សារលិខិត​ថ្នាក់ដឹកនាំ​តំបន់​អាស៊ី (ខែមិនា 2024)

អបអរសាទរជីវិត និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ

នោះវាសំខាន់ដែលយើងត្រូវចាប់ផ្ដើមនៅពេលឥឡូវនេះ នៅក្នុងជីវិតរបស់យើងផ្ទាល់ និងជាមួយក្រុមគ្រួសាររបស់យើង ក្នុងការស្វែងរករបៀបនានាដើម្បីប្រារព្ធដល់ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។

អែលឌើរ រ៉ូស អេ ឈីលីស៍
អែលឌើរ រ៉ូស អេ ឈីលីស៍ ក្នុង​ពួក​ចិតសិប​នាក់

ខ្ញុំ​នឹង​មិន​ភ្លេច​ទេ​កាលនៅ​ជា​គ្រួសារ​តូច​មួយ​នៅឡើយ នូវ​បទពិសោធន៍​ពេល​ផ្លាស់​ទៅ​រស់នៅ​កោះ​តៃវ៉ាន់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ។  វា​គឺ​នៅ​ឆ្នាំ ១៩៩៣ ហើយ​កូន​ទីពីរ​របស់​យើង​ទើប​នឹង​កើត ។  មុន​ការផ្លាស់​លំនៅ​នេះ យើង​ធ្លាប់​រស់ នៅ​កោះ​តៃវ៉ាន់​ម្ដង​ហើយ កាល​ទើប​បាន​រៀបការ​ជា​ប្តីប្រពន្ធ​ថ្មោង​ថ្មី ប៉ុន្ដែ​បទពិសោធន៍​លើក​នេះ​គឺ​ខុសគ្នា​ខ្លាំងណាស់ យើង​មិន​គ្រាន់តែ​មក​ដើម្បី​ផ្សងព្រេង​នោះ​ទេ—គឺ​យើង​មក​រស់នៅ ! ខ្ញុំ​នៅតែ​អាច​ចាំ​យ៉ាង​ច្បាស់​ពី​អារម្មណ៍​ដ៏ពិបាក​នោះ ដែល​ត្រូវ​ចេញពី​ប្រទេស​កាណាដា​ក្នុង​ពេល​មួយ​រយៈ​វែង ហើយ​យើង​បាន​នឹក​ដល់​ការប្រារព្ធ​ពិធី​បុណ្យ​ថ្លែង​អំណរគុណ បុណ្យ​គ្រីស្ទម៉ាស និង​បុណ្យ​អ៊ីស្ទើរ ពេល​យើង​ជួបជុំ​គ្នា​ជាមួយ​ក្រុមគ្រួសារ​របស់​យើង​ផ្ទាល់​នៅឯ​ផ្ទះ ។   នៅ​ប៉ុន្មាន​ឆ្នាំ​នោះ ឃែរី និង​ខ្ញុំ​បាន​ចំណាយ​ពេល​ជា ច្រើន​ដើម្បី​គិត​ពី​របៀប​ដែល​យើង​នៅតែ​អាច​ប្រារព្ធ​ពិធី និង​ប្រពៃណី​ទាំងនោះ​ប្រកប​ដោយ​អត្ថន័យ​បាន​សម្រាប់​គ្រួសារ​តូច​របស់​យើង និង​របៀប​ដែល​យើង​អាច​ជួយ​កូនៗ​របស់​យើង​ឲ្យ​នៅតែ​មាន​អំណរ ដែល​យើង​ធ្លាប់​មាន​កាល​យើង​ធំឡើង ហើយ​ស្វែងរក​វិធី​បង្រៀន​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។

 

អំឡុង​ឆ្នាំ​ដំបូងៗ យើង​បាន​គិត​ដល់​គោលការណ៍​នៃ​ការណែនាំ​ពីរបី​ដើម្បី​ជួយ​ដល់​យើង ។    ទីមួយ វា​ស្ទើរតែ​មិន​អាច​ទៅរួច​ដើម្បី​បង្កើត​ឲ្យ​មាន​បទពិសោធន៍​ដែល​យើង​ធ្លាប់​មាន​នៅ​ផ្ទះ​របស់​យើង កាល​ធំ​ឡើង​នៅ​ប្រទេស​កាណាដា ។  នៅ​កោះ​តៃវ៉ាន់ គ្មាន​នរណា​ម្នាក់​នៅ​ជុំវិញ​យើង​ប្រារព្ធពិធី​បុណ្យ​ទាំងនេះ​ទេ ។  យើង​ត្រូវតែ​ទទួល​យក​រឿង​នោះ រួចហើយ​ធ្វើវា​ឲ្យ​សាមញ្ញ ហើយ​សម្រប​ការប្រារព្ធពិធី​តាម​កាលៈទេសៈ​បច្ចុប្បន្ន​របស់​យើង ។  ទីពីរ យើង​ត្រូវ​រើស​យក​ប្រពៃណី​ណាមួយ​ដែល​សំខាន់​ខ្លាំង​បំផុត​ចំពោះ​យើង ហើយ​សម្រេច​ចិត្ត​ពី​របៀប​ដែល​យើង​នឹង​បង្កើត​បទពិសោធន៍​ដ៏មាន​អត្ថន័យ​នោះ​សម្រាប់​កូនៗ​របស់​យើង ជាមួយ​នឹង​ធនធាន​ដែល​មាន​កម្រិត​របស់​យើង ។ ទីបី យើង​បាន​ដឹង​ថា យើង​ត្រូវ​ផ្ដោតលើ​ការស្វែងរក​របៀប​នានា​ដើម្បី​បង្រៀន​កូនៗ​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ។  ទីបំផុត យើង​បាន​លាយ​បញ្ចូល​គ្នា​រវាង​សកម្មភាព​ដែល​ផ្ដោតលើ​គេហដ្ឋាន និង​សាសនាចក្រ ។ 

