សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែកុម្ភៈ 2024)

អំណាចនៃការសិក្សាព្រះគម្ពីរអស់មួយជីវិត

ការទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទជាទៀងទាត់គឺចាំបាច់ណាស់ចំពោះវិញ្ញាណរបស់យើង គឺដូចជាការទទួលទានអាហារ និងការផឹកទឹកចាំបាច់ចំពោះរាងកាយខាងសាច់ឈាមរបស់យើងដែរ ។

អែលឌើរ មីហ្គែល ចន ថេ
អែលឌើរ មីហ្គែល ចន ថេ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានតំបន់អាស៊ី

ការទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទជាទៀងទាត់គឺចាំបាច់ណាស់ចំពោះវិញ្ញាណរបស់យើង គឺដូចជាការទទួលទានអាហារ និងការផឹកទឹកចាំបាច់ចំពោះរាងកាយខាងសាច់ឈាមរបស់យើងដែរ ។  ទោះជាយ៉ាងណា យើងមានទំនោរក្នុងការចិញ្ចឹមរាងកាយខាងសាច់ឈាមរបស់យើងច្រើនជាងចិញ្ចឹមវិញ្ញាណរបស់យើង ។  នេះគឺជាការសាកល្បងមួយនៃជីវិតរមែងស្លាប់ ។

អាហារសំខាន់
ដូចជាប្រទេសជាច្រើននៅទ្វីបអាស៊ីដែរ បាយគឺជាអាហារសំខាន់មួយនៅប្រទេសហ្វីលីពីន ។  យើងទទួលទានបាយបីពេលជារៀងរាល់ថ្ងៃ ។  ខ្ញុំមានឱកាសចំណាយពេលជាមួយមិត្តភក្តិជាហ្វីលីពីនជាច្រើន នៅពេលពួកគេចូលរួមការបំពាក់បំប៉នដែលមានរយៈពេលមួយសប្ដាហ៍នៅរដ្ឋយូថាហ៍ ។  បន្ទាប់ពីអត់បានទទួលទានបាយពីរបីថ្ងៃ ស្ទើរតែគ្រប់គ្នានិយាយថា ៖ « ខ្ញុំត្រូវការញ៉ាំបាយ ។  ខ្ញុំមិនមានអារម្មណ៍ថាឆ្អែតទេ បើញ៉ាំតែនំប៉័ង និងដំឡូងនោះ » ។  ខ្ញុំប្រាកដណាស់ថា ពួកគេមិនចង់បានអាហារ ហើយពួកគេក៏មិនអត់ឃ្លានដែរ ។  ទោះជាយ៉ាងណា សម្រាប់មនុស្សម្នាក់ដែលធំឡើងទទួលទានបាយរាល់ពេល គឺបានខ្វះអារម្មណ៍ដែលធ្លាប់ស្គាល់ និងការស្កប់ចិត្តមកពីការទទួលទានបាយ ។  ខ្ញុំជឿថា ការសិក្សាព្រះគម្ពីរគឺជាអាហារសំខាន់មួយនៃវិញ្ញាណរបស់យើង ។  បើមិនមានរបបប្រចាំថ្ងៃនៃការសិក្សាព្រះគម្ពីរទេ នោះវិញ្ញាណរបស់យើងនឹងមិនបានស្ដប់ស្កល់ទេ ។

« វាចាប់ផ្ដើមមានរសជាតិឆ្ងាញ់ចំពោះខ្ញុំ »
តើបងប្អូនធ្លាប់មានអារម្មណ៍ថា ការសិក្សាព្រះគម្ពីរអាចជាការធុញទ្រាន់នៅពេលខ្លះដែរឬទេ ?  ខ្ញុំគិតថា យើងទាំងអស់គ្នាបាន និងប្រហែលជាបន្តមានអារម្មណ៍បែបនោះម្ដងម្កាល ។  បើដូច្នោះ សូមខិតខំព្យាយាម ហើយ « ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួនយើង » រហូតទាល់តែយើងបង្កើតសេចក្ដីស្រឡាញ់ចំពោះវា ។  

