ពួកសាវកកាលពីជំនាន់ដើមរបស់ព្រះយេស៊ូវគ្រីស្ទ បានទូលអង្វរព្រះអម្ចាស់ថា « សូមទ្រង់ចម្រើនសេចក្តីជំនឿដល់យើងខ្ញុំទៀតផង » ( លូកា ១៧:៥) ។ ការទូលអង្វរពីពួកសាវកត្រូវបានធ្វើឡើងក្នុងទម្រង់នៃការស្នើសុំមួយ ប្រហែលជាការទូលសូមអំណោយដោយឥតគិតថ្លៃនៃសេចក្តីជំនឿដ៏ធំ ប៉ុន្តែព្រះអង្គសង្គ្រោះបានឆ្លើយតបដោយការបង្រៀន ដោយសេចក្តីថ្លែងការណ៏ និងពាក្យប្រៀបប្រដូចដោយចាត់ទុកការស្នើសុំរបស់ពួកគេដូចជាសំណួរថា « តើធ្វើដូចម្តេចបាន ឲ្យយើងអាចបង្កើនសេចក្តីជំនឿរបស់យើងបាន ? » ដូចជាពួកសាវកទាំងនេះដែរ ការបង្កើនសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ គឺជាតម្រូវការដ៏ធំបំផុតមួយរបស់យើងនាសព្វថ្ងៃនេះ ។
នៅក្នុងគម្ពីរ ទំនុកតម្កើង ៧៨ បង្ហាញសេចក្ដីសង្ខេបដ៏អស្ចារ្យនៃសេចក្ដីមេត្ដាករុណាដែលព្រះបានប្រទានដល់កូនចៅអ៊ីស្រាអែល រួមទាំងការនាំពួកគេចេញពីស្រុកអេស៊ីព្ទ ការផ្គត់ផ្គង់ពួកគេនៅក្នុងទីរហោស្ថាន ហើយដាក់ពួកគេឲ្យត្រួតត្រាលើដែនដីសន្យា ។ វាក៏ប្រាប់ពីដំណើររឿងនៃកងទ័ពដែលបំពាក់គ្រឿសឹកដើម្បីប្រយុទ្ធ ប៉ុន្តែបានប្រែក្លាយទៅជាគ្រានៃចម្បាំងដោយសារពួកគេមិនបានរក្សាសេចក្តីសញ្ញារបស់ព្រះ បដិសេធន៍មិនដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ហើយភ្លេចនូវអ្វីដែលព្រះបានធ្វើ ។ ដើម្បីជៀសវាងបញ្ហាស្រដៀងគ្នានេះ ការអធិស្ឋានគឺជាពរជ័យដ៏អស្ចារ្យមួយ ដែលជួយធ្វើឲ្យយើងប្រាកដថា យើងរក្សាសេចក្ដីសញ្ញាដែលយើងបានចុះជាមួយព្រះ ដើរតាមក្រឹត្យវិន័យដោយស្មោះត្រង់ ហើយចងចាំនូវអ្វីដែលព្រះបានធ្វើសម្រាប់យើង ។
ការអធិស្ឋានគឺជាសកម្មភាពនៃសេចក្ដីជំនឿដែលយើងព្យាយាមស្វែងរកព្រះ ។ ដូចដែលបានបង្រៀននៅក្នុង ហេព្រើរ ១១:៦ នៅពេលយើងមករកព្រះដោយការអធិស្ឋាន យើងត្រូវតែមានរបស់ពីរយ៉ាង ។ ទីមួយ មានជំនឿថាពិតជាមានព្រះមែន ។ ទីពីរ មានជំនឿថាទ្រង់នឹងប្រទានរង្វាន់ដល់យើង ដោយសារព្រះទ័យយកចិត្តទុកដាក់ និងឆ្លើយតបនឹងការអធិស្ឋានរបស់យើង ។ សេចក្តីជំនឿនេះនឹងដឹកនាំយើងទៅរកការអធិស្ឋានតាមរបៀបដែលនីហ្វៃបានពិពណ៌នានៅពេលគាត់បានពោលថា « ខ្ញុំ នីហ្វៃ បន្ទាប់ពីបានទូលជាមួយនឹងព្រះអម្ចាស់ » ។ ខ្ញុំយល់ឃើញថា វាជាសេចក្តីណែនាំដែលនីហ្វៃបានទូលជាមួយនឹងព្រះអម្ចាស់ មិនមែន ទូលទៅកាន់ព្រះអម្ចាស់ទេ ។ ការពិពណ៌នារបស់នីហ្វៃ អំពីការទូលជាមួយព្រះអម្ចាស់ បង្ហាញពីការសន្ទនាទាំងសងខាង មិនមែនគ្រាន់តែជាការស្នើសុំពរជ័យតែម្ខាង ដែលអាចធ្វើជាគំរូសម្រាប់ការអធិស្ឋានរបស់យើងទាំងអស់គ្នាជាច្រើននាក់ ។
« អ្វីក៏ដោយដែលអ្នកសូមដោយសេចក្ដីជំនឿ ដោយជឿថា អ្នកនឹងបានទទួលដោយនូវព្រះនាមនៃព្រះគ្រីស្ទ អ្នកនឹងបានទទួលជាមិនខានឡើយ »
អេណុស ១:១៥
ដូចដែលបានពិពណ៌នារួចមកហើយ សេចក្តីជំនឿ និងការអធិស្ឋានមិនអាចញែកចេញពីគ្នាបានឡើយ ។ បើយើងជឿថាមានព្រះ ហើយមានបំណងចង់ឲ្យទ្រង់ប្រាស្រ័យទាក់ទងនឹងយើង នោះចូលយើងអធិស្ឋាន ។ ពេលយើងអធិស្ឋាន ហើយទូលនឹងព្រះអម្ចាស់ យើងរីកចម្រើនដោយឯកឯង កាលយើងទទួលបានសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងពរជ័យពីព្រះ ។
សេចក្តីជំនឿរបស់ខ្ញុំបានរីកចម្រើន កាលខ្ញុំមាននូវបទពិសោធន៍នៃទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននៃសេចក្តីជំនឿ និងការអធិស្ឋាន ។ ខ្ញុំពេញចិត្តនឹងការសន្យារបស់ព្រះអម្ចាស់ថា « អ្វីក៏ដោយដែលអ្នកសូមដោយសេចក្ដីជំនឿ ដោយជឿថា អ្នកនឹងបានទទួលដោយនូវព្រះនាមនៃព្រះគ្រីស្ទ អ្នកនឹងបានទទួលជាមិនខានឡើយ » ( អេណុស ១:១៥ ) ។
កូនប្រុសរបស់យើងឈ្មោះ ជេស កើតមកមានសភាពខូចទ្រង់ទ្រាយលលាដ៍ក្បាល ដែលហៅថា sagittal synostosis ។ ដែលខុសពីទារកធម្មតាដោយកើតមកមានលលាដ៍ក្បាលដែលអាចលូតលាស់បាន ដោយឡែកលលាដ៍ក្បាលរបស់ ជេស ត្រូវបានវេញចូលគ្នាទាំងស្រុង ដែលធ្វើឲ្យវាមិនអាចលូតលាស់បាន ។ ដំណោះស្រាយតែមួយគត់គឺការវះកាត់នៅពេលគាត់មានអាយុបីខែ ។ ការវះកាត់តម្រូវឲ្យដកលលាដ៍ក្បាលទំហំ ២ អ៊ីញចេញពីថ្ងាសរបស់ ជេស ទៅផ្នែកខាងក្រោយនៃក្បាលរបស់គាត់ ។ ការវះកាត់នេះធ្វើឲ្យមានការព្រួយបារម្ភ ប៉ុន្តែការព្រួយបារម្ភដូចគ្នានេះដែរគឺថា ជេស មិនអាចបៅបានរយៈពេល ១២ ម៉ោងមុនពេលវះកាត់ ។ យើងគិតថា វាមិនអាចទៅរួចទេសម្រាប់ទារកអាយុបីខែ អាចទ្រាំមិនបៅដល់ទៅ ១២ ម៉ោង គាត់ពិតជាស្រេកឃ្លាន ហើយយំយ៉ាងខ្លាំង ។ ក្នុងនាមជាឪពុកម្តាយដែលខ្វល់ខ្វាយ យើងគ្មានកន្លែងណាត្រូវទីពឹងទេ មានតែងាកទៅរកព្រះ ។ យើងបានទូលថ្វាយការអធិស្ឋានដោយសេចក្ដីជំនឿ ដោយកាន់ខ្ជាប់នឹងការសន្យានៅក្នុងអេណុសថា អ្វីដែលយើងអធិស្ឋានសុំនឹងបានទទួល ។ យើងបានទូលសូមឲ្យការវះកាត់ទទួលបានជោគជ័យ ហើយ ជេស នឹងមានភាពស្ងប់ស្ងាត់ និងសម្រាលភាពស្រែកឃ្លានក្នុងរយៈពេល ១២ ម៉ោងដោយគ្មានអាហារ ។ បន្ទាប់ពីបានអធិស្ឋានដោយសេចក្ដីជំនឿរួចមក យើងបានទទួលការការលួងលោមពីក្នុងបទគម្ពីរថា « ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ » ( ទំនុកតម្កើង ៤៦:១០ ) ។
ទោះបីធម្មតា ជេស ភ្ញាក់ពីរដងក្នុងមួយយប់ដើម្បីឡើងបៅ តែយប់នេះ ជេស បានគេងពេញមួយយប់ ។ គាត់នៅស្ងៀម និងស្ងប់ស្ងាត់ ហើយភ្ញាក់ឡើងដោយរីករាយ ពេញមួយព្រឹក ទោះបីជាយើងមិនបានបំបៅគាត់ក៏ដោយ ។ យើងបានមកដល់មន្ទីរពេទ្យ ហើយគេប្រាប់ថា វេជ្ជបណ្ឌិតវះកាត់នឹងមកយឺតពីរម៉ោង ។ ជេស នៅតែបន្តនៅស្ងៀម ដោយស្ងប់ស្ងាត់ ហើយរីករាយក្នុងអំឡុងពេលនៃការរង់ចាំពីរម៉ោងបន្ថែមទៀត ។ នៅទីបំផុត បន្ទាប់ពីរយៈពេល ១៤ ម៉ោងដោយអត់អាហារ ដោយមិនយំ ឬធ្វើទុក្ខរករឿង ជេស បានទទួលការវះកាត់ដោយជោគជ័យ ។ កាលខ្ញុំបានឃើញការអធិស្ឋានរបស់យើងបានឆ្លើយតប នោះជំនឿផ្ទាល់ខ្លួនរបស់ខ្ញុំទៅលើព្រះបានរីកចម្រើន ។
ខ្ញុំទើបបានយល់ថា ខ្ញុំត្រូវការសេចក្ដីជំនឿដើម្បីអធិស្ឋាន ប៉ុន្តែពេលខ្ញុំអធិស្ឋាន ហើយទទួលបានបទពិសោធន៍នៃរង្វាន់សម្រាប់ការអធិស្ឋាន នោះសេចក្ដីជំនឿរបស់ខ្ញុំលើព្រះក៏ចម្រើនឡើង ។ នេះគឺពិតដូចជាវដ្តនៃរង្វង់ - កាលខ្ញុំបង្ហាញសេចក្ដីជំនឿដោយការអធិស្ឋាន នោះសេចក្ដីជំនឿរបស់ខ្ញុំនឹងចម្រើនឡើង ព្រោះខ្ញុំទទួលបានសេចក្តីល្អរបស់ព្រះ ដោយសារការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា សេចក្ដីជំនឿរបស់យើងនឹងចម្រើនឡើង កាលយើងអធិស្ឋានដោយសេចក្ដីជំនឿ ។