សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែ មិថុនា ឆ្នាំ ២០២៣)

ការជួយ​អ្នក​ដទៃ​ឲ្យ​មក ហើយ​​មាន​ចំណែក

« សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ខិតខំ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​អំពី​សេចក្ដីស្រឡាញ់ និង​ការបម្រើ ដោយ​ការជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​នូវ​ពរជ័យ​នៃ​ការ​មាន​ចំណែក​ក្នុង​គ្រួសារ​ខាង​វិញ្ញាណ​របស់​យើង » ។

អែលឌើរ អាលីន ស៊ី ខេ ចេង
អែលឌើរ អាលីន ស៊ី ខេ ចេង ក្នុង​ពួក​ចិតសិប​នាក់

តើ​អ្នក​នៅ​ចាំ​ពី​អារម្មណ៍​ដែល​អ្នក​ធ្លាប់មាន​នៅពេល​ដែល​អ្នក​បាន​ចូលរួម​ក្នុង​កម្មវិធីប្រជុំ​របស់​ព្រះវិហារ​ជា​លើក​ដំបូង ឬ​ប្តូរ​ទីកន្លែង​ទៅ​រស់នៅ​តំបន់​ថ្មី ឬ​ចាប់ផ្តើម​ការងារ​នៅ​ក្រុមហ៊ុន​ថ្មី​ដែរ​ឬ​ទេ ?  ចំពោះ​មនុស្ស​ជាច្រើន បទពិសោធន៍​បែប​នេះ​នាំមក​នូវ​អារម្មណ៍​ប៉ះទង្គិច​នៃ​អារម្មណ៍​រំភើប និង​ការថប់បារម្ភ ។ ខ្ញុំ​មាន​ឱកាស​ជួប​ជាមួយ​ក្រុម​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ​ថ្មីៗ​នេះ បន្ទាប់ពី​សន្និសីទ​ស្តេក​នៅ​តំបន់​អាស៊ី ។  នៅពេល​ពួកគេ​បាន​ចែកចាយ​ដំណើររឿង​នៃ​ការផ្លាស់ប្រែ​ចិត្តជឿ​របស់​ពួកគេ​រួច ខ្ញុំ​មាន​អារម្មណ៍​ថា ទោះបីជា​មាន​អារម្មណ៍​សប្បាយចិត្ត​ក៏​ដោយ ក៏ពួកគេ​នៅ​តែ​មាន​អារម្មណ៍​ថប់បារម្ភ​ថា​តើ​ពួកគេ​នឹង​ត្រូវ​ទទួល​ឲ្យ​ចូល​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែរឬទេ ។  ខ្ញុំ​សូម​ផ្ដល់​យោបល់​នូវ​គោលការណ៍​មួយចំនួន​ដែល​នឹង​ជួយ​យើង​ស្វាគមន៍​អ្នក​ផ្សេងទៀត​ចូល​មក​ក្នុងសាសនាចក្រ ហើយ​ជួយ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេមាន​ចំណែក ។ 

  1. ឈោង​ទៅជួយ ៖ នៅ​ស្តេក​ដែល​ខ្ញុំ​បាន​ទៅ​ទស្សនកិច្ច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គណៈប្រធាន​ស្តេក​បាន​ផ្ដល់​ការអញ្ជើញ​ពិសេស​មួយ​ដល់​ថ្នាក់ដឹកនាំ​ស្តេក​ទាំងអស់​ឲ្យ​ឈោង​ទៅជួយ និង​ទាក់ទង​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មកវិញ ដោយ​ការស្វាគមន៍​ពួកគេ និង​ចាប់ផ្ដើម​ស្គាល់​ពួកគេ​ដោយ​ផ្ទាល់ ។  សកម្មភាព​សាមញ្ញៗ ដូចជា ការស្វាគមន៍​អ្នកដទៃ​ដោយ​ស្នាម​ញញឹម​ដ៏​កក់ក្តៅ ណែនាំ​ពួកគេ​ឲ្យ​សមាជិក​ផ្សេង​ទៀត​ក្នុង​ក្រុមជំនុំ​ស្គាល់ ទៅ​អង្គុយ​ជាមួយ​ពួកគេ​ក្នុង​ពេលប្រជុំ ឬ​ឆ្លៀតពេល​ដើម្បី​ស្គាល់​ពួកគេ​ពិតប្រាកដ ហើយ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​អាច​បង្កើត​ចំណាប់​អារម្មណ៍​យូរអង្វែង និង​ជួយ​បង្កើត​អារម្មណ៍ នៃ​ការមាន​ទំនាក់ទំនង និង​ការមាន​ចំណែក ។  អែលឌើរ សូរ៉េស បាន​រំឭក​យើង​ថា « [ សមាជិក​ថ្មី ] ពួកគេ​ត្រូវ​ការ​បងប្អូន​ប្រុសស្រី​នៅក្នុង​សាសនាចក្រ ដែល​ចាប់​អារម្មណ៍​លើ​ពួកគេ​ដោយ​ស្មោះសរ ជា​មិត្ត​ពិត និង​ស្មោះត្រង់​ដែល​ពួកគេ​នឹង​ងាក​ទៅរក​ជានិច្ច ជា​អ្នក​ដែល​នឹង​ដើរ​នៅ​ក្បែរ​ពួកគេ និង​ជា​អ្នក​ដែល​នឹង​ឆ្លើយ​សំណួរ​របស់​ពួកគេ » ។[1] 

