សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (April 2023)

ដើម្បី​កម្លាំង​នៃ​យុវជន

នៅ​ទូទាំង​តំបន់​អាស៊ី យើង​មាន​ពរ​ដោយ​មាន​យុវនារី និង​យុវជន​រាប់​ពាន់​នាក់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ដើម្បី​ឲ្យ​យើង​មាន​កម្លាំង សេចក្តី​សង្ឃឹម និង​សេចក្តី​អំណរ ។

អ៊ែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ
អ៊ែលឌើរ បេនយ៉ាមីន អិម ហ្ស៊ី តៃ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានតំបន់អាស៊ី

នៅ​ទូទាំង​តំបន់​អាស៊ី យើង​មាន​ពរ​ដោយ​មាន​យុវនារី និង​យុវជន​រាប់​ពាន់​នាក់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ដើម្បី​ឲ្យ​យើង​មាន​កម្លាំង សេចក្តី​សង្ឃឹម និង​សេចក្តី​អំណរ ។

 

ក្នុង​ជំពូក​៥៦ និង​៥៧​នៃ​សៀវភៅ​អាលម៉ា ក្នុង​ព្រះគម្ពីរ​មរមន យើង​អាន​អំពី​យុវជន​ពីរពាន់ហុកសិប​នាក់​ ដោយសារ​តែ​ភាពក្លាហាន ស្មោះត្រង់ និង​សេចក្តី​ជំនឿ នោះ​ពួកគេ​បាន​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​ដ៏​លើសលប់​ដើម្បី​ដើរ​តួ​ជា​ឧបករណ៍​មួយ​ក្នុង​ការជួយ​សង្គ្រោះ​ជាតិសាសន៍​របស់​ខ្លួន​ពី​ការបំផ្លិចបំផ្លាញ ។ 

 

ការសិក្សា​យ៉ាង​យកចិត្តទុកដាក់​ពី​ជំពូក​ទាំងនេះ​ផ្តល់​ឲ្យ​យើង​នូវ​ការយល់ដឹង​ដ៏​មាន​តម្លៃ​អំពី​សមទ្ធិផល​ដ៏​អស្ចារ្យ​របស់​ពួកគេ​បើ​ទោះ​​ជាពួកគេ​នៅ​ក្មេង និង​ពុំ​មាន​បទពិសោធន៍​ក៏​ដោយ ។ យុវជន​ទាំងនេះ ដែល​ត្រូវ​បាន​ចិញ្ចឹម​នៅ​ផ្ទះ​ក្នុង​ជំរុំ​ជនភៀស​ខ្លួន និង​ក្នុង​ករណី​ខ្លះ​ទៀតគឺ​ដោយ​តែ​ម្តាយ​ម្នាក់​ប៉ុណ្ណោះ[1] បាន​អភិវឌ្ឍ​សេចក្តី​ជំនឿ​ទាំងស្រុង​លើ​ព្រះអង្គ​សង្គ្រោះ បំណង​ប្រាថ្នា​ដើម្បី​គោរព និង​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដោយ​ជាក់លាក់ និង​មានសមត្ថភាព​ដើម្បី​មាន​ភាពរឹងប៉ឹង ហើយ​ក្លាហាន​យ៉ាង​ប្ដូរ​ផ្ដាច់ ។[2] ការយល់ដឹង​ទាំងនេះ​រួម​មាន​ដូច​ខាងក្រោម ៖

 

  • ពួកគេ​បាន​រៀន​ពីរបៀប​ដើម្បី​មាន​សេចក្តី​ជំនឿ​លើ​ព្រះ​យេស៊ូគ្រីស្ទ​នៅ​ឯ​ផ្ទះ​មក​ពី​ឪពុក​ម្តាយ​របស់​ពួកគេ ។[3]
  • ហេលេមិន​ដែល​ជា​អ្នក​ដឹកនាំ​របស់​ពួកគេ  ស្រឡាញ់ និង​មើល​ថែ​សុខមាភាព​របស់​ពួកគេ​ម្នាក់ៗ​ដូច​ជា​កូន​របស់​លោក​ផ្ទាល់​អញ្ចឹង ។[4]
  • ពួកគេ​ត្រូវ​បាន​បង្ហាញ​ជាមួយ​និង​ការសម្រេច​ចិត្ត​ដ៏​សំខាន់ៗ ហើយ​ត្រូវ​បាន​គាំទ្រ​ក្នុង​ជម្រើស​ទាំងឡាយ​របស់​ពួកគេ ។[5]
  • មាន​កម្លាំង​ដ៏​លើសលប់ ។[6]
  • មនុស្ស​ដទៃ​នៅ​ជុំ​វិញ​ពួកគេ​បាន​មាន​នូវ​ការ​ដឹងគុណ​ចំពោះ​ពួកគេ ហើយ​រក​បាន​នូវ​សេចក្តី​សង្ឃឹម និង​អំណរ​ដ៏​អស្ចារ្យ​តាម​រយៈ​ពួកគេ ។[7]

 


