នៅក្នុងឱកាសជាច្រើន អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានចែកចាយជាមួយសមាជិកសាសនាចក្រនូវវត្ថុពីរយ៉ាង ដែលលោកតែងដាក់តាមហោប៉ៅលោកជាប់ជានិច្ច ៖ ប័ណ្ណចូលព្រះវិហារបរិសុទ្ធនិងកូនសៀវភៅ « ដើម្បីកម្លាំងនៃយុវជន » របស់លោក ( « 2 Items President Uchtdorf Always Carries With Him » LDS Living ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០០៧ ) ។ ក្នុងនាមជាសមាជិកសាសនាចក្រ តើយើងមានប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្នុងហោប៉ៅ កាបូបលុយ កាបូបស្ពាយរបស់យើង ឬនៅកន្លែងណាដែលយើងអាចងាយមើលឃើញវាដែរឬទេ ?
ហេតុអ្វីវាសំខាន់ខ្លាំង ដែលយើងគួរតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ? ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានពន្យល់ថា « វាជាបំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតក្នុងចិត្តខ្ញុំ ដើម្បីឲ្យសមាជិកសាសនាចក្រគ្រប់រូបមានភាពស័ក្ដិសមចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ វានឹងធ្វើឲ្យព្រះអម្ចាស់សប្បាយព្រះទ័យ បើសមាជិកមជ្ឈិមវ័យគ្រប់រូបមានភាពស័ក្ដិសម—ហើយកាន់—ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ( ហាវើដ ដបុលយូ ហឹនធើរ « Exceeding Great and Precious Promises » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៨ ) ។ យើងអាចបង្ហាញព្រះអម្ចាស់ថា យើងស្រឡាញ់ទ្រង់តាមរយៈការមានភាពស័ក្ដិសម និងការកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
លើសពីនេះ ព្រះអម្ចាស់រំពឹងឲ្យយើង នឹកចាំអំពីភាពបរិសុទ្ធរបស់ទ្រង់នៅក្នុងការរស់នៅដ៏សុចរិតរបស់យើង ។ ទ្រង់គឺបរិសុទ្ធ ហើយព្រះវិហារបរិសុទ្ធរបស់ទ្រង់ក៏បរិសុទ្ធដែរ ហើយការមានភាពស័ក្ដិសមដើម្បីកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធបង្ហាញព្រះអម្ចាស់ថា យើងកំពុងព្យាយាមរស់នៅជីវិតដ៏បរិសុទ្ធ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន បានបង្រៀនថា « ប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូនឆ្លុះបញ្ចាំងពីបំណងប្រាថ្នាខាងវិញ្ញាណដ៏ជ្រាលជ្រៅថា បងប្អូនកំពុងតែខិតខំរស់នៅតាមច្បាប់របស់ព្រះអម្ចាស់ ហើយស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ ៖ ការបន្ទាបខ្លួន ការស្លូតបូត ការខ្ជាប់ខ្ជួន សេចក្ដីសប្បុរស ភាពក្លាហាន ចិត្តមេត្តាករុណា ការអភ័យទោស និងការគោរពប្រតិបត្តិ ។ ហើយបងប្អូនតាំងចិត្តធ្វើតាមបទដ្ឋានទាំងនោះ ពេលបងប្អូនចុះហត្ថលេខានៅលើឯកសារដ៏ពិសិដ្ឋនោះ ។ ប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូនបើកទ្វារស្ថានសួគ៌ឲ្យបងប្អូន និងមនុស្សដទៃទទួលបានពិធី និងពិធីបរិសុទ្ធដ៏សំខាន់អស់កល្បជានិច្ច » ( រ៉ូណល អេ រ៉ាសបាន « Recommended to the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ២៣ ) ។