ចាប់ផ្ដើមពីតូច ។  ជួនកាលពេលយើងចង់ផ្លាស់ប្ដូរ យើងចង់ឲ្យវាកើតឡើងភ្លាមៗ ហើយយើងប្រែជាខកចិត្តវិញ ។  ការបង្កើតទម្លាប់នៃការសិក្សាព្រះគម្ពីរជាទៀងទាត់មិនកើតឡើងក្នុងពេលមួយយប់នោះទេ ។  « វាគឺមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។  ប្រហែលជាបងប្អូនចាប់ផ្ដើមដោយការអាន ១៥ នាទីក្នុងមួយថ្ងៃ ហើយបន្ទាប់មកបន្ថែមទៅលើនោះ ។  អ្វីដែលសំខាន់គឺការខ្ជាប់ខ្ជួន ។  តាំងចិត្តធ្វើវាជារៀងរាល់ថ្ងៃដោយមិនអាក់ខានឡើយ ។  នេះគឺជាគោលបំណងនៃ « ការអញ្ជើញ ២១ ថ្ងៃ » ។  ខ្ញុំសូមអញ្ជើញបងប្អូនម្ដងទៀតឲ្យទទួលយកការអញ្ជើញនេះ ។  បងប្អូននឹងទទួលអារម្មណ៍អស្ចារ្យក្នុងការរកឃើញថា បងប្អូនមានសមត្ថភាព និងបំណងកាន់តែធំធេងដើម្បី « ទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ » នៅពេលបញ្ចប់ ២១ ថ្ងៃនោះ ។  ព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់ « ចាប់ផ្ដើមមានរសជាតិឆ្ងាញ់ចំពោះ ( បងប្អូន ) » ។
 


« បើភាសានៃបទគម្ពីរមើលទៅចម្លែកចំពោះបងប្អូនពេលដំបូង ចូរបន្ដអានវា ។ មិនយូរប៉ុន្មាន បងប្អូននឹងចាប់ផ្ដើមស្គាល់ភាពស្រស់ស្អាត និងអំណាចដែលមាននៅលើទំព័រទាំងនោះ »

ប្រធាន ប៊យដ៍ ខេ ផាកកឺ

ភាសាក្នុងព្រះគម្ពីរ
តើបងប្អូនធ្លាប់មានអារម្មណ៍ទេថា ហាក់ដូចជាមិនស្គាល់ភាសាក្នុងព្រះគម្ពីរ និងពិបាកនឹងយល់ដែរឬទេ ?  ប្រធាន ប៊យដ៍ ខេ ផាកកឺ បានផ្ដល់ដំបូន្មានថា ៖ « បើភាសានៃបទគម្ពីរមើលទៅចម្លែកចំពោះបងប្អូនពេលដំបូង ចូរបន្ដអានវា ។ មិនយូរប៉ុន្មាន បងប្អូននឹងចាប់ផ្ដើមស្គាល់ភាពស្រស់ស្អាត និងអំណាចដែលមាននៅលើទំព័រទាំងនោះ ( « The Key to Spiritual Protection » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៧ ) ។  
ខ្ញុំចងចាំចៅម្នាក់ៗទាំងពីររបស់ខ្ញុំ ពេលពួកគេទើបនឹងរៀននិយាយពីរបីពាក្យ ។  ខ្ញុំមានអារម្មណ៍មិនល្អសោះដែលខ្ញុំមិនអាចយល់ពួកគេបាន !  វាហាក់ដូចជាពាក្យសម្ដីរបស់ពួកគេចេញមកពីភាសាបុរាណ និងភាសាដែលគេឈប់ប្រើអ៊ីចឹង ។  ទោះជាយ៉ាងណា អព្ភូតហេតុរបស់វាគឺថា ម្ដាយរបស់ពួកគេគឺកូនស្រីយើង បានយល់គ្រប់ពាក្យទាំងអស់ ដោយសារនាងនៅជាមួយពួកគេរហូត ហើយយល់ភាសារបស់ពួកគេ ។

