនាញ​បាន​ដឹងថា​អាកាសយាន្តនិក​នៅមាន​ម្ហូប និង​ទឹក​គ្រប់គ្រាន់​ដើម្បី​រស់ ហើយ​នៅមានប្រពន្ធ​អុកស៊ីហ្សែន​ប្រើ​​សម្រាប់​ដកដង្ហើម​បានបី​បួន​ថ្ងៃទៀត ។ ប៉ុន្តែ ពួកគេ​ខ្វះចំណុចដ៏សំខាន់មួយ​គឺ ៖ ថាមពល ។

 

ដោយ​មាន​ការប្រឹងប្រែង​ដ៏ខ្លាំង​ក្លាដើម្បី​ស្វែងរក​ថាមពល នោះច្រើន​ថ្ងៃក្រោយបន្ទាប់មាន​នូវថាមពលដែលអាច​បម្រុងទុក​ និង​ប្រើ​​ដើម្បី​នាំ​អាកាសយាន្តនិក​ទាំង​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។

 

ការទទួល​បានថាមពល​ខាង​វិញ្ញាណ

 

នៅ​ក្នុង​របៀប​ស្រដៀង​គ្នា​នេះ យើង​ត្រូវការ​ថាមពល​ខាង​វិញ្ញាណ​ដើម្បី​ប្រឈមនឹង​ឧបសគ្គ​នានា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ​ដោយ​សុវត្ថិភាព ។ ប្រធាន រ័សុល អិម ណិលសុន បាន​ដាស់​តឿន​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ពេល​វេលា​ដ៏​លំបាក​នឹង​កើត​ឡើង ហើយ​ថា​យើង​នឹង​ត្រូវការថាមពល​ដែល​ជា​អំណាច​ខាង​វិញ្ញាណ​សម្រាប់​ពេល​វេលា​ទាំង​នោះ ។[1]


សំណួរ​សួរ​ថា « តើ​យើង​អាច​ទទួល​បាន​អំណាច​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវការ​ដោយ​របៀប​ណា ? »

 

ខណៈ​ដែល​យើងអាច​រក​អំណាច​នោះ​បាន​នៅ​ទី​កន្លែង​ជាច្រើន នោះ​មាន​កន្លែង​មួយ​ចំនួន ប្រសិន​បើ​មាន ដែល​ផ្តល់​នូវ​លំហូរ​នៃ​អំណាច​ខាង​វិញ្ញាណ​សម្រាប់​យើង​យ៉ាង​ជាប់លាប់​គឺ​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​ពិធី​បរិសុទ្ធ​នានា​ដែល​គ្មាន​នៅ​ទីណា​ផ្សេង​ទៀត​ឡើយ ។ ជា​លទ្ធផល នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចុះ​សេចក្តី​សញ្ញា និង​ទទួល​បាន​អំណាច​ដែល​មាន​សម្រាប់​យើង​តែ​នៅ​ទីនោះ​ប៉ុណ្ណោះ ។

អំណាច​មក​ពី​សេចក្តី​សញ្ញា

 

នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា យើង​រៀន​អំពី​គ្រា​មួយ​ដែល​ម៉ូសេ​បាន​ព្យាយាម​បន្សុទ្ធ​ដួងចិត្ត​ប្រជាជន​របស់​លោក ។ ដើម្បី​ធ្វើ​ដូច្នេះ​បាន លោក​បាន​បង្រៀន​ពួកគេ​អំពី​សិទ្ធិអំណាច​នៃ​បព្វជិតភាព និង​សារៈ​សំខាន់​នៃ​ពិធីបរិសុទ្ធ​បព្វជិតភាព ។

 

យើង​រៀន​ថា « នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទំាងឡាយ [ នៃ​បព្វជិតភាព ] ដ៏​ធំ​ជាង​នេះ នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្តែង​ឲ្យ​ឃើញ ។ ហើយ​បើសិន​ជា​គ្មាន​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ទេ នោះ​អំណាច​នៃ​ព្រះ​ពុំ​អាច​បាន​សម្តែង​ដល់​មនុស្ស​នៅ​ក្នុង​សាច់​ឈាម​បាន​ឡើយ » ។[2]


« ពិធីបរិសុទ្ធទាំងឡាយចងភ្ជាប់យើងទៅនឹង [ ព្រះយេស៊ូវគ្រីស្ទ ] តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋនៃបព្វជិតភាព ។ បន្ទាប់មក នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការព្យាបាល ព្រះចេស្ដានៃការពង្រឹងរបស់ទ្រង់ មកដល់យើង »

​ប្រធាន រ័សុល អិម ណិលសុន

ប្រធាន ណិលសុន បាន​ពន្យល់​តាមបែប​នេះ​ថា « ពិធី​បរិសុទ្ធ​ទាំងឡាយ​ចងភ្ជាប់​យើង​ទៅ​នឹង [ ព្រះយេស៊ូវគ្រីស្ទ ] តាម​រយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង​​របស់ទ្រង់ មកដល់​យើង » ។[3]

 

នៅ​ពេល​យើង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ នោះ​យើង​ចុះ​សេចក្តី​សញ្ញា​នានា ។ ពេល​យើង​រៀបចំ​ខ្លួន​ដើម្បី​ចុះ​សេចក្តី​សញ្ញា​ទាំង​នោះ ពេល​យើង​ចុះ​សេចក្តី​សញ្ញា​ទាំង​នោះ និង​ពេល​យើង​ព្យាយាម​ដើម្បី​រក្សា​សេចក្តី​សញ្ញា​ទាំង​នោះ នោះ​យើង​រស់នៅ​ក្នុង​ជីវិត​ដែល​កាន់តែ​ប្រសើរឡើង ហើយ​កាន់តែ​សុចរិត ។ ហើយ​នៅ​ពេល​យើង​រស់នៅ​បែប​នោះ អំណាច​ខាង​វិញ្ញាណ​ហូរ​ចូល​មក​ក្នុង​ដួងព្រលឹង​របស់​យើង ។ ប្រហែល​នោះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ប្រធាន ណិលសុន លើក​ទឹកចិត្ត​យើង​ជា​ញឹកញាប់​ដើម្បី​ឲ្យ « ​ដើរនៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​បន្ដ​នៅលើ​ផ្លូវ​នោះ » ។[4]

 

សេចក្តី​សញ្ញា​របស់​យើង​អាច​ផ្តល់​ឲ្យ​យើង​នូវ​អំណាច​ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត​របស់​យើង ។ ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ស្ថានទូត​មួយ​ក្នុង​ប្រទេស​រុស្សី ។ នៅ​ពេល​ការទទួល​ទាន​អាហារ​បាន​បញ្ចប់ អ្នក​រៀបចំ​កម្មវិធី​បាន​ណែនាំ​បុគ្គលិក​របស់​គាត់​ឲ្យ​បម្រើ​គ្រឿង​ស្រវឹង​ដល់​ភ្ញៀវ​របស់​គាត់ ។ ភ្ញៀវគ្រប់គ្នា​បាន​ទទួល​ស្រា​ម្នាក់​មួយ​កែវ ហើយ​ពួកគេ​បាន​ទទួល​ទាន​ស្រានោះ​លើកលែង​តែ​បុរស​ម្នាក់​នេះ ។

 

វា​គឺ​ជា​ពេល​ដ៏​ខុសឆ្គង និង​លំបាក​មួយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រៀបចំ​មាន​ការអាក់អន់​ចិត្ត​ជា​ខ្លាំង ។ បុរស​នោះ​អាច​គិត​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​អាច​ជាករណី​លើកលែង​បានសម្រាប់​កាលៈទេសៈ​បង្ខំ ។ ប៉ុន្តែ​នៅ​ពេល​គាត់​បាន​ចងចាំ​សេចក្តី​សញ្ញា គាត់​បាន​ដឹង​អំពី​អ្វី​ដែល​គួរ​ធ្វើ ហើយ​ពេល​គាត់​បាន​ព្យាយាម​រស់​នៅ​តាម​សេចក្តី​សញ្ញា​របស់​គាត់ នោះ​គាត់​រក​បាន​អំណាច​ដើម្បី​ធ្វើ​វា ។