អែលឌើរ រ៉ូស អេ ឈីលីស៍
  1. យើង​បាន​សម្គាល់​ឃើញ​ថា មាន​មនុស្ស​ដទៃ ទៀត​ក្នុង​វួដ​របស់​យើង និង​ក្រុម​មិត្តភក្ដិ​ជា ច្រើន ដែល​នៅ​ឆ្ងាយ​ពី​គ្រួសារ​អំឡុង​គ្រា​ដ៏ សំខាន់​ទាំងនេះ​ដែរ ។ យើង​បាន​បើក​ទ្វារ​ផ្ទះ​យើង ហើយ​អញ្ជើញ​មនុស្ស​ជាច្រើន​ឲ្យ​មក​ប្រារព្ធពិធី​ជាមួយ​យើង ។ 
  2. យើង​មិន​ត្រឹមតែ​ខិតខំ​អញ្ជើញ​មិត្ត​បរទេស​ផ្សេងទៀត​នោះ​ទេ ប៉ុន្ដែ​ក៏​បាន​អញ្ជើញ​មិត្ត​ក្នុង​ស្រុក​ផងដែរ ។ សម្រាប់​មិត្ត​ជនជាតិ​តៃវ៉ាន់​របស់​យើង​ជាច្រើន ការចូលរួម​ជាមួយ​ប្រពៃណី​របស់​យើង​គឺជា​របៀប​ដ៏មាន​អត្ថន័យ​មួយ ដើម្បី​បង្រៀន ឬ​បង្កើន​ការយល់ដឹង​របស់​ពួកគេ​អំពី​សារៈសំខាន់​នៃ​ព្រះជន្ម និង​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។
  3. តន្ដ្រី​អំពី​ព្រះអង្គ​សង្គ្រោះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រពៃណី​គ្រួសារ​របស់​យើង ។ យើង​បាន​បង្កើត​សៀវភៅ​តន្ដ្រី​គ្រួសារ ចូលរួម​ក្នុង​ក្រុម​ចម្រៀង និង​ការច្រៀង​ចម្រៀង​គ្រីស្ទម៉ាស ហើយ​ជា​លទ្ធផល យើង​រីករាយ ហើយ​ទទួល​បាន​ព្រះវិញ្ញាណ​ដ៏ពិសេស​ដែល​កើតមាន​តាមរយៈ​តន្ដ្រី​ដែល​ផ្ដោតលើ​ព្រះគ្រីស្ទ ។
  4. កាល​យើង​អធិស្ឋាន​ស្វែងរក​មនុស្ស​ដទៃ​ដើម្បី​ផ្ដល់​ការបម្រើ​អំឡុង​រដូវ​បុណ្យ​ទាំងនេះ វា​បាន​បើក​ឱកាស​ដ៏គួរឲ្យ​ចងចាំ និង​មាន​អត្ថន័យ​ជាច្រើន​ដើម្បី​បង្រៀន​កូនៗ​របស់​យើង​អំពី​ការថែទាំ​ដល់​អ្នកដទៃ ។
  5. នៅក្នុង​វួដ និង​ស្ដេក​របស់​យើង យើង​ជួយ​ធ្វើឲ្យ​ប្រាកដ​ថា ការប្រជុំ​សាក្រាម៉ង់ និង​សកម្មភាព​របស់​យើង​អំឡុង​រដូវ​បុណ្យ​ទាំងនេះ​គឺ​ផ្ដោត​ទៅលើ​ព្រះគ្រីស្ទ ។  ឱ វា​ជា​អំណរ​ដ៏ក្រៃលែង​ដើម្បី​ជួយ​បង្រៀន និង​ចែកចាយ​អំពី​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ព្រឹត្តិការណ៍​ក្នុង​សាសនាចក្រ ដូចជា​ការប្រកួត​ការសម្ដែង​ប្រសូតិកម្ម​បុណ្យ​គ្រីស្ទម៉ាស និង​កូនចៀម​នៃ​ព្រះ អូរ៉ាថូរីអូ ជាដើម ។

