ខ្ញុំបានធំឡើងនៅតៃវ៉ាន់ ដូច្នេះការទៅរៀនថ្នាក់បរិញ្ញាបត្រនៅបរទេសនោះបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលផ្នែកវប្បធម៌ ។ បទពិសោធន៍ដ៏សំខាន់មួយបានកើតឡើងនៅខែធ្នូដំបូង ដែលខ្ញុំបានចំណាយពេលនៅឯទីក្រុងតូចមួយនៅភាគកណ្តាលផ្នែកខាងលិចនៃសហរដ្ឋអាមេរិក ។ វាមានភាពសុខសាន្ត និងរីករាយណាស់ នៅរដូវបុណ្យគ្រីស្ទម៉ាស់ ។ មនុស្សម្នាបានបង្ហាញទឹកចិត្តល្អ និងសប្បុរសធម៌ចំពោះមនុស្សទាំងអស់ រួមទាំងមនុស្សដែលពុំធ្លាប់ស្គាល់ផងដែរ ។ ខ្ញុំជានិស្សិតបរទេស ហើយខ្ញុំអាចមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ដែលពោរពេញនៅជុំវិញសហគមន៍ក្នុងមូលដ្ឋាននោះ ។ នោះជាអ្វីដែលខ្ញុំពុំធ្លាប់បានជួបប្រទះនោះទេ ។ ក្រោយមកខ្ញុំបានដឹងថា នេះគឺជាលទ្ធផលពីការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដោយផ្ទាល់ ដែលមាននៅក្នុង ម៉ាថាយ ៥:១៦ « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដម្កើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។
ទោះបីជាខ្ញុំរីករាយនឹងបរិយាកាសដ៏កក់ក្ដៅក្នុងរដូវបុណ្យគ្រីស្ទម៉ាស់យ៉ាងខ្លាំងក៏ដោយ ក៏ខ្ញុំមិនទាន់ស្គាល់បទគម្ពីរនេះនៅឡើយទេ « ដែលឲ្យ នោះបានពរជាជាងទទួល » ( កិច្ចការ ២០:៣៥ ) ។ ឬដូចដែលព្រះអង្គសង្រ្គោះបានលើកឡើងនៅក្នុង យ៉ូហាន ៨:១២ « ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ » ។ ឱនោះគឺជាការប្រកាសដ៏មានអានុភាព ដែលយើងនឹងមិនវង្វេងក្នុងទីងងឹត ហើយយើងអាចមានពន្លឺនៃជីវិតដ៏នៅអស់កល្បជានិច្ច ប្រសិនបើយើងធ្វើតាមព្រះអង្គសង្គ្រោះរបស់យើង ហើយលើកពន្លឺរបស់ទ្រង់ឡើង ។ ព្រះយេស៊ូវបានប្រកាសយ៉ាងច្បាស់ថា នៅពេលទ្រង់បានបង្រៀនសាសន៍នីហ្វៃនៅក្នុង នីហ្វៃទី៣ ១៨:២៤
« ដូច្នេះចូរលើកពន្លឺរបស់អ្នករាល់គ្នាឡើង ប្រយោជន៍ឲ្យបានភ្លឺដល់មនុស្សលោក ។ មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង »
នីហ្វៃទី៣ ១៨:២៤
វាមិនងាយស្រួលទេសម្រាប់ខ្ញុំក្នុងការស្គាល់ពន្លឺពិត ដែលខិតខំតែម្នាក់ឯងដើម្បីឲ្យពន្លឺនោះបានភ្លឺ ។ វាត្រូវចំណាយពេលជាច្រើនឆ្នាំសម្រាប់ខ្ញុំដើម្បីរៀនពីភរិយារបស់ខ្ញុំ ពួកអ្នកផ្សព្វផ្សាយសាសនា និងសមាជិកដ៏ស្មោះត្រង់ជាច្រើនទៀត នៅពេលដែលខ្ញុំបានមើលពីចិត្តអំណត់ សេចក្តីស្រឡាញ់ និងគំរូល្អរបស់ពួកគេ ។ ខ្ញុំបានរៀនអធិស្ឋាន អានព្រះគម្ពីរ បន្ទាបខ្លួន អភ័យទោស និងមិនពឹងផ្អែកលើអំណាចខាងសាច់ឈាមឡើយ ។ នៅទីបំផុត ខ្ញុំបានទទួលបុណ្យជ្រមុជទឹក ហើយបានចូលទៅក្នុងផ្លូវនៃសេចក្តីសញ្ញា ។
