សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (កក្កដា ឆ្នាំ ២០២៣)

ការបង្កើតភាពសុខសាន្តនៅក្នុងពិភពលោកដ៏ចម្រូងចម្រាស

ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើងសម្រាប់ការបង្កើតភាពសុខសាន្តនៅក្នុងពិភពលោកដ៏ចម្រូងចម្រាសមួយគឺ ការជ្រើសរើសអនុញ្ញាតឲ្យដួងចិត្តររបស់យើងពេញដោយមនោសចេតនា និងគុណលក្ខណៈដូចព្រះគ្រីស្ទ ដែលស្ងប់ស្ងាត់ និងស្រាកស្រាន្តនៅក្នុងគ្រាដ៏ចម្រូងចម្រាស ។

អែលឌើរ ខេលី អរ ចនសុន
អែលឌើរ ខេលី អរ ចនសុន ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានតំបន់អាស៊ី

ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើងសម្រាប់ការបង្កើតភាពសុខសាន្តនៅក្នុងពិភពលោកដ៏ចម្រូងចម្រាសមួយគឺ ការជ្រើសរើសអនុញ្ញាតឲ្យដួងចិត្តររបស់យើងពេញដោយមនោសចេតនា និងគុណលក្ខណៈដូចព្រះគ្រីស្ទ ដែលស្ងប់ស្ងាត់ និងស្រាកស្រាន្តនៅក្នុងគ្រាដ៏ចម្រូងចម្រាស ។


ប្រសិនបើយើងចង់ធ្វើជាអ្នកផ្សះផ្សាគេនៅក្នុងពិភពលោកដ៏ចម្រូងចម្រាសមួយនេះ សំណួរដែលយើងត្រូវសួរខ្លួនឯងនោះគឺ « តើដួងចិត្តរបស់ខ្ញុំនៅឯណា ? » ចំណុចមួយដែលខ្ញុំចូលចិត្តជាងគេនៅក្នុងភាសាថៃគឺ ការបញ្ចូលនៃពាក្យ « ចិត្ត » ទៅក្នុងការពិពណ៌នាផ្សេងៗនៃមនោសញ្ចេតនា និងអារម្មណ៍ ។  ឧទាហរណ៍ គុណលក្ខណៈនៃភាពល្អ ស្ងប់ស្ងាត់ និងអត់ធ្មត់គឺត្រូវបានបកស្រាយនៅក្នុងភាសាថៃដែលប្រែថា « ចិត្តត្រជាក់ » ។ អារម្មរណ៍ផ្ទុយគ្នាដែល ឆេវឆាវ ឆាប់ខឹង ឬក្រេវក្រោធគឺបកស្រាយនៅក្នុងភាសាថៃប្រែថា « ចិត្តក្តៅ » ។ វិធីនៃការភ្ជាប់មនោសញ្ចេតនា និងអារម្មណ៍ជាមួយនឹងដួងចិត្តបង្កើតបានពាក្យដែលសម្បូរទៅដោយអត្ថន័យ ហើយអញ្ជើញយើងឲ្យគិតអំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនៅក្នុងកាលៈទេសៈដែលមានអារម្មរណ៍ទាំងនេះ ។ 

ព្រះគម្ពីរមានឯកសារយោងជាច្រើនអំពីដួងចិត្ត ដែលជួយយើងឲ្យយល់ថា តើដួងចិត្តរបស់យើងមានឥទ្ធិពលយ៉ាងណានៅក្នុងការដឹកនាំគំនិត និងអារម្មណ៍របស់យើង ។ ឯកសារយោងមួយចំនួនរួមមាន ៖

« មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ។ ( ម៉ូសាយ ១៨:២១ )
« ស្លូត ហើយមានចិត្តសុភាព » ។ ( ម៉ាថាយ ១១:២៩ )
« ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ » ។ ( គ និង ស ៣១:៣ )
« ស្ម័គ្រពីចិត្ត » ។ ( និក្ខមនំ ៣៥:៥ )
« ចិត្តសង្រេង និងវិញ្ញាណទន់ទាប » ។ ( នីហ្វៃទី៣ ៩:២០ )
« ចិត្តបរិសុទ្ធ » ។ ( ទំនុកដំកើង ២៤:៣-៤ )

