ក្នុងរយៈពេល ៤២ ឆ្នាំ ខ្ញុំបានឆ្លងកាត់ទាំងជោគជ័យ និងបរាជ័យក្នុងការខិតខំប្រឹងប្រែងផ្នែកវិជ្ជាជីវៈរបស់ខ្ញុំ ។ កាលនៅវ័យកណ្ដាលមានភាពមិនប្រាកដប្រជាជាច្រើនក្នុងជីវិត ខ្ញុំបានប្រាថ្នាចង់បានអ្វីដែលមានសុវត្ថិភាពយូរអង្វែងជាងហិរញ្ញវត្ថុ ។ ការគិតពិចារណាទាំងនេះបាននាំឲ្យខ្ញុំដឹងថា អំណរ និងសេចក្តីសុខសាន្តក្នុងចិត្តគឺជាសេចក្តីប្រាថ្នាដ៏អង់អាចបំផុតរបស់ខ្ញុំសម្រាប់គ្រួសារ និងខ្លួនខ្ញុំផ្ទាល់ ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានបន្លឺឡើងយ៉ាងជ្រាលជ្រៅក្នុងខ្លួនខ្ញុំ ៖ « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ[1] » ។ តើអ្វីអាចមានតម្លៃជាង ‹ សេចក្តីសុខសាន្ត និងអំណរ › ដែលព្រះអម្ចាស់បានសន្យាចំពោះយើងម្នាក់ៗទៅ ?
នៅពេលដែលព្រះយេស៊ូវគ្រីស្ទ ត្រូវបានឆ្កាង ហើយសុគត នោះអ្នកដើរតាមទ្រង់ជាច្រើនប្រហែលជាគិតថា ខ្លួននឹងវង្វែង ថាគ្មានក្តីសង្ឃឹម ហើយថាពិភពលោកនឹងអស់សង្ឃឹម ។[2] មនុស្សជាច្រើនជឿថា ពួកគេនឹងត្រូវបំផ្លាញ និងវិនាស ។[3] ប៉ុន្តែបីថ្ងៃបន្ទាប់ពីការសុគតរបស់ទ្រង់ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយដោយសារតែការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នោះយើងក៏នឹងរស់ឡើងវិញផងដែរ ។[4]
សូមអនុញ្ញាតឲ្យខ្ញុំចែកចាយបទពិសោធន៍មួយដែលបង្រៀនខ្ញុំពីរបៀបដែលយើងតែងតែអាចស្វែងរកសេចក្តីសុខសាន្ត និងអំណរតាមរយៈព្រះគ្រីស្ទ និងព្រះចេស្ដារបស់ទ្រង់ជានិច្ច ៖
«បុត្រយើងអើយ ចូរមានសេចក្តីសុខសាន្ត ដល់ព្រលឹងបុត្រចុះ សេចក្តីទំនាស់ និងសេចក្តីលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែត»
គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៧
កាលនៅជាយុវមជ្ឈិមវ័យនៅលីវ ខ្ញុំបានទៅលេងកោះទន្សាយ ដែលជាកោះដ៏ធំមួយ និងស្រស់ស្អាតក្នុងប្រទេសកម្ពុជា ។ យើងបួននាក់បានសម្រេចចិត្តដើរលេងកាត់ព្រៃភ្នំលើកោះ ដោយទុកមិត្តភក្តិផ្សេងទៀតនៅមាត់សមុទ្រ ។ ដើម្បីសម្គាល់ផ្លូវពេលត្រឡប់មកវិញ ខ្ញុំបានកាត់មែកឈើ ហើយដាក់សញ្ញាសម្គាល់នៅពេលយើងឡើងទៅ ។ អស់ពេញមួយដំណើរនៃការឡើងភ្នំរបស់យើង យើងរីករាយនឹងទិដ្ឋភាពដ៏អស្ចារ្យ និងបានឃើញរុក្ខជាតិគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលយើងមិនធ្លាប់បានឃើញពីមុនមក ។
ពេលឡើងដល់កំពូល មិត្តភក្តិម្នាក់របស់យើងបានសុំឲ្យយើងចុះតាមផ្លូវថ្មីដើម្បីបន្តរកមើលទេសភាព និងរុក្ខជាតិថ្មីៗ ។ យើងទាំងអស់គ្នាឯកភាពដោយមិនបង្អង់ ។ គួរឲ្យស្តាយ ផ្លូវដែលយើងបានជ្រើសរើស បាននាំយើងទៅកាន់ព្រៃក្រាស់មួយ និងបន្លាជាច្រើន ។ យើងបានព្យាយាមប្តូរផ្លូវផ្សេងៗជាច្រើន ប៉ុន្តែនៅតែរកផ្លូវចេញមិនឃើញ ។ នៅទីបំផុត យើងបានបោះបង់ ហើយព្យាយាមត្រឡប់ទៅរកផ្លូវដើមរបស់យើងវិញ ប៉ុន្តែយើងរកផ្លូវនោះមិនឃើញសោះ ។
ពេលនោះអាកាសធាតុក្ដៅ ស្ងប់ខ្យល់ ហើយបន្ទាប់ពីវង្វេងផ្លូវប្រហែលប្រាំម៉ោង ខ្ញុំបានស្រក់ញើស និងស្រេកទឹក ។ ដោយក្តីអស់សង្ឃឹម ខ្ញុំបានរើសផ្លែឈើមិនស្គាល់មួយផ្លែមកហូបដើម្បីបំបាត់ការស្រេកទឹក ផ្លែឈើនោះវាមានរសជាតិចត់ជាខ្លាំង ដែលធ្វើឲ្យបំពង់កខ្ញុំកាន់តែស្ងួត ។ ខ្ញុំពូតអាវដែលបែកញើសសើមរបស់ខ្ញុំដើម្បីយកទឹកមកលាបបបូរមាត់ ហើយបឺតស្នាមរបួសបន្លាដ៏ឈឺចាប់នៅលើម្រាមដៃខ្ញុំ ។ ដោយហត់នឿយជាខ្លាំង ខ្ញុំដេកលើដី គិតថាខ្ញុំប្រាកដជាស្លាប់ ហើយមិនបានជួបបងប្អូន ឪពុកម្តាយ និងមិត្តភក្តិខ្ញុំទៀតទេ ។
