សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (March 2023)

ការអញ្ជើញមកការប្រជុំសាក្រាម៉ង់

ថ្ងៃឈប់សម្រាកគឺបានញែកចេញសម្រាប់ការទទួលទានសាក្រាម៉ង់ ញែកចេញសម្រាប់ការបន្ត សេចក្តីសញ្ញាពិសិដ្ឋ ។

អែលឌើរ ដ្យារ៉ុត ស៊ូប៊ៀនសូរ៉ូ
អែលឌើរ ដ្យារ៉ុត ស៊ូប៊ៀនសូរ៉ូ ក្នុង​ពួក​ចិតសិប​នាក់

ខ្ញុំមានអាយុសាមសិបឆ្នាំកាលត្រូវបានអញ្ជើញឲ្យមកការប្រជុំសាក្រាម៉ង់ជាលើកដំបូងនៅសាខាមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ ពីមុនបទពិសោធន៍នេះ ខ្ញុំបានស្គាល់ និងធំឡើងជាមួយនឹងនិកាយធំៗពីរផ្សេងគ្នា ទាំងតាំងពីកំណើត ឬ តាមរយៈឥទ្ធិពលរបស់សាលារៀន ។ ខ្ញុំចាំបានដែលមកក្នុងនាមជាជនចម្លែកពេញដោយក្តីបារម្ភចំពោះការវិនិច្ឆ័យ ប៉ុន្តែមិនត្រូវទទួលបានបែបនេះឡើយ ។

ខ្ញុំត្រូវបានស្វាគមន៍ដូចជា « បងប្អូនប្រុស » ហាក់ដូចជាខ្ញុំគឺជាចំណែកមួយនៃគ្រួសារពួកគេអញ្ចឹង ។ សមាជិក និងថ្នាក់ដឹកនាំសាខាបានបង្ហាញនូវអំណរគុណយ៉ាងស្មោះត្រង់ចំពោះវត្តមានរបស់ខ្ញុំនៅទីនោះ ។ ខ្ញុំបានទទួលអារម្មណ៍ស្វាគមន៍ និងដោយក្តីស្រឡាញ់ ។

ការប្រជុំពេញដោយគារវភាព និងព្រះវិញ្ញាណ ។ ខ្ញុំអាចធ្វើតាមដំណើរការនីមួយៗយ៉ាងងាយស្រួល។ សុន្ទរកថា ផ្តល់ដោយអ្នកឡើងនិយាយដែលបានចាត់តាំងបានផ្តល់នូវគំនិតថ្មីៗចំពោះការយល់ដឹងនៃដំណឹងល្អ និងពីរបៀបដើម្បីរស់នៅតាម ។

តាំងពីពេលនោះមក ខ្ញុំបានចូលរួមការប្រជុំសាក្រាម៉ង់ជាច្រើនទៀត ហើយខ្ញុំពិតជាជឿនូវអ្វីដែលលោក ដេវីដ អូ. មិកឃេ បានមានប្រសាសន៍ថា ៖ « ខ្ញុំមានចំណាប់អារម្មណ៍ដើម្បីបញ្ជាក់ពីអ្វីដែលព្រះអម្ចាស់បានកំណត់ថាជាការប្រជុំដ៏សំខាន់បំផុតនៅក្នុងសាសនាចក្រ ហើយនោះគឺជាការប្រជុំសាក្រាម៉ង់ » ។១ 

យើងរៀនមកពីបទគម្ពីរថា « ជាការចាំបាច់ដែលសាសនាចក្រជួបជុំគ្នាជាញឹកញាប់ ដើម្បីទទួលទាននំប៉័ង និងស្រាទំពាំងបាយជូរ ដោយនូវការចងចាំដល់ព្រះអម្ចាស់យេស៊ូវ » ។២ ដូចគ្នាដែរ ខ្ញុំចង់អញ្ជើញបងប្អូនទាំងអស់គ្នាមកការប្រជុំសាក្រាម៉ង់សម្រាប់មូលហេតុបីយ៉ាងគឺ ៖ មកដើម្បីនៅក្បែរបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទរបស់បងប្អូន មកដើម្បីបន្តសេចក្តីសញ្ញាទាំងឡាយតាមរយៈការទទួលទានសាក្រាម៉ង់ និងមកដើម្បីរំឮកគ្នាទៅវិញទៅមកអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
 


