សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (សីហា 2023)

បង្វែរដួងចិត្តរបស់យើងទៅកាន់បុព្វការីជន ព្រះវិហារបរិសុទ្ធ និងព្រះអង្គសង្រ្គោះរបស់យើង

ប្រធាន រ័សុល អិម ណិលសុន ដែល​ជា​ព្យាការី​ជា​ទីស្រឡាញ់​របស់យើង បាន​គូសបញ្ជាក់​យ៉ាង​មាន​អានុភាព​ថា ទំនួលខុសត្រូវ​ពិសេស​របស់យើង​គឺ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ហើយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

អែលឌើរ ចន ហ្កាត់ធី
អែលឌើរ ចន ហ្កាត់ធី ក្នុង​ពួក​ចិតសិប​នាក់

ព្រះអម្ចាស់​មាន​ព្រះទ័យ​លើ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំងអស់​សម្រាប់​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ក្នុងការ​បង្វែរ​ដួងចិត្ត​របស់​កូន​ទៅរក​ឪពុក ។ « មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្តាសា » ។ ( ម៉ាឡាគី ៤:៥–៦ ) យ៉ូសែប ស៊្មីធ បាន​ធ្វើ​ឲ្យ​ខគម្ពីរ​នេះ​កាន់តែ​មាន​អត្ថន័យ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា « ឥឡូវ​នេះ ពាក្យ បង្វែរ ត្រង់នេះ​គួរតែ​បាន​បកប្រែ​ថា ចង ឬ ផ្សារភ្ជាប់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧២ ) ។ បទបញ្ញត្តិ​នេះ​មក​ជាមួយ​នឹង​ការសន្យា​នានា​ដែល​មាន​ន័យ​ថា​នឹង​ផ្ដល់​ពរ​ដល់​យើង ហើយ​ចង​យើង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះអង្គ​សង្គ្រោះ ។

 

ពរជ័យ​មួយ​នៃ​ពរជ័យ​ទាំង​នោះ​គឺ​អំណរ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​រៀន​ថា អស់​អ្នក​ដែល​ចូលរួម​ក្នុងកិច្ច​ការស្រាវជ្រាវ​ពង្សប្រវត្តិ ហើយ​បន្ទាប់មក​ធ្វើ​កិច្ចការនៃ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ឈ្មោះ​ដែល​ពួកគេ​បាន​រកឃើញ នឹង​ស្គាល់​​ពី​អំណរ​នៃ​ការទទួល​បាន​ពរជ័យ​​ទាំងសងខាង » ( Howard W. Hunter, « A Temple-Motivated People » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៩៥ ទំព័រ ៤–៥ ) ។

 

កិច្ចការ​ពង្សប្រវត្តិ​ក៏​នឹង​ផ្តល់ពរ​ដល់​កូនចៅ​យើង​ផងដែរ ។  នៅក្នុង​អត្ថបទ​មួយ​ក្នុង​កាសែត New York Times ប្រូយស៍ ហ្វីល័រ បាន​សង្ខេប​ការសិក្សា​អំពី​ភាពធន់​របស់​ក្មេងៗ ៖ « កាលណា​ក្មេងៗកាន់តែ​ច្រើន​ដឹង​ពី​ពង្សប្រវត្តិ​របស់​ខ្លួន នោះ​អារម្មណ៍​នៃ​ការគ្រប់គ្រង​លើ​ជីវិត​របស់​ពួកគេ​កាន់តែ​រឹងមាំ មានការគោរព​ខ្លួន​ឯង​កាន់តែ​ខ្លាំង ហើយ​កាន់តែ​ជោគជ័យ ដែល​ពួកគេ​ជឿ​លើ​ដំណើរការ​គ្រួសារ​របស់​ពួកគេ » ។ ការយល់ដឹង​ពី​កន្លែង​ដែល​ពួកគេ​មក « បាន​ក្លាយ​ទៅជា​អ្នក​ទស្សន៍ទាយ​តែ​មួយ​គត់​ដ៏​ល្អ​បំផុត​នៃ​សុខភាព​ផ្លូវចិត្ត និង​សុភមង្គល​របស់​ក្មេងៗ » ( « The Stories That Bind Us » New York Times ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៣ ) ។ នេះ​គឺជា​ពរជ័យ​ដ៏​មាន​ឥទ្ធិពល​ដែល​អាច​ក្លាយជា​របស់​យើង ។


«ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​ដើម្បី​ប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល ។ ការ​ប្រមូលផ្ដុំ​នោះ គឺ​ជាកិច្ចការ​​ដ៏សំខាន់បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ »

រ័សុល អិម ណិលសុន

ខ្ញុំ​សូម​ណែនាំ​ឲ្យ​គិត​អំពី​គំនិត​សាមញ្ញ​ពីរ នៅពេល​យើង​សញ្ជឹងគិត​ពី​សារៈសំខាន់​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។

 

ការប្រមូល​សាសន៍​អ៊ីស្រាអែល​គឺជា​បទបញ្ញត្តិ ។  ប្រធាន រ័សុល អិម ណិលសុន ដែល​ជា​ព្យាការី​ជា​ទីស្រឡាញ់​របស់យើង បាន​គូសបញ្ជាក់​យ៉ាង​មាន​អានុភាព​ថា ទំនួលខុសត្រូវ​ពិសេស​របស់យើង​គឺ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ហើយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​អញ្ជើញ​យើង​ឲ្យ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ហើយ​បាន​មាន​ប្រសាសន៍​ថា វា​គឺជា « កិច្ចការ​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី​សព្វ​ថ្ងៃនេះ » ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​នៃ​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ]បន្ថែម​នៅក្នុង New Era និង Ensign ទំព័រ ៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

 

ការគោរព​ប្រតិបត្តិ​គឺជា​គោលការណ៍​នៃ​ស្ថានសួគ៌ ហើយ​នៅពេល​យើង​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​គោរពប្រតិបត្តិ​ព្រះអម្ចាស់​ឲ្យ​អស់ពី « ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៥ ) ។ នៅពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ នោះ​យើង​កំពុង​គាំទ្រ​ដល់​ព្យាការី​ដែល​នៅរស់ និង​ព្រះអម្ចាស់​របស់​យើង ។ ដូចជា​ព្រះគ្រីស្ទ​បាន​មាន​ព្រះបន្ទូល​ថា ៖ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( យ៉ូហាន ១៤:១៥ ) ។ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​អាច​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ដឹកនាំ ហើយ​ប្រទានពរ​ដល់​យើង ។

បង្វែរដួងចិត្តរបស់យើងទៅកាន់បុព្វការីជន ព្រះវិហារបរិសុទ្ធ និងព្រះអង្គសង្រ្គោះរបស់យើង