ពេលខ្ញុំដេកលើដី ខ្ញុំក្រឡេកមើលមេឃ ពន្លឺព្រះអាទិត្យចែងចាំងតាមស្លឹកឈើ ។ ខ្ញុំនឹកឃើញស្ថានសួគ៌ ហើយថា ព្រះអាចជួយខ្ញុំបាន ។ ខ្ញុំបានស្រែកហៅមិត្តភក្តិរបស់ខ្ញុំថា « តោះ យើងអធិស្ឋានទៅព្រះដើម្បីទូលសូមជំនួយពីទ្រង់ » ។ យើងទាំងអស់គ្នាបានលុតជង្គង់ចុះ ហើយខ្ញុំបានអធិស្ឋានយ៉ាងក្លៀវក្លា ទូលសូមជំនួយពីព្រះ ។ មួយសន្ទុះបន្ទាប់ពីការអធិស្ឋាន ខ្ញុំបានឮសំឡេងតូចមួយនិយាយថា « ឯងមិនអាចស្លាប់បានទេឥឡូវនេះ យើងនៅមានការងារជាច្រើនឲ្យឯងធ្វើ » ។ ខ្ញុំបានបើកភ្នែករបស់ខ្ញុំដោយកម្លាំង និងក្តីសង្ឃឹមលើព្រះចេស្ដារបស់ទ្រង់ឡើងវិញ ។ ខ្ញុំចាប់ឈើច្រត់មួយ ហើយនិយាយថា « មកតាមខ្ញុំ ខ្ញុំនឹងនាំផ្លូវមិត្តភក្តិទាំងអស់គ្នា » ។ ដោយសារឈើច្រត់នោះ ខ្ញុំបានជម្រះផ្លូវបន្លា និងមែកតូចៗ ដើម្បីស្វែងរកផ្លូវរបស់យើង ។ មួយសន្ទុះក្រោយមក យើងឃើញរណ្តៅពស់ជាច្រើន ដែលជំរុញឲ្យយើងទៅមុខកាន់តែលឿន ។ នៅទីបំផុត យើងបានរកឃើញផ្លូវដែលនាំយើងត្រឡប់ទៅរកមិត្តភក្តិរបស់យើងដែលកំពុងរង់ចាំដោយអន្ទះសា ។
តាមរយៈបទពិសោធន៍នេះ ខ្ញុំបានដឹងថា ព្រះពិតជាមានព្រះជន្មរស់ ។ ដំណើរជីវិតរមែងស្លាប់របស់យើង ជាមួយនឹងការលំបាក ភាពស្មុគស្មាញ ការឈឺចាប់ និងការខកចិត្តទាំងអស់ គឺគ្រាន់តែជាផ្នែកនៃផែនការដ៏ធំរបស់ព្រះដើម្បីពង្រឹងយើងប៉ុណ្ណោះ ។ ដូចជាព្រះអម្ចាស់បានមានព្រះបន្ទូលថា « បុត្រយើងអើយ ចូរមានសេចក្តីសុខសាន្ត ដល់ព្រលឹងបុត្រចុះ សេចក្តីទំនាស់ និងសេចក្តីលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែត[5]ប៉ុណ្ណោះទេ ហើយទ្រង់នឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយរបស់កូន ក្លាយទៅជាផលប្រយោជន៍ ដល់កូនវិញ[6] » ។
មារសត្រូវព្យាយាមធ្វើឲ្យចិត្តយើងអស់សង្ឃឹម ប៉ុន្តែដោយសារព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ នោះយើងម្នាក់ៗនឹងរស់ឡើងវិញផងដែរ ។ ដោយសារទ្រង់មានព្រះជន្មរស់ យើងអាចរកឃើញសេចក្តីសុខសាន្ត[7] និងជីវិតដ៏នៅអស់កល្បជានិច្ច[8] ។ ថ្ងៃថ្មីនីមួយៗគឺជាឱកាសមួយដើម្បីទទួលបទពិសោធន៍នៃអំណរ និងសេចក្តីសុខសាន្ត ដែលអាចធ្វើទៅបានដោយការឱបក្រសោបព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់នៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង ។ នៅពេលយើងឱបក្រសោបព្រះនាមទ្រង់នៅក្នុងដួងចិត្ត និងព្រលឹងយើង នោះគ្មានកន្លែងសម្រាប់ការល្បួង និងភាពស្មុគស្មាញនៃពិភពលោកជះឥទ្ធិពលដល់យើងឡើយ ។ នៅពេលយើងគោរពតាមបទបញ្ញត្តិ និងសេចក្តីសញ្ញារបស់យើង យើងមានសិទ្ធិទទួលបានជំនួយ និងពរជ័យពីព្រះអម្ចាស់[9] ។
[1] យ៉ូហាន ១៤:២៧
[2] នីហ្វៃទី៣ ៨:៥-២៣
[3] នីហ្វៃទី៣ ៨:២៤-២៥
[4] អាលម៉ា ៧:១២
[5] គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៧
[6] នីហ្វៃទី២ ២:២
[7] ម៉ូសាយ ១៥:១៨
[8] ម៉ូសេ ១:៣៩
[9] គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១០