« ប្រាស្រ័យទាក់ទងនឹងអ្នកដទៃតាមរបៀបមួយដែលខ្ពស់ជាង និងបរិសុទ្ធជាងនេះ » ។

រ័សុល អិម ណិលសុន
  1. ការគោរព​ភាពចម្រុះ ៖ យើង​ក៏​ត្រូវ​ទទួល​ស្គាល់ និង​អរគុណ​ជានិច្ច​ចំពោះ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​បទពិសោធន៍​ពិសេសៗ​របស់​អ្នក​ដទៃ​ផងដែរ ។ នៅពេល​ខ្ញុំ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នៅ​ក្នុង​បេសកកម្ម ហ៊ូស្តុន​តិចសាស់ យើងមាន​សមាជិក​ដែល​និយាយ​ភាសា​ចិន វៀតណាម ខ្មែរ ជប៉ុន កូរ៉េ ឡាវ នៅក្នុង​តំបន់នេះ ។  ទោះបីជា​ពួកគេ​មាន​វប្បធម៌ និង​ភាសា​ខុសគ្នា​ក៏ដោយ ក៏​ពួកគេ​បាន​ឱបគ្នា​ទៅវិញ​ទៅមក​ដោយ​ការគោរព​ចំពោះ​ភាពចម្រុះគ្នា និង​ចំពោះ​ការរួមចំណែក​ចំពោះ​គ្នា​ទៅវិញទៅមក​ដល់​សាសនាចក្រ​តាមរបៀប​របស់​ពួកគេផ្ទាល់​ផង​ដែរ ។  ដូច​ដែល​អែលឌើរ រ៉ូបឺត ឌី ហែល​បាន​បង្រៀន​ថា « យើង​ទាំងអស់​គ្នា​ជា​សហគមន៍​នៃ​ពួកបរិសុទ្ធ យើង​ទាំងអស់​គ្នា​ត្រូវការ​គ្នា ហើយ​យើង​ទាំងអស់​គ្នា​កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​គោលដៅ​តែ​មួយ ។  យើង​ម្នាក់ៗ​អាច​ផ្ដាច់​ខ្លួន​យើង​ដោយឡែក​ចេញ​ពី​សមាជិក​ក្នុង​វួដ ឬ​សាខា​របស់​យើង ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ភាពខុសគ្នា​របស់យើង ។  ប៉ុន្តែ​យើង​មិន​ត្រូវ​លាក់​ខ្លួន​យើង​ឬ​ផ្ដាច់​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ពី​ឱកាស​នានា​ដោយ​សារ​តែ​ភាពខុសគ្នា​ដែល​យើង​យល់​ឃើញ​ក្នុង​ខ្លួន​យើង​នោះឡើយ ។  ជំនួស​មក​វិញ សូម​ឲ្យ​យើង​ចែកចាយ​អំណោយ​ទាន និង​ទេពកោសល្យ​របស់​យើង​ជាមួយ​អ្នក​ដទៃ នាំ​មក​នូវ​ភាពភ្លឺស្វាង​នៃ​សេចក្តី​សង្ឃឹម និង​អំណរ​ដល់​ពួកគេ ហើយ​ការធ្វើ​ដូច្នេះ​ដើម្បី​លើក​កម្ពស់​ស្មារតី​របស់យើង » ។ [2]  ប្រធាន ណិលសុន​ក៏​លើកទឹកចិត្ត​យើង​នៅក្នុង​សន្និសីទ​ទូទៅ​កន្លងទៅនេះ​ឲ្យ​« ប្រាស្រ័យ​ទាក់ទងនឹង​អ្នកដទៃ​តាម​របៀប​មួយ​ដែល​ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង​នេះ » ។ [3]
ការជួយ​អ្នក​ដទៃ​ឲ្យ​មក ហើយ​​មាន​ចំណែក

 