« ជាការចាំបាច់ដែលសាសនាចក្រជួបជុំគ្នាជាញឹកញាប់ ដើម្បីទទួលទាននំប៉័ង និងស្រាទំពាំងបាយជូរ ដោយនូវការចងចាំដល់ព្រះអម្ចាស់យេស៊ូវ »

គោលលទ្ធិ និង សេចក្ដី សញ្ញា ២០:៧៥

ការនៅក្បែរសមាជិកនៃសាសនាចក្របានជួយខ្ញុំដើម្បីទទួលបាននូវទីបន្ទាល់មួយនៃការស្តាឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងបានពង្រឹងការតាំងចិត្តរបស់ខ្ញុំដើម្បីចូលក្នុងផ្លូវនៃសេចក្តីសញ្ញា ។

បន្ទាប់ពីខ្ញុំបានទទួលពិធីបុណ្យជ្រមុជទឹក ហើយត្រូវបានតែងតាំងដល់តំណែងសង្ឃក្នុងបព្វជិតភាព ខ្ញុំត្រូវបានចាត់តាំងម្តងម្កាលឲ្យប្រសិទ្ធពរសាក្រាម៉ង់ ។ ខ្ញុំមានអារម្មណ៍ថាគេត្រូវការ ហើយឱកាសដើម្បីបម្រើដល់អ្នកដទៃតាមរយៈការប្រសិទ្ធិពរសាក្រាម៉ង់បានពង្រឹងសេចក្តីជំនឿរបស់ខ្ញុំលើព្រះគ្រីស្ទ ។
    
នៅពេលដែលខ្ញុំបានទទួលការចាត់តាំងឲ្យឡើងនិយាយជាលើកដំបូង ការរៀបចំបាននាំខ្ញុំឲ្យដឹងពីវត្តមាននៃធនធានជាច្រើនរបស់សាសនាចក្រ ៖ ដូចជាព្រះគម្ពីរ សុន្ទរកថារបស់ពួកអ្នកមានសិទ្ធិអំណាចទូទៅ និងសៀភៅជាច្រើនទៀត ។ ខ្ញុំបានរៀនពីរបៀបពិចារណាលើបទពិសោធន៍ខ្លួនឯងផ្ទាល់ និងចែកចាយទីបន្ទាល់របស់ខ្ញុំដើម្បីពង្រឹងដល់អ្នកដទៃ អំពីការចូលរួមការប្រជុំសាក្រាម៉ង់ ។

ព្រះយេស៊ូវបានបង្កើតពិធីសាក្រាម៉ង់ឡើងដើម្បីជានិមិត្តរូបនៃការលះបង់ដ៏ធួនរបស់ទ្រង់ ។ « អ្នកណាទទួលទាននំប៉័ងនេះ គឺទទួលទានរូបកាយយើង ទៅក្នុងព្រលឹងអ្នកនោះ ហើយអ្នកណាផឹកស្រាទំពាំងបាយជូរនេះគឺផឹកលោហិតយើងទៅក្នុងព្រលឹងអ្នកនោះ ហើយព្រលឹងអ្នកនោះ នឹងពុំចេះស្រេកឃ្លានឡើយ តែបានឆ្អែតជានិច្ច » ។ ព្រះអម្ចាស់សន្យាថា អ្នកដែលទទួលសាក្រាម៉ង់ដោយភាពសក្តិសមនឹងតែងតែមានព្រះវិញ្ញាណរបស់ទ្រង់ដើម្បីគង់និងពួកគេជានិច្ច ។

សមាជិកម្នាក់ៗនៃសាសនាចក្រគួរតែចងចាំក្នុងចិត្តនូវសេចក្តីសញ្ញាដ៏អស្ចារ្យចំនួនបីដែលត្រូវបានធ្វើដោយការទទួលទាននៃសញ្ញាសម្គាល់ទាំងនេះ ៖
1.    ថាពួកគេនឹងព្រមលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រា ។
2.    ថាពួកគេនឹងចងចាំទ្រង់ជានិច្ច ។
3.    ថាពួកគេនឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ដែលទ្រង់បានប្រទានដល់ពួកគេ » ។៤ 
 

ការអញ្ជើញមកការប្រជុំសាក្រាម៉ង់

អំឡុងអាហារពេលល្ងាចចុងក្រោយ ទ្រង់ក៏បានបង្រៀនកុំឲ្យស្វែងរកកំហុសអ្នកដទៃ ប៉ុន្តែឲ្យមើលផ្នែកខាងក្នុង វាយតម្លៃនូវអ្វីដែលយើងត្រូវធ្វើដើម្បីប្រែចិត្ត ស្រឡាញ់ និងបម្រើគ្នាដូចដែលយើងគួរធ្វើ ហើយលាងជើងឲ្យគ្នាទៅវិញទៅមក ។