« ក្មួយៗយុវវ័យជាទីស្រឡាញ់របស់ខ្ញុំ ក្មួយៗត្រូវបានបញ្ជូនមកផែនដីនៅពេលដ៏ច្បាស់លាស់នេះ ជាពេលវេលាដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃពិភពលោក ដើម្បីជួយប្រមូលផ្តុំអ៊ីស្រាអែល ។ គ្មានអ្វី ដែល កំពុងតែកើតឡើងលើផែនដីពេលនេះមានសារៈសំខាន់ខ្លាំងជាងហ្នឹងនោះទេ ។ គ្មានអ្វី ដែល សំខាន់លើសហ្នឹងទៀតនោះទេ ។ គ្មាន សោះតែម្តង »

រ័សុល អិម ណិលសុន

នៅ​ពេល​នៃ​ការលេច​មក​នៃ​យុវវ័យ​ទាំង​នេះ​ក្នុង​ព្រះគម្ពីរ​មរមន សាសន៍​នីហ្វៃ​មាន​ចំនួន​តិច​ណាស់ ហើយ​បាន​ទទួល​រង​នូវ​ការវាយប្រហារ​ពី​សត្រូវ​របស់​ពួកគេ​គឺ​សាសន៍​លេមិន​ទៅលើ​ខ្សែ​ត្រៀម​ជួរ​មុខ​ជា​ច្រើន​តាម​បណ្តោយ​ព្រំដែន ។  ពួកគេ​ក៏​កំពុង​មាន​សង្គ្រាម​ស៊ីវិល​ដែល​បាន​បែងចែក​មនុស្ស និង​ធនធាន​ជាច្រើន ។  វា​បង្ហាញ​ថា​មាន​សេចក្តី​សង្ឃឹម​តិចតួច​ណាស់​សម្រាប់​ឲ្យ​ជាតិ​រស់​រាន​បាន ។  ផ្ទុយទៅវិញ ក្នុង​ចំណោម​មធ្យោបាយ​នានា​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​ដើម្បី​ជួយ​ពួក​សាសន៍​នីហ្វៃ​សុចរិត​គឺ​ដោយ​ការបញ្ជូន​ក្រុម​យុវជន​ពីរពាន់​ហុកសិប​នាក់​នេះ​ដើម្បី​នាំមក​នូវ​ភាព​ធូរស្បើយ និង​សេចក្ដី​សង្ឃឹម​ដល់​អ្នក​ទាំងនោះ​ដែល​ត្រូវ​ការជំនួយ​បំផុត ។

 

ដូច​គ្នា​ដែរ​ក្នុង​ជំនាន់​របស់​យើង យើង​ជួប​នូវ​ឧបសគ្គ​នានា​ក្នុង​ជីវិត​របស់​យើង និង​ក្នុង​សហគមន៍​ដែល​យើង​រស់នៅ ហើយ​របៀប​​ដ៏​សំខាន់​មួយ​ដែល​ព្រះអម្ចាស់​ជួយ​ដល់​យើង​គឺ​តាម​រយៈ​ការបញ្ជូន​យុវជន យុវនារី​ដើម្បី​មក​ពង្រឹង​យើង និង​ជា​អ្នក​ដែល​យើង​អាច​មាន​សេចក្តី​សង្ឃឹម និង​អំណរ​ដ៏​អស្ចារ្យ ។  ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ទៅ​កាន់​យុវវ័យ​នៃ​សាសនាចក្រ​ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​រួម​ក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​ថា « ក្មួយៗ​យុវវ័យ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ក្មួយៗ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី​នៅ​ពេល​ដ៏​ច្បាស់លាស់​នេះ ជា​ពេល​វេលា​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភព​លោក ដើម្បី​ជួយ​ប្រមូល​ផ្តុំ​អ៊ីស្រាអែល ។ គ្មាន​អ្វី ដែល កំពុង​តែ​កើត​ឡើង​លើ​ផែនដី​ពេល​នេះ​​មាន​សារៈ​សំខាន់​ខ្លាំង​ជាង​ហ្នឹង​នោះ​ទេ ។ គ្មាន​អ្វី ​ដែល សំខាន់​លើស​ហ្នឹង​ទៀត​នោះ​ទេ ។ គ្មាន សោះ​តែ​ម្តង » ។[8]

 

ដើម្បីកម្លាំងនៃយុវជន

យើង​ម្នាក់ៗ​មាន​ឱកាស និង​ការទទួល​ខុសត្រូវ​ដើម្បី​ជួយ​ជំនាន់​កំពុង​ពេញ​វ័យ​ក្នុង​សាខា និង​វួដ​របស់​យើង​ឲ្យ​ដឹង​ពី​បេសកកម្ម និង​សក្តានុពល​ដ៏​ទេវភាព​របស់​ពួកគេ ។  ព្រះ​អម្ចាស់​បាន​ផ្តល់​នូវ​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ច្រើន​ដើម្បី​ជួយ​យើង​ដែល​រួម​មាន ៖

 