សារៈសំខាន់បន្ថែមទៀតគឺជាការបង្រៀនដ៏ជាក់លាក់នេះមកពីព្រះអម្ចាស់ ដែលកំណត់យ៉ាងច្បាស់នូវអ្វីដែលសំខាន់ និងអ្វីដែលមិនសំខាន់ចំពោះទ្រង់ ។ ក្នុងចំណោមមនុស្សទាំងអស់ទ្រង់មានព្រះបន្ទូលថា « កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ » ( សាំយូអែលទី១ ១៦:៧ បានបន្ថែមការគូសបញ្ជាក់ ) ។
 


« មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ។

ម៉ូសាយ ១៨:២១

យើងអាចដោះស្រាយជាមួយនឹងការឈ្លោះប្រកែកគ្នា និងការខកចិត្តនៅក្នុងពិភពលោកតាមរយៈការត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវអ្វីដែលកំពុងកើតឡើងនៅក្នុងដួងចិត្តរបស់យើង ។ ឧទាហរណ៍ នៅពេលប្រឈមមុខទៅនឹងការឈ្លោះប្រកែកគ្នា តើយើងអនុញ្ញាតឲ្យចិត្តរបស់យើងទៅជាក្តៅ ឬត្រជាក់ ?

ព្រះអង្គសង្គ្រោះបានបង្រៀនរឿងប្រៀបប្រដូចមួយ ដែលជួយយើងឲ្យមើលឃើញអំពីសារៈសំខាន់នៃការគ្រប់គ្រងអ្វីដែលមាននៅក្នុងចិត្តរបស់យើង ។ បុរសម្នាក់មានកូនប្រុសពីរនាក់ ។ កូនប្រុសប្អូនបានសុំចំណែកមរតករបស់គាត់ពីឪពុក រួចចេញពីផ្ទះទៅស្រុកឆ្ងាយ រស់នៅស៊ីចាយខ្ជះខ្ជាយដោយប្រើប្រាស់មរតកទាំងអស់របស់គាត់ ។ ទីបំផុតក៏មានគ្រោះទុរ្ភិក្សបានចូលមកក្នុងស្រុក ហើយកូនប្រុសរូបនេះមិនមានអ្វីបរិភោគទៀតឡើយ ។ ដោយអស់សង្ឃឹម នោះគាត់ក៏បានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញ ហើយសុំឪពុករបស់គាត់ អនុញ្ញាតឲ្យគាត់ធ្វើជាអ្នកបំរើម្នាក់ផង ។ ការវិលត្រឡប់របស់កូនប្រុសប្អូន បានធ្វើឲ្យឪពុកយកចិត្តទុកដាក់លើស្ថានភាពរបស់គាត់យ៉ាងខ្លាំង ។ ឪពុកត្រូវជ្រើសរើសតើក្នុងចិត្តគាត់ត្រូវខឹងសម្បា ជូរចត់ ឬសងសឹក ឬក៏ទុកឲ្យវាពោរពេញទៅដោយសេចក្តីល្អ ព្រមទទួលយក និងមានការដឹងគុណដែលកូនប្រុសរបស់គាត់បានត្រឡប់មកវិញ ។ « ចិត្តត្រជាក់ » របស់ឪពុកបានជ្រើសរើសយកសេចក្តីស្រឡាញ់ ហើយគាត់បានរត់ទៅរកកូនប្រុសរបស់គាត់ ផ្តល់សម្លៀកបំពាក់ដល់គាត់ យកចិញ្ចៀនមកពាក់លើម្រាមដៃកូនរបស់គាត់ ហើយបានរៀបចំអាហារពេលល្ងាចដើម្បីស្វាគមន៍ ។ « ចិត្តត្រជាក់ » របស់ឪពុកនៅក្នុងស្ថានភាពចម្រូងចម្រាសដែលអាចកើតមានឡើងនេះ បានបង្ហាញនូវគុណលក្ខណៈដ៏ស្រស់ស្អាតទាំងឡាយ ។ រីឯកូនប្រុសច្បងនៅក្នុងដំណើររឿងនេះ ក៏មានការសាកល្បងស្រដៀងគ្នានេះនៅក្នុងចិត្តរបស់គាត់ដែរ ។ គាត់អាចអនុញ្ញាតឲ្យដួងចិត្តរបស់គាត់ពោរពេញទៅដោយកំហឹង ការបដិសេធ និងការច្រណែនចំពោះការប្រារព្ធពិធីអបអរដែលផ្តល់ឲ្យប្អូនប្រុសរបស់គាត់ ឬគាត់អាចទុកឲ្យដួងចិត្តរបស់គាត់ពោរពេញទៅដោយភាពល្អ ការទទួលយក និងការដឹងគុណដែលប្អូនប្រុសរបស់គាត់ដែលបានបាត់ទៅនោះបានត្រឡប់មកវិញហើយ ។ គួរឲ្យសោកស្ដាយ យើងរៀនថាកូនប្រុសច្បងបានអនុញ្ញាតឲ្យមាន « ចិត្តក្តៅ » ចូលមកគ្រប់គ្រង ហើយនឹងមិនចូលរួមអាហារពេលល្ងាចដើម្បីស្វាគមន៍អបអរចំពោះការត្រឡប់មកវិញរបស់ប្អូនប្រុសគាត់នោះទេ ( លូកា ១៥:១១–៣២ ) ។
 