« ប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូនឆ្លុះបញ្ចាំងពីបំណងប្រាថ្នាខាងវិញ្ញាណដ៏ជ្រាលជ្រៅថា បងប្អូនកំពុងតែខិតខំរស់នៅតាមច្បាប់របស់ព្រះអម្ចាស់ ហើយស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ ៖ ការបន្ទាបខ្លួន ការស្លូតបូត ការខ្ជាប់ខ្ជួន សេចក្ដីសប្បុរស ភាពក្លាហាន ចិត្តមេត្តាករុណា ការអភ័យទោស និងការគោរពប្រតិបត្តិ ។ ហើយបងប្អូនតាំងចិត្តធ្វើតាមបទដ្ឋានទាំងនោះ ពេលបងប្អូនចុះហត្ថលេខានៅលើឯកសារដ៏ពិសិដ្ឋនោះ ។ ប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូនបើកទ្វារស្ថានសួគ៌ឲ្យបងប្អូន និងមនុស្សដទៃទទួលបានពិធី និងពិធីបរិសុទ្ធដ៏សំខាន់អស់កល្បជានិច្ច »
រ៉ូណល អេ រ៉ាសបាន
តាំងពីក្លាយជាប្រធានសាសនាចក្រមក ប្រធាន រ័សុល អិម ណិលសុន បានសង្កត់ធ្ងន់ក្នុងគ្រប់សន្និសីទទូទៅអំពីសារៈសំខាន់នៃការសាងសង់ព្រះវិហារបរិសុទ្ធ ភាពស័ក្ដិសមសម្រាប់ព្រះវិហារបរិសុទ្ធ និងការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ លោកថ្លែងពីព្រះទ័យ និងព្រះឆន្ទៈរបស់លោកចៅហ្វាយរបស់យើងគឺ ព្រះយេស៊ូវគ្រីស្ទ ។ ចូរយើងកុំបន្ដអាកប្បកិរិយាមិនយកចិត្តទុកដាក់ ដោយការមិនអើពើនឹងការអង្វរជាប្រចាំរបស់ព្រះអម្ចាស់ដើម្បីឲ្យយើងមានភាពស័ក្ដិសមសម្រាប់ព្រះវិហារបរិសុទ្ធឡើយ ។
ប្រធាន ណិលសុន បានទូន្មានយើងថា « ព្រះវិហារបរិសុទ្ធគឺជាផ្នែកដ៏សំខាន់បំផុតនៃការពង្រឹងសេចក្តីជំនឿ និងភាពរឹងមាំខាងវិញ្ញាណរបស់យើង ពីព្រោះព្រះអង្គសង្រ្គោះ និងគោលលទ្ធិរបស់ទ្រង់គឺជាផ្នែកដ៏សំខាន់បំផុតនៃព្រះវិហារបរិសុទ្ធ ។ អ្វីគ្រប់យ៉ាងដែលបានបង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ តាមរយៈការណែនាំ និងតាមរយៈព្រះវិញ្ញាណ នឹងបង្កើនការយល់ដឹងរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធដ៏ចាំបាច់ទាំងឡាយរបស់ទ្រង់ចងភ្ជាប់យើងទៅនឹងទ្រង់ តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋនៃបព្វជិតភាព ។ បន្ទាប់មក នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើង នោះទ្រង់នឹងប្រទានព្រះចេស្ដានៃការព្យាបាល ព្រះចេស្ដានៃការពង្រឹង របស់ទ្រង់ មកដល់យើង ។ ហើយយើងនឹងត្រូវការព្រះចេស្តារបស់ទ្រង់សម្រាប់ថ្ងៃខាងមុខកាន់តែខ្លាំង » ( រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែ តុលា ឆ្នាំ ២០២១ ទំព័រ ៩៣ ) ។