 

យើង​ក៏​អាច​ធ្វើ​បែប​នេះ​បាន​ដូច​គ្នា ។ នៅ​ពេល​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​យើង​ពុំ​គួរ​ធ្វើ ឬកាត់​បន្ថយ​ពី​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ ប្រសិន​បើ​យើង​បាន​កាន់​ខ្ជាប់​នូវ​សេចក្តី​សញ្ញា​របស់​យើង នោះ​យើង​នឹង​រក​ឃើញ​អំណាច​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទប់ទល់​នឹង​ឧបសគ្គ​ទាំងឡាយ​ដែល​កើត​មាន​លើ​ផ្លូវ​របស់​យើង ។

 

អំណាចដើម្បីត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព

អំណាច​មក​ពី​សេចក្តី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ

 

ខណៈ​ដែល​យើងអាច​រក​ឃើញ​​អំណាច​ខាង​វិញ្ញាណ​បាន​នៅ​ទី​កន្លែង​ជាច្រើន នោះ​មាន​កន្លែង​មួយ​ចំនួន ប្រសិន​បើ​មាន ដែល​ផ្តល់​នូវ​លំហូរ​នៃ​អំណាច​ខាង​វិញ្ញាណ​សម្រាប់​យើង​យ៉ាង​ជាប់លាប់​គឺ​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ធ្វើ​ពិធី​បរិសុទ្ធ​នានា​ដែល​គ្មាន​នៅ​ទីណា​ផ្សេង​ទៀត​ឡើយ ។ ជា​លទ្ធផល នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចុះ​សេចក្តី​សញ្ញា និង​ទទួល​បាន​អំណាច​ដែល​មាន​សម្រាប់​យើង​តែ​នៅ​ទីនោះ​ប៉ុណ្ណោះ ។

 

ខ្ញុំ​ដឹង​ថា នេះ​ជា​ការ​ពិត ពីព្រោះ​ខ្ញុំ​ធ្លាប់​បាន​ឃើញ​វា​នៅ​ក្នុង​ជីវិត​នៃ​គ្រួសារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ធ្លាប់​ជួប​បទពិសោធ​ន៍​នេះ​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ។

 

ប្រសិន​បើ​បងប្អូន​ពុំ​ទាន់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ឥឡូវ​នេះ ។ ប្រសិន​បើ​បងប្អូន​ធ្លាប់​ទៅ​ហើយ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ត្រឡប់​ទៅ​វិញ​ឲ្យ​បាន​កាន់តែ​ឆាប់ និង​កាន់តែ​ញឹកញាប់​តាម​ដែល​បងប្អូន​អាច​ទៅ​តាម ។ ប្រសិន​បើ​បងប្អូន​រស់​នៅ​ឆ្ងាយ​ពី​ព្រះវិហារ​បរិសុទ្ធ ឬ​មាន​ឧបសគ្គ​ផ្សេង​ទៀត​ដែល​រារាំង​បងប្អូន​មិន​អាច​ចូលរួម​បាន ប្រធាន ណិលសុន បាន​លើកទឹកចិត្ត​បងប្អូន​ឲ្យ « ដាក់​កាលវិភាគ​ទៀងទាត់​មួយ ដើម្បី​សិក្សាសេចក្ដីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​នោះ​នៅក្នុង​ចិត្ត​របស់​បងប្អូន » ។[5]

 

ខ្ញុំ​សន្យា​ថា ពេល​បងប្អូន​ធ្វើ​នូវ​កិច្ចការ​ទាំងនេះ នោះ​អំណាច​ខាង​វិញ្ញាណ​នឹង​ហូរ​ចូល​ក្នុង​ព្រលឹង​របស់​បងប្អូន ៕

 


[1] រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៤ ។

[2] សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤ ៖ ២៣, ១៨-២១

[3] រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៤ ។

[4] រ័សុល អិម ណិលសុន « The Power of Spiritual Momentum » Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៨ ។

[5] រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ 95 ។