ការបង្កើតភាពសុខសាន្តនៅក្នុងពិភពលោកដ៏ចម្រូងចម្រាស

ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់យើងសម្រាប់ការបង្កើតភាពសុខសាន្តនៅក្នុងពិភពលោកដ៏ចម្រូងចម្រាសមួយគឺ ការជ្រើសរើសអនុញ្ញាតឲ្យដួងចិត្តររបស់យើងពោរដោយមនោសចេតនា និងគុណលក្ខណៈដូចព្រះគ្រីស្ទ ដែលស្ងប់ស្ងាត់ និងស្រាកស្រាន្តនៅក្នុងគ្រាដ៏ចម្រូងចម្រាស ។

អំណាចចុងក្រោយដើម្បីគ្រប់គ្រង និងផ្លាស់ប្តូរដួងចិត្តរបស់យើងឲ្យកាន់តែប្រសើរគឺមកតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ការ « ផ្លាស់ប្ដូរដ៏ធំ » នៃដួងចិត្តដែលអាលម៉ាបានមានបទពិសោធន៍ « ដោយសារសេចក្ដីជំនឿរបស់លោក » និងដួងចិត្តនៃអ្នកដើរតាមលោកបានផ្លាស់ប្តូរ នៅពេលពួកគេ « ដាក់ទីទុកចិត្តរបស់គេទៅលើព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ » ( អាលម៉ា ៥:១២, ១៣ ) ។ ដូចគ្នានេះផងដែរ ដួងចិត្តនៃប្រជារាស្រ្តរបស់ស្ដេចបេនយ៉ាមីនត្រូវបាន « ផ្លាស់ប្ដូរ តាមរយៈសេចក្ដីជំនឿជឿដល់ព្រះនាម [ ព្រះអង្គសង្រ្គោះ ] » ( ម៉ូសាយ ៥:៧ ) ។ នៅក្នុងគម្ពីរ ហេលេមិនយើងបានរៀនអំពីដំណើរការចាំបាច់ដើម្បីទទួលបាន « ការផ្លាស់ប្ដូរចិត្តដ៏ធំ » នេះ ។ យើងអានថាប្រជាជន « បានតមអាហារ ហើយបានអធិស្ឋានជាញឹកញាប់ដែរ ហើយបានមុតមាំខ្លាំងឡើង… នៅក្នុងសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ… រហូតដល់ធ្វើឲ្យចិត្តគេបរិសុទ្ធ ហើយញែកចិត្តគេចេញជាបរិសុទ្ធ រីឯការញែកចិត្តចេញបរិសុទ្ធបានមក ដោយសារពួកគេបានប្រគល់ចិត្តដល់ព្រះ » ( ហេលេមិន ៣:៣៥ ) ។

ខ្ញុំជឿជាក់ថា ការបង្កើតភាពសុខសាន្តនៅក្នុងពិភពលោកដ៏ចម្រូងចម្រាសគឺអាចធ្វើទៅបាន លុះត្រាតែយើងរៀនផ្លាស់ប្តូរ និងគ្រប់គ្រងដួងចិត្តរបស់យើងឲ្យពេញដោយគុណលក្ខណៈ និងមនោសញ្ចេតនានៃភាពសុខសាន្តជានិច្ច ។ ប្រសិនបើដួងចិត្តរបស់យើងពិតជាបានផ្លាស់ប្តូរតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមែន នោះសកម្មភាព និងការឆ្លើយតបរបស់យើងនឹងនាំមកនូវភាពសុខសាន្តនៅគ្រប់ស្ថានភាពចម្រូងចម្រាសទាំងអស់ ។