វាតែងតែមានការលំបាកក្នុងការលើកពន្លឺឡើង ឲ្យពន្លឺនោះបានភ្លឺនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ជាសំណាង យើងអាចបានរឹងមាំដោយសេចក្ដីសញ្ញារបស់យើងរាល់សប្ដាហ៍ នៅពេលយើងទទួលទានសាក្រាម៉ង់ ។ នៅក្នុង យ៉ូហាន ៦:៥៣ ព្រះយេស៊ូវឲ្យពួកសិស្សរបស់ទ្រង់ដឹងយ៉ាងច្បាស់ថា« ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ ហើយមិនផឹកឈាមរបស់កូនមនុស្ស នោះអ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនទេ » ។ យើងមានពរជ័យដ៏អស្ចារ្យនៃការដកយកភាពងងឹតចេញពីជីវិតយើង ហើយរស់នៅក្នុងជីវិតដ៏ត្រចះត្រចង់ដោយការបន្តសេចក្តីសញ្ញាទាំងនេះជារៀងរាល់សប្តាហ៍ ។ យើងថ្លែងពីព្រះនាមព្រះយេស៊ូវ ហើយរក្សាព្រះបញ្ញត្តិទ្រង់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដើម្បីបំភ្លឺពន្លឺរបស់ព្រះគ្រីស្ទ ។
យើងក៏មានឯកសិទ្ធិទទួលបានវិវរណៈដែលបានទទួលដោយព្យាការីដែលនៅរស់ផងដែរ ។ នៅក្នុងសន្និសីទទូទៅខែមេសា ឆ្នាំ ២០១៩ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « យើងអាចធ្វើល្អជាង ហើយជាមនុស្សប្រសើរជាង » ។ ប្រសិនបើយើងធ្វើតាមដំបូន្មានរបស់លោក នោះយើងនឹងប្រែចិត្ត ហើយវានឹង « ផ្លាស់ប្ដូរគំនិត ចំណេះដឹង វិញ្ញាណ—ព្រមទាំងរបៀបដែលយើងដកខ្យល់ដង្ហើម » ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Ensign ឬ Liahona ខែ មេសា ឆ្នាំ ២០១៩ ) ។ ប្រសិនបើយើងធ្វើដូច្នេះ យើងនឹងកាន់តែដូចជាព្រះគ្រីស្ទ ហើយមានព្រះភក្រ្តទ្រង់ ។ ច្បាស់ណាស់ពន្លឺនោះនឹងបញ្ចេញដល់មនុស្សជុំវិញខ្លួនយើង ។
គំរូដ៏គួរឲ្យចាប់អារម្មណ៍មួយនៃការលើកពន្លឺនៃព្រះគ្រីស្ទឡើងមាននៅក្នុងព្រះគម្ពីរមរមននៅក្នុង អាលម៉ាជំពូកទី ២៤ ។ ពួកអាន់តៃ-នីហ្វៃ-លីហៃ មានជំនឿយ៉ាងខ្លាំងលើព្រះយេស៊ូវគ្រីស្ទ ហើយនៅពេលប្រឈមមុខនឹងពួកសាសន៍លេមិន ពួកគេបានប្រកាសថា ពួកគេសុខចិត្តស្លាប់ ជាជាងយកដាវរបស់ពួកគេទៅប្រឡាក់ឈាមរបស់សត្រូវរបស់ពួកគេ ដែលពួកគេបានមើលឃើញថា ជាបងប្អូនរបស់ពួកគេនោះ ។ ពួកគេសុខចិត្តស្លាប់ ជាជាងធ្វើចម្បាំង ។ ពួកអ្នកចម្បាំងដែលជាខ្មាំងសត្រូវជាច្រើនមានការរំជើបរំជួលយ៉ាងខ្លាំងដែលពួកគេបានប្រែចិត្តពីអ្វីដែលពួកគេបានធ្វើ ហើយនៅពេលថ្ងៃនោះកន្លងទៅ មានព្រលឹងកាន់តែច្រើនបានប្រែចិត្តជឿចំពោះព្រះគ្រីស្ទ ជាជាងការស្លាប់នៅក្នុងសមរភូមិ ។ ពួកសាសន៍លេមិនទាំងនេះបានឃើញពន្លឺពិត ហើយបានចូលរួមជាមួយពួកអាន់តៃ-នីហ្វៃ-លីហៃ ។ ការណ៍នោះបានប្រែក្លាយទិដ្ឋភាពដ៏ខ្មៅងងឹតទៅជាគ្រាដ៏មានពន្លឺបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។
នៅពេលដែលយើងស្រឡាញ់ឱបក្រសោបនូវបុណ្យគ្រីស្ទម៉ាស់នៅឆ្នាំនេះ យើងគួរតែប្រើឱកាសនេះដើម្បីបំភ្លឺពន្លឺរបស់យើង ។ ការណ៍នេះគួរតែជាគោលដៅរបស់មនុស្សគ្រប់គ្នាដែលជាសិស្សរបស់ព្រះយេស៊ូវ ។ យើងគ្រាន់តែត្រូវការរស់នៅក្នុងជីវិតដែលមានដំណឹងល្អ បង្ហាញការដឹងគុណរបស់យើង ចែកចាយសេចក្តីជំនឿរបស់យើង អនុវត្តសេចក្តីសប្បុរស និងការអភ័យទោស ហើយធ្វើតាមព្រះអង្គសង្គ្រោះរបស់យើង ដើម្បីបម្រើ និងនាំមនុស្សកាន់តែច្រើនខិតទៅជិតប្រភពនៃពន្លឺ ។ ចូរឲ្យពន្លឺអ្នកបានភ្លឺជាមួយព្រះយេស៊ូវនៅក្នុងរដូវកាលដ៏អស្ចារ្យនេះ ។ មនុស្សនឹងឃើញអព្ភូតហេតុកើតឡើង !