ព្រះអង្គសង្គ្រោះបានបង្គាប់យើងថា « អ្នករាល់គ្នាស្ទង់មើលគម្ពីរ …ជីវិតដ៏នៅអស់កល្បជានិច្ច …គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ » ។ ( យ៉ូហាន ៥:៣៩ ) ។ ដើម្បីរៀនអំពីទ្រង់ ស្គាល់ទ្រង់ ហើយស្តាប់ទ្រង់ យើងត្រូវតែសិក្សាព្រះគម្ពីរដោយឧស្សាហ៍ព្យាយាម ជាពិសេសព្រះគម្ពីរមរមន ព្រោះវាជា « គម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជា មូលដ្ឋាននៃសាសនាចក្ររបស់យើង » ។ ( យ៉ូសែប ស៊្មីធ នៅក្នុង History of the Church, ៤:៤៦១ ) ។
ខ្ញុំចាំយ៉ាងច្បាស់អំពីថ្ងៃដែលខ្ញុំអានព្រះគម្ពីរមរមនដោយឧស្សាហ៍ព្យាយាម ក្នុង ឆ្នាំ ២០០៥ ។ ដោយការទទួលយកការអញ្ជើញមកពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នោះខ្ញុំពោរពេញដោយអំណរដ៏មហិមា សេចក្តីជំនឿ និងទីបន្ទាល់របស់ខ្ញុំនៅលើព្រះយេស៊ូវគ្រីស្ទត្រូវបានពង្រឹង ហើយទស្សនៈរបស់ខ្ញុំចំពោះការអានព្រះគម្ពីរឲ្យតែបានៗនោះបានផ្លាស់ប្តូរទៅជា ការសិក្សាស្រាវជ្រាវ ព្រះគម្ពីរវិញ ។ ចាប់តាំងពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំមក ខ្ញុំបានអានព្រះគម្ពីរមរមនជាច្រើនដង ខ្ញុំប្រាថ្នាថាបានទទួលចំណេះដឹងដោយស្មោះនោះតាំងពីយូរមកហើយ តែវិធីសាស្រ្តសិក្សារបស់ខ្ញុំគឺសាមញ្ញ ភាគច្រើនអានចោះៗដើម្បីសម្រេចបាននូវការសិក្សាព្រះគម្ពីររបស់ខ្ញុំ តែខ្ញុំមិនសូវយល់អំពីគោលលទ្ធិនោះទេ ។ ប៉ុន្តែការអញ្ជើញមកពីព្យាការីនៃព្រះអម្ចាស់បានជួយខ្ញុំឲ្យស្រាវជ្រាវព្រះគម្ពីរដោយឧស្សាហ៍ព្យាយាម ទាំងចំពោះការណ៍ធម្មតា និងការណ៍ដ៏មានតម្លៃ សូមចងចាំពីអ្វីដែលនីហ្វៃបានបង្រៀន « យើងនឹងនាំចេញមកដល់ពួកគេដោយអំណាចយើងផ្ទាល់ នូវភាគច្រើននៃដំណឹងល្អរបស់យើង ដែលនឹងទៅជាសេចក្ដីច្បាស់ និងពិសេសៗ កូនចៀមមានព្រះបន្ទូលថាដូច្នោះ » ។ ( នីហ្វៃទី១ ១៣:៣៤ ) ។
ដំបូងឡើយ ខ្ញុំបានផ្ដោតលើប្រវត្តិសាស្ត្រ និងតួអង្គដែលខ្ញុំចូលចិត្ត ដែលបានផ្លាស់ប្ដូរតាមមួយជំហានម្តងៗដោយចាប់ផ្ដើមពីនីហ្វៃទៅអេណុស អ័ប៊ីណាដៃទៅអាលម៉ា ពីអាលម៉ាទៅអាលម៉ាជាកូន ពីអាលម៉ាជាកូនទៅអាំម៉ូន ពីហេលេមិនទៅមរ៉ូណៃ ។ នៅទីបំផុតខ្ញុំយល់ថា តួអង្គសំខាន់នៃព្រះគម្ពីរមរមន គឺព្រះយេស៊ូវគ្រីស្ទ ។ ចាប់តាំងពីដើមដំបូងពួកព្យាការីបានព្យាករណ៍អំពីការយាងមករបស់ព្រះគ្រីស្ទ ការរងទុក្ខ ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ទីបន្ទាល់របស់ខ្ញុំបានពង្រឹង នៅពេលខ្ញុំរៀនមកពីកម្មវត្ថុ និងតួអង្គដែលសំដៅទៅកាន់ព្រះគ្រីស្ទដូចជា ដើមឈើជីវិត លីអាហូណា ដើមអូលីវ និង ព្យាការី អាប៊ីណាដៃ ។ ចំណុចនីមួយៗ គឺជាស្រមោលរបស់ព្រះគ្រីស្ទ ដោយបញ្ជាក់ពីសេចក្ដីថ្លែងការណ៍នេះចេញពីទំព័រចំណងជើងនៃព្រះគម្ពីរមរមនថា វាគឺសម្រាប់ « ជាការបរិវត្តន៍ដល់សាសន៍យូដា និងសាសន៍ដទៃថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ជាព្រះដ៏នៅអស់កល្បជានិច្ច » ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបញ្ជាក់ថា
« ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូបគួរតែធ្វើការសិក្សាព្រះគម្ពីរមរមនពេញមួយជីវិតខ្លួន »
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន
ខ្ញុំសូមដាស់តឿនជំនាន់ដែលកំពុងពេញវ័យឲ្យទទួលទានព្រះគម្ពីរមរមន រាល់ពេលដែលយើងអាន វាធ្វើឲ្យយើងខិតទៅជិតព្រះ ហើយយើងរៀនថា សេចក្ដីសង្គ្រោះកើតមានតែតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ។ វានាំមកនូវភាពច្បាស់លាស់ដល់សេចក្តី ពិតដូចជាផែនការនៃសុភមង្គល និងបេសកកម្មដ៏ទេវភាពរបស់ព្រះគ្រីស្ទ និងសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ទ្រង់ ។ សមាជិកនៃសាសនាចក្រគួរចំណាយពេលអានព្រះគម្ពីរមរមន ។ វាមានអំណាចដើម្បីបង្រៀនគោលលទ្ធិ និងគោលការណ៍សាមញ្ញៗដូចជា សេចក្តីជំនឿ ការគោរពប្រតិបត្តិ ការប្រែចិត្ត និងការផ្លាស់ប្រែចិត្តជឿដ៏ធំ ។ វាមានអំណាចក្នុងការផ្លាស់ប្រែមនុស្សធម្មតាឲ្យទៅជាពួកបរិសុទ្ធ ។
ព្រះគម្ពីរមរមនបង្រៀនមេរៀននៃការគោរពប្រតិបត្តិ ដែលជាក្រឹត្យវិន័យទីមួយនៃស្ថានសួគ៌ ។ លីហៃ ជាអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ដែលបានគោរពតាមបង្គាប់របស់ព្រះអម្ចាស់ ។ លោកបានចាកចោលទ្រព្យសម្បត្តិ និងស្រុកកំណើតរបស់លោកដោយភាពក្លាហាន ហើយបានវង្វេងនៅក្នុងទីរហោស្ថានជាមួយគ្រួសាររបស់លោក ដោយឆ្លងកាត់ភាពអត់ឃ្លាន នឿយហត់ និងភាពស្មុគ្រស្មាញ ប៉ុន្តែក្រោយមកលោកបានទទួលពរជ័យ ។ ដូចដែលបានកត់ត្រានៅក្នុងព្រះគម្ពីរមរមន « ហើយហេតុការណ៍បានកើតឡើងថា លោកបានគោរពធ្វើតាមព្រះបន្ទូលនៃព្រះអម្ចាស់ ហេតុដូច្នោះហើយ លោកបានធ្វើដូចដែលព្រះអម្ចាស់ទ្រង់បានបញ្ជាលោក ( នីហ្វៃទី១ ២:៣ ) ។