សៀវភៅណែនាំមួយ 
ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ ខ្ញុំបានចាប់ផ្ដើមរកឃើញអំណរ និងពរជ័យនៃការសិក្សាព្រះគម្ពីរ ។  ខ្ញុំពេញចិត្តនឹងម៉ោងសិក្សាជាច្រើនម៉ោងដែលបានដាក់នៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់យើង ។  យើងក៏ទទួលបាននូវតារាងនៃវគ្គបទគម្ពីរគន្លឹះ ដែលយើងត្រូវបានលើកទឹកចិត្តឲ្យស្គាល់ច្បាស់ ហើយបើអាចធ្វើទៅបានទន្ទេញឲ្យចាំ ។  វគ្គបទគម្ពីរទាំងនេះមានប្រយោជន៍ណាស់ កាលដែលយើងបានបង្រៀនដំណឹងល្អ និងជួយដល់មិត្តរបស់យើងដោះស្រាយកង្វល់របស់ពួកគេ ។  ក្រោយមក ខ្ញុំបានដឹងថា វគ្គបទគម្ពីរទាំងនោះមិនត្រឹមតែសម្រាប់មិត្តរបស់យើងប៉ុណ្ណោះទេ ។  ខ្ញុំមានអំណរគុណណាស់ វាបានក្លាយជាវត្ថុមានតម្លៃដ៏មានឥទ្ធិពលអំពីសេចក្តីពិតដ៏ទេវភាពសម្រាប់ខ្ញុំសព្វថ្ងៃនេះ ។  វត្ថុមានតម្លៃមួយក្នុងចំណោមនោះមាននៅក្នុងសំបុត្រដ៏ទន់ភ្លន់របស់សាវកប៉ុល ទៅកាន់ដៃគូផ្សព្វផ្សាយសាសនាជាទីស្រឡាញ់របស់លោកគឺធីម៉ូថេ ។

« ហើយថាតាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មានដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង ។
គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ៖
ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ » ។( ធីម៉ូថេទី២ ៣:១៥-១៧ )
 

ដោយអែលឌើរ មីហ្គែល ចន ថេ នៃពួកចិតសិបនាក់

ក្នុងនាមជាសិស្សដ៏រីកលូតលាស់របស់ព្រះគម្ពីរ វគ្គបទគម្ពីរនេះមានឥទ្ធិពលយ៉ាងខ្លាំងចំពោះខ្ញុំ ។  វាបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍កាន់តែជ្រាលជ្រៅ ថាតើបទគម្ពីរទាំងឡាយអាចដឹកនាំយើងលើដំណើររបស់យើងឆ្លងកាត់ជីវិតរមែងស្លាប់នេះច្រើនប៉ុនណា ។  វាបានបង្រៀនខ្ញុំថា បន្ថែមទៅលើអារម្មណ៍ដ៏ល្អដែលខ្ញុំទទួលបានពីការសិក្សាព្រះគម្ពីរ ខ្ញុំក៏ទទួលបានការបំផុសគំនិតផងដែរ ។  ខ្ញុំអាចទទួលបានការកែតម្រូវ ។  ខ្ញុំទទួលបានការណែនាំនៅក្នុងសេចក្ដីសុចរិត ហើយជំនួយដើម្បីប្រែក្លាយជា « មានប្រាជ្ញាដល់ទីសង្គ្រោះ » ។  អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន ៖ « នៅទីបំផុត គោលបំណងសំខាន់នៃព្រះគម្ពីរទាំងអស់ គឺដើម្បីបំពេញព្រលឹងយើងជាមួយនឹងសេចក្ដីជំនឿលើព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ » ។ ( « The Blessing of Scripture » Ensign ខែ ឧសភា ឆ្នាំ ២០១០ )

ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « យើងទាំងអស់គ្នាត្រូវការការណែនាំនៅក្នុងជីវិត ។ យើងទទួលវាបានល្អបំផុតពីបទដ្ឋានព្រះគម្ពីរ និងការបង្រៀនរបស់ព្យាការីរបស់ព្រះ ។ ដោយមានការខិតខំដ៏ឧស្សាហ៍ព្យាយាម យើងអាចទទួលបានការណែនាំនោះ ហេតុដូច្នោះហើយវាធ្វើឲ្យយើងស័ក្ដិសមនឹងទទួលបានពរជ័យទាំងអស់ ដែលព្រះមានសម្រាប់បុត្រាបុត្រីដ៏ស្មោះត្រង់របស់ទ្រង់ » ។ ( « Living by Scriptural Guidance » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ )

ខ្ញុំសូមថ្លែងទីបន្ទាល់ថា អំណាចនៃព្រះគម្ពីរនឹងជ្រាបចូលក្នុងជីវិតយើង ប្រសិនបើយើងសិក្សាវាពេញមួយដំណើរជីវិតរមែងស្លាប់របស់យើង ។