  • ចូរ​មក​តាម​ខ្ញុំ សម្រាប់​បុគ្គល និង​គ្រួសារ និង​កម្មវិធី​កុមារ និង​យុវវ័យ​ដើម្បី​ជួយ​ពួកគេ​ពង្រឹង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ឯ​ផ្ទះ ។
  • សន្និសីទ FSY និង​សន្និសីទ​យុវវ័យ​ផ្សេងៗ​ទៀត ថ្នាក់​សិក្ខាសាលា ថ្នាក់​យុវនារី និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ហើយ​និង​សកម្មភាព​សង្គម​នានា​ដើម្បី​ស្ថាបនា​នូវ​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ ហើយ​ចែកចាយ​បទពិសោធន៍​ជាមួយ​យុវវ័យ​ដូច​គ្នា ។
  • ថ្នាក់​ដឹកនាំ​យុវនារី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ គណៈ​ប៊ីស្សព និង​គណៈ​ប្រធាន​សាខា​ដូច​ជា​ហេលេមិន ស្រឡាញ់ និង​ថែរក្សា​ចំពោះ​មនុស្ស​វ័យ​ក្មេង​ក្នុង​អង្គភាព​របស់​ពួកគេ ។
  • ដើម្បី​កម្លាំង​នៃ​យុវជន ៖ កូន​សៀវភៅ​មគ្គទេសក៍​សម្រាប់​ធ្វើការ​ជ្រើសរើស
  • នៅ​ទី​ណា​ដែល​អាច សូម​ធ្វើ​ការរៀបចំ​លៃលក​កាលវិភាគ​ការប្រជុំ​ដើម្បី​អនុញ្ញាត​ឲ្យ​បញ្ចូល​ថ្នាក់​យុវវ័យ និង​កូរ៉ុម រវាង​អង្គភាព​ដែល​ប្រើ​អគារ​រួម​គ្នា​ដើម្បី​ឲ្យ​បាន​យុវវ័យ​ច្រើន​ជួប​ជុំ​គ្នា ។

 

មាន​នូវ​អ្វីៗ​ច្រើន​ទៀត​ដែល​យើង​អាច​ធ្វើ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ផង​ដែរ ។  យើង​អាច​ចាប់​ផ្តើម​ដោយ​ការយល់​ថា ជំនាន់​កំពុង​ពេញ​វ័យ​របស់​យើង​គឺ​ជា​កម្លាំង​ដល់​យើង និង​ជា​ចម្លើយ​មួយ​ដល់​ការអធិស្ឋាន​របស់​យើង ។  វាអាច​នាំ​ឲ្យ​យើង​គិត​ពិចារណា​នូវ​សំណួរ​ដូច​ខាងក្រោម ៖

 

  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ដើម្បី​បង្រៀន​កូន​របស់​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ក្នុង​ជីវិត​របស់​គាត់/នាង ?
  • តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មនុស្ស​វ័យ​ក្មេង​នៅ​ក្នុង​វួដ ឬ សាខា​របស់​ខ្ញុំ ដើម្បី​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍​ថា​ខ្ញុំ​ស្រឡាញ់ និង​យក​ចិត្ត​ទុកដាក់​លើ​ពួកគេ ?
  • តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ល្អ ហើយ​បង្ហាញ​ការគាំទ្រ​ចំពោះ​ពួកគេ​របៀប​ណា ?
  • តើ​ខ្ញុំ​អាច​ជួយ​ពួកគេ​ទទួល​អារម្មណ៍​ថា​បាន​ទទួល​ស្គាល់ និង​ត្រូវការ ហើយ​ថា​ពួកគេ​គឺ​ជា​កម្មសិទ្ធ​ដោយ​របៀប​ណា ?

 

នៅ​ទូទាំង​តំបន់​អាស៊ី យើង​មាន​ពរ​ដោយ​មាន​យុវនារី និង​យុវជន​រាប់​ពាន់​នាក់​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ដើម្បី​ឲ្យ​យើង​មាន​កម្លាំង សេចក្តី​សង្ឃឹម និង​សេចក្តី​អំណរ ។  សូម​ឲ្យ​យើង​ធ្វើ​ផ្នែក​របស់​យើង​ដើម្បី​ជួយ​រៀបចំ និង​ពង្រឹង​ពួកគេ​សម្រាប់​គោល​បំណង និង​បេសកកម្ម​ដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​ពួកគេ ៕

 


[1] សូម​មើល អាលម៉ា ២៤: ២១-២៣

[2] សូម​មើល អាលម៉ា ៥៧:១៩-២១, ២៦, ២៧, ៥៨:៣៩-៤០

[3] សូម​មើល អាលម៉ា ៥៦: ២៧, ៤៧-៤៨

[4] សូម​មើល អាលម៉ា ៥៦:១០ ១៧, ៣៩, ៥៥

[5] សូម​មើល អាលម៉ា ៥៦:៤៤-៤៩

[6] សូម​មើល អាលម៉ា ៥៦:៩-១០

[7] សូម​មើល អាលម៉ា ៥៦:១៧

[8] រ័សុល អិម ណិលសុន​, Hope of Israel, Worldwide Youth Devotional, ថ្ងៃ​ទី ៣ ខែ មិថុនា, ឆ្នាំ ២០១៨