ព្រះគម្ពីរមរមនក៏ប្រាប់អំពីដំណើររឿងជាច្រើនអំពីបុរសដែលដកពិសោធន៍នឹងការផ្លាស់ប្តូរដ៏ធំ នៅក្នុងដួងចិត្ត ចំពោះអស់អ្នកដែលប្រែចិត្តដោយស្មោះត្រង់ និងប្រែក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។ ការផ្លាស់ប្តូរដ៏មានឥទ្ធិពលមួយបែបនេះបានកើតឡើងចំពោះអាលម៉ាជាកូន ដែលធ្លាប់ព្យាយាមចង់បំផ្លាញព្រះវិហាររបស់ព្រះ ។ បន្ទាប់ពីត្រូវបានទេវតាមួយអង្គយាងមកជួប លោកបានប្រែចិត្តដោយស្មោះអស់ពីចិត្ត ប្រែក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏មានឥទ្ធិពល និងជាអ្នកពាំនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ ក្រោយមកក្នុងជីវិតលោកក៏បានបង្ហាញអំពីលក្ខណៈសម្បត្ដិដ៏អស្ចារ្យនៃភាពជាឪពុកដោយការបង្រៀនកូនប្រុសរបស់លោក នៅពេលដែលពួកគេបានដើរតាមមាគ៌ាខុសឆ្គងនៃពិភពលោកនេះ ។ ដំបូន្មានរបស់លោកបានធ្វើឲ្យពួកគេមានការផ្លាស់ប្តូរចិត្ត ហើយពួកគេបានប្រែចិត្ត ហើយបានក្លាយជាទាហានដ៏ក្លាហាននៅក្នុងនគររបស់ព្រះអម្ចាស់ ។ យើងម្នាក់ៗត្រូវបានផ្តល់ឱកាសស្រដៀងគ្នានៅក្នុងជីវិតសម្រាប់ការកើតខាងវិញ្ញាណជាថ្មី ។
ប្រជាជនអាំម៉ូន ពួកប្រឆាំងនីហ្វៃ-លីហៃ គឺជាគំរូដ៏អស្ចារ្យនៃការអភ័យទោសនេះ ។ នៅពេលមនុស្សកាចសាហាវ ព្រមទទួលយកព្រះគ្រីស្ទ ប្រែចិត្តជឿលើព្រះអម្ចាស់ បន្ទាប់មកបាន បង្ហាញពីភាពក្លាហានដ៏អស្ចារ្យដោយការអភ័យទោសដល់សត្រូវរបស់ពួកគេ ។ នៅពេលសាសន៍លេមិនធ្វើសង្គ្រាមទាស់នឹងពួកគេ ពួកគេជ្រើសរើសមិនច្បាំងទេ ប៉ុន្តែបានកប់អាវុធរបស់ពួកគេយ៉ាងជ្រៅ រហូតដល់ពួកគេមិនអាចយកមកធ្វើការបះបោរបានទេ ពួកគេមិនអាចយកចេញមកទេ ប៉ុន្តែបានជ្រើសរើសស្លាប់ក្នុងព្រះគ្រីស្ទវិញ ។
ព្រះគម្ពីរមរមនត្រូវបានរក្សាទុក ហើយត្រូវបានសរសេរសម្រាប់ជំនាន់របស់យើង ។ « តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ » ( យ៉ូហាន ៤:១៤ ) ។ ព្រះគម្ពីរមរមនគឺពិត វាជាសក្ខីបទ និងសេចក្តីសញ្ញាថ្មីរបស់ព្រះគ្រីស្ទមួយផ្សេងទៀត ។ ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំឲ្យអ្នកទាំងអស់គ្នាសិក្សាព្រះគម្ពីរមរមន ដោយបំណងពិត វានឹងនាំអ្នកឲ្យខិតទៅជិតព្រះ ហើយជួយអ្នកទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ និងព្រះចេស្តារបស់ទ្រង់ ។