  1. ការ​មានចិត្ត​អត់ធ្មត់ ៖  ជាងនេះ​ទៅទៀត យើង​ត្រូវ​ទទួល​ស្គាល់​ថា ដំណើរ​ខាងវិញ្ញាណ​របស់​មនុស្ស​គ្រប់រូប​គឺខុស​ប្លែក​ពីគ្នា ហើយ​វា​មាន​ការ​រីកចម្រើន​ក្នុង​ល្បឿន​ខុសគ្នា ។  ជួនកាល យើង​ត្រូវតែ​ប្រើ​ការអត់ធ្មត់ ហើយ​ត្រូវ​មាន​ការគាំទ្រ នៅពេល​អ្នក​ដទៃ​ស្វែងរក​សេចក្ដី​ជំនឿ​របស់​ពួកគេ ហើយ​អភិវឌ្ឍន៍​ទីបន្ទាល់​របស់​ពួកគេ​ផ្ទាល់ ។  ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ​ពេល​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ ។  វា​មិន​មែន​ជា​ការផ្លាស់ប្តូរ​ដ៏​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​ទេ ជា​ពិសេស​ចំពោះ​ការរក្សា​ថ្ងៃឈប់សម្រាក​ឲ្យ​បរិសុទ្ធ ដោយសារ​មិត្តភក្តិ​របស់​ខ្ញុំ​ជា​ច្រើន​នៅ​ក្រៅ​សាសនាចក្រ​តែងតែ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ ។  ខ្ញុំ​មាន​អំណរគុណ​ជា​រៀង​រហូត​ចំពោះ​ថ្នាក់ដឹកនាំ​និង​សមាជិក​ដែល​មាន​សេចក្តី​ស្រឡាញ់​ដែល​បាន​អត់ធ្មត់​គ្រប់គ្រាន់​ដើម្បី​ជួយ​ខ្ញុំ​ឲ្យចូល​មក​ក្នុង​ក្រោល​បន្តិច​ម្តងៗ ។ ពួកគាត់​ពុំបាន​វិនិច្ឆ័យ​ទេ ! នៅក្នុង​សុន្ទរកថា​របស់លោក​ក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០១៨ អែលឌើរ សូរ៉េស បានចែក​ចាយ​គន្លឹះ​ដ៏​មាន​ប្រយោជន៍​មួយ ដើម្បី​ជួយ​សមាជិក​ថ្មី​ធ្វើ​ការផ្លាស់ប្តូរ​របស់​ពួកគេ​ចូល​មកក្នុង​សាសនាចក្រ ។  លោក​បាន​មានប្រសាសន៍​ថា « ការទទួល​ស្គាល់​នូវ​ការសម្រប​ខ្លួន និង​ឧបសគ្គ​នានា​របស់​មិត្តភក្តិ​ថ្មី​យើង​នៅក្នុង​ការក្លាយ​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ ដូចជា​បងប្អូន​ប្រុសស្រី​របស់​យើង នោះ​យើង​អាច​ចែកចាយ​របៀប​ដែល​យើង​យក​ឈ្នះ​លើ​ឧបសគ្គ​ស្រដៀង​គ្នា​នោះ​នៅក្នុង​ជីវិត​របស់​ពួកយើង ។ ការណ៍​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ពួកគេ​ពុំ​ឯកោ​ឡើយ ហើយ​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​ពួកគេ នៅពេល​ពួកគេ​អនុវត្ត​សេចក្តីជំនឿ​លើ​ការសន្យា​របស់​ទ្រង់ » ។

សេចក្ដី​បញ្ចប់

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មាន​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​ជួយ​មនុស្ស​ដទៃ ជាពិសេស​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មកវិញ ដើម្បីឲ្យ​​ពួកគេ​ទទួល​អារម្មណ៍​ថា ​ពួកគេ​« មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់អាស្រ័យ​នៅ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ជាតិ​តែ​មួយនឹង​ពួក​បរិសុទ្ធ » ។ [4]  សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ខិតខំ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់​អំពី​សេចក្ដីស្រឡាញ់ និង​ការបម្រើ ដោយ​ការជួយ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​នូវ​ពរជ័យ​នៃ​ការ​មាន​ចំណែក​ចំពោះ​គ្រួសារ​ខាង​វិញ្ញាណ​របស់​យើង ។  នៅពេល​យើង​រួបរួមគ្នា​ក្នុង​សេចក្ដីជំនឿ និង « រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ » [5]​យើង​អាច​ប្រែក្លាយ​« ជា​កម្លាំង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សេចក្តីល្អ​នៅក្នុង​ពិភពលោក​នេះ » ។ [6]

 


[1] អូលីសេស សូរ៉េស « One in Christ » Ensign ខែ តុលា ឆ្នាំ ២០១៨ ទំព័រ ៣៧ ។

[2] រ៉ូបឺត ឌី ហែល « Belonging to a Ward Family » Ensign ខែ​មីនា ឆ្នាំ​១៩៩៦ ទំព័រ ១៦ ។ 

[3] រ័សុល អិម ណិលសុន « Peacemakers Needed » Liahona ខែ​ឧសភា ឆ្នាំ​២០២៣ ។

[4] អេភេសូរ ២:១៩

[5] កាឡាទី ៣:២៨

[6] អូលីសេស សូរ៉េស « One in Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៣៧ )