កិច្ចការ​ពង្សប្រវត្តិ គឺជា​របៀប​មួយ​ដើម្បី​គោរពដល់​ឪពុកម្តាយ​របស់យើង ។ ដោយ​ផ្អែកលើ​បទបញ្ញត្តិ​នៃ​ការគោរព​ដល់​ឪពុក និង​ម្តាយ​របស់យើង ខ្ញុំ​សូម​ណែនាំ​ថា រាល់ពេល​ដែល​អ្នក​គិត​ពី​បុព្វការីជន​របស់អ្នក សូម​គិត​អំពី​ពរជ័យ និង​កិត្តិយស​ដែល​អ្នក​អាច​យក​ជូន​ពួកគាត់​ម្នាក់ៗ ដោយ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ជំនួស​ពួកគាត់ ។ សូម​ប្រមូល​ដំណើររឿង​របស់​ពួកគាត់ ព្រោះ​មនុស្ស​គ្រប់​គ្នា​មាន​ដំណើររឿង​ដែល​ត្រូវ​ប្រាប់ ហើយដំណើរ​រឿង​ទាំងនេះ​ផ្ដល់​ពរជ័យ និង​ពង្រឹង​ដល់​ជីវិត​របស់​យើង ។ យើង​ត្រូវ​រៀន​ពី​គុណធម៌ និង​ការលះបង់​របស់​ពួកគាត់ កេរដំណែល​ដ៏​អស្ចារ្យ និង​មរតក​របស់​ពួកគាត់ ។ នៅពេល​យើង​គោរព​ឪពុកម្តាយ​របស់​យើង​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត និង​ពោរពេញ​ដោយ​ការគោរព នោះ​យើង​មាន​អារម្មណ៍​ស្រឡាញ់​ពួកគាត់ ហើយ​ទទួល​បាន​ពរជ័យ​ជាច្រើន​ពី​ការធ្វើតាម​ដំបូន្មាន​របស់​ពួកគាត់ ។ នៅពេល​យើង​គោរព​នាមត្រកូល​របស់យើង យើង​ទទួល​បាន​អត្តសញ្ញាណ​ពី​បុព្វការីជន​របស់យើង ហើយ​យើង​បន្សល់ទុក​អត្តសញ្ញាណ​ដល់​មនុស្ស​ជំនាន់​ក្រោយ ។ ហើយ​យើង​គោរព​បុព្វការីជន​របស់យើង​បំផុត នៅពេល​យើង​ធានា​ឲ្យ​បាន​ថា​ពួកគាត់​បាន​ទទួល​ពរជ័យ​ក្នុង​​ព្រះវិហារ​បរិសុទ្ធ ។

 

នៅពេល​យើង​អធិស្ឋាន ហើយ​គិត​អំពី​ការបង្វែរ​ដួងចិត្ត​របស់​យើង​ទៅកាន់​បុព្វការីជន​របស់យើង ទៅកាន់​ព្រះវិហារបរិសុទ្ធ និង​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ដឹង​ថា​យើង​កំពុង​បម្រើ​ទ្រង់ ។ អែលឌើរ បែដណា បាន​បង្រៀន​ថា « ការធ្វើ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​យាងអញ្ជើញ​អំណាច​ខាងវិញ្ញាណ​មក​ក្នុង​ជីវិត​របស់​យើង—អំណាច​ក្នុងការ​ស្តាប់ និង​ស្តាប់បង្គាប់ អំណាច​ក្នុងការ​ដឹង និង​អំណាច​ដើម្បី​បន្ត​ព្យាយាម ។ ភាព​ជាសិស្ស​ដែល​មាន​ការលះបង់​គឺ​ជា​ចម្លើយ​ដ៏​ល្អ​បំផុត និង​តែ​មួយ​គត់​ចំពោះ​គ្រប់សំណួរ និង​បញ្ហាប្រឈម​នានា » ( ដេវីឌ អេ បែដណា « Faithful Parents and Wayward Children » Ensign ខែ មីនា ឆ្នាំ ២០១៤ ទំព័រ ១៦-២២ ) ។

 

ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​ថា នេះ​គឺជា​នគរ​របស់​ទ្រង់ ហើយ​ព្រះរាជ​បំណង​របស់​ទ្រង់​គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះជន្មរស់ ហើយ​ស្រឡាញ់​យើង​គ្រប់គ្នា ហើយ​ទ្រង់​ចង់​ឲ្យ​យើង​ត្រឡប់​ទៅរក​ទ្រង់​វិញ ហើយ​រស់នៅ​ជាមួយទ្រង់ ។ ខ្ញុំ​ចូលចិត្ត​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ហើយ​ដឹង​ថា​កិច្ចការ​នេះ​នឹង​ចង​យើង​ជាមួយ​នឹង​បុព្វការីជន​របស់យើង ហើយ​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​ភាពជា​សិស្ស​ដែល​មាន​ការលះបង់​របស់​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ៕