ប្រធាន ចច អាល់ប៊ើត ស្ម៊ីធ បានមានប្រសាសន៍អំពីពិធីសាក្រាម៉ង់ថា « យើងគួរតែទទួលទានសាក្រាម៉ង់ដោយភាពរាបសារ ជាមួយនឹងការរៀបចំដៃស្អាត និងដួងចិត្តបរិសុទ្ធ ហើយដោយមានបំណងប្រាថ្នាដើម្បីឲ្យអាចទទួលយកបានចំពោះព្រះវបិតារបស់យើង នោះយើងនឹងទទួលបានវាដោយភាពសក្ដិសម ហើយរីករាយនឹងពរជ័យដែលកើតមានដល់យើងតាមហេតុផលរបស់វា » ។៥ 

លោកក៏បានសង្កេតឃើញថា « បុរស និងស្រ្តីដែលមិនបានទទួលទានអាហាររបស់ព្រះអម្ចាស់ពីមួយឆ្នាំទៅមួយឆ្នាំផុតទៅ នោះនឹងបាត់បង់ព្រះវិញ្ញាណនៃព្រះវបិតាសួគ៌របស់យើងបន្តិចម្តងៗ ពួកគេបាត់បង់ភាពជាដៃគូរជាមួយព្រះវិញ្ញាណដែលពួកគេមានឱកាសដើម្បីចូលរួមក្នុងពរជ័យនោះ ប៉ុន្តែមិនបានទាញយកប្រយោជន៍ពីវាឡើយ » ។

ខ្ញុំចង់បន្ទរនូវការំឮករបស់ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ដល់យើងទាំងអស់គ្នាថា ថ្ងៃឈប់សម្រាកត្រូវបានញែកចេញសម្រាប់ការទទួលទានសាក្រាម៉ង់ ញែកចេញសម្រាប់ការបន្តសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។ « ថ្ងៃឈប់សម្រាកគឺជាថ្ងៃដែលអ្នកគួរតែចូលរួមការប្រជុំនៃពួកបរិសុទ្ធជាមួយបងប្អូនប្រុស និងបងប្អូនស្រីរបស់អ្នក បានរៀបចំដើម្បីទទួលទានសាក្រាម៉ង់នៃអាហាររបស់ព្រះអម្ចាស់ ដោយបានសារភាពអំពើបាបរបស់អ្នកជាលើកដំបូងនៅចំពោះព្រះអម្ចាស់ និងបងប្អូនប្រុសស្រីរបស់អ្នក ហើយបានអត់ទោសឲ្យអ្នករាល់គ្នា ដូចជាអ្នករំពឹងថាព្រះអម្ចាស់នឹងអត់ទោសអ្នក » ។


១    ដេវីឌ អូ មិកឃេ នៅក្នុងរបាយការណ៍សន្និសីទ ខែ តុលា ឆ្នាំ ១៩២៩ ទំព័រ ១១
២    គោលលទ្ធិ និង សេចក្ដី សញ្ញា ២០:៧៥
៣    នីហ្វៃទី ៣ ២០:៨
៤    យ៉ូសែប អែហ្វ ស៊្មីធ នៅក្នុងការបង្រៀនទាំងឡាយរបស់ពួកព្យាការីថ្ងៃចុងក្រោយ ៖ ការចងក្រងនៃសេចក្តីថ្លែងការណ៍អំពីប្រធានបទដំណឹងល្អដោយបុរសដែលបានគាំទ្រជា ព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ [ ឆ្នាំ ១៩៨៦ ] ទំព័រ ៥៨៥
៥    ចច អាល់ប៊ើត ស៊្មីធ នៅក្នុងរបាយការណ៍សន្និសីទ ខែ មេសា ឆ្នាំ ១៩០៨ ទំព័រ ៣៦
៦    ការបង្រៀនរបស់ប្រធានទាំងឡាយនៃសាសនាចក្រ ៖ ចច អាល់ប៊ើត ស៊្មីធ [ ឆ្នាំ ២០១១ ] ទំព័រ ៩៥
៧     ការបង្រៀនរបស់ប្រធានទាំងឡាយនៃសាសនាចក្រ ៖ យ៉ូសែប អែហ្វ ស៊្មីធ [ ឆ្នាំ ១៩៩៨ ] ទំព័រ ២៣២