ចុះបើបងប្អូនមិនមានអារម្មណ៍ស័ក្ដិសមនឹងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធវិញនោះ ? សូមជួបជាមួយប៊ីស្សព ឬប្រធានសាខារបស់បងប្អូនជាបន្ទាន់ ។ ចុះបើបងប្អូនមានអារម្មណ៍ថាមិនប្រញាប់ចង់ទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធវិញនោះ ? សូមអធិស្ឋានយ៉ាងក្លៀវក្លាទៅកាន់ព្រះវរបិតាសួគ៌របស់បងប្អូន ដើម្បីបំភ្លឺដួងចិត្ត និងគំនិតរបស់បងប្អូន ឲ្យមានបំណងប្រាថ្នាដើម្បីទៅព្រះវិហារបរិសុទ្ធ និងជួបជាមួយប៊ីស្សព ឬប្រធានសាខារបស់បងប្អូនជាបន្ទាន់ ។ ទោះបីជាបងប្អូនមិនមានភាពស័ក្ដិសមសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ក្រោយពីជួបអ្នកដឹកនាំបព្វជិតភាពរបស់បងប្អូនហើយក្ដី ក៏សូមកុំអស់សង្ឃឹមដែរ ។ សូមអររីករាយដែលបងប្អូនបានចាប់ផ្ដើមជាថ្មីម្ដងទៀត កាលបងប្អូនខិតខំប្រែចិត្ត ទទួលបានការណែនាំឲ្យដើរនៅលើផ្លូវនៃសេចក្ដីសញ្ញាម្ដងទៀត ។
ប្រធាន ណិលសុន បានបន្ដទូន្មានថា « ភាពស័ក្ដិសមផ្ទាល់ខ្លួនដើម្បីចូលក្នុងដំណាក់របស់ព្រះអម្ចាស់តម្រូវឲ្យមានការរៀបចំច្រើនខាងវិញ្ញាណផ្ទាល់ខ្លួនម្នាក់ៗ ។ ប៉ុន្តែដោយមានជំនួយរបស់ព្រះអម្ចាស់ នោះគ្មានអ្វីដែលពុំអាចធ្វើបាននោះទេ ។ …កិច្ចការរៀបចំបែបនេះ នាំមកនូវពរជ័យរាប់មិនអស់ក្នុងជីវិតនេះ និងពរជ័យដែលនឹកស្មានមិនដល់សម្រាប់ជីវិតខាងមុខ រួមទាំងនិរន្ដរភាពនៃអង្គភាពគ្រួសាររបស់បងប្អូននៅអស់ទាំងភាពអស់កល្បជានិច្ច ‹ ក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ › » ( ម៉ូសាយ ២:៤១; រ័សុល អិម ណិលសុន « Closing Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២១–២២ ) ។
បើគ្មានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ បុគ្គលម្នាក់អាចត្រឹមតែកោតសរសើរអគារព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតពីខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែមិនអាចយល់ពីផែនការនៃសុភមង្គលដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌នៃយើងបានទេ ។ នៅពេលយើងនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ យើងអាចមានអារម្មណ៍ពីសិរីល្អរុងរឿង សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ព្រះចេស្ដា និងវត្តមានរបស់ទ្រង់បាន ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចទទួលបានការសន្យា ដែលទ្រង់បានប្រទានដល់ពួកសិស្សរបស់ទ្រង់ថា« ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ( យ៉ូហាន ១៤:២៧ ) ។ ពរជ័យបែបនោះគឺដើម្បីឲ្យយើងដកពិសោធន៍ និងហួសពីការមានទ្រព្យសម្បត្តិខាងលោកិយនានាទាំងអស់ ។
ព្រះអង្គសង្គ្រោះហៅឲ្យយើងម្នាក់ៗទៅព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ ការអង្វររបស់ទ្រង់ចំពោះយើងគឺតែងសម្រាប់ថ្ងៃនេះ ដោយត្រង់ៗ ភ្លាមៗ និងនៅពេលនេះតែម្តង ។ សូមមានភាពស័ក្ដិសម ហើយកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ រួចហើយសូមទៅព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ទ្រង់ ហើយទទួលយកពរជ័យដ៏អស់កល្បជានិច្ចរបស់បងប្អូន ។ សូមយើងទទួលយកការអញ្ជើញរបស់ទ្រង់ឲ្យរត់ទៅរកទ្រង់វិញយ៉ាងរួសរាន់ និងដោយភាពរីករាយ ។