« ជញ្ជឹងគិត និងស្វែងរករបៀបប្រារព្ធពិធីបុណ្យអ៊ីស្ទើរឲ្យកាន់តែផ្តោតលើព្រះគ្រីស្ទក្នុងគ្រួសារយើង » ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

នៅប្រទេសវៀតណាម ជាកន្លែងដែលសាសនាចក្រនៅថ្មីស្រឡាងនៅឡើយ ដៃគូរៀមច្បងមួយគូបានបង្រៀនយុវមជ្ឈិមវ័យនៅលីវក្នុងសាខានីមួយៗអំពីរបៀបសម្ដែងប្រសូតិកម្ម ខណៈអានដំណើររឿងដំណឹងល្អមកពីព្រះគម្ពីរសញ្ញាថ្មីនៅក្នុងគម្ពីរលូកា និងម៉ាថាយ ។  យើងស្រមៃថា នៅថ្ងៃណាមួយ សមាជិកដ៏អស្ចារ្យទាំងនេះម្នាក់ៗនឹងមានក្រុមគ្រួសាររបស់ពួកគេផ្ទាល់ ហើយនឹងដឹងពីរបៀបបង្រៀនកូនៗរបស់ពួកគេអំពីដំណើររឿងបុណ្យគ្រីស្ទម៉ាស ។

នៅក្នុងសន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០២៣ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានថ្លែងសុន្ទរកថាដ៏បំផុសគំនិតមួយ « ដំណើររឿងបុណ្យអ៊ីស្ទើរដ៏អស្ចារ្យបំផុតដែលពុំធ្លាប់តំណាលប្រាប់ » ។  លោកបានអញ្ជើញយើងឲ្យ « ជញ្ជឹងគិត និងស្វែងរករបៀបប្រារព្ធពិធីបុណ្យអ៊ីស្ទើរឲ្យកាន់តែផ្តោតលើព្រះគ្រីស្ទក្នុងគ្រួសារយើង » ។  លោកមានប្រសាសន៍ថា « ប្រហែលជា … យើងទាំងអស់គ្នាអាចជញ្ជឹងគិត ៖ តើយើងធ្វើជាគំរូពីការបង្រៀន និងការប្រារព្ធពិធីសម្រាប់ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាដំណើររឿងបុណ្យអ៊ីស្ទើរ ឲ្យមានភាព ពេញលេញ មានតុល្យភាពដូចគ្នា និងប្រពៃណីសាសនាដ៏មានអត្ថន័យដូចគ្នា ទៅនឹងការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាដំណើររឿងនៃបុណ្យគ្រីស្ទម៉ាសដោយរបៀបណា ? » ខ្ញុំដឹងគុណជាពិសេសដល់ការអញ្ជើញបន្ថែមទៀតរបស់អែលឌើរ ស្ទីវ៉ែនសុន ឲ្យពិចារណាពីរបៀបដែល « ការអានព្រះគម្ពីរមរមននៅបុណ្យអ៊ីស្ទើរ អាចផ្តល់ពរដល់ជីវិតយើង និងមនុស្សជាទីស្រឡាញ់របស់យើងតាមរបៀបដ៏មានអត្ថន័យ » ។  
 

អបអរសាទរជីវិត និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ

កាលការជួបជុំគ្នាបន្ដមាននៅទូទាំងអាស៊ី នោះវាសំខាន់ដែលយើងត្រូវចាប់ផ្ដើមនៅពេលឥឡូវនេះ នៅក្នុងជីវិតរបស់យើងផ្ទាល់ និងជាមួយក្រុមគ្រួសាររបស់យើង ក្នុងការស្វែងរករបៀបនានាដើម្បីប្រារព្ធដល់ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។  សូមគិតដល់រឿងដែលយើងអាចធ្វើបានរៀងៗខ្លួន ជាមួយគ្រួសារ និងមិត្តភក្ដិ ហើយជាវួដ និងស្ដេក ដើម្បីបង្កើតប្រពៃណីដ៏មានអត្ថន័យ និងផ្ដោតលើព្រះគ្រីស្ទបានកាន់តែប្រសើរឡើងនៅឯបុណ្យគ្រីស្ទម៉ាស និងបុណ្យអ៊ីស្ទើរ ។

ខ្ញុំអធិស្ឋានថា យើងនឹងរកឃើញនូវរបៀបប្រើព្រះគម្ពីរមរមនដើម្បីជួយយើងឲ្យចងចាំដល់ព្រះ គ្រីស្ទជានិច្ច ។  ខ្ញុំសូមថ្លែងទីបន្ទាល់ថា វាបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទនៅគ្រប់ទំព័រទាំងអស់ ហើយវាជារបៀបដែលព្រះបានប្រទានមកដើម្បីឲ្យយើងចងចាំ និងអបអរសាទរដល់ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។